Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 50 - ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “លិខិតលែងលះ​របស់​ម្ដាយ​អ្នករាល់គ្នា​ដែល​យើង​បាន​បណ្ដេញ​នាង​ចេញ​នោះ តើ​នៅ​ឯណា​? តើ​យើង​បាន​លក់​អ្នករាល់គ្នា​ទៅ​ម្ចាស់បំណុល​មួយណា​? មើល៍! អ្នករាល់គ្នា​ត្រូវបាន​លក់​ទៅ ដោយព្រោះ​សេចក្ដីទុច្ចរិត​របស់អ្នករាល់គ្នា​ទេ ហើយ​ម្ដាយ​របស់អ្នករាល់គ្នា​ត្រូវបាន​បណ្ដេញចេញ ក៏​ដោយព្រោះ​ការបំពាន​របស់អ្នករាល់គ្នា​ដែរ​។

2 កាល​យើង​មក​ដល់ ម្ដេចក៏​គ្មាន​អ្នកណា​សោះ​? កាល​យើង​ហៅ ម្ដេចក៏​គ្មានអ្នកណា​ឆ្លើយ​? តើ​ដៃ​របស់យើង​បាន​រួញខ្លី មិនអាច​លោះ​បាន​ឬ​? តើ​យើង​គ្មាន​អំណាច​នឹង​រំដោះឲ្យរួច​ឬ​? មើល៍! យើង​ធ្វើឲ្យ​សមុទ្រ​រីងស្ងួត​ដោយ​ការស្ដីបន្ទោស​របស់យើង យើង​ធ្វើឲ្យ​ទន្លេ​ទៅជា​ទីរហោស្ថាន នោះ​ត្រី​ក៏​ធុំក្លិនស្អុយ​ដោយសារ​គ្មាន​ទឹក ហើយ​ងាប់​ដោយ​ស្រេកទឹក​។

3 យើង​ស្លៀកពាក់ឲ្យ​ផ្ទៃមេឃ​ដោយ​ភាពខ្មៅងងឹត ហើយ​យក​ក្រណាត់ធ្មៃ​ធ្វើជា​គម្រប​របស់វា”។


អ្នកបម្រើដែលស្ដាប់បង្គាប់

4 ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​អណ្ដាត​របស់​អ្នកដែល​ទទួលការបង្រៀន ដើម្បីឲ្យ​ខ្ញុំ​ចេះ​ជួយ​មនុស្ស​ល្វើយ ដោយ​ពាក្យសម្ដី​។ ព្រះអង្គ​ដាស់​ខ្ញុំ​ឡើង ពីមួយព្រឹកទៅមួយព្រឹក គឺ​ព្រះអង្គ​ដាស់​ត្រចៀក​របស់​ខ្ញុំ ដើម្បីឲ្យ​ស្ដាប់ ដូចជា​អ្នកដែល​ទទួលការបង្រៀន​។

5 ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​បាន​បើក​ត្រចៀក​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​បាន​បះបោរ​ឡើយ ក៏មិន​បាន​បកក្រោយ​ដែរ​។

6 ខ្ញុំ​បាន​ប្រគល់​ខ្នង​ខ្ញុំ​ទៅឲ្យ​ពួកអ្នកដែល​វាយ ក៏​បាន​ប្រគល់​ថ្ពាល់​ខ្ញុំ​ទៅឲ្យ​ពួកអ្នកដែល​បោចពុកចង្កា​; ខ្ញុំ​មិន​បាន​គេច​មុខ​ពី​ភាពអាប់យស និង​ការស្ដោះទឹកមាត់​ឡើយ​។

7 ដ្បិត​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​ជួយ​ខ្ញុំ ដោយហេតុនេះ​ខ្ញុំ​មិន​អៀនខ្មាស ដោយហេតុនេះ​ខ្ញុំ​បាន​ធ្វើ​មុខ​ដូចជា​ថ្មដែកកេះ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​អាម៉ាស់មុខ​ឡើយ​។

8 ព្រះអង្គដែល​បញ្ជាក់ថា​ខ្ញុំ​ឥតទោស ព្រះអង្គគង់​នៅជិត​; តើ​នរណា​អាច​តតាំង​នឹង​ខ្ញុំ​បាន​? ចូរឲ្យ​ពួកយើង​ឈរឡើង​ជាមួយគ្នា​! តើ​នរណា​ជា​អ្នកចោទប្រកាន់​ខ្ញុំ​? ចូរឲ្យ​អ្នកនោះ​ចូលមកជិត​ខ្ញុំ​!

9 មើល៍! ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​ជួយ​ខ្ញុំ តើ​នរណា​អាច​ផ្ដន្ទាទោស​ខ្ញុំ​បាន​? មើល៍! ពួកគេ​ទាំងអស់គ្នា​នឹង​ពុកផុយ​ដូច​សម្លៀកបំពាក់ ហើយ​សត្វល្អិត​នឹង​ស៊ីបំផ្លាញ​ពួកគេ​។

10 ក្នុងចំណោម​អ្នករាល់គ្នា មាន​អ្នកណា​ដែល​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​ស្ដាប់តាម​សំឡេង​របស់​បាវបម្រើ​ព្រះអង្គ​? ចូរឲ្យ​អ្នកដែល​ដើរ​ក្នុង​ភាពងងឹត ហើយ​គ្មាន​ពន្លឺ ទុកចិត្តលើ​ព្រះនាម​របស់​ព្រះយេហូវ៉ា ហើយ​ពឹងផ្អែក​លើ​ព្រះ​របស់ខ្លួន​ចុះ​!

11 មើល៍! អ្នកទាំងអស់គ្នា​ដែល​បង្កាត់​ភ្លើង ជា​អ្នកដែល​ក្រវាត់​ខ្លួន​ដោយ​កន្ទុយអុស​អើយ ចូរ​ដើរ​ក្នុង​ពន្លឺ​ភ្លើង​របស់អ្នករាល់គ្នា និង​ក្នុង​កន្ទុយអុស​ដែល​អ្នករាល់គ្នា​បាន​បញ្ឆេះ​នោះ​ចុះ​! ការនេះ​នឹង​បាន​ដល់​អ្នករាល់គ្នា ពី​ដៃ​របស់យើង គឺ​អ្នករាល់គ្នា​នឹង​ដេក​ក្នុង​ទុក្ខវេទនា​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម