ទំនុកតម្កើង 31 - ព្រះគម្ពីរខ្មែរសាកលអធិស្ឋានសុំជ្រកកោនក្នុងព្រះ បទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង។ 1 ព្រះយេហូវ៉ាអើយ ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ គឺជារៀងរហូត! សូមរំដោះទូលបង្គំដោយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង។ 2 សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំ សូមរំដោះទូលបង្គំជាប្រញាប់ផង! សូមធ្វើជាថ្មដានៃជម្រកដល់ទូលបង្គំ និងធ្វើជាបន្ទាយដ៏រឹងមាំដើម្បីសង្គ្រោះទូលបង្គំផង! 3 ដ្បិតព្រះអង្គជាថ្មដា និងជាបន្ទាយនៃទូលបង្គំ; ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ ព្រះអង្គទ្រង់ដឹកនាំ និងនាំផ្លូវទូលបង្គំ។ 4 ព្រះអង្គនឹងយកទូលបង្គំចេញពីសំណាញ់ដែលគេបានបង្កប់ដើម្បីចាប់ទូលបង្គំ ដ្បិតព្រះអង្គជាបន្ទាយនៃទូលបង្គំ។ 5 ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តរបស់ព្រះអង្គ។ ព្រះយេហូវ៉ាដ៏ជាព្រះនៃសេចក្ដីពិតត្រង់អើយ ព្រះអង្គបានប្រោសលោះទូលបង្គំហើយ! 6 ទូលបង្គំស្អប់ពួកដែលឱបក្រសោបព្រះក្លែងក្លាយដ៏ឥតប្រយោជន៍ ចំណែកឯទូលបង្គំវិញ ទូលបង្គំជឿទុកចិត្តលើព្រះយេហូវ៉ា។ 7 ទូលបង្គំនឹងត្រេកអរ ហើយអរសប្បាយក្នុងសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ដ្បិតព្រះអង្គបានទតឃើញទុក្ខវេទនារបស់ទូលបង្គំ ហើយជ្រាបអំពីទុក្ខលំបាកទាំងឡាយនៃព្រលឹងរបស់ទូលបង្គំ។ 8 ព្រះអង្គមិនដែលប្រគល់ទូលបង្គំទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ គឺព្រះអង្គបានឲ្យជើងទូលបង្គំឈរនៅទីធំទូលាយ។ 9 ព្រះយេហូវ៉ាអើយ សូមមេត្តាដល់ទូលបង្គំផង! ដ្បិតទូលបង្គំស្ថិតនៅក្នុងភាពអាសន្ន; ភ្នែករបស់ទូលបង្គំខ្សោយដោយសារតែទុក្ខព្រួយ ហើយព្រលឹង និងខ្លួនរបស់ទូលបង្គំក៏ដូច្នោះដែរ។ 10 ជាការពិត ជីវិតរបស់ទូលបង្គំបានអស់ទៅក្នុងទុក្ខព្រួយ ហើយអាយុជីវិតរបស់ទូលបង្គំបានអស់ទៅក្នុងការថ្ងូរ; កម្លាំងរបស់ទូលបង្គំបានធ្លាក់ចុះព្រោះតែអំពើទុច្ចរិតរបស់ទូលបង្គំ ហើយឆ្អឹងទូលបង្គំក៏បានខ្សោះទៅ។ 11 ដោយសារតែពួកសត្រូវទាំងអស់របស់ទូលបង្គំ ទូលបង្គំបានក្លាយជាទីត្មះតិះដៀល ជាពិសេសដល់អ្នកជិតខាងរបស់ទូលបង្គំ ហើយបានក្លាយជាសេចក្ដីភិតភ័យដល់ពួកអ្នកដែលស្គាល់ទូលបង្គំ; អ្នកដែលឃើញទូលបង្គំនៅតាមផ្លូវក៏រត់គេចពីទូលបង្គំ។ 12 ទូលបង្គំត្រូវបានបំភ្លេចពីគំនិតគេ ដូចជាមនុស្សស្លាប់ ទូលបង្គំបានត្រឡប់ជា ដូចភាជនៈបាក់បែក។ 13 ដ្បិតទូលបង្គំបានឮពាក្យមួលបង្កាច់ជាច្រើន ក៏មានសេចក្ដីគួរឲ្យខ្លាចនៅគ្រប់ទិស; នៅពេលពួកគេឃុបឃិតគ្នាទាស់នឹងទូលបង្គំ ពួកគេប៉ងធ្វើអាក្រក់ដើម្បីយកជីវិតទូលបង្គំ។ 14 ប៉ុន្តែព្រះយេហូវ៉ាអើយ ទូលបង្គំបានជឿទុកចិត្តលើព្រះអង្គ ទូលបង្គំបានទូលថា៖ “ព្រះអង្គជាព្រះនៃទូលបង្គំ!”។ 15 ពេលវេលារបស់ទូលបង្គំនៅក្នុងព្រះហស្តរបស់ព្រះអង្គ; សូមរំដោះទូលបង្គំពីកណ្ដាប់ដៃពួកសត្រូវរបស់ទូលបង្គំ និងពីពួកដែលតាមបៀតបៀនទូលបង្គំផង។ 16 សូមឲ្យព្រះភក្ត្ររបស់ព្រះអង្គចាំងមកលើបាវបម្រើរបស់ព្រះអង្គ សូមសង្គ្រោះទូលបង្គំក្នុងសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង។ 17 ព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ ដ្បិតទូលបង្គំបានស្រែកហៅព្រះអង្គ! សូមឲ្យពួកមនុស្សអាក្រក់អាម៉ាស់មុខ សូមឲ្យពួកគេនៅស្ងៀមក្នុងស្ថានមនុស្សស្លាប់។ 18 សូមឲ្យបបូរមាត់ភូតភរបានទៅជាគ គឺបបូរមាត់ដែលនិយាយព្រហើនទាស់នឹងមនុស្សសុចរិត ដោយអំនួត និងសេចក្ដីមើលងាយ។ 19 សេចក្ដីល្អរបស់ព្រះអង្គធំធេងយ៉ាងណាហ្ន៎! គឺសេចក្ដីល្អដែលព្រះអង្គបានរក្សាទុកសម្រាប់អ្នកដែលកោតខ្លាចព្រះអង្គ ជាសេចក្ដីល្អដែលព្រះអង្គបានប្រព្រឹត្តដល់អ្នកដែលជ្រកកោនក្នុងព្រះអង្គ នៅចំពោះមនុស្សលោក។ 20 ព្រះអង្គលាក់ពួកគេនៅក្នុងទីលាក់កំបាំងនៃព្រះវត្តមានរបស់ព្រះអង្គ ពីឧបាយកលរបស់មនុស្ស; ព្រះអង្គរក្សាពួកគេទុកនៅក្នុងពន្លា ឲ្យរួចពីជម្លោះនៃអណ្ដាត។ 21 សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ា ដ្បិតពេលទូលបង្គំនៅក្នុងទីក្រុងដែលត្រូវបានឡោមព័ទ្ធ ព្រះអង្គបានសម្ដែងយ៉ាងអស្ចារ្យនូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គដល់ទូលបង្គំ។ 22 ចំណែកឯទូលបង្គំវិញ ទូលបង្គំបានទូលទាំងភ័យស្លន់ថា៖ “ទូលបង្គំត្រូវបានកាត់ចេញពីចំពោះព្រះនេត្ររបស់ព្រះអង្គហើយ!” ប៉ុន្តែនៅពេលទូលបង្គំស្រែករកជំនួយពីព្រះអង្គ ព្រះអង្គបានសណ្ដាប់សំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំ។ 23 អស់ទាំងវិសុទ្ធជនរបស់ព្រះយេហូវ៉ាអើយ ចូរស្រឡាញ់ព្រះអង្គចុះ! ព្រះយេហូវ៉ាការពារអ្នកដែលស្មោះត្រង់ ប៉ុន្តែព្រះអង្គតបសងឲ្យគ្រប់បរិបូរ ដល់អ្នកដែលប្រព្រឹត្តដោយអំនួត។ 24 អស់អ្នកដែលរំពឹងលើព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នាក្លាហានឡើង!៕ |