ទំនុកតម្កើង 93 - ព្រះគម្ពីរខ្មែរសាកលការគ្រងរាជ្យដ៏អស់កល្បរបស់ព្រះ 1 ព្រះយេហូវ៉ាទ្រង់គ្រងរាជ្យ ព្រះអង្គបានពាក់ភាពឧត្ដុង្គឧត្ដមជាព្រះពស្ត្រ! ព្រះយេហូវ៉ាបានពាក់ភាពឧត្ដុង្គឧត្ដមជាព្រះពស្ត្រ ហើយក្រវាត់អង្គទ្រង់ដោយព្រះចេស្ដា នោះពិភពលោកក៏ត្រូវបានតាំងឡើងឥតរង្គើឡើយ។ 2 បល្ល័ង្ករបស់ព្រះអង្គត្រូវបានតាំងឡើងតាំងពីដើមដំបូង ព្រះអង្គមាននៅតាំងពីអស់កល្ប! 3 ព្រះយេហូវ៉ាអើយ ទឹកជំនន់បានជន់ឡើង ទឹកជំនន់បានបន្លឺសំឡេងរបស់វាឡើង ទឹកជំនន់បានលើករលករបស់វាឡើង! 4 ព្រះយេហូវ៉ាដែលគង់នៅស្ថានដ៏ខ្ពស់ ទ្រង់ខ្លាំងពូកែជាងសំឡេងទឹកដ៏ច្រើន គឺខ្លាំងពូកែជាងរលកសមុទ្រទៅទៀត។ 5 ព្រះយេហូវ៉ាអើយ សេចក្ដីបន្ទាល់របស់ព្រះអង្គគួរឲ្យទុកចិត្តណាស់ ភាពវិសុទ្ធសមនឹងដំណាក់របស់ព្រះអង្គជារៀងដរាប!៕ |