ទំនុកតម្កើង 56 - ព្រះគម្ពីរខ្មែរសាកលមិនភ័យខ្លាចដោយជឿទុកចិត្តលើព្រះ មីកតាំ របស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេងសត្វព្រាបស្ងៀមស្ងាត់នៅឆ្ងាយ កាលជនជាតិភីលីស្ទីនចាប់គាត់នៅកាថ។ 1 ឱព្រះអើយ សូមមេត្តាដល់ទូលបង្គំផង! ដ្បិតមនុស្សលោកជាន់ឈ្លីទូលបង្គំ អ្នកវាយប្រហារសង្កត់សង្កិនទូលបង្គំវាល់ព្រឹកវាល់ល្ងាច។ 2 វាល់ព្រឹកវាល់ល្ងាច ពួកសត្រូវជាន់ឈ្លីទូលបង្គំ ដ្បិតមនុស្សជាច្រើនវាយប្រហារទូលបង្គំដោយអំនួត! 3 ពេលទូលបង្គំភ័យខ្លាច ទូលបង្គំជឿទុកចិត្តលើព្រះអង្គ។ 4 នៅក្នុងព្រះ ខ្ញុំនឹងសរសើរតម្កើងព្រះបន្ទូលរបស់ព្រះអង្គ; ដោយជឿទុកចិត្តលើព្រះ ខ្ញុំនឹងមិនខ្លាចឡើយ; តើសាច់ឈាមអាចធ្វើអ្វីដល់ខ្ញុំបាន? 5 វាល់ព្រឹកវាល់ល្ងាច ពួកគេបំប្លែងពាក្យសម្ដីរបស់ខ្ញុំ; អស់ទាំងផែនការរបស់ពួកគេទាស់នឹងខ្ញុំ គឺសម្រាប់ជាការអាក្រក់។ 6 ពួកគេបង្កជម្លោះ ក៏ពួនស្ទាក់ ហើយឃ្លាំមើលជំហានរបស់ខ្ញុំ ខណៈដែលចាំស្ទាក់ព្រលឹងរបស់ខ្ញុំ។ 7 តើពួកគេអាចគេចរួចទាំងមានអំពើទុច្ចរិតបានឬ? ឱព្រះអើយ សូមបង្ក្រាបបណ្ដាប្រជាជនដោយព្រះពិរោធផង! 8 ព្រះអង្គបានរាប់ទុកនូវការសាត់អណ្ដែតរបស់ទូលបង្គំហើយ; សូមប្រមូលទឹកភ្នែករបស់ទូលបង្គំទុកក្នុងថង់ស្បែករបស់ព្រះអង្គផង! តើវាមិនមាននៅក្នុងបញ្ជីរបស់ព្រះអង្គទេឬ? 9 ពេលនោះ ពួកសត្រូវរបស់ខ្ញុំនឹងថយទៅក្រោយវិញ នៅថ្ងៃដែលខ្ញុំស្រែកហៅ។ ខ្ញុំដឹងការនេះហើយថាព្រះនៅខាងខ្ញុំ! 10 នៅក្នុងព្រះ ខ្ញុំនឹងសរសើរតម្កើងព្រះបន្ទូល នៅក្នុងព្រះយេហូវ៉ា ខ្ញុំនឹងសរសើរតម្កើងព្រះបន្ទូល។ 11 ដោយជឿទុកចិត្តលើព្រះ ខ្ញុំនឹងមិនខ្លាចឡើយ; តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន? 12 ឱព្រះអើយ ទូលបង្គំជាប់បំណន់ព្រះអង្គ ទូលបង្គំនឹងថ្វាយតង្វាយអរព្រះគុណដល់ព្រះអង្គ! 13 ដ្បិតព្រះអង្គបានរំដោះព្រលឹងរបស់ទូលបង្គំពីសេចក្ដីស្លាប់ មិនឲ្យជើងទូលបង្គំជំពប់ឡើយ គឺដើម្បីឲ្យដើរនៅចំពោះព្រះ ក្នុងពន្លឺនៃជីវិត!៕ |