១ ពេត្រុស 2 - ព្រះគម្ពីរខ្មែរសាកលថ្មដ៏រស់ និងប្រជារាស្ត្រដ៏វិសុទ្ធ 1 ដូច្នេះ ចូរដោះចោលគ្រប់ទាំងគំនិតព្យាបាទ គ្រប់ទាំងឧបាយកល ពុតត្បុត ការឈ្នានីស និងការមួលបង្កាច់ទាំងអស់ 2 ចូរប្រាថ្នាចង់បានទឹកដោះសុទ្ធខាងព្រះបន្ទូល ដូចទារកដែលទើបតែកើត ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើងដោយព្រះបន្ទូលនោះ រហូតដល់សេចក្ដីសង្គ្រោះ 3 ដ្បិតអ្នករាល់គ្នាបានភ្លក់ហើយថា ព្រះអម្ចាស់ទ្រង់ល្អ។ 4 ចូរចូលមកជិតព្រះអង្គដែលជាថ្មដ៏រស់។ ព្រះអង្គជាថ្មដែលត្រូវមនុស្សបដិសេធ ប៉ុន្តែចំពោះព្រះ ជាថ្មដែលត្រូវបានជ្រើសរើសដ៏មានតម្លៃ។ 5 អ្នករាល់គ្នាក៏កំពុងត្រូវបានសាងសង់ជាដំណាក់ខាងវិញ្ញាណសម្រាប់ការងារបូជាចារ្យដ៏វិសុទ្ធ ដូចជាថ្មដ៏រស់ដែរ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណដែលជាទីគាប់ព្រះហឫទ័យដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ 6 ដ្បិតមានចែងទុកមកក្នុងព្រះគម្ពីរថា: “មើល៍! យើងនឹងដាក់ថ្មមួយនៅស៊ីយ៉ូន ជាថ្មគ្រឹះដែលត្រូវបានជ្រើសរើសដ៏មានតម្លៃ អ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខសោះឡើយ”។ 7 ដូច្នេះ ចំពោះអ្នករាល់គ្នាដែលជឿ ថ្មនេះមានតម្លៃ រីឯចំពោះអ្នកមិនជឿ ថ្មនេះជា “ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ”។ 8 ហើយជា “ថ្មនៃការជំពប់ និងថ្មដានៃសេចក្ដីបណ្ដាលឲ្យជំពប់ដួល”។ ពួកគេបានជំពប់ ពីព្រោះពួកគេមិនព្រមជឿព្រះបន្ទូល តាមដែលត្រូវបានតម្រូវទុក។ 9 រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាពូជសាសន៍ដែលត្រូវបានជ្រើសរើសជាបូជាចារ្យខាងស្ដេច ជាប្រជាជាតិដ៏វិសុទ្ធ ជាប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសគុណធម៌ របស់ព្រះអង្គ ដែលត្រាស់ហៅអ្នករាល់គ្នាចេញពីភាពងងឹត មកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។ 10 កាលពីដើម អ្នករាល់គ្នាមិនមែនជាប្រជាជាតិមួយទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាជាប្រជារាស្ត្ររបស់ព្រះ; កាលពីដើម អ្នករាល់គ្នាមិនបានទទួលសេចក្ដីមេត្តាទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាហើយ។ ត្រូវធ្វើល្អ 11 អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាដែលជាជនបរទេស និងជាជនរស់នៅបណ្ដោះអាសន្ន ឲ្យចៀសវាងពីតណ្ហាខាងសាច់ឈាមដែលតែងតែតយុទ្ធនឹងព្រលឹងរបស់អ្នករាល់គ្នា។ 12 អ្នករាល់គ្នាត្រូវមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃ ធ្វើដូច្នេះទោះបីជាគេមួលបង្កាច់អ្នករាល់គ្នាដូចជាមនុស្សធ្វើអាក្រក់ក៏ដោយ ក៏គេនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះ នៅថ្ងៃនៃការយាងមក ដោយសារបានឃើញអំពើល្អរបស់អ្នករាល់គ្នា។ 13 ចូរចុះចូលនឹងគ្រប់ទាំងរបបគ្រប់គ្រងរបស់មនុស្សដោយយល់ដល់ព្រះអម្ចាស់ មិនថាស្ដេចដែលមានអំណាចធំឧត្ដមក្ដី 14 ឬអភិបាលក្ដី ដែលត្រូវស្ដេចចាត់ឲ្យមកដើម្បីដាក់ទោសមនុស្សធ្វើអាក្រក់ និងសរសើរមនុស្សធ្វើល្អ 15 ដ្បិតនេះហើយ ជាបំណងព្រះហឫទ័យរបស់ព្រះ គឺឲ្យធ្វើល្អដើម្បីបិទមាត់នៃភាពអវិជ្ជារបស់មនុស្សល្ងង់។ 16 ចូរប្រព្រឹត្តជាមនុស្សមានសេរីភាព ប៉ុន្តែកុំយកសេរីភាពនោះជាលេសដើម្បីប្រព្រឹត្តការអាក្រក់ឡើយ គឺត្រូវប្រព្រឹត្តឲ្យសមជាបាវបម្រើរបស់ព្រះវិញ។ 17 ចូរគោរពមនុស្សទាំងអស់; ចូរស្រឡាញ់បងប្អូន កោតខ្លាចព្រះ និងគោរពស្ដេច។ អ្នកបម្រើត្រូវចុះចូលនឹងចៅហ្វាយ 18 អ្នកបម្រើរាល់គ្នាអើយ ចូរចុះចូលនឹងចៅហ្វាយដោយការកោតខ្លាចទាំងស្រុង មិនគ្រាន់តែចំពោះចៅហ្វាយល្អ និងស្លូតប៉ុណ្ណោះទេ គឺចំពោះចៅហ្វាយខូចផងដែរ។ 19 ដ្បិតប្រសិនបើអ្នកណាស៊ូទ្រាំនឹងទុក្ខព្រួយ ទាំងរងការឈឺចាប់ដោយអយុត្តិធម៌ ដោយសារតែសតិសម្បជញ្ញៈចំពោះព្រះ នោះជាការគួរឲ្យសរសើរ។ 20 ពោលគឺ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តបាប ក៏ត្រូវគេវាយ ហើយស៊ូទ្រាំ តើមានអ្វីគួរឲ្យសរសើរ? ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តល្អ ក៏រងទុក្ខលំបាក ហើយស៊ូទ្រាំ នោះទើបជាការគួរឲ្យសរសើរនៅចំពោះព្រះ។ 21 ជាការពិត អ្នករាល់គ្នាត្រូវបានត្រាស់ហៅដើម្បីការនេះឯង។ ដ្បិតព្រះគ្រីស្ទក៏បានរងទុក្ខលំបាកសម្រាប់អ្នករាល់គ្នាដែរ ទុកជាគំរូដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានដើរតាមលម្អានរបស់ព្រះអង្គ។ 22 ព្រះអង្គមិនបានប្រព្រឹត្តបាបឡើយ ហើយក៏គ្មានឧបាយកលណាត្រូវបានរកឃើញក្នុងព្រះឱស្ឋរបស់ព្រះអង្គដែរ; 23 កាលគេជេរប្រមាថ ក៏ព្រះអង្គមិនបានជេរតប កាលព្រះអង្គរងទុក្ខ ក៏ព្រះអង្គមិនបានសម្លុតគំរាម ផ្ទុយទៅវិញ ព្រះអង្គបានផ្ទុកផ្ដាក់អង្គទ្រង់នឹងព្រះដែលជំនុំជម្រះដោយយុត្តិធម៌។ 24 ព្រះអង្គបានផ្ទុកបាបរបស់យើងក្នុងព្រះកាយរបស់ព្រះអង្គនៅលើឈើដោយអង្គទ្រង់ផ្ទាល់ ដើម្បីឲ្យយើងបានស្លាប់ចំពោះបាប ហើយមានជីវិតរស់ចំពោះសេចក្ដីសុចរិត។ ដោយសារតែស្នាមរំពាត់របស់ព្រះអង្គ អ្នករាល់គ្នាត្រូវបានប្រោសឲ្យជា។ 25 ដ្បិតពីមុន អ្នករាល់គ្នាដូចជាចៀមវង្វេង ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានត្រឡប់មករកអ្នកគង្វាល និងអ្នកមើលខុសត្រូវព្រលឹងរបស់អ្នករាល់គ្នាវិញហើយ៕ |