Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


សុភា‌សិត​របស់​ព្រះបាទ​សាឡូម៉ូន

1 នេះ​ក៏​ជា​សុភា‌សិត​របស់​ស្តេច​សាឡូម៉ូន​ដែរ ជា​សេចក្ដី​ដែល​ពួក​ស្មៀន​របស់​ព្រះបាទ​ហេ‌សេ‌គា ស្តេច​សាសន៍​យូដា បាន​ចម្លង​ទុក។

2 សិរីរុង‌រឿង​របស់​ព្រះ​ស្ថិត​នៅ ក្នុង​គម្រោង​ការ​លាក់​កំបាំង ប៉ុន្តែ សិរីរុង‌រឿង​របស់​ពួក​ស្តេច​វិញ គឺ​ស្វែង​យល់​បាន។

3 ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ហើយ​ផែនដី​ជ្រៅ​យ៉ាង​ណា ព្រះ‌ហឫ‌ទ័យ​របស់​ពួក​ស្តេច ក៏​ស្ទង់​មើល​ដល់​យ៉ាង​នោះ​ដែរ។

4 ចូរ​ដេញ​យក​អាចម៍​ប្រាក់​ចេញ នោះ​នឹង​មាន​គ្រឿង​ចេញ​ពី​ពុម្ព មក​សម្រាប់​ជាង​ខាត់

5 ក៏​ដក​យក​មនុស្ស​អាក្រក់​ចេញ​ពី​ចំពោះ​ស្តេច នោះ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​បាន​តាំង​នៅ​ខ្ជាប់‌ខ្ជួន ក្នុង​សេចក្ដី​សុចរិត។

6 ឯង​កុំ​បញ្ចើ​ខ្លួន​នៅ​ចំពោះ​ស្តេច​ឡើយ ក៏​កុំ​ឈរ​នៅ​កន្លែង​របស់​អ្នក​ធំ​ដែរ

7 ដ្បិត​បើ​គេ​មក​និយាយ​នឹង​អ្នក​ថា «អញ្ជើញ​ឡើង​មក​ណេះ» នោះ​ល្អ​ជា​ជាង​ត្រូវ​បន្ទាប​នៅ​ចំពោះ​អ្នក​ធំ ដែល​ភ្នែកអ្នក​បាន​ឃើញ​ស្រាប់​ហើយ។

8 កុំ​ប្រញាប់​នាំ​គេ​ឡើង​តុលា​ការ ក្រែង​ដល់​ចុង​បំផុត អ្នក​ជិត​ខាង​ធ្វើ​ឲ្យ​អ្នក​ខ្មាស​គេ នោះ​មិន​ដឹងធ្វើ​ម្ដេច​ទៀត។

9 ចូរ​ទៅ​ជជែក​រឿង​របស់​ឯង ចំពោះ​អ្នក​ជិត​ខាង ដោយ​មាន​តែ​គ្នា​ពីរ​នាក់​ប៉ុណ្ណោះ កុំ​ឲ្យ​បើក​ការ​សម្ងាត់​របស់​អ្នក​ដទៃ​ឡើយ

10 ក្រែង​អ្នក​ដែល​ឮ គេ​ធ្វើ​ឲ្យ​ឯង​ខ្មាស​វិញ ហើយ​សេចក្ដី​អាម៉ាស់​របស់​ឯង នឹង​មិន​ចេះ​បាត់​ឡើយ។

11 ពាក្យ​សម្ដី​ដែល​និយាយ​ចំ​ពេល នោះ​ធៀប​ដូច​ជា​ផ្លែ​សារី​មាស ឆ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់។

12 អ្នក​ដែល​ចេះ​ស្តី​បន្ទោស​ដោយ​ប្រាជ្ញា ដល់​ត្រចៀក​ដែល​ព្រម​ស្តាប់​តាម នោះ​ធៀប​ដូច​ជា​ក្រវិល​មាស និង​គ្រឿង​លម្អ​មាស​សុទ្ធ។

13 អ្នក​នាំ​សារ​ស្មោះ​ត្រង់ ប្រៀប​ដូច​ជា​ត្រជាក់​នៃ​ហិមៈ​នៅ​រដូវ​ចម្រូត ដល់​ពួក​អ្នក​ដែល​ចាត់​ប្រើ ដ្បិត​អ្នក​នោះ​លំ‌ហើយ​ព្រលឹង​របស់​ចៅ‌ហ្វាយ​ខ្លួន។

14 អ្នក​ណា​ដែល​អួត ដោយ​ពាក្យ​កំភូត ពី​ទាន​ដែល​ខ្លួន​ឲ្យ នោះ​ទុក​ដូច​ជា​ពពក និង​ខ្យល់​ដែល​ឥត​មាន​ភ្លៀង។

15 ដោយ​ការ​ខំ​អត់‌ធ្មត់ នោះ​ទើប​នឹង​បន្ទន់​ចិត្ត​របស់​ចៅ‌ហ្វាយ​បាន ហើយ​អណ្ដាត​ស្រទន់​នឹង​អាច​បំបាក់​ឆ្អឹង​បាន​ដែរ។

16 តើ​ឯង​រក​បាន​ឃ្មុំ​ហើយ​ឬ ចូរ​បរិ‌ភោគ​តែ​ល្មម​សម​គួរ​ចុះ ក្រែង​បរិ‌ភោគ​ឆ្អែត​ទៅ​នឹង​ក្អួត​ចេញ​មក​វិញ។

17 កុំ​ឲ្យ​ជើង​ឯង​ចូល​ផ្ទះ​អ្នក​ជិត​ខាង ជា​ញឹក​ញយ​ពេក​ឡើយ ក្រែង​គេ​ធុញ​ទ្រាន់ ហើយ​ស្អប់​ឯង​វិញ។

18 អ្នក​ណា​ដែល​ធ្វើ​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន នោះ​ធៀប​ដូច​ជា​ញញួរ ដាវ និង​ព្រួញ​យ៉ាង​មុត។

19 ការ​ដែល​ទុក​ចិត្ត​ពឹង​ដល់​មនុស្ស​មិន​ស្មោះ នៅ​គ្រា​លំបាក នោះ​ធៀប​ដូច​ជា​ធ្មេញ​បាក់ និង​ជើង​ពិការ។

20 អ្នក​ណា​ដែល​ច្រៀង​ចម្រៀង ឲ្យ​អ្នក​កើត​ទុក្ខ​ស្តាប់ នោះ​ដូច​ជា​ដោះ​អាវ​នៅ​រដូវ​ងារ ឬ​ដូច​ជា​ចាក់​ទឹក​ខ្មេះ​ទៅ​លើមុខ​របួស។

21 បើ​សត្រូវ​ឯង​ឃ្លាន ចូរ​ឲ្យ​វា​ស៊ី​ចុះ បើ​វា​ស្រេក ត្រូវ​ឲ្យ​វា​ផឹក​ផង

22 យ៉ាង​នោះ​នឹង​បាន​ដូច​ជា​បង្គរ​រងើក​ភ្លើង នៅ​លើ​ក្បាល​វា ហើយ​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​រង្វាន់​ដល់​ឯង។

23 ខ្យល់​ខាង​ជើង​រមែង​នាំ​ភ្លៀង​មក ហើយ​អណ្ដាត​ដែល​និយាយ​ដើម​គេ ក៏​នាំ​ឲ្យ​គេ​មាន​មុខ​មួ‌ម៉ៅ​ដូច្នោះ​ដែរ។

24 ស៊ូ​នៅ​ក្នុង​ទី​កៀន​មួយ​នៅ​លើ​ដំបូល​ផ្ទះ ជា​ជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា‌មួយ​ស្ត្រី ដែល​ចេះ​តែ​រក​រឿង។

25 ទឹក​បាន​ត្រជាក់​ដល់​ព្រលឹង​មនុស្ស ល្វឹង‌ល្វើយ​ជា​យ៉ាង​ណា ដំណឹង​ល្អ​ដែល​មក​ពី​ស្រុក​ឆ្ងាយ ក៏​យ៉ាង​នោះ​ដែរ។

26 មនុស្ស​សុចរិត​ដែល​ចុះ​ចាញ់ ចំពោះ​មនុស្ស​អាក្រក់ នោះ​ធៀប​ដូច​ជា​រន្ធ​ទឹក​ល្អក់ ក៏​ដូច​ជា​ក្បាល​ទឹក​ដែល​ខូច​ហើយ​ដែរ។

27 បើ​បរិ‌ភោគ​ទឹក​ឃ្មុំ​ច្រើន​ពេក នោះ​មិន​ល្អ​ទេ ហើយបើ​ស្វែង​រក​កិត្តិ‌សព្ទ​ដល់​ខ្លួន នោះ​ក៏ជា​បន្ទុក​យ៉ាង​ធ្ងន់​ដែរ។

28 បើ​អ្នក​ណា​ដែល​មិន​ចេះ​គ្រប់‌គ្រង លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូច​ជា​ទី​ក្រុង​ដែល​រលំ ហើយ​ឥត​មាន​កំផែង។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម