មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្តីសុចរិត ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់អ្នកទាំងនោះ។ អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ទាស់នឹងអ្នករាល់គ្នាដោយព្រោះខ្ញុំ។ ចូរអរសប្បាយ ហើយរីករាយឡើង ដ្បិតអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ព្រោះពួកហោរាដែលនៅមុនអ្នករាល់គ្នាក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។
អស់អ្នកដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវគេរបៀតបៀនដូច្នេះឯង
ប្រសិនបើមនុស្សលោកស្អប់អ្នករាល់គ្នា ចូរដឹងថា គេបានស្អប់ខ្ញុំមុនស្អប់អ្នករាល់គ្នាទៅទៀត។ ប្រសិនបើអ្នករាល់គ្នាជារបស់លោកីយ៍ លោកីយ៍នឹងស្រឡាញ់អ្នករាល់គ្នា តែដោយខ្ញុំបានរើសអ្នករាល់គ្នាចេញពីលោកីយ៍មក នោះអ្នករាល់គ្នាមិនមែនជារបស់លោកីយ៍ទៀតទេ ហេតុនោះបានជាលោកីយ៍ស្អប់អ្នករាល់គ្នា។ អស់ទាំងមែកណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ ព្រះអង្គកាត់ចោល តែអស់ទាំងមែកណាដែលបង្កើតផលផ្លែ ព្រះអង្គលួសមែកនោះវិញ ដើម្បីឲ្យបានផលផ្លែជាច្រើនឡើង។ ចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថា "បាវបម្រើមិនមែនធំជាងចៅហ្វាយឡើយ"។ ប្រសិនបើគេបានបៀតបៀនខ្ញុំ គេនឹងបៀតបៀនអ្នករាល់គ្នា ហើយបើគេបានកាន់តាមពាក្យខ្ញុំ គេក៏នឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ។
ពួកស្ងួនភ្ងាអើយ កុំឲ្យប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាមានសេចក្តីចម្លែកកើតឡើងដល់អ្នករាល់គ្នាឡើយ។ ប៉ុន្តែ ចូរអរសប្បាយវិញ ដោយព្រោះអ្នករាល់គ្នាមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានត្រេកអរ និងរីករាយជាខ្លាំង នៅពេលសិរីល្អរបស់ព្រះអង្គលេចមក។ ប្រសិនបើអ្នករាល់គ្នាត្រូវគេតិះដៀលដោយព្រោះព្រះនាមរបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាមានពរហើយ ព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណរបស់ព្រះសណ្ឋិតលើអ្នករាល់គ្នា។
តើអ្នកណាអាចពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបាន? តើទុក្ខលំបាក ឬសេចក្ដីវេទនា ការបៀតបៀន ការអត់ឃ្លាន ភាពអាក្រាត សេចក្តីអន្តរាយ ឬមួយដាវ? ដូចមានសេចក្តីចែងទុកមកថា៖ «ដោយព្រោះព្រះអង្គ យើងត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច គេរាប់យើងទុកដូចជាចៀមដែលត្រូវគេយកទៅសម្លាប់ »។ ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។ ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។
មនុស្សសុចរិតរងទុក្ខលំបាកជាច្រើន តែព្រះយេហូវ៉ារំដោះគេឲ្យរួច ពីទុក្ខលំបាកទាំងអស់។
ចូរឲ្យពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំដាក់បណ្ដាសាគេឡើយ។
ទាំងពង្រឹងពួកសិស្សឲ្យមានចិត្តមាំមួន ហើយលើកទឹកចិត្តគេឲ្យខ្ជាប់ខ្ជួនក្នុងជំនឿ ដោយពាក្យថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះ»។
ដ្បិតព្រះអង្គបានប្រោសប្រទានឲ្យអ្នករាល់គ្នាមានឱកាស ដែលមិនគ្រាន់តែឲ្យជឿដល់ព្រះគ្រីស្ទប៉ុណ្ណោះ គឺឲ្យរងទុក្ខដោយព្រោះព្រះអង្គដែរ
ប៉ុន្ដែ ចូរនឹកចាំពីគ្រាដំបូង ជាគ្រាដែលអ្នករាល់គ្នាទើបនឹងបានភ្លឺ អ្នករាល់គ្នាបានទ្រាំទ្រនឹងទុក្ខលំបាកជាខ្លាំង ពេលខ្លះ អ្នករាល់គ្នាត្រូវគេប្រមាថមើលងាយ និងធ្វើទុក្ខបៀតបៀននៅទីប្រជុំជន ហើយពេលខ្លះទៀត អ្នករាល់គ្នារួមចំណែកជាមួយអស់អ្នកដែលត្រូវគេធ្វើទុក្ខយ៉ាងនោះទៀតផង។ ដ្បិតអ្នករាល់គ្នាមានចិត្តអាណិតអាសូរដល់អស់អ្នកដែលជាប់ឃុំឃាំង ក៏ទ្រាំឲ្យគេរឹបអូសយកទ្រព្យសម្បត្តិរបស់ខ្លួនដោយអំណរ ព្រោះអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានទ្រព្យសម្បត្តិដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។ ហេតុនេះ សូមកុំបោះបង់ចោលចិត្តជឿជាក់របស់អ្នករាល់គ្នា ដែលនឹងធ្វើឲ្យអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនោះឡើយ។ ដ្បិតអ្នករាល់គ្នាត្រូវមានចិត្តស៊ូទ្រាំ ដើម្បីកាលណាអ្នករាល់គ្នាបានធ្វើតាមព្រះហឫទ័យរបស់ព្រះរួចហើយ អ្នករាល់គ្នានឹងទទួលបានតាមព្រះបន្ទូលសន្យា។
អ្នករាល់គ្នាមានពរ ពេលមនុស្សស្អប់អ្នករាល់គ្នា ពេលគេកាត់កាល់ ត្មះតិះដៀល ហើយមើលងាយអ្នករាល់គ្នា ដោយព្រោះកូនមនុស្ស។ ចូរអរសប្បាយនៅថ្ងៃនោះ ហើយលោតដោយអំណរចុះ ដ្បិតមើល៍ អ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ព្រោះបុព្វបុរសរបស់គេ ក៏បានប្រព្រឹត្តចំពោះពួកហោរាពីដើមយ៉ាងដូច្នោះដែរ។
មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះនាមខ្ញុំ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចប់ នឹងបានសង្គ្រោះ។
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា? ប្រសិនបើឪពុកម្តាយ បានបោះបង់ចោលទូលបង្គំ ព្រះយេហូវ៉ានឹងទទួលទូលបង្គំទុក។ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ ព្រោះតែខ្មាំងសត្រូវរបស់ទូលបង្គំ។ សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្ត បច្ចាមិត្តរបស់ទូលបង្គំឡើយ ដ្បិតមានស្មរបន្ទាល់ក្លែងក្លាយ បានលើកគ្នាទាស់នឹងទូលបង្គំ ហើយគេដកដង្ហើមចេញជាពាក្យឃោរឃៅ។ ប្រសិនបើទូលបង្គំមិនបានជឿថា នឹងឃើញសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នៅក្នុងទឹកដីរបស់មនុស្សរស់នេះ នោះតើទូលបង្គំនឹងទៅជាយ៉ាងណា? ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។ ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំបានសង្ឃកមកលើខ្ញុំ ដើម្បីស៊ីសាច់ខ្ញុំ នោះគេនឹងជំពប់ដួល។ ទោះបើមានពលទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ចិត្តខ្ញុំមិនភ័យខ្លាចឡើយ ទោះបើមានចម្បាំងកើតឡើងទាស់នឹងខ្ញុំ ក៏ខ្ញុំនៅតែមានសង្ឃឹមដែរ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។ នោះនឹងគ្មានសេចក្ដីអាក្រក់ណា កើតមានដល់អ្នកឡើយ ក៏គ្មានគ្រោះកាចណាមកជិត ទីលំនៅរបស់អ្នកដែរ។ ៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។ ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។ អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ឯសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។ ៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។ យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។ ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
«មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចចៀមនៅកណ្តាលហ្វូងចចក ដូច្នេះ ត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតដូចសត្វព្រាប។ ត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សា ហើយវាយអ្នករាល់គ្នានឹងរំពាត់ នៅក្នុងសាលាប្រជុំរបស់គេ អ្នករាល់គ្នានឹងត្រូវគេបញ្ជូនទៅឲ្យលោកទេសាភិបាល និងស្តេច ដោយព្រោះខ្ញុំ ទុកជាបន្ទាល់ដល់អ្នកទាំងនោះ និងដល់ពួកសាសន៍ដទៃ។
ប៉ុន្តែ បើអ្នករាល់គ្នាត្រូវរងទុក្ខ ដោយព្រោះសេចក្តីសុចរិតវិញ នោះអ្នករាល់គ្នាមានពរហើយ។ មិនត្រូវភ័យខ្លាចចំពោះការបំភ័យរបស់គេ ក៏កុំច្រួលច្របល់ឡើយ
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ការសង្គ្រោះរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាទីជ្រកកោនរបស់គេ ក្នុងគ្រាមានទុក្ខលំបាក។ ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។ ព្រះយេហូវ៉ាជួយគេ និងរំដោះគេឲ្យរួច ព្រះអង្គរំដោះគេឲ្យរួចពីមនុស្សអាក្រក់ ហើយសង្គ្រោះគេ ព្រោះគេបានពឹងជ្រកក្នុងព្រះអង្គ។
ដ្បិតដូចដែលទុក្ខលំបាករបស់ព្រះគ្រីស្ទ បានចម្រើនឡើងដល់យើងយ៉ាងណា នោះការកម្សាន្តចិត្តរបស់យើង ក៏ចម្រើនឡើងតាមរយៈព្រះគ្រីស្ទយ៉ាងនោះដែរ។ ដូច្នេះ បើយើងខ្ញុំត្រូវរងទុក្ខវេទនា នោះគឺសម្រាប់ជាការកម្សាន្តចិត្ត និងការសង្គ្រោះដល់អ្នករាល់គ្នា។ បើយើងបានទទួលការកម្សាន្តចិត្ត គឺសម្រាប់ឲ្យអ្នករាល់គ្នាមានការកម្សាន្តចិត្ត ពេលអ្នករាល់គ្នាទ្រាំទ្រយ៉ាងអត់ធ្មត់នឹងទុក្ខលំបាកផ្សេងៗ ដែលយើងក៏មានទុក្ខលំបាកដូចគ្នា។ យើងសង្ឃឹមដល់អ្នករាល់គ្នាយ៉ាងមុតមាំ ដោយដឹងថា អ្នករាល់គ្នារួមចំណែកក្នុងទុក្ខលំបាកជាមួយយើងយ៉ាងណា នោះអ្នករាល់គ្នាក៏នឹងរួមចំណែកក្នុងការកម្សាន្តចិត្តជាមួយយើងយ៉ាងនោះដែរ។
កុំខ្លាចការដែលអ្នកត្រូវរងទុក្ខវេទនានោះឡើយ មើល៍! អារក្សវាបម្រុងនឹងបោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីនឹងល្បងល ហើយអ្នកនឹងត្រូវវេទនាអស់ដប់ថ្ងៃ។ ចូរមានចិត្តស្មោះត្រង់រហូតដល់ស្លាប់ចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។
ពេលនោះ ពួកសាវកក៏ចេញពីក្រុមប្រឹក្សាដោយអរសប្បាយ ព្រោះព្រះបានរាប់គេជាអ្នកស័ក្តិសមនឹងរងដំនៀល ដោយព្រោះព្រះនាមព្រះយេស៊ូវ។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។ «ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!» ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់ ហេតុនេះ យើងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើចុះ ទៅកណ្ដាលសមុទ្រក៏ដោយ
ប្រសិនបើអ្នករាល់គ្នាស៊ូទ្រាំឲ្យគេវាយដោយព្រោះបានប្រព្រឹត្តអំពើអាក្រក់ នោះតើមានកិត្តិយសអ្វី? តែបើអ្នករាល់គ្នាបានប្រព្រឹត្តត្រឹមត្រូវ ហើយស៊ូទ្រាំដោយព្រោះការនោះវិញ នោះទើបជាការគាប់ព្រះហឫទ័យនៅចំពោះព្រះ។ ដ្បិតព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកសម្រាប់ការនេះឯង ព្រោះព្រះគ្រីស្ទក៏បានរងទុក្ខសម្រាប់អ្នករាល់គ្នាដែរ ទាំងទុកតម្រាប់ឲ្យអ្នករាល់គ្នាដើរតាមលម្អានរបស់ព្រះអង្គ។
ពេលទូលបង្គំភ័យខ្លាច ទូលបង្គំទុកចិត្តដល់ព្រះអង្គ។ ៙ នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង ព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើសាច់ឈាមអាចធ្វើអ្វីដល់ខ្ញុំបាន?
ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលត្រូវបើកសម្ដែងឲ្យយើងឃើញបានឡើយ។
ក្រែងអ្នកណាម្នាក់រង្គើដោយសារទុក្ខលំបាកទាំងនេះ ដ្បិតអ្នករាល់គ្នាជ្រាបស្រាប់ហើយថា ព្រះបានតម្រូវយើងសម្រាប់ការនេះឯង។ ដ្បិតកាលយើងនៅជាមួយអ្នករាល់គ្នា យើងបានប្រាប់អ្នករាល់គ្នាឲ្យដឹងជាមុនថា យើងនឹងត្រូវជួបទុក្ខលំបាក ហើយទុក្ខលំបាកនោះក៏កើតមានមែន ដូចជាអ្នករាល់គ្នាជ្រាបស្រាប់។
កុំខ្លាចអស់អ្នកដែលសម្លាប់បានតែរូបកាយ តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ តែផ្ទុយទៅវិញ ត្រូវខ្លាចព្រះអង្គដែលទ្រង់អាចនឹងបំផ្លាញទាំងព្រលឹង និងរូបកាយទៅក្នុងនរកបាន។
លោកស៊ូរងទុក្ខលំបាកជាមួយប្រជារាស្ត្ររបស់ព្រះ ជាជាងមានអំណរខាងអំពើបាប ដែលនៅតែមួយភ្លែត ។ លោកបានរាប់ពាក្យត្មះតិះដៀលដោយព្រោះព្រះគ្រីស្ទ ថាជាសម្បត្តិដែលប្រសើរជាងទ្រព្យសម្បិត្តដ៏វិសេសនៅស្រុកអេស៊ីព្ទទៅទៀត ដ្បិតលោកសម្លឹងទៅឯរង្វាន់ដែលនៅខាងមុខ។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
តែត្រូវតាំងព្រះគ្រីស្ទជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ។ ត្រូវប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយតបនឹងអ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា
អាយុជីវិតរបស់ទូលបង្គំ ស្ថិតនៅក្នុងព្រះហស្តព្រះអង្គ សូមរំដោះទូលបង្គំ ចេញពីកណ្ដាប់ដៃ ខ្មាំងសត្រូវរបស់ទូលបង្គំ និងពីអស់អ្នកដែលបៀតបៀនទូលបង្គំផង! សូមឲ្យព្រះភក្ត្រព្រះអង្គ ភ្លឺមកលើអ្នកបម្រើព្រះអង្គ សូមសង្គ្រោះទូលបង្គំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ!
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
ដ្បិតព្រះយេហូវ៉ានឹងមិនបោះបង់ចោល ប្រជារាស្ត្ររបស់ព្រះអង្គឡើយ ព្រះអង្គនឹងមិនបោះបង់មត៌ករបស់ព្រះអង្គ ចោលជាដាច់ខាត ដ្បិតយុត្តិធម៌នឹងវិលមករកមនុស្សសុចរិតវិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់ នឹងប្រព្រឹត្តតាម។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។ ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។ ដ្បិតយើងមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺតយុទ្ធនឹងពួកគ្រប់គ្រង ពួកមានអំណាច ពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះ ហើយតយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានសួគ៌ដែរ។
ព្រះយេហូវ៉ានឹងជួយខ្ញុំ ហេតុនោះបានជាខ្ញុំមិនត្រូវជ្រប់មុខ ហើយដោយហេតុនោះ ខ្ញុំបានរក្សាទឹកមុខរឹងមាំ ខ្ញុំដឹងថា ខ្ញុំមិនត្រូវខ្មាសឡើយ
មិនត្រូវឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ តែត្រូវឈ្នះសេចក្តីអាក្រក់ ដោយសេចក្តីល្អវិញ។
ហេតុនេះ យើងមិនរសាយចិត្តឡើយ ទោះបើមនុស្សខាងក្រៅរបស់យើងកំពុងតែពុករលួយទៅក៏ដោយ តែមនុស្សខាងក្នុងកំពុងតែកែឡើងជាថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ។ ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើង ដែលនៅតែមួយភ្លែតនេះ ធ្វើឲ្យយើងមានសិរីល្អដ៏លើសលុប ស្ថិតស្ថេរនៅអស់កល្បជានិច្ច រកអ្វីប្រៀបផ្ទឹមពុំបាន ព្រោះយើងមិនចាប់អារម្មណ៍នឹងអ្វីដែលមើលឃើញឡើយ គឺចាប់អារម្មណ៍នឹងអ្វីដែលមើលមិនឃើញវិញ ដ្បិតអ្វីដែលមើលឃើញ នៅស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែអ្វីដែលមើលមិនឃើញ នៅស្ថិតស្ថេរអស់កល្បជានិច្ច។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។ ដូច្នេះ មិនត្រូវខ្មាសនឹងធ្វើបន្ទាល់អំពីព្រះអម្ចាស់នៃយើង ឬខ្មាសនឹងខ្ញុំដែលជាប់គុកព្រោះតែព្រះអង្គនោះឡើយ តែត្រូវរងទុក្ខលំបាកជាមួយខ្ញុំសម្រាប់ដំណឹងល្អ ដោយព្រះចេស្តានៃព្រះ
ព្រះយេហូវ៉ាជាថ្មដា ជាបន្ទាយរបស់ទូលបង្គំ និងជាអ្នកជួយរំដោះរបស់ទូលបង្គំ ព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំពឹងជ្រក ជាខែលនៃទូលបង្គំ ជាស្នែងនៃការសង្គ្រោះរបស់ទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
ការដែលខ្លាចមនុស្ស នាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះនឹងបានសេចក្ដីសុខ។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។ មានឮសំឡេងមួយកំពុងតែស្រែកនៅទីរហោស្ថានថា៖ «ចូររៀបចំផ្លូវសម្រាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ។ ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ ពួកកំលោះក៏នឹងដួលដែរ។ តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ផ្ទុយទៅវិញ ក្នុងគ្រប់ការទាំងអស់ យើងបង្ហាញខ្លួនជាអ្នកបម្រើរបស់ព្រះ ដោយការទ្រាំទ្រជាច្រើន ក្នុងសេចក្ដីទុក្ខលំបាក ការខ្វះខាត ការចង្អៀតចង្អល់ ការវាយដំ ដាក់គុក កើតវឹកវរ ធ្វើការធ្ងន់ អត់ងងុយ អត់អាហារ
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។ ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
ប៉ុន្តែ មុននឹងហេតុការណ៍ទាំងនោះកើតឡើង គេនឹងចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ហើយបញ្ជូនអ្នករាល់គ្នាទៅសាលាប្រជុំ ហើយដាក់គុក ព្រមទាំងនាំអ្នករាល់គ្នាទៅចំពោះស្តេច និងលោកទេសាភិបាល ដោយព្រោះនាមខ្ញុំ។ ប៉ុន្តែ ការនេះនឹងត្រឡប់ជាឱកាសឲ្យអ្នករាល់គ្នាធ្វើបន្ទាល់វិញ។
ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះចុះ ដើម្បីឲ្យព្រះអង្គបានតម្កើងអ្នករាល់គ្នានៅវេលាកំណត់។ ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
ទោះបើគេ ជំពប់ជើង ក៏គេនឹងមិនដួលបោកក្បាលដែរ ដ្បិតព្រះយេហូវ៉ាទ្រង់កាន់ដៃគេជាប់។ ពីមុនខ្ញុំនៅក្មេង ហើយឥឡូវនេះចាស់ហើយ តែមិនដែលឃើញព្រះបោះបង់ចោល មនុស្សសុចរិតឡើយ ក៏មិនដែលឃើញពូជពង្សរបស់គេ សុំទានអាហារដែរ។ គេរមែងឲ្យរបស់ទៅអ្នកដទៃខ្ចីដោយចិត្តសទ្ធា ហើយកូនចៅរបស់គេជាមនុស្សមានពរ។
បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាអំណរសព្វគ្រប់វិញ ដ្បិតកំហឹងរបស់មនុស្ស មិនដែលសម្រេចតាមសេចក្ដីសុចរិតរបស់ព្រះឡើយ។ ហេតុនេះ ចូរទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នា ដោយចិត្តសុភាពចុះ ទាំងលះចោលអស់ទាំងអំពើស្មោកគ្រោក និងអំពើគម្រក់ទាំងប៉ុន្មានចេញ ដ្បិតព្រះបន្ទូលនោះអាចនឹងសង្គ្រោះព្រលឹងអ្នករាល់គ្នា។ ចូរអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ ហើយបញ្ឆោតខ្លួនឯងប៉ុណ្ណោះនោះឡើយ។ ដ្បិតបើអ្នកណាស្តាប់ព្រះបន្ទូលហើយ តែមិនប្រព្រឹត្តតាម អ្នកនោះធៀបដូចជាមនុស្សដែលឆ្លុះមុខក្នុងកញ្ចក់ អ្នកនោះគ្រាន់តែឆ្លុះមើល រួចចេញបាត់ទៅ ទាំងភ្លេចពីរូបភាពរបស់ខ្លួនជាយ៉ាងណាភ្លាម។ រីឯអ្នកដែលពិនិត្យមើលក្នុងក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រឹត្យវិន័យខាងឯសេរីភាព ហើយជាប់ចិត្ត ឥតមានភ្លេចនឹងសេចក្ដីដែលស្តាប់ គឺប្រព្រឹត្តតាម អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងកិច្ចការដែលខ្លួនធ្វើជាមិនខាន។ ប្រសិនបើអ្នកណាស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្តាតខ្លួន អ្នកនោះឈ្មោះថាបញ្ឆោតចិត្តខ្លួន ហើយសាសនារបស់អ្នកនោះឥតប្រយោជន៍ទទេ។ សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះវរបិតា នោះគឺទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខវេទនា ព្រមទាំងរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។ ដោយដឹងថា ការល្បងលមើលជំនឿរបស់អ្នករាល់គ្នា នោះនាំឲ្យមានចិត្តអំណត់។ ចូរទុកឲ្យចិត្តអំណត់នោះ បានធ្វើការសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ហេតុនេះហើយបានជាយើងអួតអំពីអ្នករាល់គ្នា នៅក្នុងក្រុមជំនុំទាំងឡាយរបស់ព្រះ អំពីសេចក្ដីខ្ជាប់ខ្ជួន និងជំនឿរបស់អ្នករាល់គ្នា ទោះជាអ្នករាល់គ្នាត្រូវរងទ្រាំការបៀតបៀន និងទុក្ខលំបាកគ្រប់យ៉ាងក៏ដោយ។ នេះជាភស្តុតាងអំពីការជំនុំជម្រះដ៏សុចរិតរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានរាប់ជាស័ក្ដិសមនឹងព្រះរាជ្យរបស់ព្រះ ដែលអ្នករាល់គ្នាកំពុងរងទុក្ខលំបាកដោយព្រោះព្រះរាជ្យនេះឯង។
ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នា ក្លាហានឡើង!
ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។
៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
ហេតុនេះ ខ្ញុំសូមអង្វរអ្នករាល់គ្នាកុំឲ្យរសាយចិត្ត ដោយការដែលខ្ញុំរងទុក្ខលំបាក សម្រាប់អ្នករាល់គ្នានោះឡើយ ដ្បិតការទាំងនេះជាសិរីល្អដល់អ្នករាល់គ្នាទេ។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ
លុះប្រមាណជាពាក់កណ្តាលអធ្រាត្រ លោកប៉ុល និងលោកស៊ីឡាស បានអធិស្ឋាន ហើយច្រៀងទំនុកសរសើរតម្កើងព្រះ ពួកអ្នកទោសក៏ស្តាប់ពួកលោក។ រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីជាខ្លាំង ធ្វើឲ្យគ្រឹះគុករញ្ជួយឡើង ហើយទ្វារទាំងប៉ុន្មានក៏របើកឡើងភ្លាម ឯច្រវ៉ាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។
នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំនៅតែរក្សាជំនឿជាប់ដដែល។ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្ដីសុចរិតបម្រុងទុកសម្រាប់ខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ ហើយមិនមែនតែខ្ញុំម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកដែលពេញចិត្តនឹងការយាងមករបស់ព្រះអង្គនោះដែរ។
ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ឱផែនដីអើយ ចូរឲ្យអរសប្បាយចុះ ឱភ្នំទាំងឡាយអើយ ចូរធ្លាយចេញជាបទចម្រៀង ព្រោះព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្រព្រះអង្គហើយ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់ប្រជារាស្ត្រ របស់ព្រះអង្គដែលត្រូវរងទុក្ខវេទនា។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។ កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។ ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។ ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។ ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។ អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។ ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
ខ្ញុំមិនខ្លាចមនុស្សទាំងសល់សែន ដែលបានតាំងខ្លួនព័ទ្ធជុំវិញទាស់នឹងខ្ញុំឡើយ។
ប៉ុន្តែ គេបានឈ្នះវា ដោយសារឈាមរបស់កូនចៀម និងដោយសារសេចក្ដីបន្ទាល់របស់គេ ដ្បិតគេមិនបានស្តាយជីវិតរបស់ខ្លួនឡើយ ទោះជាត្រូវស្លាប់ក៏ដោយ។
«មិត្តសម្លាញ់ខ្ញុំអើយ ខ្ញុំសូមប្រាប់ថា កុំខ្លាចអ្នកណាដែលសម្លាប់បានតែរូបកាយ រួចក្រោយមក ពុំអាចធ្វើអ្វីទៀតបាននោះឡើយ។ ដូច្នេះ ចូរអ្នករាល់គ្នាបម្រុងខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនបានគិត»។ ពេត្រុសទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គមានព្រះបន្ទូលរឿងប្រៀបធៀបនេះ ដល់ត្រឹមយើងខ្ញុំប៉ុណ្ណោះ ឬដល់មនុស្សគ្រប់គ្នាដែរ?»។ ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «តើអ្នកណាជានាយតម្រួតការដែលស្មោះត្រង់ មានមារយាទល្អ ដែលចៅហ្វាយនឹងតាំងឲ្យត្រួតលើពួកផ្ទះលោក ដើម្បីបើកអាហារឲ្យគេបរិភោគតាមត្រូវពេល? បើកាលចៅហ្វាយមកដល់ ឃើញបាវបម្រើនោះកំពុងតែធ្វើដូច្នោះ នោះគាត់មានពរហើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងតាំងអ្នកនោះ ឲ្យត្រួតត្រាលើរបស់ទ្រព្យលោកទាំងអស់។ ប៉ុន្តែ បើបាវបម្រើនោះគិតស្មានក្នុងចិត្តថា "ចៅហ្វាយអញក្រមក" ហើយក៏តាំងវាយពួកបាវបម្រើប្រុសស្រី ទាំងស៊ីផឹកស្រវឹង ដូច្នេះ ដល់ថ្ងៃដែលបាវបម្រើនោះមិនរង់ចាំ និងនៅវេលាណាដែលគាត់មិនដឹង នោះចៅហ្វាយនឹងមកដល់ ហើយលោកនឹងធ្វើទោសយ៉ាងធ្ងន់ ព្រមទាំងឲ្យមានចំណែកជាមួយពួកមនុស្សមិនជឿផង។ បាវបម្រើណាដែលស្គាល់ចិត្តចៅហ្វាយ តែមិនបានរៀបចំ ឬធ្វើតាមចិត្តលោកសោះ នោះនឹងត្រូវរំពាត់យ៉ាងច្រើន។ ប៉ុន្ដែ អ្នកណាដែលមិនបានស្គាល់ តែបានប្រព្រឹត្តគួរនឹងត្រូវរំពាត់ អ្នកនោះនឹងត្រូវវាយតិច ហើយអស់អ្នកណាដែលគេប្រគល់ទុកឲ្យច្រើន នោះគេនឹងទារច្រើនពីអ្នកនោះវិញ គេនឹងសូមលើសទៅទៀត ពីអ្នកណាដែលគេបានផ្ញើទុកជាច្រើនផង»។ «ខ្ញុំបានមក ដើម្បីបោះភ្លើងនៅលើផែនដី បើភ្លើងនោះឆេះហើយ តើខ្ញុំនៅចង់បានអ្វីទៀត? ខ្ញុំនឹងបង្ហាញឲ្យអ្នកដឹងថាត្រូវខ្លាចអ្នកណា គឺត្រូវឲ្យខ្លាចព្រះវិញ ដែលកាលណាព្រះអង្គសម្លាប់ នោះក៏មានអំណាចអាចបោះចោលទៅក្នុងនរកបានផង។ ខ្ញុំប្រាប់អ្នករាល់គ្នាថា ត្រូវឲ្យខ្លាចព្រះអង្គចុះ។
អ្នកណាដែលរកបានជីវិតរបស់ខ្លួន នោះនឹងត្រូវបាត់ជីវិតទៅ ហើយអ្នកណាដែលបាត់ជីវិតរបស់ខ្លួន ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ»។
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
ត្រូវប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរមានកម្លាំងចុះ កុំឲ្យខ្លាចឡើយ មើល៍ ព្រះនៃអ្នករាល់គ្នា ព្រះអង្គនឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ព្រះអង្គនឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើង ជាព្រះវរបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណា ជាព្រះដែលកម្សាន្តចិត្តគ្រប់យ៉ាង ជាព្រះដែលកម្សាន្តចិត្តក្នុងគ្រប់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអស់អ្នកដែលកំពុងជួបទុក្ខវេទនា ដោយសារការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់បានទទួលពីព្រះ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាដែលមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងទីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ»។
ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន? ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ហើយព្រះអង្គជាជំនួយរបស់ខ្ញុំ ខ្ញុំនឹងឃើញជ័យជម្នះឈ្នះលើ អស់អ្នកដែលស្អប់ខ្ញុំ។
ហេតុនេះ ត្រូវប្រើគ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចទប់ទល់ក្នុងថ្ងៃអាក្រក់បាន ហើយក្រោយពីបានតយុទ្ធសព្វគ្រប់ហើយ នោះឲ្យនៅតែឈរមាំដដែល។ ដូច្នេះ ចូរឈរឲ្យមាំ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតជាអាវក្រោះ។ ចូរពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្តីសុខសាន្ត ទុកជាស្បែកជើង។ បន្ថែមទៅនឹងសេចក្ដីទាំងនេះ ចូរយកជំនឿទុកជាខែល ដែលអ្នករាល់គ្នាអាចនឹងរំលត់អស់ទាំងព្រួញឆេះរបស់អាកំណាច ដោយសារខែលនោះ។ ចូរទទួលការសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណ ដែលជាព្រះបន្ទូលរបស់ព្រះ។
កាលគេកំពុងគប់លោកស្ទេផាននឹងដុំថ្ម លោកអធិស្ឋានថា៖ «ឱព្រះអម្ចាស់យេស៊ូវអើយ សូមទទួលវិញ្ញាណទូលបង្គំផង!» ព្រះមានព្រះបន្ទូលដូច្នេះថា "ពូជពង្សអ្នកនឹងត្រូវអាស្រ័យនៅក្នុងស្រុកដទៃ អ្នកស្រុកនោះនឹងយកពូជពង្សរបស់អ្នកធ្វើជាទាសករ ហើយធ្វើទុក្ខទោសគេរយៈពេលបួនរយឆ្នាំ"។ បន្ទាប់មក លោកលុតជង្គង់ចុះ ហើយស្រែកដោយសំឡេងយ៉ាងខ្លាំងថា៖ «ព្រះអម្ចាស់អើយ! សូមកុំប្រកាន់ការនេះជាបាបដល់គេឡើយ»។ កាលលោកបានពោលដូច្នេះហើយ នោះក៏ដេកលក់ទៅ ។
ហេតុនេះបានជាខ្ញុំអរសប្បាយក្នុងពេលទន់ខ្សោយ ក្នុងពេលគេត្មះតិះដៀល ក្នុងពេលជួបលំបាក ក្នុងពេលគេបៀតបៀន ហើយក្នុងពេលមានទុក្ខព្រួយ ដោយព្រោះព្រះគ្រីស្ទ ដ្បិតពេលណាខ្ញុំខ្សោយ នោះខ្ញុំរឹងមាំវិញ។
ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។
ព្រលឹងខ្ញុំរង់ចាំព្រះតែមួយព្រះអង្គ ដោយស្ងៀមស្ងាត់ ការសង្គ្រោះរបស់ខ្ញុំក៏មកតែពីព្រះអង្គដែរ។ កុំទុកចិត្តនឹងការសង្កត់សង្កិនឡើយ ក៏កុំសង្ឃឹមឥតប្រយោជន៍លើការលួចប្លន់ដែរ ប្រសិនបើទ្រព្យសម្បត្តិចម្រើនឡើង សូមកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ។ ខ្ញុំបានឮព្រះទ្រង់មានព្រះបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចជារបស់ព្រះ ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរសជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គសងដល់មនុស្សទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត។ ព្រះអង្គតែមួយប៉ុណ្ណោះដែលជាថ្មដា និងជាព្រះសង្គ្រោះខ្ញុំ ជាបន្ទាយរបស់ខ្ញុំ ខ្ញុំនឹងមិនត្រូវរង្គើជាខ្លាំងឡើយ។
មើល៍ ព្រះអម្ចាស់យេហូវ៉ានឹងយាងមក ដោយមានព្រះចេស្តា ហើយព្រះពាហុនៃព្រះអង្គនឹងកាន់កាប់ត្រួតត្រាឲ្យព្រះអង្គ ព្រះអង្គនាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលព្រះអង្គសងដល់គេក៏នៅចំពោះព្រះអង្គ។
ខ្ញុំជាដើម អ្នករាល់គ្នាជាមែក អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលជាច្រើន ដ្បិតបើដាច់ពីខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។ សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាវិញដែរ។ មនុស្សបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។
ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ព្រោះព្រះអង្គដែលគង់ក្នុងអ្នករាល់គ្នា ទ្រង់ធំជាងអាមួយនោះ ដែលនៅក្នុងលោកីយ៍នេះទៅទៀត។
អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ។ អ្នកណាដែលឈ្នះ យើងនឹងឲ្យបរិភោគផ្លែពីដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ"»។
៙ នៅពេលទូលបង្គំដើរនៅកណ្ដាលទុក្ខវេទនា ព្រះអង្គរក្សាការពារជីវិតទូលបង្គំ ព្រះអង្គលើកព្រះហស្តឡើង ទាស់នឹងសេចក្ដីក្រេវក្រោធ របស់ខ្មាំងសត្រូវទូលបង្គំ ហើយព្រះហស្តស្តាំរបស់ព្រះអង្គរំដោះទូលបង្គំ។
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។
ប៉ុន្ដែ ព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ព្រះអង្គនឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាពីមេកំណាច។
ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំខ្លាច ឬភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយដែលយាងទៅជាមួយអ្នក។ ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ»។
ប្រសិនបើយើងរស់ យើងរស់ដើម្បីព្រះអម្ចាស់ ហើយប្រសិនបើយើងស្លាប់ ក៏ស្លាប់ដើម្បីព្រះអម្ចាស់។ ដូច្នេះ ទោះជាយើងរស់ ឬស្លាប់ក្ដី ក៏យើងជារបស់ព្រះអម្ចាស់ដែរ។
ព្រះយេស៊ូវទតទៅគេ ហើយមានព្រះបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ តែព្រះអាចធ្វើគ្រប់ការទាំងអស់បាន»។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។
ព្រោះអស់អ្នកដែលកើតមកពីព្រះ សុទ្ធតែឈ្នះលោកីយ៍នេះ ឯជ័យជម្នះដែលបានឈ្នះលោកីយ៍ នោះគឺជំនឿរបស់យើង។ តើអ្នកណាដែលឈ្នះលោកីយ៍នេះ? គឺមានតែអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះប៉ុណ្ណោះ។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់ដៃទូលបង្គំឲ្យចេះធ្វើសង្គ្រាម ហើយម្រាមដៃទូលបង្គំឲ្យចេះច្បាំង ព្រះអង្គហើយដែលប្រទានឲ្យ ពួកស្តេចមានជ័យជម្នះ ក៏សង្គ្រោះដាវីឌជាអ្នកបម្រើព្រះអង្គ ឲ្យរួចពីដាវដ៏សាហាវ។ សូមសង្គ្រោះ ហើយរំដោះទូលបង្គំ ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសាសន៍ដទៃ ដែលមាត់របស់គេពោលតែពាក្យកុហក ហើយដៃស្តាំរបស់គេ ជាដៃស្ដាំនៃសេចក្ដីភូតភរ។ ៙ សូមឲ្យកូនប្រុសៗរបស់យើង បានដូចជារុក្ខជាតិ ដុះលូតលាស់ពេញកម្លាំង ក្នុងវ័យនៅក្មេងរបស់គេ ហើយកូនស្រីៗរបស់យើង បានដូចជាថ្មសីមា ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង។ សូមឲ្យជង្រុករបស់យើងបានពេញ ដោយស្បៀងអាហារគ្រប់មុខ សូមឲ្យហ្វូងចៀមរបស់យើង កើតកូនទាំងពាន់ទាំងម៉ឺន ចម្រើនឡើងនៅតាមវាលស្មៅ សូមឲ្យគោស្ទាវរបស់យើងមានកម្លាំងខ្លាំង គ្មានសត្រូវចូលរុករាន ឬលួចចាប់យកទៅឡើយ ហើយសូមកុំឲ្យមានសម្រែកភ័យអាសន្ន នៅតាមផ្លូវរបស់យើងដែរ។ ៙ មានពរហើយប្រជាជនណា ដែលមានព្រះពរដូច្នេះធ្លាក់មក! មានពរហើយប្រជាជនណា ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន។ ព្រះអង្គជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលរំដោះទូលបង្គំ ក៏ជាខែលរបស់ទូលបង្គំ ហើយទូលបង្គំពឹងជ្រកនៅក្នុងព្រះអង្គ ព្រះអង្គបង្ក្រាបសាសន៍នានា នៅក្រោមអំណាចទូលបង្គំ។
អស់អ្នកដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមករកខ្ញុំ ហើយអ្នកណាដែលមករកខ្ញុំ ខ្ញុំនឹងមិនបោះបង់គេចោលឡើយ។
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម
អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ជាជនជាតិដែលមានច្បាប់របស់យើងនៅក្នុងចិត្តអើយ ចូរស្ដាប់តាមយើងចុះ កុំខ្លាចសេចក្ដីត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំឲ្យស្រយុតចិត្តដោយពាក្យបង្កាច់របស់គេដែរ។ ពីព្រោះកន្លាតនឹងកាត់ស៊ីគេ ដូចជាកាត់អាវ ហើយដង្កូវនឹងចោះគេ ដូចជាចុះសំពត់រោមចៀម តែសេចក្ដីសុចរិតរបស់យើងនឹងស្ថិតស្ថេរនៅជាដរាប ហើយសេចក្ដីសង្គ្រោះរបស់យើង មានសម្រាប់មនុស្សគ្រប់ជំនាន់។
ជាទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូររស់នៅដោយសុខសាន្តជាមួយគ្នា នោះព្រះនៃសេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា។
ទេវតារបស់ព្រះយេហូវ៉ា ចោមរោមជុំវិញអស់អ្នកដែល កោតខ្លាចព្រះអង្គ ហើយរំដោះគេឲ្យរួច។
ដ្បិតយើងនេះ គឺយេហូវ៉ាជាព្រះនៃអ្នក យើងនឹងកាន់ដៃស្តាំអ្នក ដោយពោលនឹងអ្នកថា កុំឲ្យភ័យខ្លាចឡើយ យើងនឹងជួយអ្នក ឱយ៉ាកុបជាដង្កូវអើយ កុំឲ្យខ្លាចឡើយ ហើយអ្នករាល់គ្នា ជាពូជពង្សអ៊ីស្រាអែលដែរ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងជួយអ្នក ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គជាអ្នកប្រោសលោះអ្នក។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
ប៉ុន្តែ ព្រះយេហូវ៉ាជាទីពឹងមាំមួននៃទូលបង្គំ ហើយព្រះនៃទូលបង្គំព្រះអង្គជាថ្មដា និងជាជម្រកនៃទូលបង្គំ។
ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ព្រះអង្គ ដល់យើងដែលជឿជាយ៉ាងណាដែរ ស្របតាមកម្លាំងនៃព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ជាព្រះចេស្តាដែលព្រះអង្គបានសម្ដែងចេញ ដោយប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ហើយតាំងឲ្យគង់ខាងស្តាំព្រះអង្គនៅស្ថានសួគ៌
ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ប្រសិនបើទូលបង្គំមិនបានជឿថា នឹងឃើញសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នៅក្នុងទឹកដីរបស់មនុស្សរស់នេះ នោះតើទូលបង្គំនឹងទៅជាយ៉ាងណា?
ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលការគំរាមកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកបាវបម្រើព្រះអង្គ បានថ្លែងព្រះបន្ទូលព្រះអង្គដោយសេចក្ដីក្លាហានផង គេក៏ចាប់អ្នកទាំងពីរ នាំទៅឃុំទុក រហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះ ល្ងាចណាស់ហើយ។ ក្នុងកាលដែលព្រះអង្គលូកព្រះហស្តប្រោសឲ្យបានជា និងទីសម្គាល់ ការអស្ចារ្យដែលបានកើតឡើង ដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ»។ កាលគេបានអធិស្ឋានរួចហើយ កន្លែងដែលគេប្រជុំគ្នានោះក៏រញ្ជួយ គេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា ហើយគេប្រកាសព្រះបន្ទូលរបស់ព្រះដោយចិត្តក្លាហាន។
ប៉ុន្ដែ បើឥតមានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
យើងនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវមួយដែលគេមិនស្គាល់ យើងនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ យើងនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលយើងនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ។
ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
គ្រានោះ ព្រះអាទិត្យនឹងលែងធ្វើជាពន្លឺ ដល់អ្នកនៅពេលថ្ងៃ ឯព្រះចន្ទក៏នឹងលែងធ្វើជាពន្លឺដល់អ្នកនៅពេលយប់ តទៅ គឺព្រះយេហូវ៉ានឹងធ្វើជាពន្លឺដល់អ្នកជារៀងរហូត ហើយព្រះរបស់អ្នកនឹងបានជាសិរីល្អដល់អ្នក។ ដ្បិតមើល៍ សេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ តែព្រះយេហូវ៉ានឹងរះឡើងភ្លឺដល់អ្នក ហើយគេនឹងឃើញសិរីល្អនៃព្រះអង្គស្ថិតលើអ្នក។ ព្រះអាទិត្យរបស់អ្នកនឹងលែងលិច ហើយព្រះចន្ទរបស់អ្នកនឹងមិនជ្រេទៀតឡើយ ព្រោះព្រះយេហូវ៉ានឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់អ្នក ហើយគ្រានៃសេចក្ដីសោកសៅរបស់អ្នកនឹងផុតទៅ។
អស់អ្នកដែលទុកចិត្តដល់ព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូន ដែលមិនអាចរង្គើបានឡើយ គឺនៅជាប់ជារៀងរហូត។
ដ្បិតព្រះដែលមានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត» ទ្រង់បានបំភ្លឺក្នុងចិត្តយើង ដើម្បីឲ្យយើងស្គាល់ពន្លឺសិរីល្អរបស់ព្រះ ដែលភ្លឺពីព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។
ឥឡូវនេះ អ្នករាល់គ្នាមានទុក្ខព្រួយមែន ប៉ុន្តែ ខ្ញុំនឹងឃើញអ្នករាល់គ្នាម្តងទៀត ហើយអ្នករាល់គ្នានឹងមានចិត្តអរសប្បាយវិញ ក៏គ្មានអ្នកណាដកយកអំណរចេញពីអ្នករាល់គ្នាបានឡើយ។
ដ្បិតព្រះអង្គជាទីជ្រកកោនរបស់ទូលបង្គំ ជាប៉មយ៉ាងមាំតទល់នឹងខ្មាំងសត្រូវ។
ប៉ុន្ដែ បើអ្នកណាម្នាក់រងទុក្ខក្នុងនាមជាគ្រីស្ទបរិស័ទ នោះមិនត្រូវខ្មាសឡើយ ចូរសរសើរតម្កើងដល់ព្រះ ដោយព្រោះនាមនោះវិញ។
ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក ព្រះអង្គគង់នៅកណ្ដាលអ្នក ព្រះអង្គជាព្រះដ៏មានឥទ្ធិឫទ្ធិដែលនឹងសង្គ្រោះ ព្រះអង្គនឹងរីករាយចំពោះអ្នកដោយអរសប្បាយ ព្រះអង្គនឹងធ្វើឲ្យអ្នកមានចិត្តស្ងប់ ដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គ ព្រះអង្គនឹងរីករាយចំពោះអ្នក ដោយសំឡេងច្រៀងយ៉ាងឮ។
តើស្ត្រីអាចនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ? គេនឹងភ្លេចបាន ប៉ុន្តែ យើងមិនដែលភ្លេចអ្នកឡើយ។ មើល៍ យើងបានចារឹកអ្នកទុកនៅ ផ្ទៃបាតដៃរបស់យើងហើយ អស់ទាំងកំផែងអ្នកនៅចំពោះភ្នែកយើងជានិច្ច
យប់ជិតផុតហើយ ថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះ ចូរយើងលះចោលការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ។ ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។ ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
ដូច្នេះ បងប្អូនអើយ ចូរឈរឲ្យមាំមួន ហើយកាន់ខ្ជាប់តាមសេចក្ដីដែលយើងបានបង្រៀនអ្នករាល់គ្នាចុះ ទោះដោយពាក្យសម្ដីផ្ទាល់ ឬសំបុត្រក្តី។ សូមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងព្រះជាព្រះវរបិតាដែលបានស្រឡាញ់យើង ហើយប្រទានការកម្សាន្តចិត្តអស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរ ដោយសារព្រះគុណ កម្សាន្តចិត្តអ្នករាល់គ្នា ព្រមទាំងប្រទានឲ្យអ្នករាល់គ្នាឈរមាំមួន ក្នុងគ្រប់ទាំងការល្អដែលអ្នករាល់គ្នាធ្វើ និងពាក្យសម្ដីដែលអ្នករាល់គ្នានិយាយ។
ព្រលឹងទូលបង្គំតាមព្រះអង្គប្រកិត ព្រះហស្តស្តាំរបស់ព្រះអង្គ ក៏ទ្រទ្រង់ទូលបង្គំ។
សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសយើងខ្ញុំឲ្យរួចពីអាកំណាចវិញ [ដ្បិតរាជ្យ ព្រះចេស្តា និងសិរីល្អជារបស់ព្រះអង្គ នៅអស់កល្បជានិច្ច។ អាម៉ែន។]
ឥឡូវនេះ កូនតូចៗអើយ ចូរនៅជាប់ក្នុងព្រះអង្គចុះ ដើម្បីកាលណាព្រះអង្គលេចមក នោះយើងនឹងមានទំនុកចិត្ត ហើយមិនត្រូវខ្មាសនៅចំពោះព្រះអង្គ ក្នុងកាលដែលទ្រង់យាងមកនោះឡើយ។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។
រីឯខ្ញុំវិញ ខ្ញុំនឹងអំពាវនាវដល់ព្រះ ហើយព្រះយេហូវ៉ានឹងសង្គ្រោះខ្ញុំ។ ខ្ញុំអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងល្ងាច ទាំងព្រឹក ហើយទាំងថ្ងៃត្រង់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ។
មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងមានឈ្មោះថាជាកូនរបស់ព្រះ។
ដ្បិតព្រះអង្គជាថ្មដា ហើយជាបន្ទាយរបស់ទូលបង្គំ សូមនាំ ហើយតម្រង់ផ្លូវទូលបង្គំ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមដោះទូលបង្គំចេញពីអន្ទាក់ ដែលគេបានដាក់ ដោយលួចលាក់ដើម្បីចាប់ទូលបង្គំ ដ្បិតព្រះអង្គជាជម្រករបស់ទូលបង្គំ។ ទូលបង្គំសូមប្រគល់វិញ្ញាណទូលបង្គំ ទៅក្នុងព្រះហស្តព្រះអង្គ ឱព្រះយេហូវ៉ា ជាព្រះដ៏ស្មោះត្រង់អើយ ព្រះអង្គបានប្រោសលោះទូលបង្គំ។
ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ អ្នករាល់គ្នានឹងបានសង្គ្រោះ ដោយវិលមកវិញ ហើយបានសម្រាក អ្នករាល់គ្នានឹងមានកម្លាំង ដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែអ្នករាល់គ្នាមិនចូលចិត្តទេ