Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

រ៉ូម 5 - ព្រះគម្ពីរខ្មែរសាកល


ជំនឿនាំឲ្យមានសង្ឃឹម

1 ដូច្នេះ ដោយ​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ យើង​មាន​សន្តិភាព​ជាមួយ​ព្រះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។

2 តាមរយៈ​ព្រះអង្គ និង​ដោយសារតែ​ជំនឿ យើង​ក៏​បាន​ចូលក្នុង​ព្រះគុណ​នេះ​ដែល​យើង​កំពុង​ឈរ ហើយ​អួត​អំពី​សេចក្ដីសង្ឃឹម​ដែលនឹងទទួល​សិរីរុងរឿង​របស់​ព្រះ​។

3 មិនគ្រាន់តែប៉ុណ្ណោះទេ យើង​ក៏​អួត​អំពី​ទុក្ខវេទនា ដោយ​ដឹង​ថា ទុក្ខវេទនា​នាំឲ្យមាន​ការស៊ូទ្រាំ

4 ការស៊ូទ្រាំ​នាំឲ្យមាន​អត្តចរិតដែលត្រូវបានពិសោធ ហើយ​អត្តចរិតដែលត្រូវបានពិសោធ​នាំឲ្យមាន​សេចក្ដីសង្ឃឹម

5 ហើយ​សេចក្ដីសង្ឃឹម​មិន​នាំឲ្យខកចិត្ត​ឡើយ ពីព្រោះ​សេចក្ដីស្រឡាញ់របស់ព្រះ​ត្រូវបាន​ចាក់បង្ហូរ​ក្នុង​ចិត្ត​របស់យើង តាមរយៈ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​បាន​ប្រទាន​មក​យើង​។


អ្នកដែលផ្សះផ្សានឹងព្រះ

6 ជាការពិត កាល​យើង​នៅ​ខ្សោយ​នៅឡើយ ព្រះ​គ្រីស្ទ​បាន​សុគត​ក្នុង​ពេលកំណត់ ជំនួស​មនុស្ស​មិនគោរពព្រះ​។

7 កម្រមាន​អ្នកណា​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់​; បើ​ជំនួស​មនុស្ស​ល្អ ក៏​ប្រហែលជា​មាន​អ្នកខ្លះ​ហ៊ាន​ស្លាប់​ដែរ​;

8 ប៉ុន្តែ​ព្រះ​បាន​សម្ដែង​ដល់​យើង​នូវ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គផ្ទាល់ ដោយ​ការដែល​ព្រះ​គ្រីស្ទ​សុគត​ជំនួស​យើង កាល​យើង​នៅ​ជា​មនុស្សបាប​នៅឡើយ​។

9 ដូច្នេះ​ឥឡូវនេះ ដោយសារ​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយ​ព្រះលោហិត​របស់​ព្រះគ្រីស្ទ​ទៅហើយ តើ​យើង​នឹង​បាន​សង្គ្រោះ​ពី​ព្រះពិរោធ​របស់ព្រះ តាមរយៈ​ព្រះអង្គ លើសពីនេះ​អម្បាលម៉ាន​ទៅទៀត​!

10 ដ្បិត​កាល​យើង​នៅ​ជា​ខ្មាំងសត្រូវ​នៅឡើយ ប្រសិនបើ​យើង​បាន​ផ្សះផ្សា​នឹង​ព្រះ​តាមរយៈ​ការសុគត​នៃ​ព្រះបុត្រា​របស់​ព្រះ​ទៅហើយ ចុះទម្រាំ​ដែល​យើង​បាន​ផ្សះផ្សា​រួចហើយ តើ​យើង​នឹង​បាន​សង្គ្រោះ​ដោយ​ជីវិត​របស់​ព្រះបុត្រា​ជាយ៉ាងណាទៅ​!

11 មិនគ្រាន់តែប៉ុណ្ណោះទេ យើង​ថែមទាំង​អួត​នៅក្នុង​ព្រះ​ទៀតផង តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដែល​ឥឡូវនេះ យើង​បាន​ទទួល​ការផ្សះផ្សា​តាមរយៈ​ព្រះអង្គ​។


អ័ដាម និងព្រះគ្រីស្ទ

12 ដូច្នេះ ដូចដែល​បាប​បាន​ចូលមក​ក្នុង​ពិភពលោក​តាមរយៈ​មនុស្ស​ម្នាក់ ហើយ​សេចក្ដីស្លាប់​ចូលមក​តាមរយៈ​បាប​យ៉ាងណា សេចក្ដីស្លាប់​ក៏​ឆ្លងរាលដាល​ដល់​មនុស្ស​ទាំងអស់​យ៉ាងនោះដែរ ដ្បិត​មនុស្ស​គ្រប់គ្នា​បាន​ប្រព្រឹត្តបាប​។

13 ពោលគឺ បាប​មាន​នៅក្នុង​ពិភពលោក​មុន​ក្រឹត្យវិន័យ​រួចទៅហើយ ប៉ុន្តែ​កាល​គ្មាន​ក្រឹត្យវិន័យ​នៅឡើយ បាប​មិន​ត្រូវបាន​រាប់ជា​បាប​ទេ​។

14 យ៉ាងណាមិញ តាំងពី​អ័ដាម​រហូតដល់​ម៉ូសេ សេចក្ដីស្លាប់​បាន​គ្រងរាជ្យ​លើ​សូម្បីតែ​អ្នក​ដែល​មិន​បាន​ប្រព្រឹត្តបាប​ដូច​ការល្មើស​របស់​អ័ដាម​។ អ័ដាមនេះហើយ ជា​និមិត្តរូប​អំពី​ព្រះអង្គ​ដែល​ត្រូវយាងមក​។

15 ប៉ុន្តែ​អំណោយទាន​មិន​ដូច​ការបំពាន​ទេ​។ ជាការពិត ប្រសិនបើ​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារតែ​ការបំពាន​របស់​មនុស្ស​ម្នាក់​ទៅហើយ ចុះទម្រាំ​ព្រះគុណ​របស់​ព្រះ និង​អំណោយទាន​នៃ​ព្រះគុណ​ពី​មនុស្ស​ម្នាក់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ តើ​មានសម្បូរហូរហៀរ​ដល់​មនុស្ស​ជាច្រើន​លើសពីនេះ​អម្បាលម៉ានទៅទៀត​!

16 មួយវិញទៀត អំណោយទាន​មិន​ដូច​លទ្ធផល​ដែលមក​តាមរយៈ​ការប្រព្រឹត្តបាប​របស់​មនុស្ស​ម្នាក់​ទេ ដ្បិត​ការជំនុំជម្រះ​ដែល​មកពី​ការបំពាន​មួយ នាំមកនូវ​ការផ្ដន្ទាទោស រីឯ​អំណោយទាន​ដែល​មកពី​ការបំពាន​ជាច្រើន​វិញ នាំមកនូវ​ការរាប់ជាសុចរិត​។

17 ជាការពិត ប្រសិនបើ​សេចក្ដីស្លាប់​បាន​គ្រងរាជ្យ​តាមរយៈ​មនុស្ស​ម្នាក់ ដោយសារតែ​ការបំពាន​របស់​មនុស្ស​ម្នាក់​នោះ​ទៅហើយ ចុះ​អ្នក​ដែល​ទទួល​ព្រះគុណ និង​អំណោយទាន​នៃ​សេចក្ដីសុចរិត​យ៉ាងសម្បូរហូរហៀរ​វិញ តើ​គេ​នឹង​គ្រងរាជ្យ​នៅក្នុង​ជីវិត​តាមរយៈ​មនុស្ស​ម្នាក់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ លើសពីនេះ​អម្បាលម៉ាន​ទៅទៀត​!

18 ដូច្នេះ ដូចដែល​ការផ្ដន្ទាទោស​មកដល់​មនុស្ស​ទាំងអស់ តាមរយៈ​ការបំពាន​មួយ​យ៉ាងណា ការរាប់ជាសុចរិត​នៃ​ជីវិត​ក៏​មកដល់​មនុស្ស​ទាំងអស់ តាមរយៈ​អំពើសុចរិត​មួយ​យ៉ាងនោះ​ដែរ​។

19 ពោលគឺ ដូចដែល​មនុស្ស​ជាច្រើន​ត្រូវបាន​ធ្វើឲ្យទៅជា​មនុស្សបាប តាមរយៈ​ការមិនស្ដាប់បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាងណា មនុស្ស​ជាច្រើន​ក៏​នឹង​ត្រូវបាន​ធ្វើឲ្យទៅជា​មនុស្ស​សុចរិត តាមរយៈ​ការស្ដាប់បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាងនោះ​ដែរ​។

20 ក្រឹត្យវិន័យ​បាន​ចូលមក ដើម្បីឲ្យ​ការបំពាន​កើនឡើង ប៉ុន្តែ​កន្លែងណាដែល​បាប​កើនឡើង ព្រះគុណ​ក៏​កើនឡើងរឹតតែច្រើនទៅទៀត

21 ដើម្បីឲ្យ​ព្រះគុណ​បាន​គ្រងរាជ្យ​ដោយ​សេចក្ដីសុចរិត​ដែល​នាំទៅរក​ជីវិតអស់កល្បជានិច្ច តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដូចដែល​បាប​បាន​គ្រងរាជ្យ​នៅក្នុង​សេចក្ដីស្លាប់​យ៉ាងនោះ​ដែរ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម