ទំនុកតម្កើង 41 - ព្រះគម្ពីរខ្មែរសាកលសេចក្ដីអធិស្ឋានក្នុងពេលមានជំងឺ បទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង។ 1 មានពរហើយ អ្នកដែលយកចិត្តទុកដាក់នឹងអ្នកក្រខ្សត់! ព្រះយេហូវ៉ានឹងរំដោះគេនៅថ្ងៃនៃមហន្តរាយ។ 2 ព្រះយេហូវ៉ានឹងការពារគេ ហើយរក្សាជីវិតគេ ដូច្នេះគេត្រូវបានហៅថាមានព្រះពរនៅលើផែនដី។ សូមកុំប្រគល់គេតាមចំណង់ពួកសត្រូវរបស់គេឡើយ! 3 ព្រះយេហូវ៉ានឹងទ្រទ្រង់គេនៅលើគ្រែអ្នកជំងឺ; នៅគ្រាគេមានរោគា ព្រះអង្គនឹងប្រោសគេឲ្យជាទាំងស្រុងនៅលើគ្រែរបស់គេ។ 4 ខ្ញុំបានទូលថា៖ “ព្រះយេហូវ៉ាអើយ សូមមេត្តាដល់ទូលបង្គំផង! សូមប្រោសព្រលឹងរបស់ទូលបង្គំឲ្យជាផង ដ្បិតទូលបង្គំបានប្រព្រឹត្តបាបទាស់នឹងព្រះអង្គ”។ 5 ពួកសត្រូវរបស់ខ្ញុំនិយាយអាក្រក់ទាស់នឹងខ្ញុំថា៖ “តើពេលណាទើបវាស្លាប់ ហើយឈ្មោះរបស់វាបានវិនាសបាត់ទៅ?”។ 6 សូម្បីតែនៅពេលពួកគេមកជួបខ្ញុំ ក៏ពួកគេនិយាយសេចក្ដីមិនពិតដែរ; ចិត្តរបស់ពួកគេប្រមូលសេចក្ដីទុច្ចរិតសម្រាប់ខ្លួនឯង; ពេលចេញទៅខាងក្រៅ ពួកគេក៏និយាយសេចក្ដីនោះ។ 7 អស់អ្នកដែលស្អប់ខ្ញុំ ខ្សឹបខ្សៀវគ្នាទាស់នឹងខ្ញុំ; ពួកគេគិតគូរការអាក្រក់ទាស់នឹងខ្ញុំ ដោយពោលថា៖ 8 “សេចក្ដីចង្រៃត្រូវបានចាក់បង្ហូរលើវា ដូច្នេះវានឹងមិនក្រោកឡើងពីកន្លែងដែលវាដេកទៀតឡើយ!”។ 9 សូម្បីតែមិត្តដ៏ស្និទ្ធស្នាលដែលខ្ញុំបានទុកចិត្តលើនោះ ជាអ្នកដែលហូបនំប៉័ងរបស់ខ្ញុំ ក៏បានលើកកែងជើងទាស់នឹងខ្ញុំដែរ។ 10 រីឯព្រះអង្គវិញ ព្រះយេហូវ៉ាអើយ សូមមេត្តាដល់ទូលបង្គំ ហើយធ្វើឲ្យទូលបង្គំក្រោកឡើងផង ដើម្បីឲ្យទូលបង្គំបានតបសងដល់ពួកគេ។ 11 ដោយសារតែការនេះ ទូលបង្គំដឹងថា ព្រះអង្គសព្វព្រះហឫទ័យនឹងទូលបង្គំ គឺសត្រូវរបស់ទូលបង្គំមិនស្រែកដោយមានជ័យជម្នះលើទូលបង្គំឡើយ។ 12 រីឯទូលបង្គំវិញ ព្រះអង្គបានទ្រទ្រង់ទូលបង្គំ ដោយសារតែសេចក្ដីគ្រប់លក្ខណ៍របស់ទូលបង្គំ ហើយឲ្យទូលបង្គំឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គជារៀងរហូត។ 13 សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែល ចាប់ពីអស់កល្បរហូតដល់អស់កល្ប។ អាម៉ែន! អាម៉ែន!៕ |