រីឯទូលបង្គំបានជឿទុកចិត្តលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ចិត្តរបស់ទូលបង្គំនឹងត្រេកអរក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
ទំនុកតម្កើង 25:2 - ព្រះគម្ពីរខ្មែរសាកល ព្រះនៃទូលបង្គំអើយ ទូលបង្គំជឿទុកចិត្តលើព្រះអង្គ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ! សូមកុំឲ្យពួកសត្រូវរបស់ទូលបង្គំអរសប្បាយលើទូលបង្គំឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំទុកចិត្តដល់ព្រះអង្គ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមកុំឲ្យខ្មាំងសត្រូវរបស់ទូលបង្គំអរសប្បាយ ដោយឈ្នះទូលបង្គំឡើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ ដូច្នេះ សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខ! សូមកុំឲ្យខ្មាំងសត្រូវអាចមានជ័យជម្នះ លើទូលបង្គំឡើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំទុកចិត្តនឹងទ្រង់ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមកុំឲ្យពួកខ្មាំងសត្រូវមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឲ្យសោះ អាល់គីតាប ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំផ្ញើជីវិតលើទ្រង់ហើយ ដូច្នេះ សូមកុំឲ្យខ្ញុំត្រូវអាម៉ាស់មុខ! សូមកុំឲ្យខ្មាំងសត្រូវអាចមានជ័យជំនះ លើខ្ញុំឡើយ!។ |
រីឯទូលបង្គំបានជឿទុកចិត្តលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ចិត្តរបស់ទូលបង្គំនឹងត្រេកអរក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
សូមប្រុងស្ដាប់សម្រែករបស់ទូលបង្គំផង ដ្បិតទូលបង្គំដុនដាបជាខ្លាំង! សូមរំដោះទូលបង្គំពីពួកអ្នកដែលតាមបៀតបៀនទូលបង្គំផង ដ្បិតពួកគេខ្លាំងជាងទូលបង្គំ។
ព្រះយេហូវ៉ាជាថ្មដារបស់ខ្ញុំ ជាបន្ទាយរបស់ខ្ញុំ និងជាព្រះរំដោះរបស់ខ្ញុំ។ ព្រះរបស់ខ្ញុំជាថ្មដារបស់ខ្ញុំ ខ្ញុំជ្រកកោនក្នុងព្រះអង្គ! ព្រះអង្គជាខែលរបស់ខ្ញុំ ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ខ្ញុំ និងជាទីពឹងជ្រករបស់ខ្ញុំ។
ព្រះរបស់ទូលបង្គំ! ព្រះរបស់ទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល? ហេតុអ្វីបានជាព្រះអង្គនៅឆ្ងាយពីការសង្គ្រោះទូលបង្គំ ហើយនៅឆ្ងាយពីពាក្យថ្ងូររបស់ទូលបង្គំដូច្នេះ?
ពួកគាត់បានស្រែកយំទៅកាន់ព្រះអង្គ នោះពួកគាត់ត្រូវបានរំដោះ ពួកគាត់បានជឿទុកចិត្តលើព្រះអង្គ នោះពួកគាត់មិនបានអាម៉ាស់មុខឡើយ។
“វាបានទុកចិត្តលើព្រះយេហូវ៉ា ទុកឲ្យព្រះអង្គស្រោចស្រង់វាទៅ! ដោយសារព្រះអង្គសព្វព្រះហឫទ័យនឹងវា ដូច្នេះទុកឲ្យព្រះអង្គរំដោះវាទៅ!”។
ព្រះយេហូវ៉ាអើយ ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ គឺជារៀងរហូត! សូមរំដោះទូលបង្គំដោយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង។
ពេលវេលារបស់ទូលបង្គំនៅក្នុងព្រះហស្តរបស់ព្រះអង្គ; សូមរំដោះទូលបង្គំពីកណ្ដាប់ដៃពួកសត្រូវរបស់ទូលបង្គំ និងពីពួកដែលតាមបៀតបៀនទូលបង្គំផង។
សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំ សូមរំដោះទូលបង្គំជាប្រញាប់ផង! សូមធ្វើជាថ្មដានៃជម្រកដល់ទូលបង្គំ និងធ្វើជាបន្ទាយដ៏រឹងមាំដើម្បីសង្គ្រោះទូលបង្គំផង!
ចូរភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ល្អ! មានពរហើយ មនុស្សដែលជ្រកកោនក្នុងព្រះអង្គ!
ព្រះយេហូវ៉ាទ្រង់ជួយពួកគេ ហើយរំដោះពួកគេ គឺព្រះអង្គរំដោះពួកគេពីមនុស្សអាក្រក់ ហើយសង្គ្រោះពួកគេ ពីព្រោះពួកគេបានជ្រកកោនក្នុងព្រះអង្គ៕
ដោយសារតែការនេះ ទូលបង្គំដឹងថា ព្រះអង្គសព្វព្រះហឫទ័យនឹងទូលបង្គំ គឺសត្រូវរបស់ទូលបង្គំមិនស្រែកដោយមានជ័យជម្នះលើទូលបង្គំឡើយ។
ឱព្រះអើយ សូមមេត្តាដល់ទូលបង្គំផង! ដ្បិតមនុស្សលោកជាន់ឈ្លីទូលបង្គំ អ្នកវាយប្រហារសង្កត់សង្កិនទូលបង្គំវាល់ព្រឹកវាល់ល្ងាច។
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គហើយ! សូមសង្គ្រោះទូលបង្គំពីអស់អ្នកដែលតាមបៀតបៀនទូលបង្គំ សូមរំដោះទូលបង្គំផង
ព្រះយេហូវ៉ាអើយ ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ គឺជារៀងរហូត!
ខ្ញុំនឹងទូលព្រះយេហូវ៉ាថា៖ “ព្រះអង្គជាជម្រករបស់ទូលបង្គំ និងជាបន្ទាយរបស់ទូលបង្គំ ជាព្រះរបស់ទូលបង្គំ ដែលទូលបង្គំជឿទុកចិត្តលើព្រះអង្គ!”។
ព្រះយេហូវ៉ាអើយ តើមនុស្សអាក្រក់ តើមនុស្សអាក្រក់នឹងលោតកញ្ឆេងដល់ពេលណា? តើដល់ពេលណា?
ព្រះអង្គទ្រង់រក្សាអ្នកដែលមានបំណងខ្ជាប់ខ្ជួន ឲ្យមានសេចក្ដីសុខសាន្តពេញលេញ ពីព្រោះគេជឿទុកចិត្តព្រះអង្គ។
ហេតុនោះហើយបានជាព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “មើល៍! យើងបានដាក់ថ្មមួយនៅស៊ីយ៉ូន ជាថ្មដែលត្រូវបានសាកល្បង ជាថ្មគ្រឹះដ៏មានតម្លៃ ជាគ្រឹះដ៏រឹងមាំ—— អ្នកណាដែលជឿទុកចិត្ត នឹងមិនត្រូវតក់ស្លុតឡើយ។
“ចូរប្រាប់ហេសេគាស្ដេចនៃយូដាដូច្នេះថា: ‘កុំឲ្យព្រះរបស់អ្នកដែលអ្នកជឿទុកចិត្តលើនោះ បញ្ឆោតអ្នកដោយថា: “យេរូសាឡិមនឹងមិនត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចអាស្ស៊ីរីទេ” នោះឡើយ។
ដូច្នេះឥឡូវនេះ ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំពីកណ្ដាប់ដៃរបស់ពួកគេផង ដើម្បីឲ្យអាណាចក្រទាំងអស់នៅលើផែនដីដឹងថា ព្រះអង្គហើយ ជាព្រះយេហូវ៉ា គឺព្រះអង្គតែមួយប៉ុណ្ណោះ”។
ជាការពិត យើងនឹងការពារទីក្រុងនេះ ដើម្បីសង្គ្រោះទីក្រុងនេះ ដោយយល់ដល់ខ្លួនយើង និងដោយយល់ដល់ដាវីឌអ្នកបម្រើរបស់យើង’”។
អ្នកនឹងអុំពួកវាចេញ ហើយខ្យល់នឹងផាត់ពួកវាទៅ ខ្យល់ព្យុះក៏នឹងកម្ចាត់កម្ចាយពួកវាទៅដែរ រីឯអ្នកវិញ អ្នកនឹងត្រេកអរក្នុងព្រះយេហូវ៉ា អ្នកនឹងអួតក្នុងអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។
ស្ដេចនឹងធ្វើជាឪពុកចិញ្ចឹមរបស់អ្នក ហើយមហេសីនឹងធ្វើជាមេដោះរបស់អ្នក; ពួកគេនឹងក្រាបមុខដល់ដីនៅចំពោះអ្នក ហើយលិទ្ធធូលីនៅជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាយេហូវ៉ា។ អ្នកដែលទន្ទឹងរង់ចាំយើងនឹងមិនអាម៉ាស់មុខឡើយ”។
ដ្បិតព្រះគម្ពីរចែងថា:“អស់អ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខឡើយ”។
ហើយសេចក្ដីសង្ឃឹមមិននាំឲ្យខកចិត្តឡើយ ពីព្រោះសេចក្ដីស្រឡាញ់របស់ព្រះត្រូវបានចាក់បង្ហូរក្នុងចិត្តរបស់យើង តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធដែលបានប្រទានមកយើង។
ដ្បិតមានចែងទុកមកក្នុងព្រះគម្ពីរថា: “មើល៍! យើងនឹងដាក់ថ្មមួយនៅស៊ីយ៉ូន ជាថ្មគ្រឹះដែលត្រូវបានជ្រើសរើសដ៏មានតម្លៃ អ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខសោះឡើយ”។