លូកា 1 - ព្រះគម្ពីរខ្មែរសាកលជូនចំពោះថេវភីល 1 ឯកឧត្ដមថេវភីលអើយ ដោយសារមានមនុស្សជាច្រើនបានផ្ដើមរៀបរៀងដំណើររឿងអំពីហេតុការណ៍ដែលត្រូវបានសម្រេចក្នុងចំណោមយើងខ្ញុំ 2 យោងតាមអស់អ្នកដែលតាំងពីដំបូងមកធ្វើជាសាក្សីផ្ទាល់ភ្នែក និងជាអ្នកបម្រើព្រះបន្ទូល បានប្រគល់មកយើងខ្ញុំ 3 ហើយខ្ញុំក៏បានតាមដានរឿងរ៉ាវទាំងអស់យ៉ាងយកចិត្តទុកដាក់តាំងពីដំបូងមកដែរ ហេតុនេះហើយបានជាខ្ញុំយល់ឃើញថាគួរតែសរសេរតាមលំដាប់លំដោយជូនលោក 4 ដើម្បីឲ្យលោកជ្រាបអំពីភាពប្រាកដប្រជានៃពាក្យដែលលោកបានទទួល។ ប្រាប់ជាមុនអំពីកំណើតយ៉ូហាន 5 នៅសម័យហេរ៉ូឌស្ដេចនៃយូឌា មានបូជាចារ្យម្នាក់ក្នុងក្រុមអ័ប៊ីយ៉ា ឈ្មោះសាការី ប្រពន្ធរបស់លោកក៏ជាម្នាក់ក្នុងចំណោមកូនចៅអើរ៉ុនដែរ ឈ្មោះអេលីសាបិត។ 6 អ្នកទាំងពីរជាមនុស្សសុចរិតនៅចំពោះព្រះ ហើយដើរតាមអស់ទាំងបទបញ្ជា និងបទបញ្ញត្តិរបស់ព្រះអម្ចាស់ដោយឥតបន្ទោសបានឡើយ។ 7 ប៉ុន្តែពួកគាត់គ្មានកូនទេ ពីព្រោះអេលីសាបិតជាស្ត្រីអារ ហើយអ្នកទាំងពីរក៏មានវ័យចំណាស់ផង។ 8 កាលមួយមានកើតឡើងដូច្នេះ: នៅពេលសាការីកំពុងបំពេញការងារជាបូជាចារ្យតាមវេនរបស់ក្រុមលោកនៅចំពោះព្រះ 9 លោកត្រូវបានជ្រើសរើសដោយចាប់ឆ្នោត តាមទម្លាប់របស់មុខងារជាបូជាចារ្យ ឲ្យចូលទៅក្នុងទីវិសុទ្ធរបស់ព្រះអម្ចាស់ដើម្បីដុតគ្រឿងក្រអូប។ 10 រីឯប្រជាជនទាំងមូលកំពុងអធិស្ឋាននៅខាងក្រៅ នៅម៉ោងដុតគ្រឿងក្រអូប។ 11 ពេលនោះ មានទូតសួគ៌របស់ព្រះអម្ចាស់លេចមកដល់លោក ឈរនៅខាងស្ដាំអាសនាដុតគ្រឿងក្រអូប។ 12 នៅពេលឃើញទូតសួគ៌ សាការីក៏មានអំពល់ ហើយសេចក្ដីភ័យខ្លាចបានកើតមានដល់លោក។ 13 ប៉ុន្តែទូតសួគ៌និយាយនឹងលោកថា៖ “កុំខ្លាចឡើយ សាការីអើយ ពីព្រោះសេចក្ដីអធិស្ឋានរបស់អ្នកត្រូវបានសណ្ដាប់ហើយ។ អេលីសាបិត ប្រពន្ធរបស់អ្នកនឹងសម្រាលបានកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថា យ៉ូហាន។ 14 កូននោះនឹងបានជាអំណរ និងសេចក្ដីរីករាយដល់អ្នក ហើយមនុស្សជាច្រើនក៏នឹងអរសប្បាយដោយសារតែកំណើតរបស់កូននោះដែរ 15 ដ្បិតកូននោះនឹងបានធំឧត្ដមនៅចំពោះព្រះអម្ចាស់។ កូននោះនឹងមិនផឹកស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹងសោះឡើយ ហើយនឹងពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ តាំងពីនៅក្នុងផ្ទៃម្ដាយមក។ 16 កូននោះនឹងធ្វើឲ្យកូនចៅអ៊ីស្រាអែលជាច្រើន បែរមករកព្រះអម្ចាស់ព្រះរបស់ពួកគេវិញ។ 17 កូននោះនឹងនាំមុខព្រះអង្គ ដោយវិញ្ញាណនិងអំណាចរបស់អេលីយ៉ា ដើម្បីធ្វើឲ្យចិត្តរបស់ឪពុកបែរមករកកូនវិញ ហើយធ្វើឲ្យពួកមិនស្ដាប់បង្គាប់បែរមករកប្រាជ្ញារបស់មនុស្សសុចរិតវិញ ក្នុងបំណងត្រៀមប្រជារាស្ត្រដែលបានរៀបចំទុកជាស្រេចថ្វាយព្រះអម្ចាស់”។ 18 សាការីនិយាយនឹងទូតសួគ៌ថា៖ “តើខ្ញុំនឹងដឹងការនេះយ៉ាងដូចម្ដេចបាន? ដ្បិតខ្ញុំជាមនុស្សចាស់ ហើយប្រពន្ធរបស់ខ្ញុំក៏មានវ័យចំណាស់ដែរ”។ 19 ទូតសួគ៌តបនឹងលោកថា៖ “ខ្ញុំគឺកាព្រីយ៉ែល ដែលឈរនៅមុខព្រះ ហើយខ្ញុំត្រូវបានចាត់ឲ្យមកដើម្បីនិយាយនឹងអ្នក និងដើម្បីនាំដំណឹងល្អនេះដល់អ្នក។ 20 មើល៍! អ្នកនឹងគ ហើយមិនអាចនិយាយបានរហូតដល់ថ្ងៃដែលការទាំងនេះកើតឡើង ពីព្រោះអ្នកមិនបានជឿពាក្យរបស់ខ្ញុំដែលនឹងត្រូវបានបំពេញឲ្យសម្រេចនៅពេលកំណត់”។ 21 ប្រជាជនកំពុងរង់ចាំសាការី ហើយពួកគេនឹកឆ្ងល់នឹងការដែលលោកនៅក្នុងទីវិសុទ្ធយូរដូច្នេះ។ 22 នៅពេលលោកចេញមក លោកមិនអាចនិយាយនឹងពួកគេបានទ្បើយ ដូច្នេះពួកគេយល់ឃើញថា លោកបានឃើញនិមិត្តនៅក្នុងទីវិសុទ្ធ។ សាការីចេះតែធ្វើសញ្ញាទៅពួកគេ ហើយលោកនៅតែគ។ 23 លុះថ្ងៃនៃការបម្រើរបស់លោកបានគ្រប់ហើយ លោកក៏ទៅផ្ទះរបស់លោកវិញ។ 24 បន្ទាប់ពីថ្ងៃទាំងនោះ អេលីសាបិតជាប្រពន្ធរបស់លោកក៏មានផ្ទៃពោះ ហើយគាត់លាក់ខ្លួនប្រាំខែ ដោយពោលថា៖ 25 “នៅគ្រាដែលព្រះអម្ចាស់បានប្រោសប្រណីខ្ញុំ ព្រះអង្គបានធ្វើយ៉ាងនេះចំពោះខ្ញុំ ដើម្បីដកយកសេចក្ដីអាម៉ាស់របស់ខ្ញុំចេញពីចំណោមមនុស្ស”។ ប្រាប់ជាមុនអំពីកំណើតព្រះយេស៊ូវ 26 នៅខែទីប្រាំមួយ ទូតសួគ៌កាព្រីយ៉ែលត្រូវបានចាត់ពីព្រះ ឲ្យទៅទីក្រុងមួយក្នុងកាលីឡេ ដែលមានឈ្មោះថាណាសារ៉ែត 27 គឺទៅឯស្ត្រីព្រហ្មចារីម្នាក់ ដែលបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ឈ្មោះយ៉ូសែបពីសែស្រឡាយដាវីឌ។ ឈ្មោះរបស់ស្ត្រីព្រហ្មចារីនោះគឺម៉ារា។ 28 ទូតសួគ៌នោះចូលទៅរកនាង និយាយថា៖ “ជម្រាបសួរ នាងដែលបានទទួលព្រះគុណអើយ! ព្រះអម្ចាស់គង់នៅជាមួយនាង”។ 29 ប៉ុន្តែនាងមានអំពល់យ៉ាងខ្លាំងចំពោះពាក្យនេះ ហើយរិះគិតអំពីពាក្យជម្រាបសួរនេះ ថាតើមានន័យដូចម្ដេច។ 30 ទូតសួគ៌ក៏និយាយនឹងនាងថា៖ “កុំខ្លាចឡើយ ម៉ារាអើយ ពីព្រោះនាងទទួលបានព្រះគុណពីព្រះហើយ។ 31 មើល៍! នាងនឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ នាងត្រូវដាក់ឈ្មោះកូននោះថា យេស៊ូវ។ 32 កូននោះនឹងបានធំឧត្ដម ហើយនឹងត្រូវបានហៅថា ព្រះបុត្រារបស់ព្រះដ៏ខ្ពស់បំផុត; ព្រះអម្ចាស់ដ៏ជាព្រះនឹងប្រទានដល់កូននោះនូវបល្ល័ង្ករបស់ដាវីឌជាដូនតារបស់ព្រះអង្គ។ 33 ព្រះអង្គនឹងសោយរាជ្យលើពូជពង្សរបស់យ៉ាកុបជារៀងរហូត ហើយអាណាចក្ររបស់ព្រះអង្គនឹងគ្មានទីបញ្ចប់ឡើយ”។ 34 ម៉ារានិយាយនឹងទូតសួគ៌ថា៖ “តើការនេះនឹងកើតឡើងយ៉ាងដូចម្ដេចបាន ពីព្រោះខ្ញុំមិនទាន់រៀបការផង?”។ 35 ទូតសួគ៌តបនឹងនាងថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធនឹងសណ្ឋិតលើនាង ហើយព្រះចេស្ដារបស់ព្រះដ៏ខ្ពស់បំផុតនឹងគ្របដណ្ដប់នាង ហេតុនេះហើយបានជាកូនដ៏វិសុទ្ធដែលកើតមកនោះ នឹងត្រូវបានហៅថា ព្រះបុត្រារបស់ព្រះ។ 36 មើល៍! អេលីសាបិតជាសាច់ញាតិរបស់នាងក៏មានផ្ទៃពោះជាកូនប្រុស ក្នុងវ័យចំណាស់របស់គាត់ដែរ គឺអ្នកដែលត្រូវគេហៅថាជាស្ត្រីអារ គាត់មានផ្ទៃពោះប្រាំមួយខែហើយ។ 37 ដ្បិតសម្រាប់ព្រះគ្មានអ្វីដែលធ្វើមិនកើតឡើយ”។ 38 ម៉ារានិយាយថា៖ “មើល៍! ខ្ញុំជាទាសីរបស់ព្រះអម្ចាស់។ សូមឲ្យបានសម្រេចដល់ខ្ញុំតាមពាក្យរបស់លោកចុះ”។ បន្ទាប់មក ទូតសួគ៌ក៏ចាកចេញពីនាងទៅ។ ម៉ារា និងអេលីសាបិត 39 នៅគ្រានោះ ម៉ារាក្រោកឡើង ប្រញាប់ប្រញាល់ធ្វើដំណើរទៅតំបន់ភ្នំ ដល់ទីក្រុងមួយនៃយូដា។ 40 នាងចូលទៅក្នុងផ្ទះរបស់សាការី ហើយជម្រាបសួរអេលីសាបិត។ 41 នៅពេលអេលីសាបិតបានឮពាក្យជម្រាបសួររបស់ម៉ារា ទារកនៅក្នុងផ្ទៃគាត់លោតកញ្ឆេង ហើយអេលីសាបិតក៏ពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ 42 រួចគាត់ស្រែកឡើងយ៉ាងខ្លាំងថា៖ “ក្នុងចំណោមស្ត្រី នាងជាអ្នកដ៏មានព្រះពរ ហើយផលនៃផ្ទៃរបស់នាងក៏មានព្រះពរដែរ! 43 ការនេះកើតឡើងដល់ខ្ញុំយ៉ាងដូចម្ដេចហ្ន៎ ដែលម្ដាយរបស់ព្រះអម្ចាស់ខ្ញុំមករកខ្ញុំ? 44 ដ្បិតមើល៍! នៅពេលសំឡេងនៃពាក្យជម្រាបសួររបស់នាងបានឮដល់ត្រចៀកខ្ញុំ ទារកក្នុងផ្ទៃខ្ញុំបានលោតកញ្ឆេងដោយអំណរ។ 45 មានពរហើយ នាងដែលជឿ ដ្បិតនឹងមានការបំពេញឲ្យសម្រេចចំពោះអ្វីដែលព្រះអម្ចាស់បានមានបន្ទូលនឹងនាង”។ ពាក្យសរសើររបស់ម៉ារា 46 ពេលនោះ ម៉ារាពោលថា៖ “ព្រលឹងរបស់ខ្ញុំលើកតម្កើងព្រះអម្ចាស់ 47 ហើយវិញ្ញាណរបស់ខ្ញុំត្រេកអរនឹងព្រះដែលជាព្រះសង្គ្រោះនៃខ្ញុំ 48 ដ្បិតព្រះអង្គបានទតមើលដោយព្រះហឫទ័យសន្ដោសដល់ភាពតូចទាបរបស់ទាសីព្រះអង្គ។ មើល៍! ចាប់ពីឥឡូវនេះទៅ មនុស្សគ្រប់ជំនាន់នឹងហៅខ្ញុំថាជាអ្នកមានព្រះពរ 49 ដ្បិតព្រះអង្គដែលមានព្រះចេស្ដា បានធ្វើការដ៏អស្ចារ្យដល់ខ្ញុំ; ព្រះនាមរបស់ព្រះអង្គវិសុទ្ធ។ 50 សេចក្ដីមេត្តារបស់ព្រះអង្គ មានដល់អ្នកដែលកោតខ្លាចព្រះអង្គ ពីជំនាន់មួយទៅជំនាន់មួយ។ 51 ព្រះអង្គទ្រង់ធ្វើកិច្ចការដ៏មានព្រះចេស្ដាដោយព្រះហស្តរបស់ព្រះអង្គ ព្រះអង្គទ្រង់កម្ចាត់កម្ចាយមនុស្សមានអំនួតក្នុងចិត្តគំនិតរបស់ខ្លួន។ 52 ព្រះអង្គទ្រង់ទម្លាក់ពួកអ្នកកាន់អំណាចពីបល្ល័ង្ក ហើយលើកតម្កើងមនុស្សតូចទាប 53 ព្រះអង្គទ្រង់ចម្អែតមនុស្សស្រេកឃ្លានដោយសេចក្ដីល្អ ហើយបណ្ដេញអ្នកមានឲ្យទៅដោយដៃទទេ។ 54 ព្រះអង្គបានជួយអ៊ីស្រាអែលជាអ្នកបម្រើរបស់ព្រះអង្គ ដោយនឹកចាំអំពីសេចក្ដីមេត្តារបស់ព្រះអង្គ 55 ដែលមានដល់អ័ប្រាហាំ និងពូជពង្សរបស់លោកជារៀងរហូត ដូចដែលព្រះអង្គបានមានបន្ទូលនឹងដូនតារបស់យើង”។ 56 ម៉ារាបានស្នាក់នៅជាមួយអេលីសាបិតប្រមាណជាបីខែ ហើយក៏ត្រឡប់ទៅផ្ទះរបស់នាងវិញ។ កំណើត និងការដាក់ឈ្មោះឲ្យយ៉ូហាន 57 លុះអេលីសាបិតគ្រប់ខែសម្រាលកូនហើយ គាត់ក៏សម្រាលបានកូនប្រុសម្នាក់។ 58 នៅពេលអ្នកជិតខាង និងសាច់ញាតិរបស់គាត់បានឮថា ព្រះអម្ចាស់បានសម្ដែងសេចក្ដីមេត្តាយ៉ាងធំធេងដល់គាត់ ពួកគេក៏អបអរជាមួយគាត់។ 59 លុះដល់ថ្ងៃទីប្រាំបី ពួកគេក៏មកដើម្បីធ្វើពិធីកាត់ស្បែកឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថាសាការី តាមឈ្មោះឪពុក។ 60 ប៉ុន្តែម្ដាយរបស់ទារកតបថា៖ “ទេ! ត្រូវដាក់ឈ្មោះថាយ៉ូហានវិញ”។ 61 ពួកគេក៏និយាយនឹងគាត់ថា៖ “ក្នុងចំណោមសាច់ញាតិរបស់អ្នក គ្មានអ្នកណាដែលមានឈ្មោះហ្នឹងទេ”។ 62 ដូច្នេះ ពួកគេធ្វើសញ្ញាសួរឪពុករបស់ទារកថា តើលោកចង់ដាក់ឈ្មោះអ្វីឲ្យកូន។ 63 សាការីក៏សុំក្ដារឆ្នួនមួយ ហើយសរសេរថា៖ “ឈ្មោះរបស់កូននេះគឺ យ៉ូហាន”។ ពួកគេទាំងអស់គ្នាក៏ងឿងឆ្ងល់។ 64 រំពេចនោះ មាត់របស់លោកត្រូវបានបើក ហើយអណ្ដាតក៏រលាស់បាន រួចលោកចាប់ផ្ដើមពោលសរសើរតម្កើងព្រះ។ 65 បន្ទាប់មក សេចក្ដីភ័យខ្លាចបានកើតមានដល់អស់អ្នកដែលរស់នៅជិតខាងពួកគាត់ ហើយគេនិយាយអំពីការទាំងអស់នេះសុសសាយពេញតំបន់ភ្នំយូឌាទាំងមូល។ 66 អស់អ្នកដែលឮក៏ចងចាំការទាំងនេះទុកក្នុងចិត្ត ទាំងនិយាយថា៖ “តើកូននេះនឹងទៅជាអ្វី?” ដ្បិតព្រះហស្តរបស់ព្រះអម្ចាស់ស្ថិតនៅជាមួយកូននេះ។ ពាក្យព្យាកររបស់សាការី 67 ពេលនោះ សាការីឪពុករបស់ទារកបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ក៏ព្យាករថា៖ 68 “ព្រះនៃអ៊ីស្រាអែល ជាព្រះអម្ចាស់ដែលសមនឹងទទួលការលើកតម្កើង ដ្បិតព្រះអង្គបានយាងមករកប្រជារាស្ត្ររបស់ព្រះអង្គ ព្រមទាំងប្រោសលោះពួកគេផង។ 69 ព្រះអង្គបានលើកស្នែងនៃសេចក្ដីសង្គ្រោះឡើងសម្រាប់យើង ក្នុងពូជពង្សរបស់ដាវីឌអ្នកបម្រើរបស់ព្រះអង្គ 70 ដូចដែលព្រះអង្គបានមានបន្ទូលតាមរយៈមាត់ព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គតាំងពីបុរាណមក 71 គឺជាសេចក្ដីសង្គ្រោះឲ្យរួចពីពួកខ្មាំងសត្រូវរបស់យើង និងពីកណ្ដាប់ដៃរបស់អស់អ្នកដែលស្អប់យើង 72 ដើម្បីសម្ដែងសេចក្ដីមេត្តាដល់ដូនតារបស់យើង និងដើម្បីនឹកចាំអំពីសម្ពន្ធមេត្រីដ៏វិសុទ្ធរបស់ព្រះអង្គ 73 ដែលជាសម្បថដែលព្រះអង្គបានស្បថនឹងអ័ប្រាហាំដូនតារបស់យើង 74 គឺឲ្យយើងបានស្រោចស្រង់ពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីឲ្យយើងបម្រើព្រះអង្គដោយឥតភ័យខ្លាច 75 ក្នុងសេចក្ដីវិសុទ្ធ និងសេចក្ដីសុចរិត នៅចំពោះព្រះអង្គ អស់មួយជីវិតរបស់យើង។ 76 ចំណែកឯកូនវិញ កូននឹងត្រូវបានហៅថាព្យាការីរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតកូននឹងដើរនាំមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ 77 ដើម្បីផ្ដល់ចំណេះដឹងនៃសេចក្ដីសង្គ្រោះដល់ប្រជារាស្ត្ររបស់ព្រះអង្គ តាមរយៈការលើកលែងទោសបាបរបស់ពួកគេ។ 78 ដោយសារតែព្រះហឫទ័យមេត្តាករុណារបស់ព្រះនៃយើង អរុណរះនឹងមកពីស្ថានដ៏ខ្ពស់ដល់យើង 79 បំភ្លឺអ្នកដែលស្ថិតនៅក្នុងសេចក្ដីងងឹត និងស្រមោលនៃសេចក្ដីស្លាប់ ដើម្បីនាំជើងរបស់យើងទៅក្នុងផ្លូវនៃសេចក្ដីសុខសាន្ត”។ 80 ទារកនោះក៏ធំឡើង ហើយមាំមួនខាងវិញ្ញាណ។ គាត់រស់នៅទីរហោស្ថានរហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនដល់អ៊ីស្រាអែល៕ |