ថ្ងៃនេះចង់រំលឹកអ្នកថាព្រះជាម្ចាស់បានប្រទានឲ្យអ្នកនូវសមត្ថភាពដើម្បីប្រឈមមុខនឹងស្ថានភាពលំបាកគ្រប់បែបយ៉ាង។ ជាច្រើនដងយើងគិតថាបញ្ហាមកដល់ជីវិតយើងហើយយើងមិនទាន់ត្រៀមខ្លួនដើម្បីប្រឈមមុខនឹងវានោះទេ ប៉ុន្តែអ្នកយល់ខុសហើយ។ ព្រះជាម្ចាស់តែងតែរៀបចំយើងជានិច្ច។ នៅក្នុងព្រះបន្ទូលរបស់ទ្រង់បានមានបន្ទូលថា ព្រះជាម្ចាស់មិនបានប្រទានវិញ្ញាណកំសាកដល់យើងទេ ប៉ុន្តែជាវិញ្ញាណនៃឫទ្ធានុភាព សេចក្ដីស្រឡាញ់ និងការគ្រប់គ្រងខ្លួនឯង។ ដូច្នេះ ចូរមានចិត្តក្លាហានឡើង ព្រោះព្រះជាម្ចាស់គង់នៅជាមួយអ្នក ហើយទ្រង់កំពុងតែប្រយុទ្ធជំនួសអ្នកនៅក្នុងសមរភាសគ្រប់យ៉ាង។ ចូរប្រើប្រាស់ឧបករណ៍ទាំងនោះដែលព្រះជាម្ចាស់បានប្រទានមកអ្នកតាមរយៈព្រះបន្ទូល និងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ ចូរមានភាពក្លាហាន ហើយបោះជំ bước យ៉ាងរឹងមាំ និងម្ចាស់ការ។
«ចូរអ្នករាល់គ្នាដែលរង់ចាំព្រះយេហូវ៉ាមានចិត្តក្លាហាន ហើយចូរមានចិត្តរឹងមាំឡើង» (ទំនុកដំកើង ៣១:២៤)។ ដូច្នេះ ចូរមានចិត្តក្លាហានឡើង ព្រោះព្រះជាម្ចាស់មិនដែលបរាជ័យឡើយ។ ព្រះជាម្ចាស់គឺជាកំលាំងរបស់អ្នក ជាអ្នករំដោះអ្នក ជាអ្នកជួយអ្នក ជាខែលរបស់អ្នក ជាទីពឹងពំនាក់របស់អ្នក។ ចូរទុកចិត្តលើព្រះវរបិតាសួគ៌ អ្វីៗនឹងល្អទាំងអស់។ ព្រះជាម្ចាស់ទ្រង់ប្រទានកម្លាំងដល់ខ្ញុំ ព្រះជាម្ចាស់ទ្រង់រៀបចំផ្លូវរបស់ខ្ញុំឲ្យត្រង់ (សាំយូអែលទី២ ២២:៣៣)។
អ្នកដែលមិនសម្ដែង សេចក្ដីអាណិតអាសូរដល់មិត្តភក្ដិ អ្នកនោះលែងកោតខ្លាច ព្រះដ៏មានគ្រប់ព្រះចេស្តា ហើយ។
ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ អ្នកនោះមកពីព្រះ ហើយក៏ស្គាល់ព្រះដែរ។
មនុស្សវៀចវេរ គេសាបព្រោះសេចក្ដីទាស់ទែងគ្នា ហើយអ្នកបេះបួយ ក៏នាំឲ្យទាំងមិត្តសម្លាញ់ យ៉ាងជិតស្និទ្ធបាក់បែកគ្នាដែរ។
មានពីរនាក់ វិសេសជាងនៅតែឯង ព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន។
កុំឲ្យបោះបង់ចោលមិត្តភក្តិរបស់ខ្លួន និងមិត្តភក្តិរបស់ឪពុកឡើយ ក៏កុំចូលក្នុងផ្ទះរបស់បងប្អូនរបស់អ្នកក្នុងគ្រា ដែលអ្នកមានទុក្ខព្រួយ។ អ្នកជិតខាងដែលនៅក្បែរ នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយ។
អ្នកណាដែលដើរជាមួយមនុស្សមានប្រាជ្ញា នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។
អ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ត្រូវប្រព្រឹត្តចំពោះគេយ៉ាងនោះដែរ»។
ការដែលមានទ្រព្យសម្បត្តិ នាំឲ្យមានមិត្តភក្តិកើនឡើង តែមនុស្សក្រត្រូវពង្រាត់ពីពួកមិត្តភក្តិវិញ។
ប្រេងលាប និងទឹកអប់ តែងធ្វើឲ្យចិត្តរីករាយ តែទុក្ខលំបាក តែងហែកហួរព្រលឹងមនុស្ស ។
បើអ្នករាល់គ្នាធ្វើតាមអ្វីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។
ខ្ញុំមិនហៅអ្នកថាជាបាវបម្រើទៀតទេ ដ្បិតបាវបម្រើមិនដឹងថាចៅហ្វាយធ្វើអ្វីឡើយ ប៉ុន្តែ ខ្ញុំហៅអ្នករាល់គ្នាថាជាសម្លាញ់ ព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក។
ដ្បិតបើដួល ម្នាក់ជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នាជួយជ្រោងឡើង។
មើល៍ ការដែលបងប្អូនរស់នៅជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!
អ្នកណាដែលមានមិត្តភក្តិច្រើន អាចនាំឲ្យខ្លួនវិនាស ប៉ុន្តែ មានមិត្តសម្លាញ់ម៉្យាង ដែលនៅជាប់ជាងបងប្អូនទៅទៀត។
ហើយបើមានខ្មាំងណាមក ដែលមានកម្លាំងជាង មានពីរនាក់នឹងអាចទប់ទល់បាន។ ពួរបីធ្លុងមិនងាយដាច់ទេ។
ដូច្នេះ ពេលយើងមានឱកាស យើងត្រូវប្រព្រឹត្តអំពើល្អដល់មនុស្សទាំងអស់ ជាពិសេសេ ដល់បងប្អូនរួមជំនឿ។
អ្នកណាដែលគ្របបាំងសេចក្ដីកំហុស របស់អ្នកដទៃ នោះជាអ្នកស្វែងរក សេចក្ដីរាប់អានគ្នា តែអ្នកណាដែលចេះតែនិយាយសាំពីការនោះ នឹងនាំឲ្យមិត្តសម្លាញ់បាក់បែកគ្នាវិញ។
មិត្តសម្លាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសម្រាប់គ្រាលំបាកដែរ។
ជាទីបញ្ចប់ ចូរឲ្យគ្រប់គ្នាមានគំនិតតែមួយ មានចិត្តអាណិតអាសូរ មានចិត្តស្រឡាញ់គ្នាជាបងប្អូន មានចិត្តទន់សន្តោស ហើយសុភាព។
គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះឡើយ គឺអ្នកដែលហ៊ានប្តូរជីវិតជំនួសពួកសម្លាញ់របស់ខ្លួននោះទេ
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ។
មនុស្សដែលសុចរិតជាអ្នកបង្ហាញផ្លូវ ដល់អ្នកជិតខាងខ្លួន តែផ្លូវរបស់មនុស្សអាក្រក់នាំឲ្យគេវង្វេងវិញ។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
ពេលមិត្តភក្ដិបីនាក់របស់លោកយ៉ូប បានឮនិយាយពីសេចក្ដីអាក្រក់ ដែលកើតដល់លោកនោះ គេក៏មកពីលំនៅរបស់គេរៀងខ្លួន គឺអេលីផាស ជាសាសន៍ថេម៉ាន ប៊ីលដាឌ ជាសាសន៍ស៊ូអា និងសូផារ ជាសាសន៍ណាអាម៉ា គេសន្មតគ្នាមករួមទុក្ខជាមួយ ហើយជួយឲ្យលោកក្សាន្តចាកទុក្ខ។
កាលណាលោកម៉ូសេលើកដៃឡើងទៅលើ នោះខាងសាសន៍អ៊ីស្រាអែលមានកម្លាំងជាង តែកាលណាលោកម៉ូសេដាក់ដៃចុះ នោះខាងសាសន៍អាម៉ាឡេកមានកម្លាំងជាងវិញ។
ប៉ុន្ដែ លោកម៉ូសេរួយដៃណាស់ គេក៏យកថ្មមកដាក់ឲ្យលោកអង្គុយចុះ រួចលោកអើរ៉ុន និងលោកហ៊ើរក៏ឈរទ្រដៃលោកទាំងសងខាង។ ដូច្នេះ ដៃលោកបាននៅនឹងដដែល រហូតដល់ថ្ងៃលិច។
យ៉ាងនោះក៏សម្រេចតាមបទគម្ពីរដែលចែងថា៖ «លោកអ័ប្រាហាំបានជឿដល់ព្រះ ហើយព្រះអង្គបានរាប់សេចក្តីនោះជាសុចរិតដល់លោក» ដូច្នេះ ព្រះក៏ហៅលោកថាជាមិត្តសម្លាញ់របស់ព្រះអង្គ។
កុំឲ្យជើងឯងចូលផ្ទះអ្នកជិតខាង ជាញឹកញយពេកឡើយ ក្រែងគេធុញទ្រាន់ ហើយស្អប់ឯងវិញ។
កុំចងជាមិត្តនឹងមនុស្សណា ដែលអាសាខឹងឡើយ ក៏កុំឲ្យភប់ប្រសព្វនឹងមនុស្សមួម៉ៅដែរ
ក្រែងឯងទម្លាប់តាមអំពើរបស់គេ ហើយគេត្រឡប់ជាអន្ទាក់ដល់ព្រលឹងឯង។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ដូចមនុស្សនិយាយជាមួយមិត្តសម្លាញ់។ បន្ទាប់មក លោកវិលត្រឡប់មកឯជំរំវិញ តែយ៉ូស្វេជាកូនរបស់លោកនុន ជាជំនួយការរបស់លោក ដែលនៅកំលោះនៅឡើយ មិនបានចេញពីត្រសាលជំនុំទេ។
របួសដែលមិត្តសម្លាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្ដីបញ្ឆោតវិញ។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ
ស្ដេចសូល និងយ៉ូណាថានគួរឲ្យស្រឡាញ់ និងគួររាប់អានណាស់កាលនៅរស់ ហើយពេលទ្រង់សុគតទៅក៏មិនឃ្លាតពីគ្នាដែរ ទ្រង់រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ។
ដូច្នេះ ចូរលើកទឹកចិត្តគ្នា ហើយស្អាងចិត្តគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងតែធ្វើនេះស្រាប់។
កាលលោកយ៉ូបបានអធិស្ឋានឲ្យពួកមិត្តសម្លាញ់រួចហើយ នោះព្រះយេហូវ៉ាប្រោសឲ្យលោករួចពីចំណង ហើយព្រះអង្គប្រទានឲ្យមានលើសជាងដើមមួយជាពីរផង។
មានម្នាក់សួរថា "តើរបួសអ្វីនុ៎ះនៅលើទ្រូង របស់អ្នក?" អ្នកនោះនឹងឆ្លើយថា "គឺខ្ញុំត្រូវរបួសនៅក្នុងផ្ទះរបស់មិត្តសម្លាញ់ខ្ញុំ"»។
ពេលដាវីឌបានទូលស្ដេចសូលរួចហើយ នោះចិត្តយ៉ូណាថានក៏មូលជាប់នឹងចិត្តរបស់ដាវីឌ ហើយយ៉ូណាថានបានស្រឡាញ់ដាវីឌទុកដូចជាខ្លួនលោកដែរ។
រួចយ៉ូណាថានបានឲ្យដាវីឌស្បថម្តងទៀត ដោយព្រោះសេចក្ដីស្រឡាញ់ ដែលលោកមានដល់ដាវីឌ ដ្បិតលោកមានចិត្តស្រឡាញ់ដល់ដាវីឌ ទុកដូចជាខ្លួនលោក។
ខ្ញុំអរព្រះគុណដល់ព្រះរាល់ពេលដែលខ្ញុំនឹកគិតពីអ្នករាល់គ្នា
ទាំងមានការតយុទ្ធតែមួយ ដូចដែលបានឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំនៅតែមានទៀត។
គ្រប់ពេលដែលខ្ញុំអធិស្ឋាន ខ្ញុំទូលអង្វរឲ្យអ្នករាល់គ្នាដោយអំណរជានិច្ច
ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង រហូតដល់ឥឡូវនេះ។
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។
ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។
លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។
មេត្រីភាពរបស់ព្រះយេហូវ៉ា គឺសម្រាប់អស់អ្នកណាដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គសម្ដែងឲ្យគេស្គាល់ សេចក្ដីសញ្ញារបស់ព្រះអង្គ។
សូមព្រះនៃការស៊ូទ្រាំ និងការលើកទឹកចិត្ត ទ្រង់ប្រោសប្រទានឲ្យអ្នករាល់គ្នារស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវ
ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងជាសំឡេងតែមួយ ថ្វាយសិរីល្អដល់ព្រះ និងជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ
មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
លើសពីនេះទៅទៀត ត្រូវស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់គ្របបាំងអំពើបាបជាអនេកអនន្ត ។
ទូលបង្គំជាមិត្តភក្តិនៃអស់អ្នក ដែលកោតខ្លាចព្រះអង្គ និងអស់អ្នកដែលកាន់តាម ព្រះឱវាទរបស់ព្រះអង្គ។
ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ។
តែបើយើងដើរក្នុងពន្លឺវិញ ដូចព្រះអង្គដែលគង់នៅក្នុងពន្លឺ នោះយើងមានសេចក្ដីប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះអង្គ ក៏សម្អាតយើងពីគ្រប់អំពើបាបទាំងអស់។
មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្តីសុចរិត និងសេចក្ដីទទឹងច្បាប់ មានអ្វីប្រកបនឹងគ្នា? ឬពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្តេចបាន?
សូម្បីតែមិត្តស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយបានបរិភោគអាហាររបស់ទូលបង្គំ ក៏បានលើកកែងជើងទាស់នឹងទូលបង្គំដែរ ។
ប៉ុន្ដែ គឺអ្នកឯងវិញទេតើ ជាមនុស្សស្មើនឹងខ្ញុំ ជាគូកន និងជាសម្លាញ់ស្និទ្ធស្នាលរបស់ខ្ញុំ។
យើងធ្លាប់ប្រឹក្សាគ្នាយ៉ាងផ្អែមល្ហែម ក្នុងដំណាក់ព្រះ យើងធ្លាប់ដើរជាមួយគ្នា ក្នុងចំណោមបណ្ដាជន។
អ្នករាល់គ្នាជាពន្លឺបំភ្លឺមនុស្សលោក ទីក្រុងណាដែលសង់នៅលើភ្នំ មិនអាចលាក់កំបាំងបានឡើយ។
ពេលដាវីឌបានទូលស្ដេចសូលរួចហើយ នោះចិត្តយ៉ូណាថានក៏មូលជាប់នឹងចិត្តរបស់ដាវីឌ ហើយយ៉ូណាថានបានស្រឡាញ់ដាវីឌទុកដូចជាខ្លួនលោកដែរ។
ដល់ថ្ងៃបន្ទាប់ មានវិញ្ញាណអាក្រក់ពីព្រះក៏មកសណ្ឋិតលើស្ដេចសូល បណ្ដាលឡើងជាខ្លាំង ហើយទ្រង់វក់ដោយសេចក្ដីក្រោធនៅកណ្ដាលដំណាក់ មានទាំងដែកពួយនៅព្រះហស្តផង ឯដាវីឌក៏លេងភ្លេងដូចសព្វដង
ខណៈនោះ ស្ដេចសូលក៏ពួយដែកពួយទៅ ដោយនឹកថា «យើងនឹងចាក់ទម្លុះដាវីឌភ្ជាប់នឹងជញ្ជាំង» តែលោកគេចផុតចេញពីចំពោះទ្រង់ទៅអស់វារៈពីរដង។
ដូច្នេះ ស្ដេចសូលក៏ខ្លាចដល់ដាវីឌ ដ្បិតព្រះយេហូវ៉ាគង់នៅជាមួយលោក តែបានថយចេញពីទ្រង់វិញ
ហេតុដូច្នោះ ស្ដេចសូលក៏ដកហូតដាវីឌចេញ ហើយតម្រូវឲ្យធ្វើជាមេទ័ពលើមួយពាន់នាក់វិញ រួចដាវីឌក៏តែងនាំមុខបណ្ដាទ័ពចេញចូល។
លោកចេះតែប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ទាំងផ្លូវរបស់លោក ហើយព្រះយេហូវ៉ាគង់ជាមួយផង។
ពេលស្ដេចសូលឃើញថា ដាវីឌប្រព្រឹត្តដោយប្រាជ្ញាដូច្នោះ ទ្រង់កោតខ្លាចដល់លោក
តែពួកអ៊ីស្រាអែល និងពួកយូដាទាំងប៉ុន្មាន គេដិតចិត្តស្រឡាញ់ដល់ដាវីឌ ព្រោះលោកជាអ្នកនាំមុខគេចេញចូល។
នៅគ្រានោះ ស្ដេចសូលមានរាជឱង្ការទៅដាវីឌថា៖ «យើងនឹងឲ្យនាងម៉្រាប ជាបុត្រីច្បងរបស់យើង ទៅធ្វើជាប្រពន្ធឯង ឲ្យតែឯងធ្វើជាអ្នកក្លាហានសម្រាប់យើង ហើយច្បាំងចម្បាំងនៃព្រះយេហូវ៉ាចុះ» ស្ដេចសូលនឹកថា «កុំឲ្យដៃអញធ្វើវាឡើយ ទុកឲ្យដៃពួកភីលីស្ទីនធ្វើវិញចុះ»។
ដាវីឌទូលឆ្លើយទៅសូលថា៖ «តើទូលបង្គំជាអ្វី ឬជីវិតទូលបង្គំវិសេសយ៉ាងណា ឬគ្រួសាររបស់ឪពុកទូលបង្គំជាអ្វីនៅក្នុងពួកអ៊ីស្រាអែល បានជាសព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើជាកូនប្រសារបស់ព្រះករុណាដូច្នេះ?»
តែដល់វេលាដែលត្រូវឲ្យនាងម៉្រាប បុត្រីស្ដេចសូលទៅដាវីឌ នោះត្រឡប់ទៅជាលើកទៅឲ្យធ្វើជាប្រពន្ធរបស់អ័ទ្រីអែល ជាពួកមហូឡាវិញ។
នៅថ្ងៃនោះ ស្ដេចសូលក៏ទទួលដាវីឌ មិនឲ្យត្រឡប់ទៅផ្ទះរបស់ឪពុកវិញទៀតទេ។
ឯមីកាលជាបុត្រីស្ដេចសូល នាងប្រតិព័ទ្ធស្រឡាញ់ដាវីឌណាស់ ហើយមានគេនាំដំណឹងទៅក្រាបទូលដល់ស្ដេចសូល ការនោះក៏គាប់ព្រះហឫទ័យដល់ទ្រង់
ស្ដេចសូលនឹកថា៖ «អញនឹងឲ្យនាងទៅវាចុះ ដើម្បីជាអន្ទាក់ដល់វា ហើយឲ្យដៃពួកភីលីស្ទីនបានទាស់នឹងវា»។ ដូច្នេះ ស្ដេចសូលក៏មានរាជឱង្ការទៅកាន់ដាវីឌថា៖ «នៅថ្ងៃនេះ ឯងនឹងធ្វើជាកូនប្រសាយើង ដោយសារនាងបន្ទាប់ នេះវិញ»។
ស្ដេចសូលក៏បង្គាប់ដល់ពួកមហាតលិកថា៖ «ចូរនិយាយប្រលោមដាវីឌដោយសម្ងាត់ថា "មើល៍ ស្តេចសព្វព្រះហឫទ័យនឹងលោកណាស់ ហើយពួកមហាតលិកទាំងអស់គ្នាក៏ស្រឡាញ់ដល់លោកដែរ ដូច្នេះ សូមលោកធ្វើជាកូនប្រសារបស់ស្តេចទៅ"»។
ពួកមហាតលិកក៏ថ្លែងសេចក្ដីទាំងនោះប្រាប់ត្រចៀកដាវីឌ តែលោកឆ្លើយថា៖ «តើអ្នករាល់គ្នាស្មានថា ដែលធ្វើជាកូនប្រសារបស់ស្តេច នោះជាការងាយឬ ដែលខ្ញុំជាមនុស្សក្រីក្រ ហើយស្តេចមិនសូវរាប់អានផងនោះ?»
ពួកមហាតលិកក៏នាំពាក្យនោះទៅក្រាបទូលដល់ទ្រង់ថា៖ «ដាវីឌបាននិយាយដូច្នេះ»។
ស្ដេចសូលមានរាជឱង្ការថា៖ «ចូរអស់លោកទៅប្រាប់ដាវីឌដូច្នេះថា "ស្តេចមិនចង់បានបណ្ណាការអ្វីទេ ទ្រង់សព្វព្រះហឫទ័យចង់បានតែស្បែកនៃស្រោមចុងស្វាសរបស់ពួកភីលីស្ទីនមួយរយប៉ុណ្ណោះ ដើម្បីឲ្យបានសងសឹកនឹងពួកខ្មាំងសត្រូវទ្រង់"» តែគំនិតស្ដេចសូលគិតតែឲ្យដាវីឌបានស្លាប់ដោយដៃពួកភីលីស្ទីនទេ។
ដូច្នេះ ពេលពួកមហាតលិកបាននាំពាក្យទៅប្រាប់ដល់ដាវីឌវិញហើយ លោកក៏សុខចិត្តធ្វើជាកូនប្រសារបស់ស្តេចដែរ ឯពេលកំណត់ដែលត្រូវយកមក មិនទាន់សម្រេចនៅឡើយ
បានជាដាវីឌក្រោកឡើងចេញទៅ ព្រមទាំងនាំពួកកងរបស់លោកទៅ រួចសម្លាប់ពួកភីលីស្ទីនបានពីររយនាក់ ហើយលោកនាំយកស្បែកស្រោមចុងស្វាសរបស់គេ មកថ្វាយស្តេចគ្រប់ចំនួននោះ ដើម្បីឲ្យបានធ្វើជាកូនប្រសាស្តេច នោះស្ដេចសូលប្រទាននាងមីកាលជាបុត្រី ទៅធ្វើជាប្រពន្ធលោកទៅ។
ស្ដេចសូលយល់ឃើញថា ព្រះយេហូវ៉ាបានគង់ជាមួយដាវីឌ ឯនាងមីកាល ជាបុត្រីក៏ប្រតិព័ទ្ធស្រឡាញ់ដល់លោក
ដូច្នេះ ស្ដេចសូលខ្លាចដាវីឌរឹតតែខ្លាំងឡើង ក៏ធ្វើជាសត្រូវនឹងលោកចាប់ពីពេលនោះទៅ។
ខណៈនោះ យ៉ូណាថានបានតាំងសញ្ញានឹងដាវីឌ ព្រោះលោកស្រឡាញ់ដាវីឌដូចជាខ្លួនរបស់លោក។
ដូច្នេះ ប្រសិនបើមានការលើកទឹកចិត្តណាមួយក្នុងព្រះគ្រីស្ទ ការកម្សាន្តចិត្តណាមួយពីសេចក្ដីស្រឡាញ់ សេចក្ដីប្រកបណាមួយខាងព្រះវិញ្ញាណ ការថ្នាក់ថ្នម និងសេចក្ដីអាណិតអាសូរណាមួយ
ដើម្បីពេលណាឮព្រះនាមព្រះយេស៊ូវ នោះគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមដីត្រូវលុតចុះ
ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ សម្រាប់ជាសិរីល្អដល់ព្រះជាព្រះវរបិតា។
ហេតុនេះ ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយការសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្តាប់បង្គាប់ខ្ញុំរហូតមកដែរ សូម្បីតែកាលខ្ញុំនៅជាមួយ ឥឡូវនេះ ដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង
ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។
ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក
ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។
ទាំងហុចព្រះបន្ទូលនៃជីវិតដល់គេ ដើម្បីដល់ថ្ងៃនៃព្រះគ្រីស្ទ នោះឲ្យខ្ញុំមានអំនួតអួតថា ខ្ញុំមិនបានរត់ ឬខំប្រឹងធ្វើការដោយឥតប្រយោជន៍ឡើយ។
ប៉ុន្តែ ខ្ញុំក៏អរ ហើយមានអំណរជាមួយអ្នកទាំងអស់គ្នាដែរ ប្រសិនបើខ្ញុំត្រូវច្រួចលើយញ្ញបូជា និងថ្វាយជាតង្វាយនៃជំនឿរបស់អ្នករាល់គ្នា។
ចូរអ្នករាល់គ្នាមានអំណរយ៉ាងនោះ ហើយអរសប្បាយជាមួយខ្ញុំផង។
ខ្ញុំសង្ឃឹមលើព្រះអម្ចាស់យេស៊ូវថា បន្តិចទៀតខ្ញុំនឹងចាត់ធីម៉ូថេមកអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានក្សាន្តចិត្ត ដោយបានដឹងរឿងពីអ្នករាល់គ្នា។
នោះចូរបំពេញអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ ទាំងរួមចិត្តគ្នា ហើយមានគំនិតតែមួយចុះ។
សូមព្រះអម្ចាស់ប្រទានសេចក្ដីមេត្តាករុណា ដល់គ្រួសាររបស់លោកអូនេសិភ័រ ដ្បិតគាត់បានធ្វើឲ្យចិត្តខ្ញុំធូរស្បើយជាញឹកញាប់ ក៏មិនខ្មាសដោយសារចំណងរបស់ខ្ញុំដែរ
កាលគាត់នៅក្រុងរ៉ូម គាត់បានស្វះស្វែងរកខ្ញុំទាល់តែបានឃើញ។
សូមព្រះអម្ចាស់ប្រោសប្រទានឲ្យគាត់រកបានសេចក្ដីមេត្តាករុណាពីព្រះអម្ចាស់នៅថ្ងៃនោះ ហើយដែលគាត់បានជួយខ្ញុំនៅក្រុងអេភេសូរយ៉ាងណា អ្នកក៏បានដឹងច្បាស់ជាងគេហើយ។
ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអំណត់ កុំក្តៅចិត្តនឹងអ្នក ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។
៙ ចូររម្ងាប់កំហឹង ហើយបោះបង់ចិត្តក្រេវក្រោធចោលចេញ កុំក្តៅចិត្តឡើយ ដ្បិតចិត្តក្ដៅក្រហាយ នាំឲ្យមនុស្សប្រព្រឹត្តអាក្រក់តែប៉ុណ្ណោះ។
ព្រោះពួកអ្នកដែលប្រព្រឹត្តអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នឹងបានទទួលទឹកដីជាមត៌ក។
ដ្បិតដូចដែលរូបកាយមួយមានអវយវៈច្រើន ហើយអវយវៈទាំងអស់នៅក្នុងរូបកាយនោះ ទោះមានច្រើនមែន តែរួមគ្នាជារូបកាយតែមួយយ៉ាងណា នោះព្រះគ្រីស្ទក៏ដូច្នោះដែរ។
ដ្បិតយើងទាំងអស់គ្នា ទោះបីជាសាសន៍យូដា ឬសាសន៍ក្រិកក្ដី ជាបាវបម្រើ ឬអ្នកជាក្តី យើងបានទទួលពិធីជ្រមុជចូលទៅក្នុងរូបកាយតែមួយ ដោយសារព្រះវិញ្ញាណតែមួយ ហើយព្រះប្រទានឲ្យយើងគ្រប់គ្នាផឹកពីព្រះវិញ្ញាណតែមួយ។
រូបកាយមិនមែនមានអវយវៈតែមួយទេ គឺមានច្រើន។
ព្រោះខ្ញុំមានបំណងចង់ឃើញអ្នករាល់គ្នាជាខ្លាំង ដើម្បីឲ្យខ្ញុំបានចែកអំណោយទានខាងវិញ្ញាណខ្លះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរឹងមាំ
គឺថា ឲ្យយើងបានលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយសារជំនឿរបស់យើងម្នាក់ៗ ទាំងជំនឿរបស់អ្នករាល់គ្នា ទាំងជំនឿរបស់ខ្ញុំ។
បងប្អូនអើយ ព្រះបានហៅអ្នករាល់គ្នាមកឲ្យមានសេរីភាព តែសូមកុំប្រើសេរីភាពរបស់អ្នករាល់គ្នាជាឱកាសសម្រាប់សាច់ឈាមឡើយ គឺត្រូវបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។
ជាអ្នកដែលមានភ្នែកមើលមនុស្សពាល ដោយសេចក្ដីស្អប់ខ្ពើម តែលើកមុខអស់អ្នកដែលកោតខ្លាច ដល់ព្រះយេហូវ៉ា ជាអ្នកដែលគោរពពាក្យសម្បថរបស់ខ្លួន ឥតប្រែប្រួលឡើយ ទោះជាត្រូវខាតបង់ក៏ដោយ។
ទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់
អ្នករាល់គ្នាមិនបានរៀនឲ្យស្គាល់ព្រះគ្រីស្ទបែបនោះទេ!
អ្នករាល់គ្នាពិតជាបានឮអំពីព្រះអង្គ ហើយបានរៀនក្នុងព្រះអង្គ តាមសេចក្តីពិតដែលនៅក្នុងព្រះយេស៊ូវ។
ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាដោះមនុស្សចាស់ ដែលតែងតែខូច តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលទៅ
ហើយឲ្យគំនិតក្នុងចិត្តរបស់អ្នករាល់គ្នាបានកែប្រែជាថ្មីឡើង
ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។
ដូច្នេះ ដែលបានដោះសេចក្តីភូតភរចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិតទៅអ្នកជិតខាងខ្លួនវិញ ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក ។
ចូរខឹងចុះ តែកុំឲ្យធ្វើបាប កុំឲ្យសេចក្តីកំហឹងរបស់អ្នករាល់គ្នានៅរហូតដល់ថ្ងៃលិចឡើយ
កុំឲ្យអារក្សមានឱកាសឲ្យសោះ។
អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៀត ផ្ទុយទៅវិញ ត្រូវឲ្យអ្នកនោះខំប្រឹងដោយចិត្តទៀងត្រង់ ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាតផង។
មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អៗ សម្រាប់ស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់។
ទាំងខំប្រឹងរក្សាការរួបរួមរបស់ព្រះវិញ្ញាណ ដោយចំណងនៃសេចក្ដីសុខសាន្ត។