Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 អ្នក​ណា​ដែល​ចូល​ចិត្ត​ចំពោះ​សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ក៏​ស្រឡាញ់​តម្រិះ តែ​អ្នក​ណា​ដែល​ស្អប់​ដល់​សេចក្ដី​បន្ទោស នោះ​ជា​មនុស្ស​កំរោល​វិញ។

2 មនុស្ស​ល្អ​នឹង​ប្រកប​ដោយ​ព្រះ‌គុណ របស់​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​នឹង​កាត់​ទោស​មនុស្ស​ណា ដែល​គិត​គូរ​បង្កើត​ការ​អាក្រក់។

3 គ្មាន​មនុស្ស​ណា​បាន​តាំង​មាំ‌មួន​ឡើង ដោយ‌សារ​អំពើ​អាក្រក់​ទេ តែ​ឫស​របស់​មនុស្ស​សុចរិត មិន​ត្រូវ​រលើង​ឡើយ។

4 ស្ត្រី​មាន​ចិត្ត​បរិសុទ្ធ នោះ​ជា​មកុដ​ដល់​ប្តី តែ​ស្ត្រី​ណា​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស នោះ​ប្រៀប​ដូច​ជា​សេចក្ដី​ពុក​រលួយ នៅ​ក្នុង​ឆ្អឹង​របស់​ប្តី​វិញ។

5 អស់​ទាំង​គំនិត​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ទៀង​ត្រង់ តែ​គំនិត​របស់​មនុស្ស​អាក្រក់ នោះ​ជា​សេចក្ដី​ឆ​បោក​វិញ។

6 ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់ សុទ្ធ​តែ​និយាយ​ពី​ការ​លប​ចាំ​កម្ចាយ​ឈាម តែ​មាត់​របស់​មនុស្ស​ទៀង​ត្រង់ នឹង​ជួយ​ឲ្យ​គេ​រួច​វិញ។

7 មនុស្ស​អាក្រក់​ត្រូវ​ដួល ហើយ​មិន​នៅ​ទៀត​ទេ តែ​ផ្ទះ​របស់​មនុស្ស​សុចរិត បាន​ស្ថិត‌ស្ថេរ​នៅ​វិញ។

8 មនុស្ស​នឹង​បាន​គេ​សរ‌សើរ​តាម​ប្រាជ្ញា​របស់​ខ្លួន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​គេ​នឹង​ស្អប់​វិញ។

9 អ្នក​ណា​ដែល​គេ​រាប់​អាន​តិច តែ​មាន​បាវ​បម្រើ នោះ​វិសេស​ជា​ជាង​មនុស្ស​ណា​ដែល​តំកើង​ខ្លួន ប៉ុន្តែ ខ្វះ​ខាត​អាហារ​វិញ។

10 មនុស្ស​សុចរិត​រមែង​ប្រណី ដល់​ជីវិត​នៃ​សត្វ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​អាក្រក់ នោះ​សាហាវ​ណាស់។

11 អ្នក​ណា​ដែល​ធ្វើ​ស្រែ​ខ្លួន នោះ​នឹង​បាន​បាយ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​តាម​សេចក្ដី​ឥត​ប្រ‌យោជន៍ នោះ​គ្មាន​យោបល់​វិញ។

12 មនុស្ស​អាក្រក់​លោភ​ចង់​បាន​ទ្រព្យ របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​ឫស​របស់​មនុស្ស​សុចរិត នោះ​បង្កើត​ផល​ផ្លែ​វិញ។

13 មាន​អន្ទាក់​អាក្រក់ នៅ​ក្នុង​អំពើ​រំលង​របស់​បបូរ​មាត់ តែ​មនុស្ស​សុចរិត​នឹង​ចេញ​រួច​ពី​សេចក្ដី​លំបាក។

14 មនុស្ស​នឹង​បាន​ស្កប់​ចិត្ត​នឹង​សេចក្ដី​ល្អ ដោយ‌សារ​ផល​ដែល​កើត​ពី​មាត់​ខ្លួន ហើយ​កិច្ច‌ការ​ដែល​ដៃ​មនុស្ស​ធ្វើ​នោះ នឹង​បាន​សង​ដល់​អ្នក​នោះ​វិញ។

15 មនុស្ស​ល្ងី‌ល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន ជា​ត្រឹម‌ត្រូវ​ហើយ តែ​អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្ដី​ទូន្មាន​វិញ។

16 សេចក្ដី​គ្នាន់‌ក្នាញ់​ក្នុង​ចិត្ត​មនុស្ស​ល្ងី‌ល្ងើ នោះ​បាន​សម្ដែង​មក​ឲ្យ​ឃើញ​ភ្លាម តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត គេ​តែង​គ្រប​បាំង​សេចក្ដី​ខ្មាស​វិញ។

17 អ្នក​ណា​ដែល​ពោល​ពាក្យ​ពិត នោះ​រមែង​សម្ដែង​ចេញ​នូវ​សេចក្ដី​សុចរិត តែ​សាក្សី​ក្លែង‌ក្លាយ នោះ​សម្ដែង​សេចក្ដី​កំភូត​វិញ។

18 មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សម្ដី​របស់​មនុស្ស​មាន​ប្រាជ្ញា​ជា​ថ្នាំ​ផ្សះ​វិញ។

19 បបូរ​មាត់​ដែល​បញ្ចេញ​សេចក្ដី​ពិត នោះ​នឹង​បាន​តាំង​ជាប់​នៅ​ជា‌និច្ច តែ​អណ្ដាត​ភូត​ភរ នោះ​នៅ​តែ​មួយ​ភ្លែត​ទេ។

20 ការ​ឆ​បោក​រមែង​នៅ​ក្នុង​ចិត្ត​នៃ​មនុស្ស ដែល​គិត​គូរ​បង្កើត​ការ​អាក្រក់ តែ​មាន​អំណរ​សម្រាប់​មនុស្ស ដែល​ប្រឹក្សា​ឲ្យ​មាន​សេចក្ដី​សុខ។

21 មនុស្ស​សុចរិត​នឹង​មិន​ត្រូវ​កើត​មាន សេចក្ដី​ភិត‌ភ័យ​អន្ត‌រាយ​ឡើយ តែ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ នឹង​បាន​ឆ្អែត​ដោយ​ការ​អាក្រក់។

22 បបូរ​មាត់​ដែល​ពោល​ពាក្យ​ភូត​ភរ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ពិត​ត្រង់ នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ។

23 មនុស្ស​ឈ្លាសវៃ​តែង​លាក់​បាំង​ចំណេះ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​ប្រកាស​ពី​សេចក្ដី​ល្ងង់​ខ្លៅ​វិញ។

24 ដៃ​របស់​មនុស្ស​ព្យាយាម នឹង​បាន​ឡើង​គ្រប់​គ្រង តែ​មនុស្ស​ខ្ជិល​ច្រអូស នឹង​ត្រូវ​ទទួល​ការ​បម្រើ​វិញ។

25 ការ​កើត​ទុក្ខ​ដែល​គ្រប​សង្កត់​ចិត្ត នោះ​ធ្វើ​ឲ្យ​រួញ​ថយ​ចុះ តែ​ពាក្យ​ល្អ​មួយ​ម៉ាត់​នឹង​ធ្វើ​ឲ្យ​រីក‌រាយ​ឡើង។

26 មនុស្ស​ដែល​សុចរិត​ជា​អ្នក​បង្ហាញ​ផ្លូវ ដល់​អ្នក​ជិត​ខាង​ខ្លួន តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នាំ​ឲ្យ​គេ​វង្វេង​វិញ។

27 មនុស្ស​ណា​ដែល​ខ្ជិល​ច្រអូស មិន​អាំង​សាច់​សត្វ​ដែល​ខ្លួន​ចាប់​បាន​ទេ តែ​មនុស្ស​ឧស្សាហ៍ នឹង​រក​បានសម្បត្តិ​ដ៏​មាន​តម្លៃ។

28 ជីវិត​ស្ថិត​នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​សុចរិត ហើយ​ក្នុង​ផ្លូវ​ច្រក​នោះ គ្មាន​សេចក្ដី​ស្លាប់​ឡើយ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម