Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 21 - ព្រះគម្ពីរខ្មែរសាកល


ជ័យជម្នះរបស់ស្ដេច
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។

1 ព្រះយេហូវ៉ា​អើយ ព្រះរាជា​នឹង​អរសប្បាយ​ក្នុង​ព្រះចេស្ដា​របស់ព្រះអង្គ​; ព្រះរាជា​នឹង​ត្រេកអរ​ខ្លាំង​ណាស់ហ្ន៎ ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​!

2 ព្រះអង្គ​បាន​ប្រទាន​ដល់​ព្រះរាជា​តាម​បំណង​ចិត្ត​ព្រះរាជា ហើយ​មិនដែល​បដិសេធ​សំណូម​ពី​បបូរមាត់​របស់​ព្រះរាជា​ឡើយ​។ សេឡា

3 ជាការពិត ព្រះអង្គ​យាង​មកទទួល​ព្រះរាជា​ដោយ​ព្រះពរ​ដ៏ល្អ ទាំង​បំពាក់​មកុដ​មាសសុទ្ធ​លើ​ព្រះសិរ​របស់ព្រះរាជា​ផង​។

4 ព្រះរាជា​បាន​ទូល​សុំ​ជីវិត​ពី​ព្រះអង្គ នោះ​ព្រះអង្គ​បាន​ប្រទាន​អាយុវែង​ជារៀងរហូតអស់កល្បជានិច្ច​ដល់​ព្រះរាជា​។

5 សិរីរុងរឿង​របស់​ព្រះរាជា​បាន​ធំឧត្ដម​ដោយសារតែ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ ព្រះអង្គ​បាន​ប្រទាន​កិត្តិយស និង​អានុភាព​ដល់​ព្រះរាជា​។

6 ពិតមែនហើយ ព្រះអង្គ​បាន​ប្រទាន​ព្រះពរ​ដ៏អស់កល្បជានិច្ច​ដល់​ព្រះរាជា ទាំង​ធ្វើឲ្យ​ព្រះរាជា​បាន​រីករាយ​ដោយ​អំណរ​នៅចំពោះ​ព្រះអង្គ​ផង​។

7 ដ្បិត​ព្រះរាជា​បាន​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ហើយ​ដោយសារតែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះ​ដ៏ខ្ពស់បំផុត ព្រះរាជា​នឹង​មិន​រង្គើ​ឡើយ​។

8 ព្រះហស្ត​របស់ព្រះករុណា​នឹង​រកឃើញ​អស់ទាំង​ខ្មាំងសត្រូវ​របស់ព្រះករុណា ព្រះហស្តស្ដាំ​របស់ព្រះករុណា​នឹង​រកឃើញ​ពួកអ្នកដែល​ស្អប់​ព្រះករុណា​។

9 ព្រះករុណា​នឹង​ធ្វើឲ្យ​ពួកគេ​បាន​ដូចជា​ឡ​ភ្លើង​ក្នុង​ពេលដែល​ព្រះករុណា​លេចមក​; ព្រះយេហូវ៉ា​នឹង​លេប​ពួកគេ​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ ហើយ​ភ្លើង​នឹង​ស៊ីបំផ្លាញ​ពួកគេ​។

10 ព្រះករុណា​នឹង​បំផ្លាញ​កូនចៅ​របស់ពួកគេ​ពី​ផែនដី គឺ​បំផ្លាញ​ពូជពង្ស​របស់ពួកគេ​ពីចំណោម​មនុស្សលោក​។

11 ទោះបីជា​ពួកគេ​ប៉ុនប៉ង​ការអាក្រក់​ទាស់នឹង​ព្រះករុណា ហើយ​បង្កើត​កលល្បិច​ក៏ដោយ ក៏​ធ្វើមិនបានដែរ

12 ដ្បិត​ព្រះករុណា​នឹង​ធ្វើឲ្យ​ពួកគេ​បែរខ្នង​; ព្រះករុណា​នឹង​តម្រង់​ធ្នូ​ចំ​មុខ​ពួកគេ​។

13 ព្រះយេហូវ៉ា​អើយ សូមឲ្យ​ព្រះអង្គ​ត្រូវបាន​លើកតម្កើង​ក្នុង​ឫទ្ធានុភាព​របស់ព្រះអង្គ​! យើងខ្ញុំ​នឹង​ច្រៀង ហើយ​សរសើរតម្កើង​ព្រះចេស្ដា​របស់ព្រះអង្គ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម