តើយើងមិនបានបង្គាប់អ្នកទេឬ? ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ។ កុំខ្លាច ក៏កុំឲ្យស្រយុតចិត្តឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក គង់នៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ»។
ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំខ្លាច ឬភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយដែលយាងទៅជាមួយអ្នក។ ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ»។
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា?
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តដោយក្លាហាន ចូរមានកម្លាំងឡើង។
៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ព្រះបាទដាវីឌមានរាជឱង្ការទៅសាឡូម៉ូនជាបុត្រាថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ហើយធ្វើសម្រេចចុះ កុំខ្លាច ឬរសាយចិត្តឡើយ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃយើង ព្រះអង្គគង់នៅជាមួយឯង ព្រះអង្គមិនដែលខាននឹងជួយឯងឡើយ ក៏មិនបោះបង់ចោលឯងដែរ ដរាបដល់ធ្វើព្រះវិហាររបស់ព្រះយេហូវ៉ានេះបានសម្រេច។
ពេលទូលបង្គំភ័យខ្លាច ទូលបង្គំទុកចិត្តដល់ព្រះអង្គ។ ៙ នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង ព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើសាច់ឈាមអាចធ្វើអ្វីដល់ខ្ញុំបាន?
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។ «ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!» ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់ ហេតុនេះ យើងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើចុះ ទៅកណ្ដាលសមុទ្រក៏ដោយ
ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នា ក្លាហានឡើង!
ប៉ុន្ដែ លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំខ្លាចអី តាំងចិត្តឲ្យមាំឡើង ចាំមើលការសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលព្រះអង្គនឹងប្រោសអ្នករាល់គ្នានៅថ្ងៃនេះ។ ដ្បិតសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញតទៅទៀតហើយ។ ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។
ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
មនុស្សអាក្រក់រត់ក្នុងកាលដែល គ្មានអ្នកណាដេញតាមសោះ តែមនុស្សសុចរិតមានចិត្តក្លាហានដូចសិង្ហវិញ។
ចូរយើងរាល់គ្នាមានចិត្តក្លាហាន ហើយមានកម្លាំងចុះ ព្រោះសាសន៍របស់យើង និងទីក្រុងរបស់ព្រះនៃយើង សូមឲ្យព្រះយេហូវ៉ាសម្រេចសេចក្ដីតាមព្រះហឫទ័យទ្រង់ចុះ»។
អ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយ គេមានចិត្តរឹងប៉ឹង ដោយទុកចិត្តដល់ព្រះយេហូវ៉ា។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។ នោះនឹងគ្មានសេចក្ដីអាក្រក់ណា កើតមានដល់អ្នកឡើយ ក៏គ្មានគ្រោះកាចណាមកជិត ទីលំនៅរបស់អ្នកដែរ។ ៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។ ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។ អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ឯសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។ ៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។ យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។ ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
ត្រូវប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរមានកម្លាំងចុះ កុំឲ្យខ្លាចឡើយ មើល៍ ព្រះនៃអ្នករាល់គ្នា ព្រះអង្គនឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ព្រះអង្គនឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។
គឺព្រះយេហូវ៉ាហើយដែលយាងនាំមុខអ្នក ព្រះអង្គគង់ជាមួយអ្នក ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ។ កុំខ្លាច ឬស្រយុតចិត្តឲ្យសោះ»។
គ្មានសេចក្ដីភ័យខ្លាចណានៅក្នុងសេចក្ដីស្រឡាញ់ឡើយ តែសេចក្ដីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញការភ័យខ្លាចចេញ ដ្បិតការភ័យខ្លាចតែងជាប់មានទោស ហើយអ្នកណាដែលភ័យខ្លាច អ្នកនោះមិនទាន់បានពេញខ្នាតនៅក្នុងសេចក្ដីស្រឡាញ់នៅឡើយទេ។
ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួច ពីអស់ទាំងការភ័យខ្លាចរបស់ខ្ញុំ។
ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ព្រះអង្គតែមួយគត់ ដែលជាថ្មដា និងព្រះសង្គ្រោះខ្ញុំ ជាបន្ទាយរបស់ខ្ញុំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។ ការសង្គ្រោះ និងសិរីល្អរបស់ខ្ញុំ ស្ថិតនៅលើព្រះ ឯថ្មដានៃកម្លាំងខ្ញុំ និងទីពឹងជ្រករបស់ខ្ញុំ ក៏នៅក្នុងព្រះដែរ។ ឱប្រជាជនអើយ ចូរទុកចិត្តដល់ព្រះអង្គគ្រប់ពេលវេលា ចូរថ្លែងរៀបរាប់នៅចំពោះព្រះអង្គចុះ ដ្បិតព្រះជាទីពឹងជ្រកសម្រាប់យើង។ –បង្អង់
សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់ដៃទូលបង្គំឲ្យចេះធ្វើសង្គ្រាម ហើយម្រាមដៃទូលបង្គំឲ្យចេះច្បាំង ព្រះអង្គហើយដែលប្រទានឲ្យ ពួកស្តេចមានជ័យជម្នះ ក៏សង្គ្រោះដាវីឌជាអ្នកបម្រើព្រះអង្គ ឲ្យរួចពីដាវដ៏សាហាវ។ សូមសង្គ្រោះ ហើយរំដោះទូលបង្គំ ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសាសន៍ដទៃ ដែលមាត់របស់គេពោលតែពាក្យកុហក ហើយដៃស្តាំរបស់គេ ជាដៃស្ដាំនៃសេចក្ដីភូតភរ។ ៙ សូមឲ្យកូនប្រុសៗរបស់យើង បានដូចជារុក្ខជាតិ ដុះលូតលាស់ពេញកម្លាំង ក្នុងវ័យនៅក្មេងរបស់គេ ហើយកូនស្រីៗរបស់យើង បានដូចជាថ្មសីមា ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង។ សូមឲ្យជង្រុករបស់យើងបានពេញ ដោយស្បៀងអាហារគ្រប់មុខ សូមឲ្យហ្វូងចៀមរបស់យើង កើតកូនទាំងពាន់ទាំងម៉ឺន ចម្រើនឡើងនៅតាមវាលស្មៅ សូមឲ្យគោស្ទាវរបស់យើងមានកម្លាំងខ្លាំង គ្មានសត្រូវចូលរុករាន ឬលួចចាប់យកទៅឡើយ ហើយសូមកុំឲ្យមានសម្រែកភ័យអាសន្ន នៅតាមផ្លូវរបស់យើងដែរ។ ៙ មានពរហើយប្រជាជនណា ដែលមានព្រះពរដូច្នេះធ្លាក់មក! មានពរហើយប្រជាជនណា ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន។ ព្រះអង្គជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលរំដោះទូលបង្គំ ក៏ជាខែលរបស់ទូលបង្គំ ហើយទូលបង្គំពឹងជ្រកនៅក្នុងព្រះអង្គ ព្រះអង្គបង្ក្រាបសាសន៍នានា នៅក្រោមអំណាចទូលបង្គំ។
កុំខ្លាចអស់អ្នកដែលសម្លាប់បានតែរូបកាយ តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ តែផ្ទុយទៅវិញ ត្រូវខ្លាចព្រះអង្គដែលទ្រង់អាចនឹងបំផ្លាញទាំងព្រលឹង និងរូបកាយទៅក្នុងនរកបាន។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។ ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។
នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ ព្រះអង្គបានឆ្លើយតបមកទូលបង្គំ ព្រះអង្គបានចម្រើនកម្លាំងចិត្តទូលបង្គំ ។
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
ទោះបើមានពលទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ចិត្តខ្ញុំមិនភ័យខ្លាចឡើយ ទោះបើមានចម្បាំងកើតឡើងទាស់នឹងខ្ញុំ ក៏ខ្ញុំនៅតែមានសង្ឃឹមដែរ។
«ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំភ័យខ្លាច ឬស្រយុតចិត្ត ដោយព្រោះស្តេចអាសស៊ើរ និងពួកពលទាំងហ្វូងដែលមកជាមួយនោះឡើយ ដ្បិតនៅខាងយើង មានមួយអង្គដែលពូកែជាងពួកគេទៅទៀត។ ចំណែកគេ មានតែដៃខាងសាច់ឈាមប៉ុណ្ណោះ តែខាងយើងវិញ មានព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា សម្រាប់នឹងជួយ ហើយធ្វើចម្បាំងជំនួសយើង»។ ពួកបណ្ដាជនក៏ផ្អែកចិត្តទៅលើរាជឱង្ការនៃព្រះបាទហេសេគា ជាស្តេចយូដា។
យើង គឺយើងនេះហើយ ជាអ្នកដែលកម្សាន្តចិត្តអ្នករាល់គ្នា ហេតុអ្វីបានជាអ្នកខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់ ហើយចំពោះពួកអ្នកដែលកើតពីមនុស្ស ដែលគេនឹងត្រូវក្រៀមទៅដូចជាស្មៅនោះ? អ្នកបានភ្លេចព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ដែលព្រះអង្គបានលាតផ្ទៃមេឃ ក៏ដាក់ឫសផែនដីផង ហើយរាល់ថ្ងៃអ្នកខ្លាចចំពោះសេចក្ដីក្រោធ របស់អ្នកដែលសង្កត់សង្កិន ហាក់ដូចជាគេរៀបនឹងបំផ្លាញអ្នក តែសេចក្ដីក្រោធរបស់គេនោះ តើនៅឯណា?
គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
ព្រះអង្គជាទីពួនជ្រកសម្រាប់ទូលបង្គំ ព្រះអង្គការពារទូលបង្គំ ឲ្យរួចពីទុក្ខលំបាក ព្រះអង្គហ៊ុមព័ទ្ធទូលបង្គំ ដោយចម្រៀងជ័យជម្នះ។ –បង្អង់ ៙ យើងនឹងបង្ហាត់បង្រៀនអ្នកឲ្យស្គាល់ផ្លូវ ដែលអ្នកត្រូវដើរ យើងនឹងទូន្មានអ្នក ទាំងភ្នែកយើងមើលអ្នកជាប់។
ហើយមិនញញើតពួកអ្នកប្រឆាំង ក្នុងប្រការណាឡើយ។ នេះជាភស្តុតាងដែលពួកគេត្រូវវិនាស ប៉ុន្តែ អ្នករាល់គ្នានឹងបានសង្រ្គោះវិញ ហើយការនេះមកពីព្រះ។
អ្នកខ្លះទុកចិត្តនឹងរទេះចម្បាំង ខ្លះទៀតទុកចិត្តនឹងសេះ តែយើងទុកចិត្តនឹងព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងវិញ។ អ្នកទាំងនោះនឹងរំលំ ហើយដួលចុះ តែយើងនឹងក្រោកឈរយ៉ាងមាំ។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
រីឯជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានអ្វីៗដូចសង្ឃឹម ជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញ។
ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។
ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។
ខ្ញុំបានរង់ចាំព្រះយេហូវ៉ាដោយអំណត់ ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ហើយព្រះអង្គឮសម្រែករបស់ខ្ញុំ។ ទូលបង្គំមិនបានលាក់ការរំដោះរបស់ព្រះអង្គ ទុកក្នុងចិត្តឡើយ ទូលបង្គំបានថ្លែងប្រាប់ពីព្រះហឫទ័យស្មោះត្រង់ និងការសង្គ្រោះរបស់ព្រះអង្គវិញ ក៏មិនបានបំបិទព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ នៅក្នុងជំនុំធំដែរ។ ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គចំពោះទូលបង្គំឡើយ សូមព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ច។ ដ្បិតមានសេចក្ដីអាក្រក់ច្រើនឥតគណនា ព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយ ទូលបង្គំមើលមិនឃើញទេ អំពើទាំងនោះច្រើនជាងសរសៃសក់ លើក្បាលទូលបង្គំទៅទៀត ហើយចិត្តទូលបង្គំ ក៏លែងមានសង្ឃឹមទៀតដែរ។ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គសព្វព្រះហឫទ័យរំដោះទូលបង្គំផង ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងជួយទូលបង្គំផង! សូមឲ្យអស់អ្នកដែលចង់ឆក់យកជីវិតទូលបង្គំ ត្រូវខ្មាស ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យអ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ ត្រូវដកខ្លួនថយ ហើយអាម៉ាស់មុខ! សូមឲ្យអស់អ្នកដែលនិយាយមកទូលបង្គំថា «ន៏ ន៏!» ឲ្យគេត្រូវញាប់ញ័រ ព្រោះតែភាពអាម៉ាស់របស់គេទៅ! រីឯអស់អ្នកដែលស្វែងរកព្រះអង្គ សូមឲ្យគេបានអរសប្បាយ ហើយរីករាយក្នុងព្រះអង្គ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ បានពោលជានិច្ចថា «ព្រះយេហូវ៉ាប្រសើរឧត្តម!» រីឯទូលបង្គំ ទូលបង្គំក្រីក្រ ហើយទុគ៌ត ប៉ុន្តែ ព្រះអម្ចាស់គិតគូរដល់ទូលបង្គំ។ ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ! ព្រះអង្គបានស្រង់ខ្ញុំចេញពីរណ្ដៅ នៃសេចក្ដីវិនាស ចេញពីភក់ជ្រាំ ក៏ដាក់ជើងខ្ញុំនៅលើថ្មដា ហើយធ្វើឲ្យជំហានខ្ញុំឈរយ៉ាងរឹងមាំ។ ព្រះអង្គបានដាក់បទចម្រៀងថ្មីនៅក្នុងមាត់ខ្ញុំ ជាបទចម្រៀងនៃការសរសើរដល់ព្រះនៃយើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាច គេនឹងទុកចិត្តដល់ព្រះយេហូវ៉ា។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
ចិត្តគេនឹងន គេនឹងមិនភ័យខ្លាចអ្វីឡើយ រហូតទាល់តែបានជ័យជម្នះ លើខ្មាំងសត្រូវរបស់គេ។
ផ្លូវរបស់ព្រះសុទ្ធតែគ្រប់លក្ខណ៍ ហើយព្រះបន្ទូលរបស់ព្រះយេហូវ៉ា បានសាកមើលដែរ ព្រះអង្គជាខែលដល់អស់អ្នកណា ដែលជ្រកក្នុងព្រះអង្គ។ តើអ្នកណាជាព្រះ ក្រៅពីព្រះយេហូវ៉ា? ហើយតើអ្នកណាជាថ្មដា ក្រៅពីព្រះនៃយើងខ្ញុំតែមួយ? ព្រះជាជម្រកដ៏មាំមួនរបស់ទូលបង្គំ ព្រះអង្គនាំទូលបង្គំតាមផ្លូវគ្រប់លក្ខណ៍។
នៅក្នុងព្រះអង្គ យើងមានផ្លូវចូលទៅរកព្រះដោយក្លាហាន ទាំងទុកចិត្ត តាមរយៈជំនឿដល់ព្រះអង្គ។
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
កុំឲ្យនឹកខ្លាច ក្រែងលោមានហេតុភ័យ កើតមកឆាប់ភ្លាមនោះឡើយ ក៏កុំឲ្យខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ ក្នុងកាលដែលកើតមកនោះដែរ ដ្បិតព្រះយេហូវ៉ានឹងបានជាទីទុកចិត្តដល់ឯង ព្រះអង្គនឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយ។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។ ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ អ្នកដែលទុកចិត្តដល់ព្រះអង្គ អ្នកនោះមានពរហើយ។
ប៉ុន្តែ បើអ្នករាល់គ្នាត្រូវរងទុក្ខ ដោយព្រោះសេចក្តីសុចរិតវិញ នោះអ្នករាល់គ្នាមានពរហើយ។ មិនត្រូវភ័យខ្លាចចំពោះការបំភ័យរបស់គេ ក៏កុំច្រួលច្របល់ឡើយ
ព្រះយេហូវ៉ាជាថ្មដា ជាបន្ទាយរបស់ទូលបង្គំ និងជាអ្នកជួយរំដោះរបស់ទូលបង្គំ ព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំពឹងជ្រក ជាខែលនៃទូលបង្គំ ជាស្នែងនៃការសង្គ្រោះរបស់ទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
រួចលោកពោលថា៖ «ឱពួកយូដាទាំងអស់គ្នា និងពួកអ្នកនៅក្រុងយេរូសាឡិម ព្រមទាំងព្រះករុណាយេហូសាផាតអើយ ចូរស្តាប់ចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នាដូច្នេះថា កុំភ័យខ្លាចអ្វីឡើយ ក៏កុំស្រយុតចិត្តចំពោះពួកមនុស្សច្រើននេះដែរ ដ្បិតចម្បាំងនេះមិនមែនស្រេចនៅអ្នករាល់គ្នាទេ គឺស្រេចនៅព្រះ។
ដ្បិតយើងនេះ គឺយេហូវ៉ាជាព្រះនៃអ្នក យើងនឹងកាន់ដៃស្តាំអ្នក ដោយពោលនឹងអ្នកថា កុំឲ្យភ័យខ្លាចឡើយ យើងនឹងជួយអ្នក
យើងមានសេចក្ដីសង្ឃឹមនេះ ដូចជាយុថ្កានៃព្រលឹងដ៏ជាប់មាំមួន ថានឹងបានចូលទៅខាងក្នុងវាំងនន
ឱព្រះយេហូវ៉ាអើយ ព្រះអង្គទ្រង់ព្រះសណ្ដាប់បំណង របស់មនុស្សទន់ទាប ព្រះអង្គនឹងលើកទឹកចិត្តគេ ហើយនឹងផ្ទៀងព្រះកាណ៌ស្ដាប់ ដើម្បីរកយុត្តិធម៌ឲ្យជនកំព្រា និងមនុស្សដែលត្រូវគេសង្កត់សង្កិន ប្រយោជន៍កុំឲ្យមនុស្សដែលកើតពីដីមក អាចបំភិតបំភ័យគេតទៅទៀត។
«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!»
ដ្បិតឱព្រះយេហូវ៉ាអើយ ព្រះអង្គជាចង្កៀងនៃទូលបង្គំ ព្រះយេហូវ៉ាបំភ្លឺក្នុងទីងងឹតរបស់ទូលបង្គំ។ ព្រះអង្គជាថ្មដានៃទូលបង្គំ ទូលបង្គំនឹងយកព្រះអង្គជាទីពឹង ព្រះអង្គក៏ជាខែល ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ ជាជម្រកដ៏រឹងមាំ និងជាទីជ្រកកោនរបស់ទូលបង្គំ ព្រះអង្គជាអង្គសង្គ្រោះ ដែលសង្គ្រោះទូលបង្គំ ឲ្យរួចពីអំពើឃោរឃៅ។ ដោយសារពឹងដល់ព្រះអង្គ នោះទូលបង្គំអាចរត់ចូលទៅតទល់នឹងកងទ័ព ហើយដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំអាចលោតរំលងកំផែងបាន។
ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ព្រោះព្រះអង្គដែលគង់ក្នុងអ្នករាល់គ្នា ទ្រង់ធំជាងអាមួយនោះ ដែលនៅក្នុងលោកីយ៍នេះទៅទៀត។
ដ្បិតព្រះអង្គនឹងរំដោះអ្នកឲ្យរួចពីអន្ទាក់ របស់នាយព្រាន និងពីជំងឺរាតត្បាតដែលនាំឲ្យអន្តរាយ។ ព្រះអង្គនឹងក្រុងអ្នកដោយស្លាបរបស់ព្រះអង្គ ហើយអ្នកនឹងជ្រកនៅក្រោម ចំអេងស្លាបរបស់ព្រះអង្គ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គជាខែល និងជាអាវក្រោះ។
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។ ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាថ្មដាដ៏នៅអស់កល្បជានិច្ច
មកទល់ពេលនេះ អ្នករាល់គ្នាមិនបានទូលសូមអ្វីក្នុងនាមខ្ញុំទេ។ ចូរទូលសូមចុះ អ្នករាល់គ្នានឹងបានទទួល ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាបានពោរពេញ»។
អ្នកនឹងមិនភ័យខ្លាចគ្រោះថ្នាក់ ដែលគួរឲ្យតក់ស្លុតនៅពេលយប់ ឬព្រួញដែលហើរនៅពេលថ្ងៃ ឬជំងឺរាតត្បាតដែលកើតមាននៅទីងងឹត ឬមហន្តរាយដែលបំផ្លាញ នៅពេលថ្ងៃត្រង់ឡើយ។ ៙ ទោះបើមានមនុស្សមួយពាន់នាក់ ដួលស្លាប់នៅក្បែរអ្នក ហើយមួយម៉ឺននាក់នៅខាងដៃស្តាំអ្នកក្ដី ក៏ការនោះនឹងមិនមកជិតអ្នកឡើយ។
ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ព្រះអង្គ ដល់យើងដែលជឿជាយ៉ាងណាដែរ ស្របតាមកម្លាំងនៃព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ
គឺជាព្រះដែលក្រវាត់ខ្ញុំដោយកម្លាំង ហើយធ្វើឲ្យផ្លូវរបស់ខ្ញុំបានគ្រប់លក្ខណ៍។ ព្រះអង្គធ្វើឲ្យជើងខ្ញុំបានដូចជាជើងក្តាន់ ហើយដាក់ខ្ញុំឲ្យឈរយ៉ាងមាំនៅទីខ្ពស់។ ព្រះអង្គបង្ហាត់ដៃខ្ញុំឲ្យស្ទាត់ជំនាញក្នុងចម្បាំង ហើយឲ្យដៃខ្ញុំអាចយឹតធ្នូលង្ហិនបាន។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។
បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានបំណងមួយ គឺថា ខ្ញុំភ្លេចសេចក្ដីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅរកអ្វីៗខាងមុខទៀត ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គយាងទៅជាមួយអ្នក ដើម្បីច្បាំងនឹងខ្មាំងសត្រូវជំនួសអ្នក ហើយប្រទានឲ្យអ្នកមានជ័យជម្នះ"។
មើល៍ យើងបានចារឹកអ្នកទុកនៅ ផ្ទៃបាតដៃរបស់យើងហើយ អស់ទាំងកំផែងអ្នកនៅចំពោះភ្នែកយើងជានិច្ច
ហេតុនេះ សូមកុំបោះបង់ចោលចិត្តជឿជាក់របស់អ្នករាល់គ្នា ដែលនឹងធ្វើឲ្យអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនោះឡើយ។ ដ្បិតអ្នករាល់គ្នាត្រូវមានចិត្តស៊ូទ្រាំ ដើម្បីកាលណាអ្នករាល់គ្នាបានធ្វើតាមព្រះហឫទ័យរបស់ព្រះរួចហើយ អ្នករាល់គ្នានឹងទទួលបានតាមព្រះបន្ទូលសន្យា។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
ព្រះយេស៊ូវទតទៅគេ ហើយមានព្រះបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ តែព្រះអាចធ្វើគ្រប់ការទាំងអស់បាន»។
ហេតុនេះ យើងមិនរសាយចិត្តឡើយ ទោះបើមនុស្សខាងក្រៅរបស់យើងកំពុងតែពុករលួយទៅក៏ដោយ តែមនុស្សខាងក្នុងកំពុងតែកែឡើងជាថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ។ ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើង ដែលនៅតែមួយភ្លែតនេះ ធ្វើឲ្យយើងមានសិរីល្អដ៏លើសលុប ស្ថិតស្ថេរនៅអស់កល្បជានិច្ច រកអ្វីប្រៀបផ្ទឹមពុំបាន ព្រោះយើងមិនចាប់អារម្មណ៍នឹងអ្វីដែលមើលឃើញឡើយ គឺចាប់អារម្មណ៍នឹងអ្វីដែលមើលមិនឃើញវិញ ដ្បិតអ្វីដែលមើលឃើញ នៅស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែអ្វីដែលមើលមិនឃើញ នៅស្ថិតស្ថេរអស់កល្បជានិច្ច។
ទេវតារបស់ព្រះយេហូវ៉ា ចោមរោមជុំវិញអស់អ្នកដែល កោតខ្លាចព្រះអង្គ ហើយរំដោះគេឲ្យរួច។
យើងនឹងកម្សាន្តចិត្តអ្នក ដូចជាម្តាយដែលលួងលោមកូន នោះអ្នករាល់គ្នានឹងមានសេចក្ដីកម្សាន្តចិត្ត ចំពោះក្រុងយេរូសាឡិម។
ពួកស្ងួនភ្ងាអើយ កុំឲ្យប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាមានសេចក្តីចម្លែកកើតឡើងដល់អ្នករាល់គ្នាឡើយ។ ប៉ុន្តែ ចូរអរសប្បាយវិញ ដោយព្រោះអ្នករាល់គ្នាមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានត្រេកអរ និងរីករាយជាខ្លាំង នៅពេលសិរីល្អរបស់ព្រះអង្គលេចមក។
កាលទូលបង្គំមានកង្វល់ជាច្រើននៅក្នុងចិត្ត នោះការកម្សាន្តចិត្តរបស់ព្រះអង្គ ធ្វើឲ្យព្រលឹងទូលបង្គំបានរីករាយ។
នាងមានកម្លាំងនឹងលម្អជាគ្រឿងអម្ពរ ក៏នឹកសើចពីហេតុណា ដែលកើតបាននៅខាងមុខ។
ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ព្រះអង្គ និងព្រះពាហុដ៏លើកសម្រេច គ្មានអ្វីដែលពិបាកសម្រាប់ព្រះអង្គទេ។
ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា!
៙ នៅពេលទូលបង្គំដើរនៅកណ្ដាលទុក្ខវេទនា ព្រះអង្គរក្សាការពារជីវិតទូលបង្គំ ព្រះអង្គលើកព្រះហស្តឡើង ទាស់នឹងសេចក្ដីក្រេវក្រោធ របស់ខ្មាំងសត្រូវទូលបង្គំ ហើយព្រះហស្តស្តាំរបស់ព្រះអង្គរំដោះទូលបង្គំ។ ព្រះយេហូវ៉ានឹងសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ សូមកុំបោះបង់ចោលស្នាព្រះហស្ត របស់ព្រះអង្គឡើយ។
ដូច្នេះ មិនត្រូវខ្មាសនឹងធ្វើបន្ទាល់អំពីព្រះអម្ចាស់នៃយើង ឬខ្មាសនឹងខ្ញុំដែលជាប់គុកព្រោះតែព្រះអង្គនោះឡើយ តែត្រូវរងទុក្ខលំបាកជាមួយខ្ញុំសម្រាប់ដំណឹងល្អ ដោយព្រះចេស្តានៃព្រះ
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់
អស់អ្នកដែលទុកចិត្តដល់ព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូន ដែលមិនអាចរង្គើបានឡើយ គឺនៅជាប់ជារៀងរហូត។ មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡិមយ៉ាងណា ព្រះយេហូវ៉ាក៏គង់នៅព័ទ្ធជុំវិញ ប្រជារាស្ត្ររបស់ព្រះអង្គ ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ យ៉ាងនោះដែរ។
៙ នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង ព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះយេហូវ៉ា ខ្ញុំសរសើរតម្កើងព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
ព្រះយេហូវ៉ា ជាកម្លាំងរបស់ខ្ញុំ ហើយជាទំនុកដែលខ្ញុំច្រៀង ព្រះអង្គបានសង្គ្រោះខ្ញុំ ហើយជាព្រះរបស់ខ្ញុំ ខ្ញុំនឹងសរសើរតម្កើងព្រះអង្គ ជាព្រះនៃឪពុករបស់ខ្ញុំ ខ្ញុំនឹងលើកតម្កើងព្រះអង្គ។
ព្រះយេហូវ៉ានឹងជួយខ្ញុំ ហេតុនោះបានជាខ្ញុំមិនត្រូវជ្រប់មុខ ហើយដោយហេតុនោះ ខ្ញុំបានរក្សាទឹកមុខរឹងមាំ ខ្ញុំដឹងថា ខ្ញុំមិនត្រូវខ្មាសឡើយ
ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តដោយក្លាហាន ចូរមានកម្លាំងឡើង។ ត្រូវឲ្យអ្នករាល់គ្នាធ្វើគ្រប់ការទាំងអស់ ដោយសេចក្តីស្រឡាញ់។
ព្រះអង្គដែលបានរំដោះយើងឲ្យរួចពីការស្លាប់យ៉ាងសម្បើមនោះ ទ្រង់នឹងនៅតែរំដោះយើងតទៅទៀត។ យើងសង្ឃឹមលើព្រះអង្គថា ព្រះអង្គនឹងរំដោះយើងទៀតជាមិនខាន
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ ព្រះអង្គជាទីទុកចិត្តរបស់ទូលបង្គំ តាំងពីក្មេងមក។ ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងតែពីកំណើត គឺព្រះអង្គហើយដែលបានយកទូលបង្គំ ចេញពីផ្ទៃម្តាយ ទូលបង្គំសរសើរតម្កើងព្រះអង្គជានិច្ច។
«កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ។
ដ្បិតព្រះអង្គអុជប្រទីបទូលបង្គំឲ្យភ្លឺឡើង ព្រះយេហូវ៉ាជាព្រះនៃទូលបង្គំ ព្រះអង្គបំភ្លឺសេចក្ដីងងឹតរបស់ទូលបង្គំ។ ដ្បិតដោយសារព្រះអង្គ ទូលបង្គំអាចប្រហារសត្រូវទាំងកង ហើយដោយសារព្រះនៃទូលបង្គំ ទូលបង្គំអាចលោត រំលងកំផែងបាន។
ដាវីឌក៏ទូលទៀតថា៖ «ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ និងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្ដាប់ដៃសាសន៍ភីលីស្ទីននោះដែរ»។ ដូច្នេះ ស្ដេចសូលមានរាជឱង្ការថា៖ «ចូរទៅចុះ សូមព្រះយេហូវ៉ាគង់ជាមួយឯង»។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គផ្តល់ព្រះគុណដល់យើងខ្ញុំរាល់គ្នា យើងខ្ញុំបានរង់ចាំព្រះអង្គ សូមព្រះអង្គការពារយើងខ្ញុំ ដោយព្រះពាហុរាល់ៗព្រឹក ហើយជួយសង្គ្រោះយើងខ្ញុំនៅក្នុងគ្រាវេទនាដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «កុំឲ្យខ្លាចចំពោះគេឡើយ ដ្បិតយើងនៅជាមួយ ដើម្បីនឹងជួយឲ្យអ្នករួច»។
ការដែលខ្លាចមនុស្ស នាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះនឹងបានសេចក្ដីសុខ។
«កុំខ្លាច ហ្វូង តូចអើយ ព្រោះព្រះវរបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យនឹងប្រទានព្រះរាជ្យមកអ្នករាល់គ្នាហើយ។
ប្រាកដជា ព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា នឹងតាមជាប់ជាមួយខ្ញុំ រាល់ថ្ងៃដរាបអស់មួយជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់របស់ព្រះយេហូវ៉ា ជារៀងរហូត ។
ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។
ខ្ញុំជាដើម អ្នករាល់គ្នាជាមែក អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលជាច្រើន ដ្បិតបើដាច់ពីខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។
សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
កាលអស់លោកទាំងនោះ ឃើញសេចក្ដីក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហាន ហើយដឹងច្បាស់ថា អ្នកទាំងពីរជាមនុស្សមិនដែលបានរៀនសូត្រ និងជាមនុស្សសាមញ្ញ អស់លោកទាំងនោះក៏មានសេចក្ដីអស្ចារ្យ ហើយទទួលស្គាល់ថា អ្នកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូវ។
ដ្បិតនៅថ្ងៃអាក្រក់ ព្រះអង្គនឹងថែរក្សាខ្ញុំ ដោយបំបាំងខ្ញុំនៅក្នុងជម្រករបស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីកំបាំង នៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំដាក់លើថ្មដា។
៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
ចូរសរសើរតម្កើងព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ព្រះយេហូវ៉ា ហើយសប្បាយរីករាយជាខ្លាំង នឹងបទបញ្ជារបស់ព្រះអង្គ។
ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «កុំឲ្យខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ យើងបានហៅចំឈ្មោះអ្នក យើងនឹងនៅជាមួយអ្នក។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយជាអ្នកបម្រើដែលយើងបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់យើង ព្រមទាំងយល់ថា គឺយើងនេះហើយ ឥតមានព្រះណាកើតមកមុនយើងទេ ហើយនៅក្រោយយើងក៏គ្មានដែរ។ គឺយើងនេះហើយជាយេហូវ៉ា ក្រៅពីយើង គ្មានអ្នកសង្គ្រោះណាទៀតឡើយ យើងបានថ្លែងទំនាយប្រាប់ យើងបានជួយសង្គ្រោះ យើងបានសម្ដែងឲ្យឃើញហើយ ឥតមានព្រះដទៃណានៅកណ្ដាលអ្នករាល់គ្នាឡើយ ហេតុដូច្នោះ អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយគឺយើងនេះដែលជាព្រះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាយើងនេះហើយ ឥតមានអ្នកណាអាចនឹងដោះឲ្យរួចពីដៃយើងបានទេ ឯការដែលយើងធ្វើ តើអ្នកណានឹងឃាត់បាន? ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នករាល់គ្នា គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា ដោយយល់ដល់អ្នករាល់គ្នា នោះយើងចាត់មនុស្សទៅឯក្រុងបាប៊ីឡូន ហើយនឹងទម្លាក់គេទាំងអស់គ្នា គេនឹងរត់រតាក់រតាយទៅ សូម្បីតែពួកខាល់ដេនៅក្នុងនាវា ដែលគេយកជាទីសប្បាយនោះដែរ។ យើងនេះ គឺយេហូវ៉ា យើងជាព្រះដ៏បរិសុទ្ធរបស់អ្នករាល់គ្នា គឺជាព្រះដែលបង្កើតសាសន៍អ៊ីស្រាអែល ហើយជាមហាក្សត្ររបស់អ្នករាល់គ្នា។ ព្រះយេហូវ៉ាដែលធ្វើឲ្យមានផ្លូវក្នុងសមុទ្រ និងផ្លូវច្រកនៅទីទឹកធំ ជាព្រះដែលនាំរទេះចម្បាំង និងពលសេះចេញមក ព្រមទាំងកងទ័ព និងមនុស្សស្ទាត់ជំនាញ ពួកគេដេកទាំងអស់គ្នា ឥតក្រោកឡើងវិញឡើយ គេនឹងសាបសូន្យ ហើយត្រូវរលត់ទៅ ដូចជាប្រឆេះ ព្រះអង្គមានព្រះបន្ទូលថា អ្នករាល់គ្នាកុំនឹកចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ ឬរិះគិតពីកិច្ចការទាំងប៉ុន្មានពីដើមនោះ មើល៍! យើងនឹងធ្វើការមួយថ្មី ការនោះកំពុងលេចមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយនៅទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់។ កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
ព្រះអង្គធ្វើឲ្យព្យុះសង្ឃរានៅស្ងៀម ហើយធ្វើឲ្យរលកសមុទ្រស្ងប់។ ហើយបានប្រមូលមកពីស្រុកទាំងប៉ុន្មាន គឺពីទិសខាងកើត ពីទិសខាងលិច ពីទិសខាងជើង និងពីទិសខាងត្បូង ។ ពេលនោះ គេមានចិត្តរីករាយ ដោយព្រោះរលកស្ងប់ ហើយព្រះអង្គក៏នាំគេទៅដល់ជម្រក ដែលគេប្រាថ្នាចង់ទៅ។
ព្រះយេហូវ៉ាជួយការពារមនុស្សឆោតល្ងង់ កាលខ្ញុំត្រូវគេបន្ទាបបន្ថោក ព្រះអង្គបានសង្គ្រោះខ្ញុំ។ ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅរក ទីសម្រាករបស់ខ្លួនវិញទៅ ដ្បិតព្រះយេហូវ៉ាបានប្រព្រឹត្តនឹងអ្នក ដោយព្រះគុណហើយ។
៙ ព្រះអង្គនឹងមិនឲ្យជើងអ្នករអិលភ្លាត់ឡើយ ព្រះអង្គដែលថែរក្សាអ្នក ព្រះអង្គនឹងមិនផ្ទំរលីវឡើយ។ មើល៍ ព្រះអង្គដែលរក្សាអ៊ីស្រាអែល ព្រះអង្គនឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ។ ៙ ព្រះយេហូវ៉ាជាព្រះដែលថែរក្សាអ្នក ព្រះយេហូវ៉ាជាម្លប់នៅខាងស្តាំអ្នក។
សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។
ព្រះអង្គឲ្យខ្ញុំដេកសម្រាកនៅលើវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ ព្រះអង្គកែព្រលឹង ខ្ញុំឡើងវិញ ព្រះអង្គនាំខ្ញុំតាមផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះនាមព្រះអង្គ។
ចូរយើងមានចិត្តក្លាហានឡើង ហើយមានកម្លាំងចុះ ដោយព្រោះសាសន៍យើង និងទីក្រុងរបស់ព្រះនៃយើងផង សូមព្រះយេហូវ៉ាសម្រេចសេចក្ដីតាមព្រះហឫទ័យព្រះអង្គចុះ»។
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរឯងចេញទៅឈរលើភ្នំនៅចំពោះព្រះយេហូវ៉ាចុះ»។ ព្រះយេហូវ៉ាយាងទៅតាមទីនោះ ហើយមានខ្យល់ព្យុះបក់គំហុកយ៉ាងខ្លាំង បក់មកប៉ះភ្នំបំបែកថ្មខ្ទេចខ្ទីនៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាមិនគង់នៅក្នុងខ្យល់នោះទេ ក្រោយខ្យល់នោះមក មានកក្រើកដី តែព្រះយេហូវ៉ាមិនគង់នៅក្នុងការកក្រើកដីនោះទេ។ បន្ទាប់ពីការកក្រើកដី មានភ្លើងឆេះ តែព្រះយេហូវ៉ាមិនគង់នៅក្នុងភ្លើងនោះទេ ក្រោយពីភ្លើង មានឮសំឡេងតូចរហៀងៗ។
លោកម៉ូសេឆ្លើយទៅប្រជាជនថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់យាងមកដើម្បីល្បងលអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាកោតខ្លាចព្រះអង្គ ប្រយោជន៍កុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប»។
ពេលនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាថា "កុំញញើត ឬខ្លាចពួកគេឡើយ។ នៅឆ្នាំទីសែសិប ថ្ងៃទីមួយក្នុងខែទីដប់មួយ លោកម៉ូសេមានប្រសាសន៍ទៅកាន់កូនចៅអ៊ីស្រាអែល តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់លោកឲ្យប្រាប់ពួកគេ ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលយាងនាំមុខអ្នករាល់គ្នា ព្រះអង្គនឹងច្បាំងជំនួសអ្នករាល់គ្នា ដូចជាព្រះអង្គបានច្បាំងសម្រាប់អ្នករាល់គ្នានៅស្រុកអេស៊ីព្ទ នៅចំពោះមុខអ្នករាល់គ្នា
ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។ ដ្បិតគេមិនអាចទ្រាំទ្រនឹងព្រះបញ្ជានោះបានទេ គឺថា៖ «សូម្បីតែសត្វណាដែលពាល់ភ្នំនោះ ក៏ត្រូវចោលសម្លាប់នឹងថ្មដែរ» ។ ហេតុការណ៍នោះពិតជាគួរឲ្យស្ញែងខ្លាចមែន បានជាលោកម៉ូសេមានប្រសាសន៍ថា «ខ្ញុំភ័យញ័រជាខ្លាំង» ។ ប៉ុន្ដែ អ្នករាល់គ្នាបានមកដល់ភ្នំស៊ីយ៉ូន មកដល់ទីក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡិមនៅស្ថានសួគ៌ ហើយមកដល់ទេវតាទាំងសល់សែនកំពុងជួបជុំយ៉ាងអរសប្បាយ មកដល់ក្រុមជំនុំនៃពួកកូនច្បងដែលកត់ទុកនៅស្ថានសួគ៌ មកដល់ព្រះ ដែលជាចៅក្រមនៃមនុស្សទាំងអស់ មកដល់វិញ្ញាណនៃពួកសុចរិតដែលបានគ្រប់លក្ខណ៍ មកដល់ព្រះយេស៊ូវ ដែលជាអ្នកកណ្តាលនៃសេចក្ដីសញ្ញាថ្មី មកដល់ព្រះលោហិតសម្រាប់ប្រោះ គឺជាព្រះលោហិត ដែលនិយាយពាក្យមួយប្រសើរជាងឈាមរបស់លោកអេបិល។ ចូរប្រយ័ត្ន ក្រែងអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះអង្គដែលកំពុងមានព្រះបន្ទូល ដ្បិតប្រសិនបើអ្នកទាំងនោះ ដែលមិនព្រមស្តាប់តាមអ្នកដែលទូន្មានគេនៅលើផែនដី មិនអាចគេចផុតទៅហើយ នោះចំណង់បើយើងដែលមិនព្រមស្ដាប់ព្រះអង្គ ដែលទូន្មានពីស្ថានសួគ៌មក នោះនឹងរឹតតែពុំអាចគេចផុតយ៉ាងណាទៅទៀត! នៅពេលនោះ ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើឲ្យផែនដីកក្រើក តែឥឡូវនេះ ព្រះអង្គបានសន្យាថា «យើងនឹងធ្វើឲ្យកក្រើកម្តងទៀត មិនត្រឹមតែផែនដីប៉ុណ្ណោះ គឺទាំងផ្ទៃមេឃថែមទៀតផង» ។ ពាក្យថា «ម្តងទៀត» បង្ហាញឲ្យឃើញថា អ្វីៗដែលត្រូវកក្រើក ត្រូវរើចេញ នោះគឺ អ្វីៗដែលព្រះបានបង្កើតមក ដើម្បីឲ្យអ្វីៗដែលមិនកក្រើកបានធន់នៅ។ ហេតុនេះ ដោយយើងទទួលបាននគរមួយដែលមិនចេះកក្រើក នោះត្រូវឲ្យយើងដឹងគុណ ហើយគោរពបម្រើព្រះ តាមរបៀបដែលព្រះអង្គសព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្តិ ហើយកោតខ្លាចព្រះអង្គទៅ ដ្បិតព្រះរបស់យើង ទ្រង់ជាភ្លើងដែលឆេះបន្សុស។ ដូច្នេះ ចូរពិចារណាពីព្រះអង្គ ដែលបានស៊ូទ្រាំនឹងពួកមនុស្សបាប ដែលប្រព្រឹត្តទទឹងទទែងចំពោះព្រះអង្គយ៉ាងខ្លាំង ក្រែងលោអ្នករាល់គ្នាត្រូវនឿយណាយ ហើយរសាយចិត្ត។
ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។
មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន ហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរ។
អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ជាជនជាតិដែលមានច្បាប់របស់យើងនៅក្នុងចិត្តអើយ ចូរស្ដាប់តាមយើងចុះ កុំខ្លាចសេចក្ដីត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំឲ្យស្រយុតចិត្តដោយពាក្យបង្កាច់របស់គេដែរ។ ពីព្រោះកន្លាតនឹងកាត់ស៊ីគេ ដូចជាកាត់អាវ ហើយដង្កូវនឹងចោះគេ ដូចជាចុះសំពត់រោមចៀម តែសេចក្ដីសុចរិតរបស់យើងនឹងស្ថិតស្ថេរនៅជាដរាប ហើយសេចក្ដីសង្គ្រោះរបស់យើង មានសម្រាប់មនុស្សគ្រប់ជំនាន់។
ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។ អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ឯសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។
ព្រះដ៏គង់នៅអស់កល្បជានិច្ច ជាលំនៅរបស់អ្នក ហើយព្រះពាហុដ៏ជាប់នៅអស់កល្បជានិច្ចក៏ទ្រអ្នក។ ព្រះអង្គបានច្រានខ្មាំងសត្រូវចេញពីមុខអ្នក ហើយមានព្រះបន្ទូលថា "វិនាសទៅ!"។