សាការី 10 - ព្រះគម្ពីរខ្មែរសាកលព្រះយេហូវ៉ាទ្រង់ស្ដារប្រជារាស្ត្រឡើងវិញ 1 ចូរសុំភ្លៀង ពីព្រះយេហូវ៉ានៅវេលាភ្លៀងចុងរដូវ ពីព្រះយេហូវ៉ាដែលធ្វើឲ្យមានពពកព្យុះចុះ នោះព្រះអង្គនឹងប្រទានភ្លៀងគំហុកដល់អ្នក ក៏ប្រទានដំណាំបន្លែនៅស្រែចម្ការដល់មនុស្សផង។ 2 ដ្បិតរូបព្រះប្រចាំត្រកូលពោលសេចក្ដីឥតប្រយោជន៍ ហើយពួកគ្រូទាយឃើញនិមិត្តមិនពិត; ពួកគេប្រាប់យល់សប្តិឥតខ្លឹមសារ ក៏ផ្ដល់ការលួងលោមឥតប្រយោជន៍។ ហេតុនេះហើយបានជាគេដើរសាត់អណ្ដែតដូចហ្វូងចៀម គេរងទុក្ខដោយព្រោះគ្មានអ្នកគង្វាល។ 3 “កំហឹងរបស់យើងបានឆេះឡើងទាស់នឹងពួកអ្នកគង្វាល ហើយយើងនឹងដាក់ទោសពួកពពែឈ្មោល ដ្បិតព្រះយេហូវ៉ានៃពលបរិវារបានថែរក្សាហ្វូងចៀមរបស់ព្រះអង្គ គឺវង្សត្រកូលយូដា ហើយព្រះអង្គនឹងធ្វើឲ្យពួកគេបានដូចជាសេះដ៏ខ្លាំងពូកែរបស់ព្រះអង្គក្នុងចម្បាំង។ 4 ថ្មគ្រឹះនឹងចេញមកពីពួកគេ ស្នឹងរោងនឹងចេញមកពីពួកគេ ធ្នូចម្បាំងនឹងចេញមកពីពួកគេ អស់ទាំងអ្នកគ្រប់គ្រងនឹងចេញមកពីពួកគេជាមួយគ្នា។ 5 ពួកគេនឹងបានដូចជាមនុស្សខ្លាំងពូកែ ដែលជាន់ឈ្លីក្នុងភក់តាមផ្លូវក្នុងចម្បាំង។ ពួកគេនឹងច្បាំងដោយព្រោះមានព្រះយេហូវ៉ាគង់នៅជាមួយពួកគេ ហើយធ្វើឲ្យពួកអ្នកជិះសេះអាម៉ាស់មុខផង។ 6 យើងនឹងពង្រឹងវង្សត្រកូលយូដា យើងនឹងសង្គ្រោះវង្សត្រកូលយ៉ូសែប។ យើងនឹងនាំពួកគេត្រឡប់មកវិញ ពីព្រោះយើងអាណិតអាសូរពួកគេ នោះពួកគេនឹងបានដូចជាមិនត្រូវយើងបោះបង់ចោល ដ្បិតយើងជាយេហូវ៉ា ជាព្រះរបស់ពួកគេ ហើយយើងនឹងឆ្លើយតបនឹងពួកគេ។ 7 ពេលនោះ អេប្រាអិមនឹងបានដូចជាមនុស្សខ្លាំងពូកែ ហើយចិត្តរបស់ពួកគេនឹងអរសប្បាយឡើង ដូចជាដោយសារស្រាទំពាំងបាយជូរ។ កូនចៅរបស់ពួកគេនឹងឃើញ ហើយអរសប្បាយដែរ ចិត្តរបស់ពួកគេនឹងត្រេកអរក្នុងព្រះយេហូវ៉ា។ 8 យើងនឹងហួចហៅពួកគេ ហើយប្រមូលពួកគេមក ពីព្រោះយើងបានលោះពួកគេហើយ នោះពួកគេនឹងកើនចំនួនឡើងដូចដែលពួកគេធ្លាប់កើនចំនួនឡើងដែរ។ 9 ទោះបីជាយើងសាបព្រោះពួកគេទៅក្នុងចំណោមប្រជាជាតិនានាក៏ដោយ ក៏ពួកគេនឹងនឹកចាំយើងនៅក្នុងស្រុកឆ្ងាយ ហើយពួកគេជាមួយកូនចៅរបស់ពួកគេ នឹងមានជីវិតរស់ ហើយត្រឡប់មកវិញ។ 10 យើងនឹងនាំពួកគេត្រឡប់មកពីដែនដីអេហ្ស៊ីបវិញ ហើយប្រមូលពួកគេពីអាស្ស៊ីរី យើងនឹងនាំពួកគេមកដល់តំបន់កាឡាត និងលីបង់ រហូតដល់គ្មានសល់កន្លែងសម្រាប់ពួកគេ។ 11 ព្រះអង្គនឹងឆ្លងកាត់សមុទ្រនៃទុក្ខវេទនា ហើយវាយរលកសមុទ្រ នោះអស់ទាំងទីជម្រៅរបស់ទន្លេនីលនឹងរីងស្ងួត អំនួតរបស់អាស្ស៊ីរីនឹងត្រូវបានទម្លាក់ចុះ ហើយដំបងរាជ្យរបស់អេហ្ស៊ីបនឹងបាត់ទៅ។ 12 យើងនឹងពង្រឹងពួកគេក្នុងព្រះយេហូវ៉ា ហើយពួកគេនឹងដើរក្នុងព្រះនាមរបស់ព្រះអង្គ”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៕ |