Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 18 - ព្រះគម្ពីរខ្មែរសាកល


ព្រះជាកម្លាំង និងជា​ថ្មដារបស់ខ្ញុំ
បទតម្កើង ​របស់​ដាវីឌ​បាវបម្រើ​របស់​ព្រះយេហូវ៉ា សម្រាប់​អ្នកដឹកនាំចម្រៀង​។ គាត់​បាន​ទូល​ពាក្យ​នៃ​ចម្រៀង​នេះ​ដល់​ព្រះយេហូវ៉ា នៅ​គ្រា​ដែល​ព្រះយេហូវ៉ា​បាន​រំដោះ​គាត់​ពី​កណ្ដាប់ដៃ​របស់​សត្រូវ​ទាំងអស់ និង​ពី​កណ្ដាប់ដៃ​របស់​សូល​។ គាត់​ទូលថា​៖

1 ព្រះយេហូវ៉ា​ដ៏ជា​កម្លាំង​នៃទូលបង្គំ​អើយ ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ​!

2 ព្រះយេហូវ៉ា​ជា​ថ្មដា​របស់ខ្ញុំ ជា​បន្ទាយ​របស់ខ្ញុំ និង​ជា​ព្រះរំដោះ​របស់ខ្ញុំ​។ ព្រះ​របស់ខ្ញុំ​ជា​ថ្មដា​របស់ខ្ញុំ ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះអង្គ​! ព្រះអង្គជា​ខែល​របស់ខ្ញុំ ជា​ស្នែង​នៃ​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ​។

3 ខ្ញុំ​ស្រែកហៅ​ព្រះយេហូវ៉ា​ដែល​ស័ក្ដិសមនឹងសរសើរតម្កើង នោះ​ខ្ញុំ​ក៏​ត្រូវបាន​សង្គ្រោះ​ចេញពី​សត្រូវ​របស់ខ្ញុំ​។

4 ចំណង​នៃ​សេចក្ដីស្លាប់​បាន​រុំព័ទ្ធ​ខ្ញុំ ហើយ​ជំនន់​នៃ​សេចក្ដីចង្រៃ​ក៏​បំភ័យ​ខ្ញុំ​;

5 ចំណង​នៃ​ស្ថានមនុស្សស្លាប់​បាន​ព័ទ្ធជុំវិញ​ខ្ញុំ អន្ទាក់​នៃ​សេចក្ដីស្លាប់​បាន​ប្រឈមមុខ​នឹង​ខ្ញុំ​។

6 ក្នុង​ទុក្ខវេទនា​របស់​ខ្ញុំ ខ្ញុំ​បាន​ស្រែកហៅ​ព្រះយេហូវ៉ា ខ្ញុំ​បាន​ស្រែករកជំនួយ​ពី​ព្រះ​របស់ខ្ញុំ នោះ​ព្រះអង្គ​បាន​សណ្ដាប់​សំឡេង​របស់ខ្ញុំ​ពី​ព្រះវិហារ​របស់ព្រះអង្គ ហើយ​សម្រែក​របស់ខ្ញុំ​ក៏​ចូលទៅ​ក្នុង​ព្រះកាណ៌​របស់ព្រះអង្គ​។

7 ពេលនោះ ផែនដី​ក៏​រង្គើ ហើយ​រញ្ជួយ រីឯ​គ្រឹះ​នៃ​ភ្នំ​នានា​ក៏​ញ័រ ហើយ​កក្រើក ដោយសារ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​។

8 ផ្សែង​បាន​ហុយ​ចេញមកពី​ព្រះនាសា​របស់ព្រះអង្គ ភ្លើង​ដែល​ស៊ីបំផ្លាញ​ចេញមកពី​ព្រះឱស្ឋ​របស់ព្រះអង្គ ហើយ​រងើកភ្លើង​ដែល​ឆេះឡើង​ក៏​ចេញមកពី​ព្រះអង្គ​។

9 ព្រះអង្គ​បង្អោន​ផ្ទៃមេឃ ហើយ​យាង​ចុះមក ដោយ​មាន​ភាពងងឹតដ៏ក្រាស់​នៅក្រោម​ព្រះបាទា​របស់ព្រះអង្គ​។

10 ព្រះអង្គ​ហោះ​ដោយ​ជិះ​លើ​ចេរ៉ូប ហើយ​សំកាំង​ឡើង​ដោយ​ស្លាប​នៃ​ខ្យល់​។

11 ព្រះអង្គ​ទ្រង់​យក​ភាពងងឹត​ធ្វើជា​ទីលាក់កំបាំង​របស់ព្រះអង្គ ព្រះអង្គ​ទ្រង់​យក​ភាពងងឹត​នៃ​ទឹក គឺ​ពពកដ៏ក្រាស់​ធ្វើជា​ពន្លា​នៅ​ជុំវិញ​ព្រះអង្គ​។

12 មាន​ដុំទឹកកក និង​រងើកភ្លើង​ចេញពី​រស្មី​នៅចំពោះ​ព្រះអង្គ ធ្លាយកាត់​ពពកដ៏ក្រាស់​។

13 ព្រះយេហូវ៉ា​បញ្ចេញផ្គរលាន់​នៅ​លើមេឃ ព្រះ​ដ៏ខ្ពស់បំផុត​បញ្ចេញ​ព្រះសូរសៀង​របស់ព្រះអង្គ ព្រមទាំង​ដុំទឹកកក និង​រងើកភ្លើង​។

14 ព្រះអង្គ​បាញ់​ព្រួញ​របស់ព្រះអង្គ ហើយ​កម្ចាត់កម្ចាយ​ពួកសត្រូវ ព្រះអង្គ​បាញ់​ផ្លេកបន្ទោរ ហើយ​ធ្វើឲ្យ​ពួកគេ​ជ្រួលច្របល់​។

15 ព្រះយេហូវ៉ា​អើយ បាតផ្លូវទឹក​បាន​លេចឡើង ហើយ​គ្រឹះ​នៃ​ផែនដី​ត្រូវបាន​លាតត្រដាង ដោយសារតែ​ការស្ដីបន្ទោស​របស់ព្រះអង្គ និង​សន្ទុះ​ដង្ហើម​នៃ​ព្រះនាសា​របស់ព្រះអង្គ​។

16 ព្រះអង្គ​លូកព្រះហស្ត​ពី​ស្ថានដ៏ខ្ពស់ ហើយ​ចាប់​ខ្ញុំ ព្រះអង្គ​ស្រង់​ខ្ញុំ​ចេញ​ពី​ទឹក​ដ៏ច្រើន​។

17 ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ពី​សត្រូវ​ដ៏ខ្លាំងពូកែ និង​ពី​ពួកដែល​ស្អប់​ខ្ញុំ ដ្បិត​ពួកគេ​ខ្លាំង​ជាង​ខ្ញុំ​។

18 ពួកគេ​ប្រឈមមុខ​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នៃ​សេចក្ដីអន្តរាយ​របស់ខ្ញុំ ប៉ុន្តែ​ព្រះយេហូវ៉ា​ជា​ពំនឹង​របស់​ខ្ញុំ​។

19 ព្រះអង្គ​ទ្រង់​នាំ​ខ្ញុំ​ចេញ​មក​ទីធំទូលាយ ព្រះអង្គ​រំដោះ​ខ្ញុំ ដោយព្រោះ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​ខ្ញុំ​។

20 ព្រះយេហូវ៉ា​បាន​ប្រព្រឹត្ត​ដល់​ខ្ញុំ​តាម​សេចក្ដីសុចរិត​របស់ខ្ញុំ ព្រះអង្គ​បាន​តបស្នង​ដល់​ខ្ញុំ​តាម​ភាពបរិសុទ្ធ​នៃ​ដៃ​របស់ខ្ញុំ​។

21 ដ្បិត​ខ្ញុំ​បាន​កាន់តាម​មាគ៌ា​របស់​ព្រះយេហូវ៉ា ហើយ​មិន​បាន​ចាកចោល​ព្រះ​របស់ខ្ញុំ​ដោយ​ធ្វើអាក្រក់​ឡើយ​។

22 ជាការពិត អស់ទាំង​ច្បាប់​របស់ព្រះអង្គ​នៅចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​មិន​បាន​បង្វែរ​បទបញ្ញត្តិ​របស់ព្រះអង្គ​ចេញ​ពី​ខ្ញុំ​ឡើយ​។

23 ខ្ញុំ​បាន​គ្រប់លក្ខណ៍​នៅចំពោះ​ព្រះអង្គ ហើយ​បាន​រក្សា​ខ្លួន​ពី​អំពើទុច្ចរិត​របស់ខ្ញុំ​។

24 ដោយហេតុនេះ ព្រះយេហូវ៉ា​បាន​តបស្នង​ដល់​ខ្ញុំ​តាម​សេចក្ដីសុចរិត​របស់ខ្ញុំ តាម​ភាពបរិសុទ្ធ​នៃ​ដៃ​របស់ខ្ញុំ​នៅចំពោះ​ព្រះនេត្រ​របស់ព្រះអង្គ​។

25 ចំពោះ​មនុស្ស​ស្មោះត្រង់ ព្រះអង្គ​សម្ដែងអង្គទ្រង់ជាអ្នកស្មោះត្រង់ ចំពោះ​មនុស្ស​គ្រប់លក្ខណ៍ ព្រះអង្គ​សម្ដែងអង្គទ្រង់ជាអ្នកគ្រប់លក្ខណ៍

26 ចំពោះ​មនុស្ស​បរិសុទ្ធ ព្រះអង្គ​សម្ដែងអង្គទ្រង់ជាអ្នកបរិសុទ្ធ រីឯ​ចំពោះ​មនុស្ស​វៀចវេរ ព្រះអង្គ​សម្ដែងអង្គទ្រង់ជាអ្នកវៀចវេរ​។

27 ដ្បិត​គឺ​ព្រះអង្គ​ហើយ ដែល​សង្គ្រោះ​ប្រជារាស្ត្រ​ដែល​បន្ទាបខ្លួន ប៉ុន្តែ​ព្រះអង្គ​បន្ទាប​អស់ទាំង​ភ្នែក​ដែល​ឆ្មើងឆ្មៃ​។

28 គឺ​ព្រះអង្គ​ហើយ ដែល​អុជ​ចង្កៀង​របស់ទូលបង្គំ គឺ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​ហើយ ដែល​បំភ្លឺ​សេចក្ដីងងឹត​របស់ទូលបង្គំ​។

29 មែនហើយ ដោយនូវ​ព្រះអង្គ ទូលបង្គំ​អាច​វាយលុក​ទ័ពខ្មាំងសត្រូវ ដោយនូវ​ព្រះ​នៃទូលបង្គំ ទូលបង្គំ​អាច​លោតរំលង​កំពែងក្រុង​បាន​។

30 រីឯ​ព្រះ​មួយ​អង្គ​នេះ មាគ៌ា​របស់ព្រះអង្គ​គ្រប់លក្ខណ៍ ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ត្រូវបាន​ពិសោធ ព្រះអង្គ​ជា​ខែល​ដល់​អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​។

31 ដ្បិត​តើ​នរណា​ជា​ព្រះ ក្រៅពី​ព្រះយេហូវ៉ា​? តើ​នរណា​ជា​ថ្មដា ក្រៅពី​ព្រះ​របស់យើង​?

32 គឺ​ព្រះ​មួយ​អង្គ​នេះ ដែល​ក្រវាត់​ខ្ញុំ​ដោយ​កម្លាំង ហើយ​ធ្វើឲ្យ​ផ្លូវ​របស់ខ្ញុំ​បាន​គ្រប់លក្ខណ៍

33 ដែល​ធ្វើឲ្យ​ជើង​របស់ខ្ញុំ​បាន​ដូច​ជើង​ក្ដាន់ញី ហើយ​ធ្វើឲ្យ​ខ្ញុំ​ឈរ​នៅលើ​កន្លែងខ្ពស់

34 ដែល​បង្វឹក​ដៃ​របស់ខ្ញុំ​សម្រាប់​ចម្បាំង ហើយ​ធ្វើឲ្យ​ដើមដៃ​របស់ខ្ញុំ​អាច​យឹត​ធ្នូ​លង្ហិន​បាន​។

35 ព្រះអង្គ​អើយ ព្រះអង្គ​បាន​ប្រទាន​ខែល​នៃ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ដល់​ទូលបង្គំ ព្រះហស្តស្ដាំ​របស់ព្រះអង្គ​ទ្រ​ទូលបង្គំ ហើយ​ភាពរាបសា​របស់ព្រះអង្គ​ធ្វើឲ្យ​ទូលបង្គំ​បាន​ចម្រើនឡើង​។

36 ព្រះអង្គ​ពង្រីក​ដី​នៅក្រោម​ទូលបង្គំ សម្រាប់​ជំហាន​របស់ទូលបង្គំ ដូច្នេះ​កជើង​របស់ទូលបង្គំ​មិន​បាន​ញញីញញ័រ​ឡើយ​។

37 ទូលបង្គំ​ដេញតាម​ខ្មាំងសត្រូវ​របស់ទូលបង្គំ ហើយ​ទាន់​ពួកគេ ទូលបង្គំ​មិន​ត្រឡប់មកវិញ​ឡើយ រហូតទាល់តែ​បាន​បំផ្លាញ​ពួកគេ​អស់​។

38 ទូលបង្គំ​ចាក់ទម្លុះ​ពួកគេ ធ្វើឲ្យ​ពួកគេ​ក្រោកឡើង​មិនបានឡើយ ពួកគេ​ដួល​នៅក្រោម​ជើង​របស់ទូលបង្គំ​។

39 ព្រះអង្គ​បាន​ក្រវាត់​ទូលបង្គំ​ដោយ​កម្លាំង​សម្រាប់​ចម្បាំង ព្រះអង្គ​ធ្វើឲ្យ​ពួក​អ្នកតតាំង​នឹង​ទូលបង្គំ​លុតចុះ​នៅក្រោម​ទូលបង្គំ​។

40 ព្រះអង្គ​បាន​ធ្វើឲ្យ​ខ្មាំងសត្រូវ​របស់ទូលបង្គំ​បែរ​ខ្នង​មក​ទូលបង្គំ នោះ​ទូលបង្គំ​ក៏​បំផ្លាញជីវិត​ពួកអ្នកដែល​ស្អប់​ទូលបង្គំ​។

41 ពួកគេ​ស្រែករកជំនួយ ប៉ុន្តែ​គ្មានអ្នកណា​សង្គ្រោះ​ពួកគេ​សោះ ពួកគេ​ស្រែករកជំនួយ​ទៅកាន់​ព្រះយេហូវ៉ា ប៉ុន្តែ​ព្រះអង្គ​មិន​ឆ្លើយតប​នឹង​ពួកគេ​ឡើយ​។

42 ទូលបង្គំ​កម្ទេច​ពួកគេ​ដូច​ធូលី​នៅមុខ​ខ្យល់ ទូលបង្គំ​ចាក់​ពួកគេ​ចោល​ដូច​ភក់​តាម​ផ្លូវ​។

43 ព្រះអង្គ​បាន​រំដោះ​ទូលបង្គំ​ពី​ជម្លោះ​របស់​បណ្ដាជន ព្រះអង្គ​បាន​តែងតាំង​ទូលបង្គំ​ជា​មេ​នៃ​ប្រជាជាតិ​នានា ជាតិសាសន៍​ដែល​ទូលបង្គំ​មិន​បាន​ស្គាល់ បម្រើ​ទូលបង្គំ​។

44 កាលណា​ពួកគេ​ឮ ពួកគេ​ក៏​ស្ដាប់តាម​ទូលបង្គំ​; ជនបរទេស​ខ្លាចរួញខ្លួន​នៅចំពោះ​ទូលបង្គំ​។

45 ជនបរទេស​បាក់ទឹកចិត្ត ហើយ​ចេញមកពី​ជំរំការពារ​របស់ខ្លួន​ទាំង​ភ័យញ័រ​។

46 ព្រះយេហូវ៉ា​មានព្រះជន្មរស់​! សូមឲ្យ​មានព្រះពរ​ដល់​ថ្មដា​របស់ខ្ញុំ​! សូមឲ្យ​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ​ត្រូវបាន​លើកតម្កើង​!

47 គឺ​ព្រះ​មួយ​អង្គ​នេះ ដែល​សងសឹក​ជំនួស​ខ្ញុំ ហើយ​បង្ក្រាប​ប្រជាជាតិ​នានា​ឲ្យ​នៅក្រោម​ខ្ញុំ​។

48 ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ពី​សត្រូវ​របស់ខ្ញុំ​។ ពិតមែនហើយ ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ឲ្យ​ខ្ពស់ជាង​អ្នកតតាំង​នឹង​ទូលបង្គំ ក៏​បាន​រំដោះ​ទូលបង្គំ​ពី​មនុស្ស​ហិង្សា​។

49 ព្រះយេហូវ៉ា​អើយ ដោយហេតុនេះ ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះអង្គ​នៅក្នុងចំណោម​សាសន៍ដទៃ ហើយ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​!

50 ព្រះអង្គ​ប្រទាន​សេចក្ដីសង្គ្រោះ​ដ៏ធំ​ដល់​ស្ដេច​របស់ព្រះអង្គ ហើយ​សម្ដែង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដល់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ គឺ​ដល់​ដាវីឌ និង​ពូជពង្ស​របស់គាត់​ជារៀងរហូត​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម