ទំនុកតម្កើង 15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦តើអ្នកណានឹងនៅក្នុងទីបរិសុទ្ធរបស់ព្រះបាន? ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុង ព្រះដំណាក់របស់ព្រះអង្គបាន? តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធ របស់ព្រះអង្គបាន? 2 គឺអ្នកដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តអំពើសុចរិត ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្ត។ 3 ជាអ្នកដែលមិននិយាយមួលបង្កាច់ដោយអណ្ដាត ហើយមិនធ្វើអាក្រក់ដល់មិត្តសម្លាញ់ ក៏មិនហែកកេរ្តិ៍ទាស់នឹងអ្នកជិតខាងខ្លួនឡើយ។ 4 ជាអ្នកដែលមានភ្នែកមើលមនុស្សពាល ដោយសេចក្ដីស្អប់ខ្ពើម តែលើកមុខអស់អ្នកដែលកោតខ្លាច ដល់ព្រះយេហូវ៉ា ជាអ្នកដែលគោរពពាក្យសម្បថរបស់ខ្លួន ឥតប្រែប្រួលឡើយ ទោះជាត្រូវខាតបង់ក៏ដោយ។ 5 ជាអ្នកដែលមិនបញ្ចេញប្រាក់ខ្លួន ដើម្បីយកការសោះ ក៏មិនទទួលសំណូកទាស់នឹងមនុស្ស ឥតទោសដែរ។ អ្នកណាដែលប្រព្រឹត្តយ៉ាងដូច្នេះ អ្នកនោះនឹងមិនរង្គើឡើយ។ |
© 2016 United Bible Societies
Bible Society in Cambodia