អេសាយ 53 - ព្រះគម្ពីរខ្មែរសាកល1 តើនរណាបានជឿដំណឹងរបស់ពួកយើង? តើព្រះពាហុរបស់ព្រះយេហូវ៉ាត្រូវបានសម្ដែងដល់នរណា? 2 ដ្បិតលោកធំឡើងនៅចំពោះព្រះអង្គ ដូចជារុក្ខជាតិខ្ចី ក៏ធំឡើងដូចជាឫសពីក្នុងដីហួតហែង; លោកមិនមានរូបឆោម ក៏គ្មានអានុភាពដែលធ្វើឲ្យពួកយើងចាប់អារម្មណ៍នឹងលោកទេ ហើយគ្មានសម្រស់ដែលធ្វើឲ្យពួកយើងប្រាថ្នាចង់បានលោកឡើយ។ 3 លោកត្រូវបានមើលងាយ ហើយត្រូវបានបដិសេធពីមនុស្ស ក៏ជាមនុស្សនៃការឈឺចាប់ ហើយធ្លាប់ស្គាល់រោគា; លោកត្រូវបានមើលងាយដូចជាអ្នកដែលលាក់មុខពីគេ ហើយពួកយើងក៏មិនបានឲ្យតម្លៃលោកសោះ។ 4 ពិតមែនហើយ លោកបានផ្ទុករោគារបស់ពួកយើង ហើយបានទទួលយកការឈឺចាប់របស់ពួកយើង យ៉ាងណាមិញ ពួកយើងបានចាត់ទុកថា លោកត្រូវបានដាក់ទោស ត្រូវព្រះវាយ និងត្រូវបានធ្វើទុក្ខ។ 5 តាមពិត លោករងរបួសដោយព្រោះការបំពានរបស់ពួកយើង លោកត្រូវបានជាន់កម្ទេចដោយព្រោះអំពើទុច្ចរិតរបស់ពួកយើង។ ការវាយប្រដៅដែលនាំឲ្យពួកយើងមានសេចក្ដីសុខសាន្ត បានធ្លាក់ទៅលើលោក ហើយដោយសារតែស្នាមរំពាត់របស់លោក ពួកយើងត្រូវបានប្រោសឲ្យជា។ 6 យើងទាំងអស់គ្នាបានវង្វេងដូចចៀម ម្នាក់ៗបានបែរចេញទៅតាមផ្លូវរៀងៗខ្លួន ប៉ុន្តែព្រះយេហូវ៉ាបានទម្លាក់សេចក្ដីទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើលោក។ 7 លោកត្រូវគេសង្កត់សង្កិន ក៏រងទុក្ខ ប៉ុន្តែលោកមិនបានបើកមាត់សោះ; ដូចដែលកូនចៀមត្រូវគេដឹកទៅសម្លាប់ ដូចដែលចៀមនៅស្ងៀមស្ងាត់នៅមុខអ្នកកាត់រោមវាយ៉ាងណា លោកក៏មិនបានបើកមាត់យ៉ាងនោះដែរ។ 8 លោកត្រូវបានដកចេញដោយការសង្កត់សង្កិន និងដោយការកាត់ទោស។ តើនរណានឹងរៀបរាប់អំពីជំនាន់របស់លោក? ដ្បិតលោកត្រូវបានកាត់ចេញពីស្ថានមនុស្សរស់ ហើយត្រូវគេវាយ ដោយព្រោះការបំពានរបស់ប្រជាជនខ្ញុំ។ 9 ទោះបីជាលោកមិនដែលធ្វើអំពើហិង្សា ហើយគ្មានសេចក្ដីបោកបញ្ឆោតនៅក្នុងមាត់របស់លោកក៏ដោយ ក៏គេកំណត់ផ្នូរលោកឲ្យនៅក្នុងផ្នូរមនុស្សអាក្រក់ដែរ យ៉ាងណាមិញ ក្នុងមរណភាពរបស់លោក ផ្នូរលោកនៅក្នុងផ្នូរអ្នកមានម្នាក់។ 10 ជាការពិត ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងកម្ទេចលោក ព្រះអង្គទ្រង់ធ្វើឲ្យលោកឈឺចាប់។ កាលណាលោកយកជីវិតរបស់ខ្លួនធ្វើជាតង្វាយលោះទោស លោកក៏នឹងឃើញពូជពង្សរបស់លោក ហើយលោកនឹងធ្វើឲ្យអាយុលោកវែង; សេចក្ដីត្រេកអររបស់ព្រះយេហូវ៉ានឹងចម្រើនឡើងតាមរយៈដៃរបស់លោក។ 11 ក្រោយពីទុក្ខវេទនានៃព្រលឹងរបស់លោក លោកនឹងឃើញពន្លឺ នោះលោកនឹងស្កប់ចិត្តផង។ “អ្នកបម្រើដ៏សុចរិតរបស់យើង នឹងធ្វើឲ្យមនុស្សជាច្រើនត្រូវបានរាប់ជាសុចរិតដោយការស្គាល់គាត់ ហើយគាត់នឹងផ្ទុកសេចក្ដីទុច្ចរិតរបស់ពួកគេ។ 12 ដោយហេតុនេះ យើងនឹងឲ្យគាត់មានចំណែកជាមួយពួកអ្នកធំ ហើយគាត់នឹងចែកជ័យភណ្ឌជាមួយពួកមនុស្សខ្លាំងពូកែ ពីព្រោះគាត់បានច្រូចព្រលឹងរបស់ខ្លួនចេញរហូតដល់មរណភាព។ គាត់ត្រូវគេរាប់បញ្ចូលជាមួយមនុស្សបំពាន ប៉ុន្តែគាត់ផ្ទុកបាបរបស់មនុស្សជាច្រើន ហើយបានទូលអង្វរជំនួសមនុស្សបំពានវិញ”៕ |