Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 89 - ព្រះគម្ពីរខ្មែរសាកល


ស្ងើចចំពោះសម្ពន្ធមេត្រីរបស់ព្រះ
ទំនុក​ម៉ាស្គីល ​របស់​អេថាន ជា​ពួកអែសរ៉ា​។

1 ខ្ញុំ​នឹង​ច្រៀង​អំពី​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា​ជារៀងរហូត ខ្ញុំ​នឹង​ធ្វើឲ្យ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ ត្រូវគេ​ស្គាល់​ដោយ​មាត់​របស់ខ្ញុំ​ពីជំនាន់មួយទៅជំនាន់មួយ​។

2 ខ្ញុំ​នឹង​និយាយថា​៖ “សេចក្ដីស្រឡាញ់ឥតប្រែប្រួល​នឹង​ត្រូវបាន​កសាង​ឲ្យនៅ​ជារៀងរហូត​; ព្រះអង្គ​នឹង​ធ្វើឲ្យ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ស្ថិតស្ថេរ​នៅលើ​មេឃ”។

3 ព្រះអង្គមានបន្ទូលថា​៖ “យើង​បាន​តាំង​សម្ពន្ធមេត្រី​ជាមួយ​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង យើង​បាន​ស្បថ​នឹង​ដាវីឌ​អ្នកបម្រើ​របស់យើង​ថា

4 យើង​នឹង​ធ្វើឲ្យ​ពូជពង្ស​របស់អ្នក​ស្ថិតស្ថេរ​ជារៀងរហូត យើង​នឹង​ស្ថាបនា​បល្ល័ង្ក​របស់អ្នក​ឲ្យនៅ​ពីជំនាន់មួយទៅជំនាន់មួយ”។ សេឡា

5 ព្រះយេហូវ៉ា​អើយ បណ្ដាមេឃ​សរសើរតម្កើង​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​នៅក្នុង​អង្គប្រជុំ​នៃ​វិសុទ្ធជន​!

6 ដ្បិត​តើ​មាន​អ្នកណា​នៅលើ​មេឃ​ដែល​អាច​ប្រៀបផ្ទឹម​នឹង​ព្រះយេហូវ៉ា​បាន​? តើ​មាន​អ្នកណា​ក្នុងចំណោម​កូន​ទាំងឡាយ​របស់​ព្រះ ដែល​ដូច​ព្រះយេហូវ៉ា​?

7 ព្រះអង្គ​ជា​ព្រះ​ដែល​គួរឲ្យកោតខ្លាច​យ៉ាងខ្លាំង​នៅក្នុង​អង្គប្រជុំ​របស់​វិសុទ្ធជន ហើយ​គួរឲ្យស្ញែងខ្លាច​ជាង​អស់អ្នក​ដែលនៅ​ជុំវិញ​ព្រះអង្គ​ទៅទៀត​។

8 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​ពលបរិវារ​អើយ តើ​នរណា​ខ្លាំងពូកែ​ដូច​ព្រះអង្គ​? ព្រះយេហូវ៉ា​អើយ សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​នៅ​ជុំវិញ​ព្រះអង្គ​!

9 ព្រះអង្គ​ទ្រង់​គ្រប់គ្រង​លើ​សមុទ្រ​បក់បោក​; នៅពេល​រលក​របស់វា​ខ្ជោលឡើង ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​វា​ស្ងប់​។

10 ព្រះអង្គ​បាន​ជាន់កម្ទេច​រ៉ាហាប់​ដូចជា​មនុស្ស​ដែលត្រូវគេសម្លាប់ ព្រះអង្គ​បាន​កម្ចាត់កម្ចាយ​ខ្មាំងសត្រូវ​របស់ព្រះអង្គ ដោយ​ព្រះពាហុ​ដ៏រឹងមាំ​របស់ព្រះអង្គ​។

11 បណ្ដាមេឃ​ជារបស់​ព្រះអង្គ ផែនដី​ក៏​ជារបស់​ព្រះអង្គ​ដែរ​; ពិភពលោក និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ ព្រះអង្គ​បាន​តាំង​វា​ឡើង​;

12 ទិសខាងជើង និង​ទិសខាងត្បូង ក៏​ព្រះអង្គ​បាន​និម្មិតបង្កើត​ដែរ​; ភ្នំតាបោរ និង​ភ្នំហ៊ើរម៉ូន​ស្រែកហ៊ោសប្បាយ​ក្នុង​ព្រះនាម​របស់ព្រះអង្គ​។

13 ព្រះអង្គ​មាន​ព្រះពាហុ​ប្រកបដោយ​ព្រះចេស្ដា ព្រះហស្ត​របស់ព្រះអង្គ​ខ្លាំងពូកែ ព្រះហស្តស្ដាំ​របស់ព្រះអង្គ​ត្រូវបាន​លើកឡើង​។

14 សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌​ជា​គ្រឹះ​នៃ​បល្ល័ង្ក​របស់ព្រះអង្គ សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ដើរនៅមុខ​ព្រះអង្គ​។

15 មានពរ​ហើយ ប្រជារាស្ត្រ​ដែល​ស្គាល់​សម្រែកហ៊ោសប្បាយ​! ព្រះយេហូវ៉ា​អើយ ពួកគេ​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​!

16 ពួកគេ​ត្រេកអរ​ក្នុង​ព្រះនាម​របស់ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច ហើយក៏​ត្រូវបាន​តម្កើងឡើង​ក្នុង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​។

17 ដ្បិត​ព្រះអង្គ​ជា​សិរីរុងរឿង​នៃ​កម្លាំង​របស់ពួកគេ ហើយ​ស្នែង​របស់យើងខ្ញុំ​ត្រូវបាន​តម្កើងឡើង​ដោយ​ការសព្វព្រះហឫទ័យ​របស់ព្រះអង្គ​;

18 ដ្បិត​ខែល​របស់យើងខ្ញុំ​ជារបស់​ព្រះយេហូវ៉ា ហើយ​ព្រះមហាក្សត្រ​របស់យើងខ្ញុំ​ជារបស់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។

19 គ្រានោះ ព្រះអង្គ​បាន​ប្រកាស​ដល់​វិសុទ្ធជន​របស់ព្រះអង្គ​ក្នុង​និមិត្ត​ថា​៖ “យើង​បាន​ឲ្យ​ជំនួយ​ដល់​មនុស្ស​ខ្លាំងពូកែ យើង​បាន​លើកតម្កើង​មនុស្សដែល​ត្រូវបាន​ជ្រើសរើស​ពីចំណោម​ប្រជាជន​។

20 យើង​បាន​រកឃើញ​ដាវីឌ​អ្នកបម្រើ​របស់យើង យើង​បាន​ចាក់ប្រេងអភិសេក​លើ​គាត់​ដោយ​ប្រេង​ដ៏វិសុទ្ធ​របស់យើង

21 ដើម្បីឲ្យ​ដៃ​របស់យើង​បាន​នៅស្ថិតស្ថេរ​ជាមួយ​គាត់ ហើយ​ដើមដៃ​របស់យើង​បាន​ធ្វើឲ្យ​គាត់​រឹងមាំ​។

22 ខ្មាំងសត្រូវ​នឹង​សង្គ្រុប​លើ​គាត់​មិនបានឡើយ ហើយ​កូនចៅ​នៃ​សេចក្ដីទុច្ចរិត​ក៏​នឹង​ធ្វើទុក្ខ​គាត់​មិនបាន​ដែរ​។

23 យើង​នឹង​វាយកម្ទេច​បច្ចាមិត្ត​របស់គាត់​នៅមុខ​គាត់ ហើយ​ប្រហារ​អ្នកដែល​ស្អប់​គាត់​។

24 សេចក្ដីស្មោះត្រង់ និង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់យើង​នឹង​នៅជាមួយ​គាត់ ហើយ​ស្នែង​របស់គាត់​នឹង​ត្រូវបាន​តម្កើងឡើង​ក្នុង​នាម​របស់យើង​។

25 យើង​នឹង​តាំង​ដៃ​របស់គាត់​នៅលើ​សមុទ្រ ក៏​នឹង​តាំង​ដៃស្ដាំ​របស់គាត់​នៅលើ​ទន្លេ​នានា​។

26 គាត់​នឹង​ស្រែកហៅ​យើង​ថា​: ‘ព្រះអង្គ​ជា​ព្រះបិតា​នៃទូលបង្គំ ជា​ព្រះ​នៃទូលបង្គំ និង​ជា​ថ្មដា​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ’។

27 យើង​ក៏​នឹង​ធ្វើឲ្យ​គាត់​ទៅជា​កូនច្បង គឺជា​អ្នក​ដ៏ខ្ពស់បំផុត​ក្នុងចំណោម​បណ្ដា​ស្ដេច​នៃ​ផែនដី​។

28 យើង​នឹង​រក្សា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់យើង​ចំពោះ​គាត់​ជារៀងរហូត ហើយ​សម្ពន្ធមេត្រី​របស់យើង​នឹង​នៅស្ថិតស្ថេរ​សម្រាប់​គាត់​។

29 យើង​នឹង​តាំង​ពូជពង្ស​របស់គាត់​ឡើង​ជារៀងរហូត ហើយ​តាំង​បល្ល័ង្ក​របស់គាត់​ឡើង​ឲ្យបាន​ដូច​អាយុកាល​របស់​ផ្ទៃមេឃ​។

30 ប្រសិនបើ​កូនចៅ​របស់គាត់​បោះបង់ចោល​ក្រឹត្យវិន័យ​របស់យើង ហើយ​មិន​ដើរតាម​ច្បាប់​របស់យើង​ទេ

31 ប្រសិនបើ​ពួកគេ​បំពាន​បទបញ្ញត្តិ​របស់យើង ហើយ​មិន​កាន់តាម​សេចក្ដីបង្គាប់​របស់យើង​ទេ

32 នោះ​យើង​នឹង​ដាក់ទោស​ចំពោះ​ការបំពាន​របស់ពួកគេ​ដោយ​រំពាត់ ក៏​នឹង​ដាក់ទោស​ចំពោះ​អំពើទុច្ចរិត​របស់ពួកគេ​ដោយ​ខ្សែតី​។

33 យ៉ាងណាមិញ យើង​នឹង​មិន​ដក​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់យើង​ចេញ​ពី​គាត់​ឡើយ ហើយក៏​មិន​អាក់ខាន​ចំពោះ​សេចក្ដីស្មោះត្រង់​របស់យើង​ដែរ​។

34 យើង​នឹង​មិន​ក្បត់​សម្ពន្ធមេត្រី​របស់យើង ឬ​ផ្លាស់ប្ដូរ​អ្វីដែលចេញ​ពី​បបូរមាត់​របស់យើង​ឡើយ​។

35 យើង​បាន​ស្បថ​ម្ដង​ហើយ ដោយ​អាង​ភាពវិសុទ្ធ​របស់យើង យើង​នឹង​មិន​ភូតភរ​ដាវីឌ​ឡើយ​។

36 ពូជពង្ស​របស់គាត់​នឹង​នៅស្ថិតស្ថេរ​ជារៀងរហូត ហើយ​បល្ល័ង្ក​របស់គាត់​នឹងបាន​ដូចជា​ព្រះអាទិត្យ​នៅចំពោះ​យើង​។

37 បល្ល័ង្កនោះ​នឹង​ត្រូវបាន​តាំងឡើង​ឲ្យនៅ​ជារៀងរហូត​ដូចជា​ព្រះចន្ទ គឺ​ដូចជា​សាក្សី​ស្មោះត្រង់​នៅលើ​មេឃ”។ សេឡា

38 ប៉ុន្តែ​សព្វថ្ងៃនេះ ព្រះអង្គ​បាន​បោះបង់ចោល និង​បាន​បដិសេធ​; ព្រះអង្គ​បាន​ព្រះពិរោធយ៉ាងខ្លាំង​ចំពោះ​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​។

39 ព្រះអង្គ​បាន​ធ្វើឲ្យ​សម្ពន្ធមេត្រី​របស់​បាវបម្រើ​ព្រះអង្គ​ទៅជាមោឃៈ ហើយ​បន្ទាបបន្ថោក​មកុដ​របស់គាត់​ដល់​ដី​។

40 ព្រះអង្គ​បាន​ទម្លាយ​អស់ទាំង​កំពែង​របស់គាត់ ព្រះអង្គ​បាន​ធ្វើឲ្យ​បន្ទាយ​របស់គាត់​ទៅជា​ទីបាក់បែក​។

41 អស់អ្នក​ដែល​ដើរកាត់​ផ្លូវ​បាន​ប្លន់​គាត់​; គាត់​បាន​ទៅជា​ទីត្មះតិះដៀល​ដល់​ពួក​អ្នកជិតខាង​របស់ខ្លួន​។

42 ព្រះអង្គ​បាន​លើក​ដៃស្ដាំ​ពួក​បច្ចាមិត្ត​របស់គាត់​ឡើង ព្រះអង្គ​បាន​ធ្វើឲ្យ​អស់ទាំង​ខ្មាំងសត្រូវ​របស់គាត់​អរសប្បាយ​។

43 ព្រះអង្គ​បាន​បង្វែរ​មុខ​ដាវ​របស់គាត់​មកវិញ ហើយ​មិន​ឲ្យ​គាត់​ឈរមាំ​នៅក្នុង​សង្គ្រាម​ឡើយ​។

44 ព្រះអង្គ​បាន​បញ្ចប់​ភាពរុងរឿង​របស់គាត់ ហើយ​ទម្លាក់​បល្ល័ង្ក​របស់គាត់​ដល់​ដី​។

45 ព្រះអង្គ​បាន​បន្ថយ​ថ្ងៃ​នៃ​យុវវ័យ​របស់គាត់​ឲ្យខ្លី ព្រះអង្គ​បាន​គ្របដណ្ដប់​គាត់​ដោយ​សេចក្ដីអាម៉ាស់​។ សេឡា

46 ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​? តើ​ព្រះអង្គ​នឹង​លាក់អង្គទ្រង់​ជាដរាប​ឬ​? តើ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​នឹង​នៅតែ​ឆេះ​ដូច​ភ្លើង​ឬ​?

47 សូម​នឹកចាំ​ថា​អាយុជីវិត​របស់​ទូលបង្គំ​ខ្លី​យ៉ាងណា​; ព្រះអង្គ​បាន​និម្មិតបង្កើត​មនុស្សលោក​ទាំងអស់​ជា​ការឥតប្រយោជន៍​យ៉ាងណាហ្ន៎​!

48 តើ​មាន​មនុស្សណា​អាច​រស់​ដោយ​មិន​ឃើញ​សេចក្ដីស្លាប់​បាន​ឬ​? តើ​មាន​មនុស្សណា​អាច​រំដោះ​ព្រលឹង​របស់ខ្លួន​ពី​កណ្ដាប់ដៃ​របស់​ស្ថានមនុស្សស្លាប់​បាន​ឬ​? សេឡា

49 ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​កាលពីមុន ដែល​ព្រះអង្គ​បាន​ស្បថ​នឹង​ដាវីឌ​ដោយ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ តើ​នៅ​ឯណា​?

50 ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​នឹកចាំ​អំពី​ការត្មះតិះដៀល​ចំពោះ​បាវបម្រើ​របស់ព្រះអង្គ​ផង សូម​នឹកចាំ​ថា​ទូលបង្គំ​ផ្ទុក​ការត្មះតិះដៀល​ពី​ប្រជាជាតិទាំងអស់​ក្នុង​ទ្រូង​របស់ទូលបង្គំ​!

51 ព្រះយេហូវ៉ា​អើយ សូមនឹកចាំថា​ខ្មាំងសត្រូវ​របស់ព្រះអង្គ​បាន​ត្មះតិះដៀល​យ៉ាងណា គឺ​បាន​ត្មះតិះដៀល​ជំហាន​របស់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​យ៉ាងណា​!

52 សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ជារៀងរហូត​។ អាម៉ែន​! អាម៉ែន​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម