Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 44 - ព្រះគម្ពីរខ្មែរសាកល


សុំព្រះកុំឲ្យបោះបង់ចោល
ទំនុក​ម៉ាស្គីល ​របស់​កូនចៅ​កូរ៉ា សម្រាប់​អ្នកដឹកនាំចម្រៀង​។

1 ឱ​ព្រះ​អើយ យើងខ្ញុំ​បាន​ឮ​នឹង​ត្រចៀក​យើងខ្ញុំ គឺ​ដូនតា​របស់យើងខ្ញុំ​បាន​ប្រាប់​យើងខ្ញុំ នូវ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​សម័យ​របស់ពួកគាត់ គឺ​នៅ​សម័យ​បុរាណ​។

2 ព្រះអង្គ​បាន​បណ្ដេញ​ប្រជាជាតិ​នានា​ចេញ​ដោយ​ព្រះហស្ត​របស់ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​បាន​ដាំ​ដូនតារបស់យើងខ្ញុំ​វិញ​; ព្រះអង្គ​បាន​ធ្វើទុក្ខ​ជាតិសាសន៍​នានា ប៉ុន្តែ​ព្រះអង្គ​បាន​ធ្វើឲ្យ​ដូនតារបស់យើងខ្ញុំ​ចម្រើនឡើង​វិញ​។

3 ជាការពិត ពួកគាត់​ចាប់យក​ទឹកដី មិនមែន​ដោយ​ដាវ​របស់ខ្លួន​ទេ ហើយ​ដើមដៃ​របស់ពួកគាត់​ក៏​មិន​បាន​សង្គ្រោះ​ពួកគាត់​ដែរ គឺ​ព្រះហស្តស្ដាំ និង​ព្រះពាហុ​របស់ព្រះអង្គ ព្រមទាំង​ពន្លឺ​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​វិញ ដ្បិត​ព្រះអង្គ​បាន​សព្វព្រះហឫទ័យ​នឹង​ពួកគាត់​។

4 ឱ​ព្រះ​អើយ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​នៃទូលបង្គំ សូម​បង្គាប់​សេចក្ដីសង្គ្រោះ​ឲ្យមានដល់​យ៉ាកុប​ផង​!

5 តាមរយៈ​ព្រះអង្គ យើងខ្ញុំ​ច្រានផ្ដួល​បច្ចាមិត្ត​របស់យើងខ្ញុំ តាមរយៈ​ព្រះនាម​របស់ព្រះអង្គ យើងខ្ញុំ​ជាន់ឈ្លី​ពួក​អ្នកតតាំង​នឹង​យើងខ្ញុំ​;

6 ដ្បិត​ទូលបង្គំ​មិន​ទុកចិត្ត​លើ​ធ្នូ​របស់ទូលបង្គំ​ឡើយ ហើយ​ដាវ​របស់ទូលបង្គំ​ក៏​សង្គ្រោះ​ទូលបង្គំ​មិនបាន​ដែរ​។

7 គឺ​ព្រះអង្គ​វិញ ដែល​បាន​សង្គ្រោះ​យើងខ្ញុំ​ពី​ពួក​បច្ចាមិត្ត​របស់យើងខ្ញុំ ហើយ​ធ្វើឲ្យ​ពួកអ្នកដែល​ស្អប់​យើងខ្ញុំ​អាម៉ាស់មុខ​។

8 វាល់ព្រឹកវាល់ល្ងាច យើងខ្ញុំ​អួត​ក្នុង​ព្រះ ហើយ​យើងខ្ញុំ​នឹង​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ​ជារៀងរហូត​។ សេឡា

9 ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​បោះបង់​យើងខ្ញុំ​ចោល ហើយ​ធ្វើឲ្យ​យើងខ្ញុំ​អាម៉ាស់ ក៏​មិន​យាង​ចេញទៅ​ជាមួយ​កងទ័ព​របស់យើងខ្ញុំ​ដែរ​។

10 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​យើងខ្ញុំ​ថយទៅ​ក្រោយ​វិញ​នៅចំពោះ​បច្ចាមិត្ត ហើយ​ពួកអ្នកដែល​ស្អប់​យើងខ្ញុំ​បាន​រឹបជាន់យក​តាមអំពើចិត្ត​។

11 ព្រះអង្គ​ទ្រង់​ប្រគល់​យើងខ្ញុំ​ទៅ ដូច​ចៀម​សម្រាប់ជា​អាហារ ហើយ​កម្ចាត់កម្ចាយ​យើងខ្ញុំ​ទៅក្នុង​ប្រជាជាតិ​នានា​។

12 ព្រះអង្គ​ទ្រង់​លក់​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដោយ​ឥតគិតថ្លៃ គឺ​មិន​បាន​ចំណេញ​ពី​តម្លៃ​របស់ពួកគេ​ឡើយ​។

13 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​យើងខ្ញុំ​ទៅជា​ទីត្មះតិះដៀល​ដល់​អ្នកជិតខាង​របស់យើងខ្ញុំ ក៏​ធ្វើឲ្យ​យើងខ្ញុំ​ទៅជា​ទីឡកឡឺយ និង​ជា​ទីសើចចំអក​ដល់​អ្នកដែលនៅ​ជុំវិញ​យើងខ្ញុំ​។

14 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​យើងខ្ញុំ​ទៅជា​ពាក្យប្រដូចបង្អាប់​នៅក្នុងចំណោម​ប្រជាជាតិ​នានា និងជា​ទីគ្រវីក្បាល​នៅក្នុងចំណោម​ជាតិសាសន៍​ទាំងឡាយ​។

15 វាល់ព្រឹកវាល់ល្ងាច ភាពអាប់យស​របស់ទូលបង្គំ​នៅចំពោះ​ទូលបង្គំ ហើយ​សេចក្ដីអាម៉ាស់​នៃ​មុខ​ទូលបង្គំ​បាន​គ្របដណ្ដប់​ទូលបង្គំ

16 ដោយសារតែ​សំឡេង​របស់​អ្នកដែល​ត្មះតិះដៀល និង​អ្នកដែល​ជេរប្រមាថ ដោយសារតែ​វត្តមាន​របស់​ខ្មាំងសត្រូវ និង​អ្នកសងសឹក​។

17 ការទាំងអស់​នេះ​បាន​ធ្លាក់មក​លើ​យើងខ្ញុំ ប៉ុន្តែ​យើងខ្ញុំ​មិន​បាន​ភ្លេច​ព្រះអង្គ​ទេ ហើយក៏​មិន​បាន​ក្បត់​សម្ពន្ធមេត្រី​របស់ព្រះអង្គ​ដែរ​។

18 ចិត្ត​របស់យើងខ្ញុំ​មិន​បាន​ថយទៅវិញ​ទេ ហើយ​ជំហាន​របស់យើងខ្ញុំ​ក៏​មិន​បាន​បែរចេញ​ពី​គន្លង​របស់ព្រះអង្គ​ដែរ​។

19 យ៉ាងណាមិញ ព្រះអង្គ​បាន​កម្ទេច​យើងខ្ញុំ​នៅ​កន្លែង​របស់​ឆ្កែព្រៃ ហើយ​គ្របដណ្ដប់​យើងខ្ញុំ​ដោយ​ស្រមោលនៃសេចក្ដីស្លាប់​។

20 ប្រសិនបើ​យើងខ្ញុំ​បាន​ភ្លេច​ព្រះនាម​របស់​ព្រះ​នៃយើងខ្ញុំ ឬ​លាត​ដៃ​របស់យើងខ្ញុំ​ទៅ​ព្រះ​ដទៃ

21 តើ​ព្រះ​រក​មិន​ឃើញ​ការនេះ​ទេ​ឬ​? ដ្បិត​ព្រះអង្គ​ទ្រង់​ជ្រាប​អាថ៌កំបាំង​នៃ​ចិត្ត​។

22 ប៉ុន្តែ​ដោយសារតែ​ព្រះអង្គ យើងខ្ញុំ​ត្រូវគេ​សម្លាប់​វាល់ព្រឹកវាល់ល្ងាច​; យើងខ្ញុំ​ត្រូវបាន​ចាត់ទុក​ដូចជា​ចៀម​ដែលនឹងត្រូវ​សម្លាប់​។

23 ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​តើនឡើង​! ហេតុអ្វីបានជា​ព្រះអង្គ​ផ្ទំលក់​ដូច្នេះ​? សូម​ភ្ញាក់ឡើង​! សូម​កុំ​បោះបង់​យើងខ្ញុំ​ចោល​ឡើយ គឺ​ជាដរាប​!

24 ហេតុអ្វីបានជា​ព្រះអង្គ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ ហើយ​ភ្លេច​ទុក្ខវេទនា និង​ការសង្កត់សង្កិន​ដល់​យើងខ្ញុំ​ដូច្នេះ​?

25 ជាការពិត ព្រលឹង​របស់យើងខ្ញុំ​បាន​ក្រាបចុះ​ដល់​ធូលីដី ពោះ​របស់យើងខ្ញុំ​នៅជាប់​នឹង​ដី​ដែរ​។

26 សូម​ក្រោកឡើង ធ្វើជា​ជំនួយ​ដល់​យើងខ្ញុំ​ផង​! ដោយសារតែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ សូម​ប្រោសលោះ​យើងខ្ញុំ​ផង​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម