ទំនុកតម្កើង 71 - ព្រះគម្ពីរខ្មែរសាកលទុកចិត្តលើព្រះតាំងពីក្មេងរហូតដល់ចាស់ 1 ព្រះយេហូវ៉ាអើយ ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ គឺជារៀងរហូត! 2 សូមរំដោះ ហើយស្រោចស្រង់ទូលបង្គំដោយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំ ហើយសង្គ្រោះទូលបង្គំផង។ 3 សូមធ្វើជាថ្មដានៃជម្រកដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានចូលមកជានិច្ច; ព្រះអង្គបានបង្គាប់ឲ្យសង្គ្រោះទូលបង្គំ ដ្បិតព្រះអង្គជាថ្មដា និងជាបន្ទាយនៃទូលបង្គំ។ 4 ព្រះនៃទូលបង្គំអើយ សូមរំដោះទូលបង្គំពីដៃរបស់មនុស្សអាក្រក់ ពីកណ្ដាប់ដៃរបស់មនុស្សប្រព្រឹត្តអំពើទុច្ចរិត និងមនុស្សល្វីងជូរចត់ផង 5 ដ្បិតព្រះអង្គជាសេចក្ដីសង្ឃឹមរបស់ទូលបង្គំ! ព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាអើយ ព្រះអង្គជាទីទុកចិត្តរបស់ទូលបង្គំតាំងពីយុវវ័យរបស់ទូលបង្គំមកម្ល៉េះ! 6 ទូលបង្គំបានពឹងផ្អែកលើព្រះអង្គតាំងពីផ្ទៃម្ដាយមក; ព្រះអង្គយកទូលបង្គំចេញពីពោះម្ដាយទូលបង្គំ។ ការសរសើរតម្កើងរបស់ទូលបង្គំ គឺសម្រាប់ព្រះអង្គជានិច្ច។ 7 ទូលបង្គំបានដូចជាប្រផ្នូលដល់មនុស្សជាច្រើន ប៉ុន្តែព្រះអង្គជាជម្រកដ៏រឹងមាំរបស់ទូលបង្គំ។ 8 មាត់របស់ទូលបង្គំពេញដោយពាក្យសរសើរតម្កើង វាល់ព្រឹកវាល់ល្ងាច ទូលបង្គំនឹងថ្លែងអំពីសិរីរុងរឿងរបស់ព្រះអង្គ។ 9 នៅគ្រានៃវ័យចំណាស់ សូមកុំបោះទូលបង្គំចោល នៅពេលកម្លាំងរបស់ទូលបង្គំអស់ទៅ សូមកុំចាកចេញពីទូលបង្គំឡើយ 10 ដ្បិតពួកសត្រូវរបស់ទូលបង្គំបាននិយាយទាស់នឹងទូលបង្គំ ហើយពួកដែលឃ្លាំមើលព្រលឹងរបស់ទូលបង្គំបានប្រឹក្សាគ្នា 11 ដោយនិយាយថា៖ “ព្រះបានបោះបង់វាចោលហើយ។ ចូរដេញតាម ហើយចាប់វាចុះ ដ្បិតគ្មានអ្នកណារំដោះវាឡើយ!”។ 12 ឱព្រះអើយ សូមកុំគង់នៅឆ្ងាយពីទូលបង្គំឡើយ! ព្រះនៃទូលបង្គំអើយ សូមប្រញាប់យាងមកជួយទូលបង្គំផង! 13 សូមឲ្យអ្នកដែលចោទប្រកាន់ព្រលឹងរបស់ទូលបង្គំបានអាម៉ាស់មុខ ហើយសាបសូន្យទៅ សូមឲ្យអ្នកដែលរកធ្វើទុក្ខទូលបង្គំ ត្រូវបានគ្របដណ្ដប់ដោយការត្មះតិះដៀល និងភាពអាប់យស។ 14 រីឯទូលបង្គំវិញ ទូលបង្គំនឹងសង្ឃឹមជានិច្ច ហើយសរសើរតម្កើងព្រះអង្គឲ្យកាន់តែច្រើនឡើង។ 15 មាត់របស់ទូលបង្គំនឹងថ្លែងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ និងសេចក្ដីសង្គ្រោះរបស់ព្រះអង្គវាល់ព្រឹកវាល់ល្ងាច ទោះបីជាទូលបង្គំមិនដឹងចំនួនក៏ដោយ។ 16 ទូលបង្គំនឹងមក ដោយកិច្ចការដ៏មានព្រះចេស្ដារបស់ព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ា ទូលបង្គំនឹងរំលឹកអំពីសេចក្ដីសុចរិតរបស់ព្រះអង្គតែមួយប៉ុណ្ណោះ។ 17 ឱព្រះអើយ ព្រះអង្គបានបង្រៀនទូលបង្គំតាំងពីយុវវ័យរបស់ទូលបង្គំមកម្ល៉េះ! រហូតដល់ឥឡូវនេះ ទូលបង្គំប្រកាសកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។ 18 ឱព្រះអើយ ទោះបីជានៅពេលទូលបង្គំមានវ័យចំណាស់ ហើយសក់ស្កូវក៏ដោយ ក៏សូមកុំបោះបង់ទូលបង្គំចោលឡើយ រហូតដល់ទូលបង្គំប្រកាសឫទ្ធានុភាពរបស់ព្រះអង្គដល់ជំនាន់នេះ និងប្រកាសព្រះចេស្ដារបស់ព្រះអង្គដល់អស់អ្នកដែលនឹងកើតមក! 19 ឱព្រះអើយ សេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គខ្ពស់ដល់ស្ថានដ៏ខ្ពស់; ព្រះអង្គបានធ្វើកិច្ចការដ៏ធំឧត្ដម! ឱព្រះអើយ តើមានអ្នកណាដូចព្រះអង្គ? 20 ព្រះអង្គដែលធ្វើឲ្យទូលបង្គំឃើញទុក្ខវេទនា និងមហន្តរាយជាច្រើន គឺព្រះអង្គហើយ ធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញម្ដងទៀត; ព្រះអង្គនឹងនាំទូលបង្គំឡើងពីជម្រៅនៃផែនដីម្ដងទៀត។ 21 សូមឲ្យព្រះអង្គចម្រើនសេចក្ដីធំឧត្ដមដល់ទូលបង្គំ ហើយត្រឡប់មកកម្សាន្តចិត្តទូលបង្គំផង។ 22 ព្រះនៃទូលបង្គំអើយ ទូលបង្គំក៏នឹងអរព្រះគុណព្រះអង្គដោយពិណបុរាណ ចំពោះសេចក្ដីពិតត្រង់របស់ព្រះអង្គដែរ! អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលអើយ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គដោយពិណហាប! 23 នៅពេលទូលបង្គំច្រៀងសរសើរតម្កើងព្រះអង្គ បបូរមាត់របស់ទូលបង្គំនឹងស្រែកហ៊ោសប្បាយ; ព្រលឹងរបស់ទូលបង្គំដែលព្រះអង្គបានប្រោសលោះ ក៏នឹងស្រែកហ៊ោសប្បាយដែរ។ 24 អណ្ដាតរបស់ទូលបង្គំក៏នឹងថ្លែងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គវាល់ព្រឹកវាល់ល្ងាច ដ្បិតអ្នកដែលរកធ្វើទុក្ខទូលបង្គំ នឹងអាម៉ាស់មុខ ហើយទទួលការអាប់យស៕ |