ព្រះយេហូវ៉ាអើយ សូមឲ្យព្រះអង្គត្រូវបានលើកតម្កើងក្នុងឫទ្ធានុភាពរបស់ព្រះអង្គ! យើងខ្ញុំនឹងច្រៀង ហើយសរសើរតម្កើងព្រះចេស្ដារបស់ព្រះអង្គ៕
អេសាយ 51:9 - ព្រះគម្ពីរខ្មែរសាកល តើនឡើង! តើនឡើង! ព្រះពាហុរបស់ព្រះយេហូវ៉ាអើយ សូមបំពាក់ឫទ្ធានុភាព! សូមតើនឡើងដូចក្នុងគ្រាពីបុរាណ ក្នុងជំនាន់ដើម។ តើមិនមែនព្រះអង្គទេឬ ដែលកាប់កម្ទេចរ៉ាហាប់ ដែលចាក់ទម្លុះសត្វសមុទ្រធំសម្បើមនោះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចកាលពីចាស់បុរាណ ក្នុងគ្រាតំណមនុស្សពីដើម តើមិនមែនព្រះអង្គដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទម្លុះសត្វសម្បើមនោះទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមក្រោកឡើង! សូមក្រោកឡើង សម្តែងព្រះបារមី! សូមតើនឡើង ដូចនៅជំនាន់ដើម! កាលពីបុរាណ ព្រះបារមីព្រះអង្គ បានប្រហារស្រុកអេស៊ីប និងចាក់ទម្លុះសត្វដ៏សម្បើមនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចជាកាលពីចាស់បុរាណ ក្នុងគ្រាដំណមនុស្សពីដើម តើមិនមែនទ្រង់ដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទំលុះសត្វសំបើមនោះទេឬអី អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមក្រោកឡើង! សូមក្រោកឡើង សំដែងអំណាច! សូមតើនឡើង ដូចនៅជំនាន់ដើម! កាលពីបុរាណ អំណាចទ្រង់ បានប្រហារស្រុកអេស៊ីប និងចាក់ទម្លុះសត្វដ៏សំបើមនោះ។ |
ព្រះយេហូវ៉ាអើយ សូមឲ្យព្រះអង្គត្រូវបានលើកតម្កើងក្នុងឫទ្ធានុភាពរបស់ព្រះអង្គ! យើងខ្ញុំនឹងច្រៀង ហើយសរសើរតម្កើងព្រះចេស្ដារបស់ព្រះអង្គ៕
ឱព្រះអើយ យើងខ្ញុំបានឮនឹងត្រចៀកយើងខ្ញុំ គឺដូនតារបស់យើងខ្ញុំបានប្រាប់យើងខ្ញុំ នូវកិច្ចការដែលព្រះអង្គបានធ្វើនៅសម័យរបស់ពួកគាត់ គឺនៅសម័យបុរាណ។
ព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញដោយព្រះហស្តរបស់ព្រះអង្គ ប៉ុន្តែព្រះអង្គបានដាំដូនតារបស់យើងខ្ញុំវិញ; ព្រះអង្គបានធ្វើទុក្ខជាតិសាសន៍នានា ប៉ុន្តែព្រះអង្គបានធ្វើឲ្យដូនតារបស់យើងខ្ញុំចម្រើនឡើងវិញ។
ព្រះអម្ចាស់នៃទូលបង្គំអើយ សូមតើនឡើង! ហេតុអ្វីបានជាព្រះអង្គផ្ទំលក់ដូច្នេះ? សូមភ្ញាក់ឡើង! សូមកុំបោះបង់យើងខ្ញុំចោលឡើយ គឺជាដរាប!
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្ររបស់ព្រះអង្គ ហើយភ្លេចទុក្ខវេទនា និងការសង្កត់សង្កិនដល់យើងខ្ញុំដូច្នេះ?
ទូលបង្គំគ្មានអំពើទុច្ចរិតឡើយ ប៉ុន្តែពួកគេរត់មក ទាំងត្រៀមជាស្រេចដើម្បីវាយប្រហារទូលបង្គំ។ សូមតើនឡើងដើម្បីជួយទូលបង្គំ សូមព្រះអង្គចាប់អារម្មណ៍ផង!
ព្រះយេហូវ៉ាអើយ សូមក្រោកឡើងដោយព្រះពិរោធរបស់ព្រះអង្គផង! សូមងើបឡើងទាស់នឹងសេចក្ដីក្ដៅក្រហាយរបស់សត្រូវទូលបង្គំ សូមតើនឡើងសម្រាប់ទូលបង្គំផង! ព្រះអង្គបានកំណត់ឲ្យមានការជំនុំជម្រះហើយ។
ពេលនោះ ព្រះអម្ចាស់របស់ខ្ញុំតើនឡើងដូចភ្ញាក់ពីដំណេក ដូចមនុស្សខ្លាំងពូកែស្រែកយ៉ាងខ្លាំងដោយព្រោះស្រា។
“ក្នុងចំណោមអស់អ្នកដែលស្គាល់យើង យើងនឹងលើកយករ៉ាហាប់ និងបាប៊ីឡូន; មើល៍! មានភីលីស្ទីន ទីរ៉ុស ជាមួយអេត្យូពីដែរ យើងនឹងនិយាយថា: ‘អ្នកទាំងនេះបានកើតនៅទីនេះ!’”។
ព្រះអង្គបានជាន់កម្ទេចរ៉ាហាប់ដូចជាមនុស្សដែលត្រូវគេសម្លាប់ ព្រះអង្គបានកម្ចាត់កម្ចាយខ្មាំងសត្រូវរបស់ព្រះអង្គ ដោយព្រះពាហុដ៏រឹងមាំរបស់ព្រះអង្គ។
បណ្ដាមេឃជារបស់ព្រះអង្គ ផែនដីក៏ជារបស់ព្រះអង្គដែរ; ពិភពលោក និងរបស់សព្វសារពើដែលនៅទីនោះ ព្រះអង្គបានតាំងវាឡើង;
ព្រះយេហូវ៉ាទ្រង់គ្រងរាជ្យ ព្រះអង្គបានពាក់ភាពឧត្ដុង្គឧត្ដមជាព្រះពស្ត្រ! ព្រះយេហូវ៉ាបានពាក់ភាពឧត្ដុង្គឧត្ដមជាព្រះពស្ត្រ ហើយក្រវាត់អង្គទ្រង់ដោយព្រះចេស្ដា នោះពិភពលោកក៏ត្រូវបានតាំងឡើងឥតរង្គើឡើយ។
នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងដាក់ទោសសត្វឡេវីអាថានជាពស់ដែលរត់គេច គឺសត្វឡេវីអាថានជាពស់ក្ងិចក្ងក់ ដោយដាវរបស់ព្រះអង្គ ជាដាវដ៏សាហាវ ដ៏មហិមា និងដ៏ខ្លាំងពូកែ ហើយព្រះអង្គនឹងសម្លាប់សត្វធំសម្បើមនោះដែលនៅក្នុងសមុទ្រ។
ដ្បិតជំនួយរបស់អេហ្ស៊ីប គឺឥតប្រយោជន៍ និងឥតបានការ ហេតុនេះហើយបានជាយើងហៅនាងថា “រ៉ាហាប់ដែលអង្គុយនៅតែស្ងៀម”។
ភ្ញាក់ឡើង! ភ្ញាក់ឡើង! យេរូសាឡិម ជាអ្នកដែលផឹកពីព្រះហស្តរបស់ព្រះយេហូវ៉ា គឺពីពែងនៃសេចក្ដីក្រេវក្រោធរបស់ព្រះអង្គអើយ ចូរក្រោកឡើង! អ្នកបានផឹកស្រូបដល់កាកក្នុងពែងនៃសេចក្ដីងេកងោកហើយ។
សេចក្ដីសុចរិតយុត្តិធម៌របស់យើងនៅជិតបង្កើយ សេចក្ដីសង្គ្រោះរបស់យើងបានចេញទៅ ដើមដៃរបស់យើងនឹងជំនុំជម្រះជាតិសាសន៍ទាំងឡាយ។ កោះនានានឹងទន្ទឹងរង់ចាំយើង ក៏នឹងរំពឹងចាំដើមដៃរបស់យើងផង។
ភ្ញាក់ឡើង! ភ្ញាក់ឡើង! ស៊ីយ៉ូនអើយ ចូរបំពាក់ឫទ្ធានុភាពរបស់អ្នក! យេរូសាឡិមជាក្រុងដ៏វិសុទ្ធអើយ ចូរស្លៀកសម្លៀកបំពាក់ដ៏រុងរឿងរបស់អ្នក! ដ្បិតលែងមានពួកដែលគ្មានការកាត់ស្បែក និងពួកសៅហ្មង ចូលមកក្នុងអ្នកទៀតឡើយ។
ព្រះយេហូវ៉ាបានលាត់ព្រះពាហុដ៏វិសុទ្ធរបស់ព្រះអង្គនៅចំពោះភ្នែករបស់ប្រជាជាតិទាំងអស់; អស់ទាំងចុងបំផុតនៃផែនដីនឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃពួកយើង។
តើនរណាបានជឿដំណឹងរបស់ពួកយើង? តើព្រះពាហុរបស់ព្រះយេហូវ៉ាត្រូវបានសម្ដែងដល់នរណា?
ព្រះយេហូវ៉ាបានស្បថដោយអាងព្រះហស្តស្ដាំរបស់ព្រះអង្គ និងដោយអាងព្រះពាហុដ៏មានឫទ្ធានុភាពរបស់ព្រះអង្គថា៖ “យើងនឹងមិនប្រគល់ស្រូវរបស់អ្នកទុកជាអាហារដល់សត្រូវរបស់អ្នកទៀតឡើយ ហើយជនបរទេសនឹងមិនផឹកស្រាទំពាំងបាយជូរថ្មីរបស់អ្នក ដែលអ្នកបានធ្វើយ៉ាងនឿយហត់នោះឡើយ
ព្រះអង្គនឹងឆ្លងកាត់សមុទ្រនៃទុក្ខវេទនា ហើយវាយរលកសមុទ្រ នោះអស់ទាំងទីជម្រៅរបស់ទន្លេនីលនឹងរីងស្ងួត អំនួតរបស់អាស្ស៊ីរីនឹងត្រូវបានទម្លាក់ចុះ ហើយដំបងរាជ្យរបស់អេហ្ស៊ីបនឹងបាត់ទៅ។
គ្រប់ទាំងសាច់អើយ ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គបានតើនឡើងពីដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គហើយ៕
ព្រះអង្គទ្រង់ធ្វើកិច្ចការដ៏មានព្រះចេស្ដាដោយព្រះហស្តរបស់ព្រះអង្គ ព្រះអង្គទ្រង់កម្ចាត់កម្ចាយមនុស្សមានអំនួតក្នុងចិត្តគំនិតរបស់ខ្លួន។
ដើម្បីឲ្យពាក្យរបស់ព្យាការីអេសាយត្រូវបានបំពេញឲ្យសម្រេច ដែលថា: “ព្រះអម្ចាស់អើយ តើនរណាបានជឿដំណឹងរបស់យើងខ្ញុំ? តើព្រះហស្ត របស់ព្រះអម្ចាស់ត្រូវបានសម្ដែងដល់នរណា?”។
ប៉ុន្តែយើងនឹងដាក់ទោសប្រជាជាតិណាដែលពួកគេបម្រើជាទាសករ’។ ព្រះបានមានបន្ទូលទៀតថា: ‘បន្ទាប់ពីការទាំងនេះ ពួកគេនឹងចេញមក ហើយបម្រើយើងនៅកន្លែងនេះ’។
ដោយពោលថា៖ “ព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដា ជាព្រះដែលគង់នៅសព្វថ្ងៃ និងគង់នៅតាំងពីដើមអើយ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ! ដ្បិតព្រះអង្គបានទទួលព្រះចេស្ដាដ៏ធំឧត្ដមរបស់ព្រះអង្គ ហើយបានសោយរាជ្យ។
ដូច្នេះ នាគដ៏ធំនោះក៏ត្រូវបានទម្លាក់ចុះ។ វាជាពស់ពីបុរាណដែលហៅថាមារផង សាតាំងផង ជាអ្នកដែលបោកបញ្ឆោតពិភពលោកទាំងមូល។ វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកបរិវាររបស់វាក៏ត្រូវបានទម្លាក់ចុះជាមួយវាដែរ។