ទំនុកតម្កើង 13 - ព្រះគម្ពីរខ្មែរសាកលអធិស្ឋានសុំព្រះឲ្យយកចិត្តទុកដាក់ បទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង។ 1 ព្រះយេហូវ៉ាអើយ តើដល់ពេលណា? ព្រះអង្គនឹងភ្លេចទូលបង្គំជាដរាបឬ? តើព្រះអង្គនឹងលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំដល់ពេលណា? 2 តើទូលបង្គំត្រូវពិគ្រោះក្នុងព្រលឹងរបស់ខ្លួន ទាំងមានទុក្ខព្រួយក្នុងចិត្តវាល់ព្រឹកវាល់ល្ងាចដល់ពេលណា? តើសត្រូវរបស់ទូលបង្គំលើកខ្លួនលើទូលបង្គំដល់ពេលណា? 3 ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ សូមយកចិត្តទុកដាក់នឹងទូលបង្គំ ហើយឆ្លើយមកទូលបង្គំផង! សូមបំភ្លឺភ្នែករបស់ទូលបង្គំផង ក្រែងលោទូលបង្គំដេកលក់ទៅក្នុងសេចក្ដីស្លាប់ 4 ក្រែងលោសត្រូវរបស់ទូលបង្គំនិយាយថា៖ “យើងឈ្នះវាហើយ” ក្រែងលោបច្ចាមិត្តរបស់ទូលបង្គំត្រេកអរ នៅពេលទូលបង្គំរង្គើ។ 5 រីឯទូលបង្គំបានជឿទុកចិត្តលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ចិត្តរបស់ទូលបង្គំនឹងត្រេកអរក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។ 6 ទូលបង្គំនឹងច្រៀងទៅកាន់ព្រះយេហូវ៉ា ដ្បិតព្រះអង្គបានប្រព្រឹត្តយ៉ាងសប្បុរសដល់ទូលបង្គំ៕ |