Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

វិវរណៈ 12 - ព្រះគម្ពីរខ្មែរសាកល


ស្ត្រី កូន និងនាគ

1 ពេលនោះ មាន​ទីសម្គាល់​ដ៏ធំ​មួយ​លេចមក​នៅ​លើមេឃ គឺ​ស្ត្រី​ម្នាក់​ស្លៀកពាក់​ព្រះអាទិត្យ មាន​ព្រះចន្ទ​នៅក្រោម​ជើង​នាង ហើយ​នៅលើ​ក្បាល​នាង​មាន​មកុដ​ជា​ផ្កាយ​ដប់ពីរ​។

2 នាង​មានផ្ទៃពោះ ក៏​ស្រែកឡើង​ដោយ​ឈឺពោះឆ្លងទន្លេ ហើយ​សម្រាល​កូន​ទាំង​ឈឺចាប់​។

3 បន្ទាប់មក មាន​ទីសម្គាល់​មួយទៀត​លេចមក​នៅ​លើមេឃ មើល៍! មាន​នាគ​ក្រហម​ដ៏ធំ​មួយ​ដែល​មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់ ហើយ​នៅលើ​ក្បាល​របស់​វា​មាន​មកុដរាជ្យ​ប្រាំពីរ​។

4 រីឯ​កន្ទុយ​របស់​វា​កៀរយក​មួយភាគបី​នៃ​ផ្កាយ​លើមេឃ ហើយ​គ្រវែងមក​លើ​ផែនដី​។ នាគ​នោះ​បាន​ឈរ​នៅមុខ​ស្ត្រី​ដែល​រៀបនឹង​សម្រាល​កូន ដើម្បី​កាលណា​នាង​សម្រាល​កូន​មក វា​នឹង​ស៊ី​កូននោះ​។

5 ស្ត្រីនោះ​សម្រាល​បាន​កូនប្រុស​មួយ ដែល​ត្រូវ​គ្រប់គ្រង​ប្រជាជាតិ​ទាំងអស់​ដោយ​ដំបង​ដែក ហើយ​កូន​របស់​នាង​នោះ​ក៏​ត្រូវបាន​ឆក់យក​ទៅ​ដល់​ព្រះ និង​ដល់​បល្ល័ង្ក​របស់​ព្រះអង្គ​។

6 ស្ត្រី​នោះ​បាន​រត់គេច​ទៅ​ទីរហោស្ថាន​។ នៅ​ទីនោះ​មាន​កន្លែង​ដែល​ព្រះ​បាន​រៀបចំ​សម្រាប់​នាង ដើម្បីឲ្យ​គេ​បាន​ចិញ្ចឹម​នាង​ក្នុងរយៈពេល​មួយពាន់ពីររយហុកសិប​ថ្ងៃ​។


នាគត្រូវបានទម្លាក់ពីលើមេឃ

7 ក្រោយមក មាន​សង្គ្រាម​កើតឡើង​នៅ​លើមេឃ គឺ​មីកែល និង​បណ្ដា​ទូតសួគ៌​របស់​គាត់​បាន​ច្បាំង​នឹង​នាគ ហើយ​នាគ និង​ពួក‍បរិវារ​របស់​វា​ក៏​តយុទ្ធ​ដែរ

8 ប៉ុន្តែ​វា​មិន​បាន​ឈ្នះ​ទេ ហើយ​លែងមាន​កន្លែង​សម្រាប់​ពួកវា​នៅ​លើមេឃ​ទៀត​ឡើយ​។

9 ដូច្នេះ នាគ​ដ៏ធំ​នោះ​ក៏​ត្រូវបាន​ទម្លាក់ចុះ​។ វា​ជា​ពស់​ពីបុរាណ​ដែល​ហៅថា​មារ​ផង សាតាំង​ផង ជា​អ្នក​ដែល​បោកបញ្ឆោត​ពិភពលោក​ទាំងមូល​។ វា​ត្រូវបាន​ទម្លាក់ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​របស់​វា​ក៏​ត្រូវបាន​ទម្លាក់ចុះ​ជាមួយ​វា​ដែរ​។

10 បន្ទាប់មក ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​នៅ​លើមេឃ ពោលឡើងថា​៖ “ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្ដា និង​អាណាចក្រ​របស់​ព្រះ​នៃយើង ព្រមទាំង​សិទ្ធិអំណាច​នៃ​ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ បាន​មក​ដល់​ហើយ​! ដ្បិត​អ្នកចោទប្រកាន់​បងប្អូន​យើង ជា​អ្នក​ដែល​ចោទប្រកាន់​ពួកគេ​នៅចំពោះ​ព្រះ​នៃយើង​ទាំងយប់ទាំងថ្ងៃ ត្រូវបាន​ទម្លាក់ចោល​ហើយ​។

11 ពួកគេ​បាន​ឈ្នះ​វា​ដោយ​ព្រះលោហិត​របស់​កូនចៀម និង​ដោយ​ពាក្យ​នៃ​ទីបន្ទាល់​របស់​ពួកគេ ដ្បិត​ពួកគេ​មិន​បាន​ស្រឡាញ់​ជីវិត​របស់​ខ្លួន​ឡើយ ទោះបីជា​ត្រូវ​ស្លាប់​ក៏ដោយ​។

12 ដោយហេតុនេះ មេឃ និង​អ្នក​ដែល‍ស្ថិតនៅ​ទីនោះ​អើយ ចូរ​អបអរ​ចុះ​! ប៉ុន្តែ​វេទនា​ដល់​ផែនដី និង​សមុទ្រ​ហើយ ដ្បិត​មារ​បាន​ចុះមក​រក​អ្នករាល់គ្នា ទាំង​មាន​ភាពក្ដៅក្រហាយ​យ៉ាងខ្លាំង ដោយ​ដឹង​ថា វា​មាន​ពេលវេលា​ខ្លី​ណាស់”។


នាគបៀតបៀនស្ត្រី

13 នៅពេល​នាគ​នោះ​ឃើញ​ថា វា​ត្រូវបាន​ទម្លាក់ចុះ​មក​ផែនដី វា​ក៏​ដេញតាម​ស្ត្រី​ដែល​សម្រាល​កូនប្រុស​នោះ​។

14 ប៉ុន្តែ​មាន​ស្លាប​ពីរ​របស់​ឥន្ទ្រី​ដ៏ធំ បាន​ប្រទាន​ដល់​ស្ត្រី​នោះ ដើម្បីឲ្យ​នាង​បាន​ហើរ​ទៅ​ឆ្ងាយ​ពី​មុខ​សត្វពស់​នោះ ទៅ​កន្លែង​របស់​នាង​ក្នុង​ទីរហោស្ថាន ទីនោះ​ជា​កន្លែងដែល​នាង​ត្រូវបាន​ចិញ្ចឹម​ក្នុងរយៈពេល​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា​។

15 ពស់​នោះ​បាន​ព្រួស​ទឹក​ចេញពី​មាត់​របស់​វា ដូចជា​ទន្លេ​តាមពីក្រោយ​ស្ត្រី​នោះ ដើម្បី​បន្សាត់​នាង​ទៅតាមទឹកជំនន់​។

16 ប៉ុន្តែ​ផែនដី​បាន​ជួយ​ស្ត្រី​នោះ ដោយ​ហា​មាត់​លេប​ទន្លេ​ដែល​នាគ​បាន​ព្រួស​ចេញពី​មាត់​វា​។

17 ដូច្នេះ នាគ​ខឹង​នឹង​ស្ត្រី​នោះ ក៏​ចេញទៅ​ធ្វើ​សង្គ្រាម​ទាស់នឹង​ពូជពង្ស​ឯទៀត​ៗ​របស់​នាង ជា​អ្នក​ដែល​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះ និង​រក្សា​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។

18 រួច​វា​ឈរ​នៅ​ឆ្នេរខ្សាច់​តាម​មាត់​សមុទ្រ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម