សាការី 2 - ព្រះគម្ពីរខ្មែរសាកលនិមិត្តទីបី: អ្នកវាស់ 1 ខ្ញុំបានងើបភ្នែកឡើង ហើយសង្កេតមើលទៀត នោះមើល៍! មានបុរសម្នាក់ ដែលក្នុងដៃរបស់គាត់មានខ្សែរង្វាស់។ 2 ខ្ញុំសួរថា៖ “តើលោកទៅឯណា?”។ គាត់ក៏ឆ្លើយនឹងខ្ញុំថា៖ “ទៅវាស់យេរូសាឡិម ដើម្បីឲ្យដឹងថាទទឹងប៉ុន្មាន ហើយបណ្ដោយប៉ុន្មាន”។ 3 ពេលនោះ មើល៍! ទូតសួគ៌ដែលនិយាយនឹងខ្ញុំបានចេញទៅ ហើយមានទូតសួគ៌មួយរូបទៀតចេញមកជួបគាត់ 4 ក៏និយាយនឹងគាត់ថា៖ “ចូររត់ទៅប្រាប់យុវជននោះថា: ‘យេរូសាឡិមនឹងមានគេរស់នៅដូចជាភូមិឥតកំពែង ដោយព្រោះមានមនុស្ស និងសត្វច្រើនកុះករនៅទីនោះ។ 5 ដ្បិតយើងនឹងធ្វើជាកំពែងភ្លើងនៅជុំវិញនាង ក៏ធ្វើជាសិរីរុងរឿងនៅកណ្ដាលនាងដែរ’។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា”។ 6 “វេទនាហើយ! វេទនាហើយ! ចូររត់គេចពីស្រុកខាងជើង——នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា——ដ្បិតយើងបានកម្ចាត់កម្ចាយអ្នករាល់គ្នាដូចជាខ្យល់ទាំងបួនទិសនៃមេឃ”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ 7 “វេទនាហើយ! ស៊ីយ៉ូនអើយ! អ្នកដែលរស់នៅជាមួយកូនស្រីបាប៊ីឡូនអើយ ចូររត់គេចទៅ!”។ 8 ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលដូច្នេះ ក្រោយពីព្រះអង្គបានចាត់ខ្ញុំឲ្យទៅសម្រាប់សិរីរុងរឿងរបស់ព្រះអង្គ គឺឲ្យទៅឯបណ្ដាប្រជាជាតិដែលប្លន់អ្នករាល់គ្នា ដ្បិតអ្នកណាដែលប៉ះពាល់អ្នករាល់គ្នា គឺបានប៉ះពាល់ប្រស្រីព្រះនេត្ររបស់ព្រះអង្គហើយ។ 9 ដ្បិតមើល៍! ខ្ញុំនឹងបក់ដៃរបស់ខ្ញុំទាស់នឹងពួកគេ ហើយពួកគេនឹងទៅជាជ័យភណ្ឌដល់ពួកបាវបម្រើរបស់ខ្លួន! នោះអ្នករាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពលបរិវារបានចាត់ខ្ញុំឲ្យមក។ 10 “កូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងដោយអំណរ ហើយអរសប្បាយឡើង ដ្បិតមើល៍! យើងនឹងមកស្ថិតនៅក្នុងចំណោមអ្នក”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ 11 “នៅថ្ងៃនោះ ប្រជាជាតិជាច្រើននឹងរួមជាមួយព្រះយេហូវ៉ា រួចពួកគេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងស្ថិតនៅក្នុងចំណោមអ្នក”។ នោះអ្នកនឹងដឹងថា ព្រះយេហូវ៉ានៃពលបរិវារបានចាត់ខ្ញុំឲ្យមកឯអ្នក។ 12 ព្រះយេហូវ៉ានឹងកាន់កាប់យូដាជាចំណែករបស់ព្រះអង្គ នៅក្នុងទឹកដីដ៏វិសុទ្ធ ហើយព្រះអង្គនឹងជ្រើសរើសយេរូសាឡិមម្ដងទៀត។ 13 គ្រប់ទាំងសាច់អើយ ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គបានតើនឡើងពីដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គហើយ៕ |