Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 27 - ព្រះគម្ពីរខ្មែរសាកល


សត្វឡេវីអាថានត្រូវបានសម្លាប់

1 នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នឹង​ដាក់ទោស​សត្វ​ឡេវីអាថាន​ជា​ពស់​ដែល​រត់គេច គឺ​សត្វ​ឡេវីអាថាន​ជា​ពស់​ក្ងិចក្ងក់ ដោយ​ដាវ​របស់ព្រះអង្គ ជាដាវ​ដ៏សាហាវ ដ៏មហិមា និង​ដ៏ខ្លាំងពូកែ ហើយ​ព្រះអង្គ​នឹង​សម្លាប់​សត្វធំសម្បើម​នោះ​ដែល​នៅក្នុង​សមុទ្រ​។


ចម្ការទំពាំងបាយជូររបស់ព្រះយេហូវ៉ា

2 នៅ​ថ្ងៃ​នោះ នឹងមាន​ចម្ការទំពាំងបាយជូរ​ដ៏ល្អ​មួយ ចូរ​ច្រៀង​អំពី​នាង​ថា​:

3 យើង​ជា​យេហូវ៉ា ដែល​ថែរក្សា​នាង យើង​នឹង​ស្រោច​នាង​គ្រប់ពេលវេលា ហើយ​ថែរក្សា​នាង​ទាំងយប់ទាំងថ្ងៃ ក្រែងលោ​គេ​បង្ខូច​នាង​។

4 គ្មាន​សេចក្ដីក្ដៅក្រហាយ​ក្នុង​យើង​ឡើយ ប៉ុន្តែបើ​មាន​អ្នកណា​ផ្ដល់​អញ្ចាញ និង​បន្លា​ដល់​យើង យើង​នឹង​ឈានទៅ​ច្បាំង​នឹង​គេ យើង​នឹង​ដុត​គេ​ជាមួយគ្នា​។

5 បើមិនដូច្នោះទេ ឲ្យ​គេ​កាន់ខ្ជាប់​នូវ​ការការពារ​របស់យើង ដើម្បីឲ្យ​គេ​បាន​បង្កើត​សន្តិភាព​ជាមួយ​យើង​។ ចូរឲ្យ​គេ​បង្កើត​សន្តិភាព​ជាមួយ​យើង​ចុះ​!

6 នៅគ្រាដែលនឹងមកដល់ យ៉ាកុប​នឹង​ចាក់ឫស អ៊ីស្រាអែល​នឹង​ចេញពន្លក ហើយ​ចេញផ្កា ព្រមទាំង​បំពេញ​ផ្ទៃ​ផែនដី​ដោយ​ផលផ្លែ​ផង​។

7 តើ​ព្រះអង្គ​បាន​វាយ​អ៊ីស្រាអែល ដូចដែល​ព្រះអង្គ​វាយ​អ្នកដែល​វាយ​ពួកគេ​ឬ​? តើ​ព្រះអង្គ​បាន​ពិឃាត​អ៊ីស្រាអែល ដូចដែល​ព្រះអង្គ​ពិឃាត​អ្នកដែល​ពិឃាត​ពួកគេ​ឬ​?

8 ព្រះអង្គ​បាន​តតាំង​នឹង​ពួកគេ​ដោយ​ការបណ្ដេញចេញ និង​ដោយ​ការ​ជម្លៀស​ពួកគេ នៅ​ថ្ងៃ​នៃ​ខ្យល់ទិសខាងកើត ព្រះអង្គ​បាន​ដក​ពួកគេ​ចេញ​ដោយ​ខ្យល់​ដ៏សាហាវ​របស់ព្រះអង្គ​។

9 ដូច្នេះ សេចក្ដីទុច្ចរិត​របស់​យ៉ាកុប​នឹង​ត្រូវបាន​លុបលាង​ដោយ​ការនេះ ហើយ​ការនេះ​ជា​ផល​ពេញលេញ​ពី​ការ​ដក​បាប​របស់ពួកគេ​ចេញ គឺ​ព្រះអង្គ​នឹង​ធ្វើឲ្យ​អស់ទាំង​ថ្ម​នៃ​អាសនា​បាន​ដូចជា​ដីស​ដែល​ខ្ទេចខ្ទី ក៏​ធ្វើឲ្យ​រូប​ព្រះម៉ែអាសេរ៉ា និង​អាសនាគ្រឿងក្រអូប​នៅឈរ​មិនបាន​។

10 ដ្បិត​ទីក្រុង​ដ៏រឹងមាំ​នឹងទៅជា​កណ្ដោចកណ្ដែង លំនៅ​នឹង​ត្រូវ​ទុកចោល ហើយ​ត្រូវ​បោះបង់ចោល ដូច​ទីរហោស្ថាន នៅ​ទីនោះ​កូនគោ​នឹង​ស៊ីស្មៅ ហើយ​ដេក ព្រមទាំង​បំផ្លាញ​មែកឈើ​នៅទីនោះ​។

11 កាលណា​មែក​របស់វា​ក្រៀមស្វិត គេ​បំបាក់​វា នោះ​ពួក​ស្រី​ៗ​នឹង​មក​យក​វា​បង្កាត់ភ្លើង​។ ដោយព្រោះ​ប្រជាជន​នេះ​គ្មាន​ការយល់ដឹង ដូច្នេះ​ព្រះសូនបង្កើត​របស់គេ​នឹង​មិន​អាណិតអាសូរ​ដល់​គេ​ឡើយ ព្រះអង្គដែល​សូន​គេ​ឡើង​នឹង​មិន​មេត្តា​ដល់​គេ​ឡើយ​។

12 នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នឹង​បោកបែន ចាប់ពី​ដៃ​ទន្លេធំ រហូតដល់​អូរ​នៃ​អេហ្ស៊ីប​។ កូនចៅ​អ៊ីស្រាអែល​អើយ អ្នករាល់គ្នា​នឹង​ត្រូវបាន​រើសសន្សំ​ម្តងមួយៗ​!

13 នៅ​ថ្ងៃ​នោះ ស្នែង​ធំ​នឹង​ត្រូវបាន​ផ្លុំឡើង នោះ​ពួកអ្នកដែល​បាត់​នៅក្នុង​ដែនដី​អាស្ស៊ីរី និង​ពួកអ្នកដែល​ត្រូវគេ​បណ្ដេញ​ទៅ​ដែនដី​អេហ្ស៊ីប​នឹង​មក ហើយ​ថ្វាយបង្គំ​ព្រះយេហូវ៉ា​នៅលើ​ភ្នំ​ដ៏វិសុទ្ធ​នៅ​យេរូសាឡិម​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម