ទំនុកតម្កើង 142 - ព្រះគម្ពីរខ្មែរសាកលសុំព្រះឲ្យរំដោះពីទុក្ខវេទនា ទំនុកម៉ាស្គីល របស់ដាវីឌ ជាពាក្យអធិស្ឋាន កាលគាត់នៅក្នុងរអាងភ្នំ។ 1 ខ្ញុំស្រែកយំទៅកាន់ព្រះយេហូវ៉ាដោយសំឡេងរបស់ខ្ញុំ ខ្ញុំទូលអង្វរព្រះយេហូវ៉ាដោយសំឡេងរបស់ខ្ញុំ។ 2 ខ្ញុំបង្ហូរពាក្យត្អូញត្អែររបស់ខ្ញុំនៅចំពោះព្រះអង្គ ខ្ញុំរៀបរាប់ទូលនូវទុក្ខវេទនារបស់ខ្ញុំនៅចំពោះព្រះអង្គ។ 3 កាលណាវិញ្ញាណរបស់ទូលបង្គំចុះខ្សោយនៅក្នុងទូលបង្គំ នោះព្រះអង្គទ្រង់ជ្រាបផ្លូវរបស់ទូលបង្គំ; នៅក្នុងគន្លងដែលទូលបង្គំដើរ ពួកគេបានបង្កប់អង្គប់ដើម្បីចាប់ទូលបង្គំ។ 4 សូមសង្កេតមើលខាងស្ដាំផង គ្មានអ្នកណាចាប់អារម្មណ៍នឹងទូលបង្គំឡើយ; ជម្រកបានបាត់ពីទូលបង្គំ គ្មានអ្នកណាខ្វល់ខ្វាយនឹងព្រលឹងរបស់ទូលបង្គំឡើយ! 5 ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែកយំទៅកាន់ព្រះអង្គ; ទូលបង្គំបានទូលថា៖ “ព្រះអង្គជាជម្រករបស់ទូលបង្គំ ចំណែកមរតករបស់ទូលបង្គំនៅក្នុងស្ថានមនុស្សរស់”។ 6 សូមប្រុងស្ដាប់សម្រែករបស់ទូលបង្គំផង ដ្បិតទូលបង្គំដុនដាបជាខ្លាំង! សូមរំដោះទូលបង្គំពីពួកអ្នកដែលតាមបៀតបៀនទូលបង្គំផង ដ្បិតពួកគេខ្លាំងជាងទូលបង្គំ។ 7 សូមនាំព្រលឹងរបស់ទូលបង្គំចេញពីគុកផង ដើម្បីឲ្យទូលបង្គំបានអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ! មនុស្សសុចរិតនឹងព័ទ្ធជុំវិញទូលបង្គំ ពីព្រោះព្រះអង្គនឹងប្រព្រឹត្តយ៉ាងសប្បុរសដល់ទូលបង្គំ៕ |