អេសាយ 62 - ព្រះគម្ពីរខ្មែរសាកលសង់ស៊ីយ៉ូនឡើងវិញ 1 ដោយយល់ដល់ស៊ីយ៉ូន យើងមិននៅស្ងៀមទេ ដោយយល់ដល់យេរូសាឡិម យើងមិនស្ងៀមស្ងាត់ឡើយ រហូតទាល់តែសេចក្ដីសុចរិតរបស់នាងបានចេញមកដូចជារស្មីពន្លឺ ហើយសេចក្ដីសង្គ្រោះរបស់នាងបានដូចជាចន្លុះដែលកំពុងឆេះ។ 2 ប្រជាជាតិនានានឹងឃើញសេចក្ដីសុចរិតរបស់អ្នក ស្ដេចទាំងអស់នឹងឃើញសិរីរុងរឿងរបស់អ្នក; អ្នកនឹងត្រូវបានហៅតាមឈ្មោះថ្មីដែលព្រះឱស្ឋរបស់ព្រះយេហូវ៉ានឹងកំណត់ឲ្យ។ 3 អ្នកនឹងបានជាមកុដដ៏រុងរឿងនៅព្រះហស្តរបស់ព្រះយេហូវ៉ា និងជាមកុដរាជ្យនៅព្រះហស្តរបស់ព្រះនៃអ្នក។ 4 អ្នកនឹងមិនត្រូវគេនិយាយទៀតថា “ត្រូវបានបោះបង់ចោល” ហើយទឹកដីរបស់អ្នកក៏នឹងមិនត្រូវគេនិយាយទៀតថា “ស្ងាត់ជ្រងំ” ដែរ គឺអ្នកនឹងត្រូវគេហៅថា “អំណររបស់ខ្ញុំនៅក្នុងនាង” ហើយទឹកដីរបស់អ្នកនឹងត្រូវគេហៅថា “មានប្ដី” វិញ ពីព្រោះព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងមានប្ដី។ 5 ដ្បិតដូចដែលមនុស្សកំលោះរៀបការជាមួយស្រីក្រមុំយ៉ាងណា កូនប្រុសៗរបស់អ្នកនឹងរៀបការជាមួយអ្នកយ៉ាងនោះដែរ ហើយដូចដែលកូនកំលោះមានសេចក្ដីរីករាយចំពោះកូនក្រមុំយ៉ាងណា ព្រះរបស់អ្នកនឹងរីករាយចំពោះអ្នកយ៉ាងនោះដែរ។ 6 យេរូសាឡិមអើយ យើងបានដាក់អ្នកយាមនៅលើកំពែងរបស់អ្នក ពួកគេមិនដែលនៅស្ងៀមទេ គឺរៀងរាល់ថ្ងៃ និងរៀងរាល់យប់។ អ្នករាល់គ្នាដែលរំលឹកគេអំពីព្រះយេហូវ៉ាអើយ កុំនៅស្ងាត់ឡើយ 7 ក៏កុំឲ្យព្រះអង្គនៅស្ងាត់ដែរ រហូតទាល់តែព្រះអង្គបានតាំងយេរូសាឡិមឡើង ហើយធ្វើឲ្យទៅជាទីសរសើរនៅលើផែនដី។ 8 ព្រះយេហូវ៉ាបានស្បថដោយអាងព្រះហស្តស្ដាំរបស់ព្រះអង្គ និងដោយអាងព្រះពាហុដ៏មានឫទ្ធានុភាពរបស់ព្រះអង្គថា៖ “យើងនឹងមិនប្រគល់ស្រូវរបស់អ្នកទុកជាអាហារដល់សត្រូវរបស់អ្នកទៀតឡើយ ហើយជនបរទេសនឹងមិនផឹកស្រាទំពាំងបាយជូរថ្មីរបស់អ្នក ដែលអ្នកបានធ្វើយ៉ាងនឿយហត់នោះឡើយ 9 ប៉ុន្តែពួកអ្នកដែលច្រូតស្រូវនោះនឹងហូបវាវិញ ហើយពួកគេនឹងសរសើរតម្កើងព្រះយេហូវ៉ា រីឯពួកអ្នកដែលប្រមូលផ្លែទំពាំងបាយជូរនោះ នឹងផឹកពីវានៅក្នុងទីធ្លានៃទីវិសុទ្ធរបស់យើង”។ 10 ចូរឆ្លងកាត់! ចូរឆ្លងកាត់តាមខ្លោងទ្វារក្រុងទៅ! ចូររៀបចំផ្លូវសម្រាប់ប្រជាជន! ចូរសាងសង់ឡើង! ចូរសាងសង់មហាវិថីឡើង! ចូរយកថ្មចេញ ហើយលើកទង់សញ្ញាឡើងសម្រាប់ប្រជាជាតិនានា! 11 មើល៍! ព្រះយេហូវ៉ាបានប្រកាសដល់ចុងបំផុតនៃផែនដីថា៖ “ចូរប្រាប់កូនស្រីស៊ីយ៉ូនថា: ‘មើល៍! សេចក្ដីសង្គ្រោះរបស់អ្នកកំពុងតែមកហើយ! មើល៍! រង្វាន់របស់ព្រះអង្គនៅជាមួយព្រះអង្គ ហើយសំណងរបស់ព្រះអង្គក៏នៅចំពោះព្រះអង្គដែរ!’។ 12 គេនឹងហៅពួកគេថា ‘ប្រជារាស្ត្រដ៏វិសុទ្ធដែលត្រូវព្រះយេហូវ៉ាប្រោសលោះ’ រីឯអ្នកក៏ត្រូវគេហៅថា ‘ទីក្រុងដែលត្រូវគេស្វែងរក ដែលមិនត្រូវបានបោះបង់ចោល’”៕ |