Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឯ​មនុស្ស​ទាល់​ក្រ ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់ វិសេស​ជាង​មនុស្ស​ដែល​មាន​បបូរ​មាត់​ចចើង និង​ចិត្ត​ល្ងី‌ល្ងើ។

2 មួយ​ទៀត ការ​ដែល​ចិត្ត​ឥត​មាន​ចំណេះ នោះ​មិន​គួរ​គប្បី​ទេ ហើយ​អ្នក​ណា​ដែល​រហ័ស​ឈាន​ទៅ នោះ​ជ្រួស​ផ្លូវ​ហើយ។

3 សេចក្ដី​ចម្កួត​របស់​មនុស្ស រមែង​បង្ខូច​ផ្លូវ​របស់​ខ្លួន ហើយ​អ្នក​នោះ​ក៏​អន់​ចិត្ត​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ។

4 ការ​ដែល​មាន​ទ្រព្យ​សម្បត្តិ នាំ​ឲ្យ​មាន​មិត្ត‌ភក្តិ​កើន​ឡើង តែ​មនុស្ស​ក្រ​ត្រូវ​ពង្រាត់​ពី​ពួក​មិត្ត‌ភក្តិ​វិញ។

5 សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក ក៏​គេច​មិន​រួច​ដែរ។

6 មនុស្ស​ជា​ច្រើន​ខំ​យក​ចិត្ត​មនុស្ស​សទ្ធា ហើយ​អ្នក​ណា​ក៏​ដោយ ក៏​ជា​មិត្ត​សម្លាញ់​នឹង​អ្នក ដែល​ចែក​អំណោយ‌ទាន​ដែរ។

7 មនុស្ស​ក្រី​ក្រ សុទ្ធ​តែ​ត្រូវ​បងប្អូន​ទាំង​អស់​ស្អប់​ទៅ​ហើយ នោះ​ចំណង់បើ​មិត្ត‌ភក្តិ តើ​នឹង​ឃ្លាត​ឆ្ងាយពី​អ្នក​នោះ ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត អ្នក​នោះ​តាម​ទៅ​អង្វរ​គេ តែ​គេ​គេច​បាត់​អស់។

8 អ្នក​ណា​ដែល​បាន​ប្រាជ្ញា ជា​អ្នក​ស្រឡាញ់​ដល់​ព្រលឹង​ខ្លួន អ្នក​ណា​ដែល​រក្សា​យោបល់​ទុក នោះ​នឹង​បាន​សេចក្ដី​ល្អ។

9 សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក នឹង​ត្រូវ​វិនាស​ទៅ។

10 ការ​ដែល​អា‌ស្រ័យ​នៅ​ដោយ​រុងរឿង មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ លើស​ពី​នេះ​ទៀត​នោះ ទាសករ​ក៏​មិន​សម​មាន​អំណាច​លើ​អ្នក​ធំ​ដែរ។

11 សតិ​បញ្ញា​របស់​មនុស្ស​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ។

12 សេចក្ដី​ក្រោធ​របស់​ស្តេច ធៀប​ដូច​ជា​សូរ​គ្រហឹម​របស់​សិង្ហ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ។

13 កូន​ល្ងី‌ល្ងើ​ជា​ទី​អន្ត‌រាយ​ដល់​ឪពុក ហើយ​ការ​ឌុក‌ដាន់​របស់​ប្រពន្ធ ក៏​ដូច​ជា​ទឹក​ស្រក់​តក់ៗ​មក​ជា‌និច្ច។

14 ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ ជា​មត៌ក​មក​ពី​ឪពុក តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត នោះ​ហើយ​ជា​អំណោយ‌ទាន​មក​ពី​ព្រះ‌យេហូវ៉ា។

15 សេចក្ដី​ខ្ជិល​ច្រអូស រមែង​ធ្វើ​ឲ្យ​មនុស្ស​លក់​ស្និទ្ធ​ទៅ ហើយ​អ្នក​ណា​ដែល​ទទេៗ នឹង​ត្រូវ​អត់​ឃ្លាន។

16 អ្នក​ណា​ដែល​កាន់​តាម​ក្រឹត្យ‌វិន័យ ឈ្មោះ​ថា​រក្សា​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​មិន​ប្រយ័ត្ន​ក្នុង​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន មុខ​ជា​ត្រូវ​ស្លាប់។

17 អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ចី ព្រះ‌អង្គ​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ។

18 ចូរ​វាយ​ផ្ចាល​កូន ក្នុង​កាល​ដែល​នៅ​មាន សង្ឃឹមឲ្យ​វា​រាង‌ចាល​នៅ​ឡើយ មិន​គួរ​នឹង​លើក​លែង​ចោល​វា​ឲ្យ​ត្រូវ​វិនាស​ទេ។

19 អ្នក​ណា​ដែល​មាន​ចិត្ត​ក្រោធ​ខ្លាំង នោះ​នឹង​ត្រូវ​ទទួល​ទោស ដ្បិត​បើ​អ្នក​ជួយ​គេ​ឲ្យ​រួច នោះ​អ្នក​នឹង​ត្រូវ​ជួយ​ត​ទៅ​ទៀត។

20 ចូរ​ស្តាប់​ដំបូន្មាន ហើយ​ទទួល​ប្រៀន‌ប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ។

21 នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​របស់​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ។

22 សេចក្ដី​ដែល​នាំ​ឲ្យ​គេ​រក​ពឹង​ដល់​មនុស្ស​ណា នោះ​គឺ​ជា​សេចក្ដី​សប្បុ‌រស​របស់​អ្នក​នោះ ហើយ​មនុស្ស​ទាល់​ក្រ រមែង​វិសេស​ជាង​មនុស្ស​ភូត​ភរ។

23 សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ប្រោស​ឲ្យ​មាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្ដី​នោះ នឹង​នៅ​តែ​មាន​ចិត្ត​ស្កប់‌ស្កល់​ជា‌និច្ច ឥត​មាន​សេចក្ដី​អាក្រក់​ណា​មក​លើ​ខ្លួន​ឡើយ។

24 មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ទៅ​ក្នុង​ចាន ហើយ​មិន​ដក​មក សូម្បី​តែ​បញ្ចុក​មាត់​ខ្លួន​ផង។

25 ចូរ​វាយ​មនុស្ស​ចំអក​មើល​ងាយ នោះ​មនុស្ស​ខ្លៅ​ល្ងង់​ចេះ​ប្រយ័ត្ន​ឡើង ចូរ​បន្ទោស​ដល់​អ្នក​ណា​ដែល​មាន​យោបល់ អ្នក​នោះ​នឹង​ស្តាប់​បាន​តាម​លំអាន។

26 អ្នក​ណា​ដែល​បំផ្លាញ​ឪពុក​ខ្លួន ហើយ​បណ្តេញ​ម្តាយ​ចេញ នោះ​ជា​កូន​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស និង​សេចក្ដី​ដំណៀល។

27 កូន​អើយ កុំ​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​តម្រិះ យ៉ាង​នោះ​កូន​អាច​នឹងឮ​ពាក្យ​ប្រៀន​ប្រដៅ។

28 សាក្សី​កោង‌កាច​គេ​ចំអក​មើល​ងាយ ចំពោះ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាត់​របស់​មនុស្ស​អាក្រក់ ក៏​ត្របាក់​លេប​អំពើ​ទុច្ចរិត​ដែរ។

29 សេចក្ដី​វិនិច្ឆ័យ​បាន​បម្រុង​ជា​ស្រេច សម្រាប់​មនុស្ស​ចំអក ហើយ​ការ​វាយ​ដោយ​រំពាត់ ក៏​សម្រាប់​ខ្នង​នៃ​មនុស្ស​ល្ងី‌ល្ងើ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម