ទំនុកតម្កើង 94 - ព្រះគម្ពីរខ្មែរសាកលចៅក្រមដ៏សុចរិតយុត្តិធម៌ 1 ព្រះយេហូវ៉ាដ៏ជាព្រះនៃការសងសឹកអើយ! ព្រះនៃការសងសឹកអើយ សូមបញ្ចេញពន្លឺមក! 2 ចៅក្រមនៃផែនដីអើយ សូមក្រោកឡើង សូមតបសងដល់មនុស្សក្រអឺតក្រទមនូវអ្វីដែលគេសមតែទទួល! 3 ព្រះយេហូវ៉ាអើយ តើមនុស្សអាក្រក់ តើមនុស្សអាក្រក់នឹងលោតកញ្ឆេងដល់ពេលណា? តើដល់ពេលណា? 4 ពួកគេបង្ហូរចេញនូវពាក្យព្រហើន; អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនិយាយអួតខ្លួន។ 5 ព្រះយេហូវ៉ាអើយ ពួកគេជាន់ឈ្លីប្រជារាស្ត្ររបស់ព្រះអង្គ ហើយធ្វើទុក្ខមរតករបស់ព្រះអង្គ។ 6 ពួកគេសម្លាប់ស្ត្រីមេម៉ាយ និងជនអន្តោប្រវេសន៍ ក៏សម្លាប់រង្គាលកូនកំព្រាផង! 7 ពួកគេនិយាយថា៖ “ព្រះយេហូវ៉ាមើលមិនឃើញទេ ព្រះនៃយ៉ាកុបមិនចាប់អារម្មណ៍ឡើយ”។ 8 មនុស្សខ្លៅក្នុងចំណោមប្រជារាស្ត្រអើយ ចូរយល់ច្បាស់! មនុស្សល្ងង់អើយ តើពេលណាអ្នកនឹងមានប្រាជ្ញា? 9 តើព្រះអង្គដែលដាំត្រចៀក ស្ដាប់មិនឮទេឬ? តើព្រះអង្គដែលសូនភ្នែក មើលមិនឃើញទេឬ? 10 ព្រះអង្គដែលវាយប្រដៅប្រជាជាតិនានា គឺព្រះអង្គដែលបង្រៀនចំណេះដឹងដល់មនុស្ស តើព្រះអង្គមិនស្ដីបន្ទោសទេឬ? 11 ព្រះយេហូវ៉ាទ្រង់ជ្រាបគំនិតរបស់មនុស្ស ថាវាជាការឥតន័យ។ 12 ព្រះយេហូវ៉ាអើយ មានពរហើយ មនុស្សដែលព្រះអង្គប្រៀនប្រដៅ និងបង្រៀនតាមក្រឹត្យវិន័យរបស់ព្រះអង្គ 13 ដើម្បីឲ្យគេបានសម្រាកនៅថ្ងៃនៃមហន្តរាយ រហូតទាល់តែរណ្ដៅត្រូវបានជីកសម្រាប់មនុស្សអាក្រក់។ 14 ដ្បិតព្រះយេហូវ៉ាមិនចាកចោលប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គមិនបោះបង់ចោលមរតករបស់ព្រះអង្គឡើយ; 15 ជាការពិត ការកាត់ក្ដីនឹងត្រឡប់ទៅជាយុត្តិធម៌វិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់នឹងដើរតាមសេចក្ដីយុត្តិធម៌។ 16 តើនរណាក្រោកឡើងសម្រាប់ខ្ញុំ ទាស់នឹងអ្នកដែលធ្វើអាក្រក់? តើនរណាឈរឡើងសម្រាប់ខ្ញុំ ទាស់នឹងអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត? 17 ប្រសិនបើព្រះយេហូវ៉ាមិនបានជួយខ្ញុំទេ ម្ល៉េះសមព្រលឹងរបស់ខ្ញុំបានទៅរស់នៅស្ថានស្ងាត់ឈឹងតាំងពីយូរមកហើយ។ 18 ប្រសិនបើទូលបង្គំពោលថា៖ “ជើងរបស់ខ្ញុំរអិលហើយ” នោះព្រះយេហូវ៉ាអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនឹងទ្រទ្រង់ទូលបង្គំ! 19 កាលណាកង្វល់របស់ទូលបង្គំមានច្រើនក្នុងចិត្តទូលបង្គំ សេចក្ដីកម្សាន្តចិត្តរបស់ព្រះអង្គនឹងធ្វើឲ្យព្រលឹងរបស់ទូលបង្គំអរសប្បាយ។ 20 តើបល្ល័ង្កនៃសេចក្ដីអន្តរាយដែលប្រឌិតរឿងអយុត្តិធម៌ឡើងដោយអាងច្បាប់ អាចចងសម្ពន្ធមិត្តជាមួយព្រះអង្គបានឬ? 21 ពួកគេប្រមូលគ្នាទាស់នឹងព្រលឹងរបស់មនុស្សសុចរិត ហើយផ្ដន្ទាទោសឈាមឥតទោស។ 22 យ៉ាងណាមិញ ព្រះយេហូវ៉ាជាទីពឹងជ្រករបស់ខ្ញុំ ព្រះរបស់ខ្ញុំជាថ្មដានៃជម្រករបស់ខ្ញុំ។ 23 ព្រះអង្គនឹងតបសងដល់ពួកគេតាមអំពើទុច្ចរិតរបស់ពួកគេ ហើយបំផ្លាញជីវិតពួកគេ ដោយសារតែការអាក្រក់របស់ពួកគេ; ព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង នឹងបំផ្លាញជីវិតពួកគេ!៕ |