ទំនុកតម្កើង 25 - អាល់គីតាបសូមណែនាំខ្ញុំឲ្យស្គាល់មាគ៌ារបស់ទ្រង់ ទំនុករបស់ណាពីទត។ 1 ឱអុលឡោះតាអាឡាអើយ ខ្ញុំផ្ចង់ចិត្តគំនិតទៅរកទ្រង់។ 2 ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំផ្ញើជីវិតលើទ្រង់ហើយ ដូច្នេះ សូមកុំឲ្យខ្ញុំត្រូវអាម៉ាស់មុខ! សូមកុំឲ្យខ្មាំងសត្រូវអាចមានជ័យជំនះ លើខ្ញុំឡើយ!។ 3 អស់អ្នកដែលសង្ឃឹមលើទ្រង់ នឹងមិនត្រូវខកចិត្តទេ គឺមានតែពួកអ្នកឆាប់ក្បត់ទ្រង់ប៉ុណ្ណោះ ដែលត្រូវខកចិត្ត។ 4 ឱអុលឡោះតាអាឡាអើយ! សូមណែនាំខ្ញុំ ឲ្យស្គាល់មាគ៌ារបស់ទ្រង់ សូមបង្រៀនខ្ញុំអំពីផ្លូវរបស់ទ្រង់ផង 5 សូមអប់រំខ្ញុំឲ្យរស់នៅ ស្របតាមសេចក្ដីពិតរបស់ទ្រង់ ដ្បិតទ្រង់ជាម្ចាស់សង្គ្រោះខ្ញុំ ខ្ញុំសង្ឃឹមលើទ្រង់ជារៀងរាល់ថ្ងៃ។ 6 ឱអុលឡោះតាអាឡាអើយ! សូមកុំភ្លេចថា តាំងពីដើមរៀងមក ទ្រង់តែងតែសំដែង ចិត្តអាណិតអាសូរ និងចិត្ត មេត្តាករុណាចំពោះខ្ញុំជានិច្ច។ 7 សូមបំភ្លេចអំពើបាប និងកំហុស ដែលខ្ញុំធ្លាប់ប្រព្រឹត្ត កាលនៅពីក្មេងនោះទៅ!។ ឱអុលឡោះតាអាឡាអើយ ទ្រង់តែងមានចិត្ត មេត្តាករុណា និងចិត្តសប្បុរសជានិច្ច សូមកុំបំភ្លេចខ្ញុំឡើយ!។ 8 អុលឡោះតាអាឡាមានចិត្តសប្បុរស និងទៀងត្រង់ ហេតុនេះហើយបានជាទ្រង់បង្ហាញ ឲ្យមនុស្សបាបស្គាល់មាគ៌ាដែលគេត្រូវដើរ។ 9 ទ្រង់នាំមនុស្សមានចិត្តសុភាព ឲ្យដើរតាមមាគ៌ាដ៏សុចរិត ទ្រង់បង្រៀនគេឲ្យស្គាល់ ចិត្តរបស់ទ្រង់។ 10 អុលឡោះតាអាឡាមានចិត្តមេត្តាករុណា និងស្មោះត្រង់ទាំងស្រុង ចំពោះអស់អ្នកដែលគោរពសម្ពន្ធមេត្រី និងគោរពដំបូន្មានរបស់ទ្រង់។ 11 ឱអុលឡោះតាអាឡាជាម្ចាស់អើយ! ខ្ញុំមានកំហុសធ្ងន់ណាស់ ដោយយល់ដល់នាមទ្រង់ សូមលើកលែងទោសឲ្យខ្ញុំផង។ 12 អ្នកណាគោរពកោតខ្លាចអុលឡោះតាអាឡា ទ្រង់នឹងបង្ហាញឲ្យអ្នកនោះ ស្គាល់មាគ៌ាដែលគាត់ត្រូវជ្រើសរើស។ 13 គាត់នឹងមានសុភមង្គលជានិច្ច ហើយពូជពង្សរបស់គាត់ នឹងបានគ្រប់គ្រងស្រុកនេះទុកជាមត៌ក។ 14 អុលឡោះតាអាឡាតែងតែសំដែងភក្ដីភាព ចំពោះអស់អ្នកដែលគោរពកោតខ្លាចទ្រង់ ហើយបង្រៀនគេឲ្យគោរពសម្ពន្ធមេត្រី របស់ទ្រង់។ 15 ខ្ញុំសម្លឹងឆ្ពោះទៅរកអុលឡោះតាអាឡាជានិច្ច ព្រោះមានតែទ្រង់ប៉ុណ្ណោះ ដែលអាចរំដោះខ្ញុំឲ្យរួចពីអន្ទាក់។ 16 សូមមើលមកខ្ញុំ ហើយប្រណីសន្ដោសខ្ញុំផង! ដ្បិតខ្ញុំនៅឯកោ និងវេទនាជាខ្លាំង។ 17 ខ្ញុំលំបាកចិត្តពន់ពេកណាស់ សូមដកការតប់ប្រមល់នេះ ចេញពីចិត្តខ្ញុំទៅ។ 18 សូមមើលមកទុក្ខវេទនា និងការនឿយព្រួយរបស់ខ្ញុំ សូមអត់ទោសឲ្យខ្ញុំ បានរួចពីអំពើបាបទាំងប៉ុន្មានផង។ 19 សូមមើលចុះ ខ្មាំងសត្រូវរបស់ខ្ញុំ មានគ្នាច្រើនប៉ុនណា ហើយគេស្អប់ខ្ញុំខ្លាំងយ៉ាងណា។ 20 សូមការពារ និងរំដោះខ្ញុំផង! សូមកុំឲ្យខ្ញុំត្រូវអាម៉ាស់មុខឲ្យសោះ ដ្បិតខ្ញុំមកពឹងផ្អែកលើទ្រង់ហើយ!។ 21 ខ្ញុំសង្ឃឹមទុកចិត្តលើទ្រង់ជានិច្ច សូមរក្សាជីវិតខ្ញុំ ដោយសេចក្ដីសប្បុរស និងទៀងត្រង់ផង!។ 22 ឱអុលឡោះអើយ! សូមរំដោះអ៊ីស្រអែលឲ្យរួចពីទុក្ខវេទនា ទាំងប៉ុន្មានផង!។ |
© 2014 United Bible Societies, UK.
United Bible Societies