Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

និក្ខមនំ 17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ទឹក​ហូរ​ចេញ​ពី​ថ្ម

1 ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ចាក​ចេញ​ពី​ទី‌រហោ‌ស្ថាន​ស៊ីន ធ្វើ​ដំណើរ​ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់ តាម​បង្គាប់​ព្រះ‌យេហូវ៉ា។ គេ​បោះ​ជំរំ​នៅ​ត្រង់​រេផិឌីម នៅ​ទី​នោះ​គ្មាន​ទឹក​ផឹក​សោះ។

2 ដូច្នេះ ប្រជា‌ជន​រក​រឿង​ឈ្លោះ​នឹង​លោក​ម៉ូសេ ដោយ​ពាក្យ​ថា៖ «ចូរ​រក​ទឹក​ឲ្យ​ពួក​យើង​ផឹក​ផង»។ លោក​ម៉ូសេ​ឆ្លើយ​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង​នឹង​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង‌ល​ព្រះ‌យេហូវ៉ា?»

3 នៅ​ទី​នោះ ប្រជា‌ជន​ស្រេក​ទឹក​យ៉ាង​ខ្លាំង ហើយ​គេ​ត្អូញ‌ត្អែរ​ដាក់​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​សម្លាប់​ពួក​យើង ព្រម​ទាំង​កូន​ចៅ និង​ហ្វូង​សត្វ​របស់​យើង ដោយ​ស្រេក​ទឹក​ដូច្នេះ?»

4 ដូច្នេះ លោក​ម៉ូសេ​ក៏​ស្រែក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជាមួយ​ប្រជា‌ជន​នេះ? គេ​ប្រុង​នឹង​យក​ថ្ម​គប់​សម្លាប់​ទូល‌បង្គំ​ហើយ»។

5 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ដើរ​ទៅ​ខាង​មុន​ប្រជា‌ជន ទាំង​នាំ​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល​ទៅ​ជា‌មួយ ហើយ​យក​ដំបង​ដែល​អ្នក​បាន​វាយ​ទឹក​ទន្លេ​នីល​នោះ ជាប់​នៅ​ដៃ​ទៅ​ជាមួយ​ផង។

6 មើល៍ យើង​នឹង​ឈរ​ទី​នោះ​នៅ​មុខ​អ្នក នៅ​លើ​ថ្ម​ដា​ហូរែប អ្នក​ត្រូវ​វាយ​ថ្ម​នោះ ហើយ​ទឹក​នឹង​ហូរ​ចេញ​មក​ឲ្យ​ប្រជា‌ជន​ផឹក»។ លោក​ម៉ូសេ​ក៏​ធ្វើ​ដូច្នោះ នៅ​មុខ​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល។

7 លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា "ម៉ាសា" និង "មេរីបា" ដោយ​ព្រោះ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​រក​រឿង​ឈ្លោះ ព្រម​ទាំង​ល្បង‌ល​ព្រះ‌យេហូវ៉ា ដោយ​ពោល​ថា "តើ​ព្រះ‌យេហូវ៉ា​គង់​ក្នុង​ចំណោម​ពួក​យើង​មែន​ឬ?"


សាសន៍​អាម៉ា‌ឡេក​វាយ​ប្រហារ​អ៊ីស្រា‌អែល ហើយ​ត្រូវ​បរាជ័យ។

8 សាសន៍​អាម៉ាឡេក​នាំ​គ្នា​មក​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​រេផិឌីម។

9 លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូស្វេ​ថា៖ «ចូរ​ទៅ​កេណ្ឌ​មនុស្ស​ខ្លះ​មក ហើយ​ចេញ​ទៅច្បាំង​ជា‌មួយ​សាសន៍​អាម៉ា‌ឡេក។ ស្អែក ខ្ញុំ​នឹង​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ ទាំង​កាន់​ដំបង​របស់​ព្រះ​នៅ​ដៃ»។

10 លោក​យ៉ូស្វេ​ក៏​ធ្វើ​ដូច​លោក​ម៉ូសេ​បាន​បង្គាប់ លោក​ទៅ​ច្បាំង​ជា‌មួយ​សាសន៍​អាម៉ា‌ឡេក ឯ​លោក​ម៉ូសេ លោក​អើរ៉ុន និង​លោក​ហ៊ើរ ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ។

11 កាល​ណា​លោក​ម៉ូសេ​លើក​ដៃ​ឡើង​ទៅ​លើ នោះ​ខាង​សាសន៍​អ៊ីស្រា‌អែល​មាន​កម្លាំង​ជាង តែ​កាល​ណា​លោក​ម៉ូសេ​ដាក់​ដៃ​ចុះ នោះ​ខាង​សាសន៍​អាម៉ាឡេក​មាន​កម្លាំង​ជាង​វិញ។

12 ប៉ុន្ដែ លោក​ម៉ូសេ​រួយ​ដៃ​ណាស់ គេ​ក៏​យក​ថ្ម​មក​ដាក់​ឲ្យ​លោក​អង្គុយ​ចុះ រួច​លោក​អើរ៉ុន និង​លោក​ហ៊ើរ​ក៏​ឈរ​ទ្រ​ដៃ​លោក​ទាំង​សង​ខាង។ ដូច្នេះ ដៃ​លោក​បាន​នៅ​នឹង​ដដែល រហូត​ដល់​ថ្ងៃ​លិច។

13 លោក​យ៉ូស្វេ​ក៏​បាន​ឈ្នះ​អាម៉ា‌ឡេក ព្រម​ទាំង​ពល‌ទ័ព​របស់​គេ​ដោយ​មុខ​ដាវ។

14 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់​រឿង​នេះ​ចុះ​ក្នុង​សៀវភៅ ទុក​ជា​សេចក្ដី​រំឭក ហើយ​និទាន​ប្រាប់​ឲ្យ​យ៉ូស្វេ​ស្តាប់ ដ្បិត​យើង​នឹង​លុប​ឈ្មោះ​អាម៉ា‌ឡេក​ចេញ​ពី​ក្រោម​មេឃ​នេះ​ឲ្យ​អស់ មិន​ឲ្យ​អ្នក​ណា​នឹក​ចាំ​ទៀត​ឡើយ»។

15 ពេល​នោះ លោក​ម៉ូសេ​បាន​ស្អាង​អាស‌នា​មួយ ហើយ​ដាក់​ឈ្មោះ​ថា "យេហូវ៉ា-នីស៊ី"

16 ដោយ​ពោល​ថា៖ «ចូរ​លើក​ទង់​ជ័យ​របស់​ព្រះ‌យេហូវ៉ា​ឡើង! ព្រះ​យេហូវ៉ា​នឹង​ច្បាំង​ជា‌មួយ​សាសន៍​អាម៉ាឡេក​គ្រប់ជំនាន់​ត​រៀង​ទៅ»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម