ទំនុកតម្កើង 59 - ព្រះគម្ពីរខ្មែរសាកលព្រះជាទីពឹងជ្រករបស់យើង មីកតាំ របស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេងកុំបំផ្លាញ កាលសូលចាត់គេឲ្យទៅឃ្លាំមើលផ្ទះរបស់ដាវីឌ ដើម្បីសម្លាប់គាត់។ 1 ព្រះនៃទូលបង្គំអើយ សូមរំដោះទូលបង្គំពីពួកសត្រូវរបស់ទូលបង្គំ សូមលើកទូលបង្គំឲ្យរួចផុតពីអ្នកតតាំងនឹងទូលបង្គំផង! 2 សូមរំដោះទូលបង្គំពីអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ហើយសង្គ្រោះទូលបង្គំពីមនុស្សបង្ហូរឈាមផង! 3 មើល៍! ពួកគេបានសម្ងំចាំដើម្បីចាប់ព្រលឹងរបស់ទូលបង្គំ មនុស្សកាចសាហាវបង្កជម្លោះទាស់នឹងទូលបង្គំ! ព្រះយេហូវ៉ាអើយ នេះមិនមែនមកពីការបំពានរបស់ទូលបង្គំ ហើយក៏មិនមែនមកពីបាបរបស់ទូលបង្គំដែរ! 4 ទូលបង្គំគ្មានអំពើទុច្ចរិតឡើយ ប៉ុន្តែពួកគេរត់មក ទាំងត្រៀមជាស្រេចដើម្បីវាយប្រហារទូលបង្គំ។ សូមតើនឡើងដើម្បីជួយទូលបង្គំ សូមព្រះអង្គចាប់អារម្មណ៍ផង! 5 ព្រះអង្គគឺព្រះយេហូវ៉ាដ៏ជាព្រះនៃពលបរិវារ ជាព្រះនៃអ៊ីស្រាអែល សូមតើនឡើងដើម្បីដាក់ទោសអស់ទាំងប្រជាជាតិ សូមកុំមេត្តាដល់អស់ទាំងមនុស្សក្បត់ដ៏ទុច្ចរិតឡើយ! សេឡា 6 ពួកគេត្រឡប់មកវិញនៅពេលល្ងាច លូដូចឆ្កែ ហើយដើរជុំវិញទីក្រុង។ 7 មើល៍! ពួកគេភើចេញសេចក្ដីអាក្រក់ពីមាត់របស់ខ្លួន ហើយមានដាវនៅនឹងបបូរមាត់របស់ពួកគេ! ពួកគេពោលថា៖ “តើមានអ្នកណានឹងឮ?”។ 8 ប៉ុន្តែព្រះអង្គវិញ ព្រះយេហូវ៉ាអើយ ព្រះអង្គនឹងសើចដាក់ពួកគេ ព្រះអង្គនឹងសើចចំអកដាក់ប្រជាជាតិទាំងអស់! 9 ឱកម្លាំងនៃទូលបង្គំអើយ ទូលបង្គំនឹងរង់ចាំព្រះអង្គ! ឱព្រះអើយ ព្រះអង្គជាទីពឹងជ្រកនៃទូលបង្គំ! 10 ព្រះនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ខ្ញុំ នឹងយាងមកទទួលខ្ញុំ ព្រះនឹងឲ្យខ្ញុំមើលចុះមកពួកសត្រូវរបស់ខ្ញុំ។ 11 សូមកុំសម្លាប់ពួកគេឡើយ ក្រែងលោប្រជារាស្ត្ររបស់ទូលបង្គំភ្លេច; សូមធ្វើឲ្យពួកគេដើរសាត់អណ្ដែតដោយព្រះចេស្ដារបស់ព្រះអង្គ ហើយបន្ទាបពួកគេចុះផង! ព្រះអម្ចាស់ជាខែលនៃយើងខ្ញុំអើយ! 12 សូមឲ្យបាបនៃមាត់ពួកគេ និងពាក្យនៃបបូរមាត់ពួកគេ ចាប់ពួកគេជាប់ក្នុងអំនួតរបស់ខ្លួន ដ្បិតពួកគេនិយាយពាក្យបណ្ដាសា និងពាក្យភូតភរ។ 13 សូមបំផ្លាញពួកគេដោយសេចក្ដីក្ដៅក្រហាយ សូមបំផ្លាញទៅ ដើម្បីកុំឲ្យមានពួកគេទៀត។ នោះពួកគេនឹងដឹងថាព្រះទ្រង់គ្រប់គ្រងលើយ៉ាកុបរហូតដល់ចុងបំផុតនៃផែនដី។ សេឡា 14 ពួកគេត្រឡប់មកវិញនៅពេលល្ងាច លូដូចឆ្កែ ហើយដើរជុំវិញទីក្រុង។ 15 ពួកគេដើរសាត់អណ្ដែតដើម្បីត្របាក់ស៊ី ប្រសិនបើមិនឆ្អែតទេ ពួកគេក៏រអ៊ូរទាំ។ 16 រីឯទូលបង្គំវិញ ទូលបង្គំនឹងច្រៀងអំពីព្រះចេស្ដារបស់ព្រះអង្គ ហើយច្រៀងដោយអំណរអំពីសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅពេលព្រឹក ដ្បិតព្រះអង្គជាទីពឹងជ្រកនៃទូលបង្គំ និងជាជម្រកនៅថ្ងៃនៃទុក្ខលំបាករបស់ទូលបង្គំ។ 17 ឱកម្លាំងនៃទូលបង្គំអើយ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គ! ឱព្រះអើយ ព្រះអង្គជាទីពឹងជ្រកនៃទូលបង្គំ ជាព្រះនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ទូលបង្គំ៕ |