អេសាយ 51 - អាល់គីតាបអុលឡោះតាអាឡារំដោះពូជពង្សណាពីអ៊ីព្រហ៊ីម 1 អស់អ្នកដែលខិតខំ ស្វែងរកសេចក្ដីសុចរិត អស់អ្នកដែលស្វែងរកអុលឡោះតាអាឡាអើយ ចូរស្ដាប់យើង! ចូររំពឹងគិតថា តើទ្រង់យកថ្មដាណាមកដាប់ធ្វើអ្នករាល់គ្នា ទ្រង់យកដីឥដ្ឋណាមកសូនធ្វើអ្នករាល់គ្នា? 2 “ចូររំពឹងគិតពីអ៊ីព្រហ៊ីម ជាបុព្វបុរសរបស់អ្នករាល់គ្នា និងសារ៉ាដែលបានបង្កើតអ្នករាល់គ្នា។ ពេលយើងហៅអ៊ីព្រហ៊ីមមក គាត់នៅម្នាក់ឯង គ្មានកូនទេ។ យើងឲ្យពរគាត់ ហើយគាត់ក៏មានកូនចៅ កើនចំនួនឡើងជាច្រើន”។ 3 មែនហើយ! អុលឡោះតាអាឡាសំរាលទុក្ខ ប្រជាជននៅក្រុងស៊ីយ៉ូន ទ្រង់សំរាលទុក្ខក្រុងដែលខូចខ្ទេចខ្ទីអស់ គឺទ្រង់នឹងធ្វើឲ្យក្រុងដែលស្ងាត់ជ្រងំនេះ បានដូចជាសួនអេដែន។ ទ្រង់នឹងធ្វើឲ្យដីហួតហែងនេះ ប្រែទៅជាសួនឧទ្យានរបស់អុលឡោះតាអាឡា។ ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូន នឹងមានឮសូរសំរែកសប្បាយរីករាយ ព្រមទាំងមានបទចំរៀងអរគុណ និងមានស្នូរតូរ្យតន្ត្រីឡើងវិញ។ 4 ប្រជាជនរបស់យើងអើយ ចូរត្រងត្រាប់ស្ដាប់យើង! ប្រជាជាតិរបស់យើងអើយ ចូរផ្ទៀងត្រចៀកស្ដាប់យើង! ដ្បិតយើងនឹងបង្កើតហ៊ូកុំ យើងនឹងឲ្យការវិនិច្ឆ័យហូរចេញមក ជាពន្លឺបំភ្លឺប្រជាជនទាំងឡាយ។ 5 សេចក្ដីសុចរិតរបស់យើងនៅជិតបង្កើយ ការសង្គ្រោះរបស់យើងក៏ជិតមកដល់ដែរ យើងនឹងគ្រប់គ្រងលើប្រជាជននានា ដោយបារមីរបស់យើង មនុស្សម្នានៅតាមកោះនឹងសង្ឃឹមលើយើង ពួកគេនឹងទុកចិត្តលើបារមីរបស់យើង។ 6 ចូរងើបមុខឡើងសម្លឹងទៅលើមេឃ រួចក្រឡេកមើលមកផែនដីនេះ ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចផ្សែង ផែនដីនឹងរេចរឹលទៅដូចសម្លៀកបំពាក់ មនុស្សនៅលើផែនដីនឹងត្រូវវិនាសដូចសត្វល្អិត តែការសង្គ្រោះរបស់យើងនៅស្ថិតស្ថេរ អស់កល្បជានិច្ច ហើយសេចក្ដីសុចរិតរបស់យើង នឹងមិនសាបសូន្យឡើយ។ 7 អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ប្រជាជនដែលគោរពហ៊ូកុំរបស់យើង ដោយចិត្តស្មោះអើយ ចូរនាំគ្នាស្ដាប់យើង! មិនត្រូវខ្លាចមនុស្សលោកចំអកឲ្យឡើយ ហើយក៏មិនត្រូវចុះចាញ់ ព្រោះតែគេបន្ទាបបន្ថោកអ្នករាល់គ្នាដែរ។ 8 ដ្បិតពួកគេនឹងត្រូវវិនាស ដូចសម្លៀកបំពាក់ និងរោមចៀម ត្រូវកណ្ដៀរស៊ីបំផ្លាញ តែសេចក្ដីសុចរិត និងការសង្គ្រោះរបស់យើង នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។ 9 ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមក្រោកឡើង! សូមក្រោកឡើង សំដែងអំណាច! សូមតើនឡើង ដូចនៅជំនាន់ដើម! កាលពីបុរាណ អំណាចទ្រង់ បានប្រហារស្រុកអេស៊ីប និងចាក់ទម្លុះសត្វដ៏សំបើមនោះ។ 10 ទ្រង់បានធ្វើឲ្យសមុទ្ររីងស្ងួត ទ្រង់បានធ្វើឲ្យមហាសាគរដ៏ជ្រៅ ប្រែទៅជាផ្លូវ សម្រាប់អស់អ្នកដែល ទ្រង់បានលោះ ដើរឆ្លងកាត់។ 11 ពួកឈ្លើយសឹកដែលអុលឡោះតាអាឡាបានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ទាំងស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសំរែកយំថ្ងូរ លែងមានទៀតហើយ។ 12 អុលឡោះតាអាឡាមានបន្ទូលថា: គឺយើងនេះហើយដែលសំរាលទុក្ខអ្នករាល់គ្នា ហេតុអ្វីបានជាអ្នកភ័យខ្លាច មនុស្សដែលតែងតែស្លាប់? មនុស្សលោក នឹងត្រូវវិនាសដូចស្មៅដែរ។ 13 អ្នកភ្លេចអុលឡោះតាអាឡាដែលបានបង្កើតអ្នក គឺទ្រង់ដែលបានលាតសន្ធឹងផ្ទៃមេឃ និងចាក់គ្រឹះនៃផែនដី។ រៀងរាល់ថ្ងៃ អ្នកចេះតែភ័យញ័រនៅចំពោះមុខ មនុស្សដែលសង្កត់សង្កិន ហាក់ដូចជាគេមានកម្លាំងបំផ្លាញអ្នកបាន។ ពួកគេពុំអាចគំរាមកំហែងអ្នក រហូតតទៅបានឡើយ។ 14 បន្តិចទៀតអ្នកជាប់ឃុំឃាំងនឹងមានសេរីភាព គេមិនត្រូវស្លាប់នៅក្នុងគុកនោះទេ គេក៏មិនខ្វះម្ហូបអាហារបរិភោគដែរ។ 15 យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងធ្វើឲ្យសមុទ្រកក្រើក ព្រមទាំងធ្វើឲ្យទឹករលកបក់បោក យើងមាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ 16 យើងធ្វើឲ្យមាត់អ្នកពោលពាក្យរបស់យើង យើងលាតដៃធ្វើជាម្លប់ការពារអ្នក ដោយលាតសន្ធឹងផ្ទៃមេឃ ចាក់គ្រឹះនៃផែនដី ហើយពោលទៅកាន់អ្នកក្រុងថា “អ្នកជាប្រជាជនរបស់យើង”។ 17 យេរូសាឡឹមអើយ ចូរភ្ញាក់រលឹក ចូរក្រោកឡើង! អ្នកបានផឹកពីពែងនៃកំហឹងដ៏ខ្លាំង របស់អុលឡោះតាអាឡា អ្នកបានផឹកកំហឹងពីពែងនេះ រហូតដល់តំណក់ចុងក្រោយ គឺរហូតដល់បាត់ស្មារតី! 18 ក្នុងចំណោមកូនចៅដែលកើតចេញពីអ្នកមក គ្មាននរណាម្នាក់ដឹកនាំអ្នកសោះ ក្នុងចំណោមកូនទាំងប៉ុន្មានដែលអ្នកចិញ្ចឹម គ្មាននរណាម្នាក់ជួយឧបត្ថម្ភអ្នកវិញទេ។ 19 ទុក្ខវេទនាពីរយ៉ាងបានកើតមាន ចំពោះអ្នកផ្ទួនៗគ្នា គឺអ្នកត្រូវហិនហោច និងខ្ទេចខ្ទី ទុរ្ភិក្ស និងសង្គ្រាម តែគ្មាននរណាអាណិតអាសូរអ្នក គ្មាននរណាសំរាលទុក្ខអ្នកសោះ។ 20 កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវ ពួកគេកំរើកលែងរួច ដូចសត្វជាប់អន្ទាក់ ព្រោះអុលឡោះតាអាឡាខឹងចំពោះពួកគេ ម្ចាស់របស់អ្នកគំរាមកំហែងពួកគេ។ 21 ហេតុនេះក្រុងដែលរងទុក្ខវេទនាអើយ ចូរស្ដាប់ចុះ! អ្នកស្រវឹងតែមិនមែនស្រវឹងដោយផឹកស្រាទេ! 22 អុលឡោះតាអាឡាជាម្ចាស់របស់អ្នក គឺម្ចាស់ដែលតែងតែ រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ទ្រង់ ទ្រង់មានបន្ទូលថា: យើងលែងឲ្យអ្នកផឹកពីពែង ដែលបណ្ដាលឲ្យអ្នកបាត់ស្មារតី អ្នកនឹងលែងផឹកពីពែងនៃកំហឹង របស់យើងទៀតហើយ។ 23 យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នក ផឹកពីពែងនេះវិញ។ គឺពួកនោះដែលធ្លាប់ពោលមកអ្នកថា “ក្រាបចុះ ទុកឲ្យយើងដើរលើខ្នងឯង!” ពេលនោះ អ្នកក៏ក្រាបចុះ ធ្វើដូចដី និងដូចផ្លូវដែលគេដើរជាន់។ |
© 2014 United Bible Societies, UK.
United Bible Societies