Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 8 - ព្រះគម្ពីរខ្មែរសាកល


ពាក្យព្យាករស្ដីអំពីការឈ្លានពានរបស់អាស្ស៊ីរី

1 ព្រះយេហូវ៉ា​មានបន្ទូល​នឹង​ខ្ញុំ​ថា​៖ “ចូរ​យក​បន្ទះ​ធំ​មួយ ហើយ​សរសេរ​នៅលើ​បន្ទះនោះ​ជា​អក្សរសាមញ្ញ​ថា ‘ម៉ាហេ-សាឡាល-ហាសបាស’។

2 យើង​នឹង​យក​សាក្សី​ស្មោះត្រង់​ឲ្យ​ធ្វើបន្ទាល់​សម្រាប់​យើង គឺ​បូជាចារ្យ​អ៊ូរី និង​សាការី​កូន​របស់​យេបេរេគា”។

3 បន្ទាប់មក ខ្ញុំ​បាន​ចូលទៅឯ​ព្យាការិនី ហើយ​នាង​ក៏​មានផ្ទៃពោះ រួច​បង្កើត​បាន​កូនប្រុស​ម្នាក់ នោះ​ព្រះយេហូវ៉ា​មានបន្ទូល​នឹង​ខ្ញុំ​ថា​៖ “ចូរ​ដាក់ឈ្មោះ​កូននេះ​ថា ម៉ាហេ-សាឡាល-ហាសបាស

4 ដ្បិត​មុន​ក្មេង​នេះ​ចេះ​ហៅថា ‘ឪពុក’ ឬ ‘ម្ដាយ’ ទ្រព្យសម្បត្តិ​របស់​ដាម៉ាស់ និង​ជ័យភណ្ឌ​របស់​សាម៉ារី​នឹង​ត្រូវគេ​យកទៅ​នៅចំពោះ​ស្ដេច​អាស្ស៊ីរី”។

5 ព្រះយេហូវ៉ា​មានបន្ទូល​នឹង​ខ្ញុំ​ថែម​ទៀត​ថា​៖

6 “ដោយព្រោះ​ប្រជាជន​នេះ​បាន​បដិសេធ​ទឹក​ស៊ីឡូអា​ដែល​ហូរ​គ្រឿនៗ ហើយ​រីករាយ​នឹង​រេស៊ីន និង​កូន​របស់​រេម៉ាលា​វិញ

7 ដូច្នេះ មើល៍! ព្រះអម្ចាស់​នឹង​ធ្វើឲ្យ​ទឹក​ទន្លេអ៊ើប្រាត​ដ៏ខ្លាំងក្លា ហើយ​ច្រើន ឡើងមក​គ្របលើ​ពួកគេ គឺ​ស្ដេច​អាស្ស៊ីរី និង​អស់ទាំង​សិរីរុងរឿង​របស់ទ្រង់​។ ទឹកទន្លេនោះ​នឹង​ឡើងមក​គ្របលើ​អស់ទាំង​ប្រឡាយ​របស់ពួកគេ ហើយ​ហូរ​មកលើ​អស់ទាំង​ច្រាំង​របស់ពួកគេ

8 រួច​វា​នឹង​គំហុក​ទៅក្នុង​យូដា ព្រមទាំង​ជន់លិច ហើយ​ហូរកាត់ ក៏​ឡើង​រហូតដល់​ក​។ អេម៉ាញូអែល​អើយ ស្លាប​ដែល​លាតសន្ធឹង​របស់វា នឹង​បាន​ពេញ​ទទឹង​របស់​ទឹកដី​អ្នក​!”។

9 ប្រជាជាតិ​នានា​អើយ ចូរឲ្យ​ត្រូវបាន​បំបែក ហើយ​ត្រូវបាន​វាយកម្ទេច​ចុះ​! អស់អ្នក​ពី​ស្រុក​ឆ្ងាយ​អើយ ចូរ​ផ្ទៀងត្រចៀកស្ដាប់​ចុះ​! ចូរ​ក្រវាត់​ខ្លួន ប៉ុន្តែ​ត្រូវបាន​វាយកម្ទេច​វិញ ចូរ​ក្រវាត់​ខ្លួន ប៉ុន្តែ​ត្រូវបាន​វាយកម្ទេច​វិញ​!

10 ចូរ​ពិគ្រោះគ្នា​រៀប​ផែនការ​ចុះ ប៉ុន្តែ​វា​នឹង​បរាជ័យ ចូរ​ពោល​ពាក្យសម្ដី​ចុះ ប៉ុន្តែ​វា​នឹង​មិន​កើតឡើង​ឡើយ ដ្បិត​ព្រះ​គង់នៅ​ជាមួយ​យើង​។


ព្រះយេហូវ៉ានៃពលបរិវារជាជម្រកតែមួយគត់

11 ព្រះយេហូវ៉ា​បាន​មានបន្ទូល​ដូច្នេះ​នឹង​ខ្ញុំ ដោយ​ព្រះហស្ត​ដ៏មានព្រះចេស្ដា ហើយ​ព្រះអង្គ​ក៏​បង្គាប់​ខ្ញុំ​មិន​ឲ្យ​ដើរ​ក្នុង​ផ្លូវ​របស់​ប្រជាជន​នេះ ដោយ​ថា​៖

12 “កុំ​ហៅថា​ការឃុបឃិត ចំពោះ​អ្វី​ដែល​ប្រជាជន​នេះ​ហៅថា​ការឃុបឃិត​នោះ​ឡើយ​។ កុំ​ខ្លាច​អ្វីដែល​គេ​ភ័យខ្លាច​នោះ​ឡើយ ហើយក៏​កុំ​តក់ស្លុត​ដែរ​។

13 គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ហើយ ដែល​អ្នករាល់គ្នា​ចាត់ទុកជាវិសុទ្ធ​។ គឺ​ព្រះអង្គ​ជា​ទីភ័យខ្លាច​របស់អ្នករាល់គ្នា ហើយ​គឺ​ព្រះអង្គ​ជាទីតក់ស្លុត​របស់អ្នករាល់គ្នា​ដែរ​។

14 ព្រះអង្គ​នឹង​ធ្វើជា​ទីវិសុទ្ធ ប៉ុន្តែ​ចំពោះ​វង្សត្រកូល​អ៊ីស្រាអែល​ទាំង​ពីរ ព្រះអង្គនឹង​ធ្វើជា​ថ្ម​នៃ​ការជំពប់ និង​ជា​ថ្មដា​នៃ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​; ចំពោះ​អ្នកដែល​រស់នៅ​យេរូសាឡិម ព្រះអង្គនឹង​ធ្វើជា​អង្គប់ និង​ជា​អន្ទាក់​ផង​។

15 មនុស្ស​ជាច្រើន​នឹង​ជំពប់​នឹង​ថ្មនោះ ក៏​ដួល ហើយ​បាក់បែក​ទៅ ពួកគេ​នឹង​ជាប់អន្ទាក់ ហើយ​ត្រូវបាន​ចាប់​ផង”។

16 ចូរ​ចង​សេចក្ដីបង្គាប់​ទុក ហើយ​បិទត្រា​ក្រឹត្យវិន័យ នៅក្នុង​ពួក​សិស្ស​របស់យើង​។

17 ខ្ញុំ​នឹង​រង់ចាំ​ព្រះយេហូវ៉ា​ដែល​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​វង្សត្រកូល​យ៉ាកុប ខ្ញុំ​នឹង​រំពឹងមើលទៅ​ព្រះអង្គ​!

18 មើល៍! ខ្ញុំ និង​កូន​ៗ ដែល​ព្រះយេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ ជា​ទីសម្គាល់ និង​ជា​ការអស្ចារ្យ​នៅក្នុង​អ៊ីស្រាអែល គឺ​មកពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន​។

19 កាលណា​គេ​និយាយ​នឹង​អ្នករាល់គ្នា​ថា​៖ “ចូរ​សួររក​ពួក​គ្រូអន្ទងខ្មោច និង​ពួក​គ្រូខាបព្រលឹង ដែល​ពោលប៉ប៉ាច់ប៉ប៉ោច និង​ពោលអេចអូច” នោះ​តើ​មិន​គួរឲ្យ​ប្រជាជន​សួររក​ព្រះ​របស់ខ្លួន​វិញ​ទេ​ឬ​? តើ​រក​មនុស្ស​ស្លាប់​ជំនួស​មនុស្ស​រស់​ធ្វើអី​?

20 ចូរ​ទៅរក​ក្រឹត្យវិន័យ និង​សេចក្ដីបង្គាប់​! ប្រសិនបើ​គេ​មិន​និយាយ​ស្របតាម​ពាក្យ​នេះ​ទេ នោះ​គ្មាន​ពន្លឺអរុណ​នៅក្នុង​ខ្លួនគេ​ឡើយ​។

21 ពួកគេ​នឹង​ឆ្លងកាត់​ស្រុក ទាំង​មានទុក្ខវេទនា និង​អត់ឃ្លាន​។ កាលណា​ពួកគេ​អត់ឃ្លាន ពួកគេ​នឹង​ខឹង ហើយ​ប្រទេចផ្ដាសា​ទាំង​ស្ដេច​របស់ខ្លួន និង​ព្រះ​របស់ខ្លួន ដោយ​មើល​ទៅ​លើ

22 រួច​ពួកគេ​មើល​ទៅ​ផែនដី​វិញ នោះ​មើល៍! មានតែ​ទុក្ខវេទនា សេចក្ដីងងឹត និង​ភាពខ្មៅងងឹត​នៃ​ទុក្ខព្រួយ​! ហើយ​ពួកគេ​នឹង​ត្រូវបាន​បណ្ដេញ​ទៅក្នុង​ភាពងងឹតសូន្យ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម