Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 77 - ព្រះគម្ពីរខ្មែរសាកល


ព្រះជាកម្លាំងក្នុងគ្រាមានទុក្ខវេទនា
បទតម្កើង​របស់​អេសាភ សម្រាប់​យេឌូថិន​អ្នកដឹកនាំចម្រៀង​។

1 សំឡេង​របស់ខ្ញុំ​ឆ្ពោះទៅ​ព្រះ គឺ​ខ្ញុំ​បាន​ស្រែកឡើង សំឡេង​របស់ខ្ញុំ​ឆ្ពោះទៅ​ព្រះ នោះ​ព្រះអង្គ​បាន​ផ្ទៀងព្រះកាណ៌​នឹង​ខ្ញុំ​។

2 នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា​របស់ខ្ញុំ ខ្ញុំ​បាន​ស្វែងរក​ព្រះអម្ចាស់​របស់ខ្ញុំ ដៃ​របស់ខ្ញុំ​លាតចេញ​នៅ​ពេលយប់ ហើយ​មិន​ល្វើយ​ឡើយ ព្រលឹង​របស់ខ្ញុំ​បដិសេធ​ការ​សម្រាលទុក្ខ​។

3 ខ្ញុំ​នឹកចាំ​ព្រះ ក៏​ស្រែកថ្ងូរ ខ្ញុំ​សញ្ជឹងគិត ហើយ​វិញ្ញាណ​របស់ខ្ញុំ​ក៏​ចុះខ្សោយ​។ សេឡា

4 ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​បិទភ្នែកមិនបាន​; ទូលបង្គំ​មានអំពល់ រហូតដល់​និយាយមិនចេញ​។

5 ទូលបង្គំ​រិះគិត​អំពី​អស់ទាំង​ថ្ងៃ​កាលពីបុរាណ គឺ​អស់ទាំង​ឆ្នាំ​ដ៏យូរលង់មកហើយ​។

6 ទូលបង្គំ​នឹកឃើញ​ចម្រៀង​របស់ទូលបង្គំ​នៅ​ពេលយប់ ទូលបង្គំ​សញ្ជឹងគិត​ក្នុងចិត្ត ហើយ​វិញ្ញាណ​របស់ទូលបង្គំ​ស្វែងយល់​ថា​៖

7 “តើ​ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​បោះបង់ចោល​ជារៀងរហូត ហើយ​មិន​សព្វព្រះហឫទ័យ​ទៀត​ទេ​ឬ​?

8 តើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​បាន​អស់ទៅ​ជាដរាប​ឬ​? តើ​សេចក្ដីសន្យា​របស់ព្រះអង្គ​បាន​បញ្ចប់​ទៅ​រហូតដល់​គ្រប់ជំនាន់​ឬ​?

9 តើ​ព្រះ​បាន​ភ្លេច​សម្ដែងព្រះគុណ​ឬ​? ឬមួយក៏​ព្រះអង្គ​បាន​បញ្ឈប់​សេចក្ដីមេត្តា​របស់ព្រះអង្គ​ដោយ​ព្រះពិរោធ​ឬ​?”។ សេឡា

10 នោះ​ខ្ញុំ​ក៏​និយាយថា​៖ “ការដែល​ខ្ញុំ​ឈឺផ្សា​មកពី​ការនេះ​ឯង គឺ​ព្រះហស្តស្ដាំ​របស់​ព្រះ​ដ៏ខ្ពស់បំផុត​បាន​ប្រែប្រួល​ហើយ”។

11 ខ្ញុំ​នឹង​នឹកចាំ​កិច្ចការ​របស់​ព្រះយេហូវ៉ា មែនហើយ ខ្ញុំ​នឹង​នឹកចាំ​កិច្ចការដ៏អស្ចារ្យ​តាំងពីបុរាណ​របស់ព្រះអង្គ​។

12 ទូលបង្គំ​នឹង​ជញ្ជឹងគិត​អំពី​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ ក៏​នឹង​សញ្ជឹងគិត​អំពី​ការប្រព្រឹត្ត​របស់ព្រះអង្គ​ផង​។

13 ឱ​ព្រះ​អើយ ផ្លូវ​របស់ព្រះអង្គ​គឺ​វិសុទ្ធ តើ​មាន​ព្រះ​ណា​ធំឧត្ដម​ដូច​ព្រះ​នៃយើងខ្ញុំ​?

14 ព្រះអង្គ​ជា​ព្រះ​ដែល​ធ្វើ​កិច្ចការដ៏អស្ចារ្យ ព្រះអង្គ​ទ្រង់​សម្ដែង​ព្រះចេស្ដា​របស់ព្រះអង្គ​ក្នុងចំណោម​បណ្ដាជន​។

15 ព្រះអង្គ​បាន​ប្រោសលោះ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដោយ​ព្រះពាហុ គឺ​កូនចៅ​របស់​យ៉ាកុប និង​យ៉ូសែប​។ សេឡា

16 ឱ​ព្រះ​អើយ ទឹក​ដ៏ច្រើន​បាន​ឃើញ​ព្រះអង្គ ទឹក​ដ៏ច្រើន​បាន​ឃើញ​ព្រះអង្គ ក៏​រញ្ជួយ ហើយ​ទីជម្រៅ​ក៏​ញ័រ​ដែរ​!

17 ពពកដ៏ក្រាស់​បាន​ចាក់​ទឹក​ចេញ ផ្ទៃមេឃ​បាន​បន្លឺ​សំឡេង ហើយ​ព្រួញ​របស់ព្រះអង្គ​ក៏​បាញ់ចេញទៅគ្រប់ទិស​ដែរ​។

18 សំឡេង​ផ្គរលាន់​របស់ព្រះអង្គ​នៅក្នុង​ខ្យល់កួច ផ្លេកបន្ទោរ​បាន​បំភ្លឺ​ពិភពលោក ហើយ​ផែនដី​បាន​ញ័រ ព្រមទាំង​រញ្ជួយ​ផង​។

19 ផ្លូវ​របស់ព្រះអង្គ​ឆ្លងកាត់​សមុទ្រ ហើយ​គន្លង​របស់ព្រះអង្គ​ឆ្លងកាត់​ទឹក​ដ៏ច្រើន ប៉ុន្តែ​គ្មានអ្នកណា​ស្គាល់​ដានព្រះបាទា​របស់ព្រះអង្គ​ឡើយ​។

20 ព្រះអង្គ​បាន​ដឹកនាំ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដូចជា​ហ្វូងចៀម តាមរយៈ​ដៃ​របស់​ម៉ូសេ និង​អើរ៉ុន​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម