អេសាយ 28 - ព្រះគម្ពីរខ្មែរសាកលវេទនាដល់សាម៉ារី 1 វេទនាហើយ! មកុដនៃអំនួតរបស់ពួកប្រមឹកនៃអេប្រាអិម និងផ្កាដ៏ស្រស់ស្អាតនៃភាពរុងរឿងរបស់ពួកគេដែលកំពុងតែស្រពោន ដែលនៅលើកំពូលភ្នំនៃជ្រលងដ៏មានជីជាតិរបស់មនុស្សប្រមឹក! 2 មើល៍! ព្រះអម្ចាស់ទ្រង់មានអ្នកខ្លាំងពូកែ និងខ្លាំងក្លាម្នាក់ អ្នកនោះនឹងទម្លាក់ពួកគេទៅដីដោយផ្ទាល់ដៃ ដូចជាព្យុះដុំទឹកកក ដូចជាព្យុះសង្ឃរានៃការបំផ្លាញ និងដូចជាព្យុះនៃទឹកដ៏ខ្លាំងក្លាដែលជន់លិច។ 3 មកុដនៃអំនួតរបស់ពួកប្រមឹកនៃអេប្រាអិម នឹងត្រូវបានជាន់ឈ្លីនៅក្រោមជើង 4 រីឯផ្កាដ៏ស្រស់ស្អាតនៃភាពរុងរឿងរបស់ពួកគេ ដែលកំពុងតែស្រពោន ដែលនៅលើកំពូលភ្នំនៃជ្រលងដ៏មានជីជាតិ នឹងបានដូចជាផ្លែល្វាទុំដើមរដូវនៅមុនរដូវក្ដៅ កាលណាគេឃើញវា នោះវាដល់ដៃគេភ្លាម ហើយគេក៏លេបវាបាត់ទៅ។ 5 នៅថ្ងៃនោះ ព្រះយេហូវ៉ានៃពលបរិវារនឹងបានជាមកុដដ៏ស្រស់ស្អាត ជាមកុដរាជ្យដ៏រុងរឿងដល់សំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គ 6 ជាវិញ្ញាណនៃសេចក្ដីយុត្តិធម៌ដល់អ្នកដែលអង្គុយកាត់ក្ដី ជាកម្លាំងដល់អ្នកដែលបង្វែរចម្បាំងឲ្យទៅវិញនៅខ្លោងទ្វារក្រុង។ 7 រីឯពួកអ្នកទាំងនោះដើរយោលយោកដោយស្រា ក៏ដើរទ្រេតទ្រោតដោយគ្រឿងស្រវឹង; ពួកបូជាចារ្យ និងពួកព្យាការីដើរយោលយោកដោយគ្រឿងស្រវឹង ពួកគេភាន់ភាំងដោយស្រា ពួកគេដើរទ្រេតទ្រោតដោយគ្រឿងស្រវឹង ពួកគេដើរយោលយោកក្នុងការឃើញនិមិត្ត ពួកគេជំពប់ដួលក្នុងការកាត់ក្ដី។ 8 ដ្បិតតុទាំងអស់ពេញដោយកម្អួត និងភាពកខ្វក់ គ្មានសល់កន្លែងឡើយ។ 9 ពួកគេពោលថា៖ “តើព្រះអង្គនឹងបង្រៀនចំណេះដឹងដល់អ្នកណា? តើព្រះអង្គនឹងធ្វើឲ្យអ្នកណាយល់ដំណឹង? គឺអ្នកដែលទើបតែផ្ដាច់ដោះ ជាអ្នកដែលទើបតែយកចេញពីដើមទ្រូងឬ? 10 ដ្បិតគឺច្បាប់ថែមលើច្បាប់ ច្បាប់ថែមលើច្បាប់ មាត្រាថែមលើមាត្រា មាត្រាថែមលើមាត្រា នៅទីនេះបន្តិច នៅទីនោះបន្តួច!”។ 11 ដូច្នេះ ព្រះអង្គនឹងមានបន្ទូលទៅកាន់ប្រជាជននេះ ដោយបបូរមាត់ត្រដិត និងដោយភាសាដទៃ 12 គឺប្រជាជននេះដែលព្រះអង្គមានបន្ទូលនឹងពួកគេថា៖ “នេះជាទីសម្រាក ចូរឲ្យអ្នកដែលអស់កម្លាំងសម្រាកចុះ; នេះជាទីសម្រាកហើយ”—— យ៉ាងណាមិញ ពួកគេមិនព្រមស្ដាប់ទេ។ 13 ដោយហេតុនេះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាដល់ពួកគេ នឹងបានដូច្នេះ៖ “ច្បាប់ថែមលើច្បាប់ ច្បាប់ថែមលើច្បាប់ មាត្រាថែមលើមាត្រា មាត្រាថែមលើមាត្រា នៅទីនេះបន្តិច នៅទីនោះបន្តួច” ដើម្បីឲ្យពួកគេចេញទៅដួលផ្ងារក្រោយ ក៏បាក់បែក ព្រមទាំងជាប់អន្ទាក់ ហើយត្រូវគេចាប់បានផង។ ថ្មគ្រឹះនៃស៊ីយ៉ូន 14 ដូច្នេះ មនុស្សចំអកឡកឡឺយដែលគ្រប់គ្រងប្រជាជននេះនៅយេរូសាឡិមអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ា! 15 ដ្បិតអ្នករាល់គ្នាបាននិយាយថា៖ “យើងបានតាំងសម្ពន្ធមេត្រីជាមួយសេចក្ដីស្លាប់ ហើយបានធ្វើកិច្ចព្រមព្រៀងជាមួយស្ថានមនុស្សស្លាប់ហើយ; កាលណាខ្សែតីដ៏លើសលប់ឆ្លងកាត់មក វានឹងមិនមកដល់យើងឡើយ ពីព្រោះយើងបានយកសេចក្ដីភូតភរជាជម្រករបស់យើង ក៏បានលាក់ខ្លួនក្នុងសេចក្ដីកុហក”។ 16 ហេតុនោះហើយបានជាព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “មើល៍! យើងបានដាក់ថ្មមួយនៅស៊ីយ៉ូន ជាថ្មដែលត្រូវបានសាកល្បង ជាថ្មគ្រឹះដ៏មានតម្លៃ ជាគ្រឹះដ៏រឹងមាំ—— អ្នកណាដែលជឿទុកចិត្ត នឹងមិនត្រូវតក់ស្លុតឡើយ។ 17 យើងនឹងធ្វើឲ្យសេចក្ដីយុត្តិធម៌ទៅជាខ្សែរង្វាស់ ហើយធ្វើឲ្យសេចក្ដីសុចរិតទៅជាខ្សែប្រយោល; ដុំទឹកកកនឹងបក់នាំយកជម្រកនៃសេចក្ដីភូតភរទៅ ហើយទឹកដ៏ច្រើននឹងជន់លិចទីលាក់កំបាំង។ 18 នោះសម្ពន្ធមេត្រីរបស់អ្នករាល់គ្នាជាមួយនឹងសេចក្ដីស្លាប់ នឹងត្រូវបានធ្វើឲ្យទៅជាមោឃៈ ហើយកិច្ចព្រមព្រៀងរបស់អ្នករាល់គ្នាជាមួយនឹងស្ថានមនុស្សស្លាប់ នឹងមិននៅជាប់ដែរ។ កាលណាខ្សែតីដ៏លើសលប់ឆ្លងកាត់មក អ្នករាល់គ្នានឹងត្រូវបានជាន់ឈ្លីដោយការនោះ។ 19 រាល់ពេលដែលការនោះឆ្លងកាត់មក វានឹងយកអ្នករាល់គ្នាទៅ ដ្បិតការនោះនឹងឆ្លងកាត់មកពីមួយព្រឹកទៅមួយព្រឹក ហើយទាំងថ្ងៃទាំងយប់ផង។ ការដែលយល់ដំណឹងនេះ គឺមានតែសេចក្ដីភ័យរន្ធត់ប៉ុណ្ណោះ”។ 20 ដ្បិតគ្រែខ្លីពេក ដេកសណ្ដូកខ្លួនមិនបាន ហើយភួយក៏តូចពេកសម្រាប់ដណ្ដប់ខ្លួនដែរ។ 21 ព្រះយេហូវ៉ានឹងក្រោកឡើងដូចនៅភ្នំពេរ៉ាស៊ីម ព្រះអង្គនឹងព្រះពិរោធដូចនៅជ្រលងភ្នំគីបៀន ដើម្បីធ្វើកិច្ចការរបស់ព្រះអង្គ គឺកិច្ចការចម្លែករបស់ព្រះអង្គ ដើម្បីធ្វើការងាររបស់ព្រះអង្គ គឺការងារប្លែកពីធម្មតារបស់ព្រះអង្គ។ 22 ដូច្នេះឥឡូវនេះ កុំចំអកឡកឡឺយឡើយ ក្រែងលោចំណងរបស់អ្នករាល់គ្នាកាន់តែតឹងឡើង ដ្បិតខ្ញុំបានឮពីព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារថា ការបំផ្លាញត្រូវបានសម្រេចទាស់នឹងផែនដីទាំងមូលហើយ។ ប្រាជ្ញាត្រឹមត្រូវរបស់ព្រះ 23 ចូរផ្ទៀងត្រចៀក ហើយស្ដាប់សំឡេងរបស់ខ្ញុំ! ចូរយកចិត្តទុកដាក់ ហើយស្ដាប់ពាក្យរបស់ខ្ញុំ! 24 តើអ្នកដែលភ្ជួរដើម្បីសាបព្រោះ គេចេះតែភ្ជួរវាល់ព្រឹកវាល់ល្ងាចឬ? គេចេះតែបំបែក និងរាស់ដីរបស់ខ្លួនវាល់ព្រឹកវាល់ល្ងាចឬ? 25 កាលណាបានពង្រាបផ្ទៃដីហើយ តើគេមិនបាចគ្រាប់ឌីល ហើយព្រាចគ្រាប់គូមីន ព្រមទាំងដាំស្រូវសាលីជាជួរ ហើយដាំស្រូវបាឡេនៅកន្លែងដែលតម្រូវទុក ក៏ដាំស្រូវស្ពែលត៍នៅព្រំដីគេទេឬ? 26 ជាការពិត ព្រះរបស់គេបានអប់រំគេអំពីរបៀបត្រឹមត្រូវ ព្រមទាំងបង្រៀនគេផង។ 27 ដ្បិតគេមិនដែលបញ្ជាន់គ្រាប់ឌីលដោយក្ដារបញ្ជាន់ទេ ក៏មិនដែលយកកង់រទេះមកកិនលើគ្រាប់គូមីនដែរ គឺគេគោះគ្រាប់ឌីលដោយឈើ ហើយគោះគ្រាប់គូមីនដោយដំបង។ 28 ស្រូវសម្រាប់ធ្វើនំប៉័ងត្រូវតែកិនម៉ដ្ដ ប៉ុន្តែគេមិនបញ្ជាន់ឥតឈប់ឈរជារៀងរហូតនោះទេ។ ទោះបីជាបរកង់រទេះលើវាក៏ដោយ ក៏សេះរបស់គេមិនកិនវាម៉ដ្ដឡើយ។ 29 នេះក៏មកពីព្រះយេហូវ៉ានៃពលបរិវារដែរ; ព្រះអង្គទ្រង់អស្ចារ្យខាងឯដំបូន្មាន ព្រះអង្គទ្រង់ធំឧត្ដមខាងឯប្រាជ្ញាត្រឹមត្រូវ៕ |