Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ ថែស្សាឡូនីច 3 - ព្រះគម្ពីរខ្មែរសាកល


សំណូមពរសុំការអធិស្ឋាន

1 ជាទីបញ្ចប់ បងប្អូន​អើយ សូម​អធិស្ឋាន​សម្រាប់​យើង​ផង ដើម្បីឲ្យ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ផ្សាយចេញយ៉ាងឆាប់រហ័ស ហើយ​ត្រូវបាន​លើកតម្កើងសិរីរុងរឿង ដូចដែល​ត្រូវបាន​លើកតម្កើងសិរីរុងរឿង​នៅក្នុងចំណោម​អ្នករាល់គ្នា​ដែរ

2 ហើយ​ដើម្បីឲ្យ​យើង​បាន​ស្រោចស្រង់​ពី​មនុស្ស​ពាល និង​អាក្រក់ ដ្បិត​មិនមែន​មនុស្ស​ទាំងអស់​មាន​ជំនឿ​ទេ​។

3 យ៉ាងណាមិញ ព្រះអម្ចាស់​ទ្រង់​ស្មោះត្រង់ ព្រះអង្គ​នឹង​ពង្រឹង​អ្នករាល់គ្នា ព្រមទាំង​រក្សា​អ្នករាល់គ្នា​ពី​មេអាក្រក់​។

4 យើង​ជឿជាក់​ក្នុង​ព្រះអម្ចាស់​អំពី​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​កំពុង​ប្រព្រឹត្តតាម ហើយក៏​នឹង​បន្ត​ប្រព្រឹត្តតាម​សេចក្ដី​ដែល​យើង​បាន​បង្គាប់​អ្នករាល់គ្នា​។

5 សូមឲ្យ​ព្រះអម្ចាស់​នាំ​ចិត្ត​របស់អ្នករាល់គ្នា​ទៅ​ក្នុង​សេចក្ដីស្រឡាញ់របស់ព្រះ និង​សេចក្ដីអត់ធ្មត់​របស់​ព្រះ​គ្រីស្ទ​។


ទូន្មានមនុស្សគ្មានរបៀបវិន័យ

6 បងប្អូន​អើយ ឥឡូវនេះ យើង​សូម​បង្គាប់​អ្នករាល់គ្នា​ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ថា ឲ្យ​អ្នករាល់គ្នា​ចៀសចេញ​ពី​អស់ទាំង​បងប្អូន​ដែល​រស់នៅ​ដោយគ្មានរបៀបវិន័យ គឺ​រស់នៅ​មិន​ស្របតាម​ទំនៀមទម្លាប់​ដែល​ពួកគេ​បាន​ទទួល​ពី​យើង​។

7 តាមពិត ខ្លួនអ្នករាល់គ្នា​ដឹង​ហើយ​ថា ត្រូវតែ​ត្រាប់តាម​យើង​យ៉ាងដូចម្ដេច ដ្បិត​កាល​នៅជាមួយ​អ្នករាល់គ្នា យើង​មិនដែល​រស់នៅដោយគ្មានរបៀបវិន័យ​ទេ

8 ហើយក៏មិនដែល​ហូប​អាហារ​របស់​អ្នកណា​ដោយ​ឥតបង់ថ្លៃ​ដែរ ផ្ទុយទៅវិញ យើង​បាន​ធ្វើការ​ទាំងយប់ទាំងថ្ងៃ ដោយ​ការនឿយហត់ និង​ការលំបាក ដើម្បីកុំឲ្យ​ទៅជាបន្ទុក​ដល់​អ្នកណា​ម្នាក់​ក្នុង​អ្នករាល់គ្នា​ឡើយ​។

9 នេះ​មិនមែន​ថា យើង​គ្មាន​សិទ្ធិ​ទេ ប៉ុន្តែ​យើង​បាន​ធ្វើដូច្នេះ ដើម្បី​ផ្ដល់​គំរូ​ដល់​អ្នករាល់គ្នា​ដោយ​ខ្លួនឯងផ្ទាល់ ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រាប់តាម​យើង​។

10 ជាការពិត កាល​យើង​នៅ​ជាមួយ​អ្នករាល់គ្នា យើង​បាន​បង្គាប់​អ្នករាល់គ្នា​អំពី​ការនេះ​ថា ប្រសិនបើ​អ្នកណា​មិន​ព្រម​ធ្វើការ ក៏កុំឲ្យ​អ្នកនោះ​ហូប​ឡើយ​។

11 ដ្បិត​យើង​បាន​ឮ​ថា មាន​អ្នកខ្លះ​ក្នុងចំណោម​អ្នករាល់គ្នា​រស់នៅ​ដោយគ្មានរបៀបវិន័យ គឺ​មិន​ធ្វើការ​អ្វីសោះ តែ​ជ្រៀតជ្រែករឿងអ្នកដទៃ​វិញ​។

12 ដូច្នេះ យើង​សូម​បង្គាប់ និង​ជំរុញទឹកចិត្ត​មនុស្ស​បែបនេះ ក្នុង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ឲ្យ​ធ្វើការ​ដោយ​ស្ងៀមស្ងាត់ ហើយ​ចិញ្ចឹម​ខ្លួន​ទៅ​។

13 រីឯ​អ្នករាល់គ្នា​វិញ បងប្អូន​អើយ កុំឲ្យ​ធ្លាក់ទឹកចិត្ត​ក្នុង​ការ​ធ្វើល្អ​ឡើយ​។

14 ប្រសិនបើ​មាន​អ្នកណា​មិន​ស្ដាប់បង្គាប់​ពាក្យ​របស់យើង​ក្នុង​សំបុត្រ​នេះ ចូរ​ចំណាំ​អ្នកនោះ ហើយ​កុំឲ្យ​សេពគប់ជាមួយ​អ្នកនោះ​ឡើយ ដើម្បីឲ្យ​អ្នកនោះ​អៀនខ្មាស​។

15 ក៏ប៉ុន្តែ​កុំ​ចាត់ទុក​អ្នកនោះ​ជា​សត្រូវ​ឡើយ ផ្ទុយទៅវិញ ចូរ​ទូន្មាន​គាត់​ដូចជា​បងប្អូន​ចុះ​។


សេចក្ដីបញ្ចប់

16 សូមឲ្យ​ព្រះអម្ចាស់​នៃ​សេចក្ដីសុខសាន្ត គឺ​អង្គទ្រង់ផ្ទាល់ ប្រទាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​ជានិច្ច ក្នុង​គ្រប់ជំពូក​! សូមឲ្យ​ព្រះអម្ចាស់​គង់នៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​!

17 ខ្ញុំ ប៉ូល សូមសរសេរ​ពាក្យជម្រាបសួរ​នេះ​ដោយ​ដៃខ្ញុំផ្ទាល់ ដែល​ជា​សញ្ញាសម្គាល់​ក្នុង​សំបុត្រ​ទាំងអស់​។ នេះ​ជា​របៀប​ដែល​ខ្ញុំ​សរសេរ​។

18 សូមឲ្យ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ស្ថិតនៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​!​៕​៚

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម