អេសាយ 8 - អាល់គីតាបកូនរបស់ណាពីអេសាយជាប្រផ្នូលអំពីការគំរាមកំហែងពីសំណាក់ជនជាតិអាស្ស៊ីរី 1 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ចូរយកបន្ទះថ្មធំមួយមក ហើយចារអក្សរនៅលើនោះថា “រឹបអូសជាប្រញាប់ ប្រមូលជយភ័ណ្ឌឲ្យលឿន!”»។ 2 ពេលនោះ ខ្ញុំក៏បង្ហាញបន្ទះថ្មដល់មនុស្ស ដែលគួរជាទីទុកចិត្ត គឺអ៊ីមុាំអ៊ូរី និងលោកសាការីយ៉ា ជាកូនរបស់លោកបេរេគា ធ្វើជាសាក្សី។ 3 ខ្ញុំបានរួមរស់ជាមួយភរិយារបស់ខ្ញុំជាអ្នកថ្លែងបន្ទូលនៃអុលឡោះនាងមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ។ អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំថា៖ «ត្រូវដាក់ឈ្មោះឲ្យកូននេះថា “ម៉ាហ៊េ-សាឡាល-ហាសបាស” 4 ដ្បិតមុនពេលដែលកូននេះចេះហៅ ពុក! ម៉ែ! មានគេប្រមូលទ្រព្យសម្បត្តិរបស់ក្រុងដាម៉ាស ហើយប្រមូលជយភ័ណ្ឌពីក្រុងសាម៉ារី យកទៅដាក់នៅចំពោះមុខស្ដេចស្រុកអាស្ស៊ីរី»។ 5 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំទៀតថា៖ 6 «ដោយប្រជាជនមាក់ងាយទឹកដែលហូរ យ៉ាងស្រួលនៅប្រឡាយស៊ីឡោម ហើយបែរជានាំគ្នាពេញចិត្តនឹងស្ដេចរេស៊ីន ព្រមទាំងស្ដេចពេកាវិញនោះ 7 អុលឡោះតាអាឡានឹងធ្វើឲ្យទឹកទន្លេដ៏ធំ ហូរយ៉ាងខ្លាំង ជន់ឡើងហួសច្រាំង បំផ្លាញពួកគេ ពោលគឺស្ដេច និងកងទ័ពរបស់ស្រុកអាស្ស៊ីរី។ 8 ទន្លេនេះនឹងហូរមកលើទឹកដីយូដា ហើយជន់ឡើង លិចរហូតដល់ក។ ឱម្ចាស់អេម៉ាញូអែលអើយ! ទឹកនេះនឹងជន់ឡើង លិចពាសពេញទឹកដីរបស់ទ្រង់។ 9 ប្រជាជនទាំងឡាយអើយ ចូរញាប់ញ័រ! ដ្បិតអ្នករាល់គ្នានឹងត្រូវវិនាសសូន្យ អស់អ្នកដែលស្ថិតនៅទីដាច់ស្រយាល នៃផែនដីអើយ ចូរផ្ទៀងត្រចៀកស្ដាប់! អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹក តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យមិនខាន! ពិតមែនហើយ អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹក តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យ!។ 10 អ្នករាល់គ្នារៀបចំផែនការ តែផែនការទាំងនោះនឹងត្រូវរលាយសូន្យ អ្នករាល់គ្នាចាត់វិធានការ តែវិធានការនោះមិនអាចសម្រេចបានឡើយ ដ្បិតអុលឡោះនៅជាមួយយើង! 11 ពេលអុលឡោះតាអាឡាសណ្ឋិតនៅជាមួយខ្ញុំ ទ្រង់ហាមខ្ញុំមិនឲ្យដើរតាមមាគ៌ារបស់ប្រជាជាតិនេះទេ គឺទ្រង់មានបន្ទូលមកខ្ញុំថា៖ 12 អ្វីៗដែលប្រជាជាតិនេះហៅថាការបះបោរ មិនត្រូវចាត់ទុកថាជាការបះបោរឡើយ កុំភ័យខ្លាចអ្វីៗដែលពួកគេភ័យខ្លាច គឺកុំញញើតឲ្យសោះ»។ 13 អ្នករាល់គ្នាត្រូវតែទទួលស្គាល់ថា មានតែអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលប៉ុណ្ណោះ ដែលជាម្ចាស់ដ៏វិសុទ្ធ អ្នករាល់គ្នាត្រូវស្ញែងខ្លាច និងកោតញញើត តែទ្រង់ប៉ុណ្ណោះ។ 14 ពេលនោះ ទ្រង់ផ្ទាល់នឹងធ្វើជាទីសក្ការៈ តែទ្រង់ជាថ្មដែលនាំឲ្យ ប្រជាជាតិអ៊ីស្រអែលទាំងពីរនគរប៉ះទង្គិច ជាសិលាដែលនាំឲ្យគេជំពប់ដួល ហើយក៏ជាជង់ និងជាអន្ទាក់ ដល់ក្រុងយេរូសាឡឹមដែរ។ 15 មនុស្សជាច្រើនជំពប់ជើងនឹងថ្មនេះ ហើយដួលបាក់បែកខ្ទេចខ្ទាំ ពួកគេនឹងជាប់អន្ទាក់ ហើយត្រូវព្រានចាប់យកទៅ។ ហេតុការណ៍នាបច្ចុប្បន្នកាល និងអនាគតកាល 16 ខ្ញុំរក្សាសក្ខីភាពនេះទុក ខ្ញុំបិទត្រាលើពាក្យទូន្មាននេះ ហើយរក្សាទុកក្នុងចំណោមសិស្សរបស់ខ្ញុំ។ 17 ខ្ញុំទុកចិត្តលើអុលឡោះតាអាឡា ខ្ញុំផ្ញើជីវិតលើទ្រង់ ដែលបានលាក់មុខនឹងកូនចៅរបស់យ៉ាកកូប។ 18 នៅស្រុកអ៊ីស្រអែល ខ្ញុំ និងកូនដែលអុលឡោះតាអាឡាប្រទានឲ្យខ្ញុំ រួមគ្នាធ្វើជាទីសំគាល់ និងជាប្រផ្នូល មកពីអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលនៅលើភ្នំស៊ីយ៉ូន។ 19 ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា «ចូរទៅរកគ្រូខាប គ្រូទាយគ្រូស្ដោះផ្លុំ និងគ្រូបញ្ជាន់អារក្ស កុំទៅអោយសោះ ដ្បិតប្រជាជននីមួយៗ ត្រូវតែរកអុលឡោះជាម្ចាស់របស់ខ្លួន មិនត្រូវរកអ្នកស្លាប់ដើម្បីជួយអ្នកនៅរស់ឡើយ»។ 20 ចូរពិនិត្យមើលពាក្យទូន្មាន និងសក្ខីភាពចុះ! ប្រសិនបើគេនិយាយមិនស្របតាមបន្ទូលនេះទេ នោះនឹងគ្មានថ្ងៃរះលើពួកគេសោះឡើយ។ 21 គេនឹងដើរកាត់ស្រុកទាំងកើតទុក្ខ ទាំងឃ្លាន ពេលគេឃ្លាន គេក្ដៅក្រហាយ ហើយប្រទេចផ្ដាសាស្ដេច និងអុលឡោះជាម្ចាស់របស់ខ្លួន គេងើយមើលទៅលើ 22 បន្ទាប់មក ពេលឈ្ងោកចុះមកដី ឃើញមានសុទ្ធតែទុក្ខលំបាក និងភាពងងឹត ហើយត្រូវខ្មាំងកៀរទៅរកភាពអន្ធការ។ |
© 2014 United Bible Societies, UK.
United Bible Societies