ទំនុកតម្កើង 7 - ព្រះគម្ពីរខ្មែរសាកលអធិស្ឋានសុំសេចក្ដីយុត្តិធម៌ ទំនុកស៊ីកាអុន របស់ដាវីឌ ដែលច្រៀងទៅកាន់ព្រះយេហូវ៉ាអំពីរឿងគូសជាពូជពង្សបេនយ៉ាមីន។ 1 ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គហើយ! សូមសង្គ្រោះទូលបង្គំពីអស់អ្នកដែលតាមបៀតបៀនទូលបង្គំ សូមរំដោះទូលបង្គំផង 2 ក្រែងលោគេហែកព្រលឹងរបស់ទូលបង្គំដូចជាសិង្ហ គឺហែកជាដុំៗ ហើយគ្មានអ្នកណារំដោះឲ្យរួចឡើយ។ 3 ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ប្រសិនបើទូលបង្គំបានធ្វើដូច្នេះ ប្រសិនបើមានអំពើទុច្ចរិតនៅដៃទាំងពីររបស់ទូលបង្គំ 4 ប្រសិនបើទូលបង្គំបានតបសងការអាក្រក់ដល់អ្នកដែលនៅសុខសាន្តជាមួយទូលបង្គំ ឬប្លន់សត្រូវរបស់ទូលបង្គំដោយគ្មានហេតុផល 5 នោះសូមឲ្យខ្មាំងសត្រូវដេញតាមព្រលឹងរបស់ទូលបង្គំ ហើយទាន់ចុះ! សូមឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី ហើយសូមឲ្យគេចោលសិរីរុងរឿងរបស់ទូលបង្គំទៅក្នុងធូលីដីទៅ! សេឡា 6 ព្រះយេហូវ៉ាអើយ សូមក្រោកឡើងដោយព្រះពិរោធរបស់ព្រះអង្គផង! សូមងើបឡើងទាស់នឹងសេចក្ដីក្ដៅក្រហាយរបស់សត្រូវទូលបង្គំ សូមតើនឡើងសម្រាប់ទូលបង្គំផង! ព្រះអង្គបានកំណត់ឲ្យមានការជំនុំជម្រះហើយ។ 7 សូមឲ្យសហគមន៍នៃជាតិសាសន៍នានាផ្ដុំគ្នានៅជុំវិញព្រះអង្គ សូមព្រះអង្គយាងត្រឡប់ទៅស្ថានដ៏ខ្ពស់វិញ គឺពីលើពួកគេ។ 8 សូមព្រះយេហូវ៉ាជំនុំជម្រះបណ្ដាជនផង; ព្រះយេហូវ៉ាអើយ សូមវិនិច្ឆ័យទូលបង្គំតាមសេចក្ដីសុចរិតរបស់ទូលបង្គំ និងតាមសេចក្ដីគ្រប់លក្ខណ៍ដែលស្ថិតនៅក្នុងទូលបង្គំផង! 9 សូមឲ្យការអាក្រក់របស់មនុស្សអាក្រក់បានបញ្ចប់ទៅ ហើយសូមព្រះអង្គតាំងមនុស្សសុចរិតឡើង! ព្រះដ៏សុចរិតយុត្តិធម៌អើយ ព្រះអង្គជាអ្នកដែលពិសោធចិត្ត និងគំនិតរបស់មនុស្ស។ 10 ខែលរបស់ខ្ញុំនៅនឹងព្រះដែលសង្គ្រោះអ្នកដែលមានចិត្តទៀងត្រង់។ 11 ព្រះជាចៅក្រមដ៏សុចរិតយុត្តិធម៌ គឺជាព្រះដែលព្រះពិរោធនឹងមនុស្សអាក្រក់ជារៀងរាល់ថ្ងៃ។ 12 ប្រសិនបើអ្នកណាមិនបែរមកវិញទេ ព្រះក៏សំលៀងដាវរបស់ព្រះអង្គ ហើយយឹតធ្នូតម្រង់ទៅ។ 13 ព្រះអង្គបានរៀបចំទុកនូវអាវុធមរណៈសម្រាប់អង្គទ្រង់ ព្រមទាំងធ្វើឲ្យព្រួញរបស់ព្រះអង្គទៅជាព្រួញភ្លើងផង។ 14 មើល៍! មនុស្សអាក្រក់មានទម្ងន់ជាសេចក្ដីទុច្ចរិត គឺមានផ្ទៃពោះជាសេចក្ដីអន្តរាយ ហើយសម្រាលបានសេចក្ដីកុហក។ 15 គេបានជីករណ្ដៅ ហើយចូកដីចេញ ប៉ុន្តែបានធ្លាក់ទៅក្នុងរណ្ដៅដែលខ្លួនធ្វើនោះ។ 16 សេចក្ដីអន្តរាយរបស់គេនឹងត្រឡប់មកលើក្បាលរបស់ខ្លួនវិញ ហើយអំពើហិង្សារបស់គេក៏នឹងធ្លាក់មកលើក្រយៅក្បាលរបស់ខ្លួនដែរ។ 17 ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ា ដោយសារតែសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ ហើយច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះយេហូវ៉ាដ៏ខ្ពស់បំផុត៕ |