វិវរណៈ 11 - ព្រះគម្ពីរខ្មែរសាកលសាក្សីពីរនាក់ 1 បន្ទាប់មក មានដើមត្រែងមួយសម្រាប់វាស់ស្រដៀងនឹងឈើច្រត់ បានប្រទានដល់ខ្ញុំ។ មានសំឡេងមួយប្រាប់ខ្ញុំថា៖ “ចូរក្រោកឡើង វាស់ព្រះវិហាររបស់ព្រះ និងអាសនា ព្រមទាំងពួកអ្នកដែលថ្វាយបង្គំនៅទីនោះចុះ។ 2 ប៉ុន្តែកុំវាស់ទីធ្លាខាងក្រៅព្រះវិហារឡើយ។ ចូរទុកវាដោយឡែក ដ្បិតទីនោះត្រូវបានប្រគល់ឲ្យសាសន៍ដទៃ ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏វិសុទ្ធអស់រយៈពេលសែសិបពីរខែ។ 3 យើងនឹងឲ្យអំណាចដល់សាក្សីពីរនាក់របស់យើង ហើយពួកគេនឹងថ្លែងព្រះបន្ទូលអស់មួយពាន់ពីររយហុកសិបថ្ងៃ ដោយពាក់ក្រណាត់ធ្មៃ”។ 4 អ្នកទាំងពីរនោះ គឺដើមអូលីវពីរ និងជើងចង្កៀងពីរ ដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី។ 5 ប្រសិនបើមានអ្នកណាចង់ធ្វើទុក្ខពួកគេ ភ្លើងនឹងចេញមកពីមាត់ពួកគេ ហើយបំផ្លាញខ្មាំងសត្រូវរបស់ពួកគេ។ ប្រសិនបើអ្នកណាចង់ធ្វើទុក្ខពួកគេ អ្នកនោះត្រូវតែត្រូវបានសម្លាប់បែបនេះឯង។ 6 អ្នកទាំងពីរនោះមានអំណាចបិទមេឃ ដើម្បីកុំឲ្យបង្អុរភ្លៀងក្នុងគ្រាដែលពួកគេថ្លែងព្រះបន្ទូល។ ពួកគេមានអំណាចលើទឹក ដើម្បីធ្វើឲ្យវាក្លាយទៅជាឈាម ព្រមទាំងមានអំណាចបំផ្លាញផែនដីដោយគ្រោះកាចគ្រប់យ៉ាង ពេលណាក៏បានតាមដែលពួកគេចង់។ សាក្សីទាំងពីរត្រូវគេសម្លាប់ 7 កាលណាពួកគេបញ្ចប់ការធ្វើបន្ទាល់របស់ខ្លួនហើយ សត្វតិរច្ឆានដែលឡើងមកពីរណ្ដៅគ្មានបាត នឹងធ្វើសង្គ្រាមជាមួយពួកគេ ហើយវាយឈ្នះពួកគេ រួចសម្លាប់ពួកគេ។ 8 សាកសពរបស់ពួកគេនឹងត្រូវទុកចោលនៅតាមផ្លូវនៃក្រុងដ៏ធំ ដែលខាងវិញ្ញាណហៅថា សូដុម និងអេហ្ស៊ីប ជាកន្លែងដែលព្រះអម្ចាស់របស់ពួកគេត្រូវគេឆ្កាងដែរ។ 9 មនុស្សខ្លះពីចំណោមជនជាតិ ពូជសាសន៍ ភាសា និងប្រជាជាតិនានា នឹងសម្លឹងមើលសាកសពពួកគេ ក្នុងរយៈពេលបីថ្ងៃកន្លះ ហើយមិនព្រមឲ្យបញ្ចុះសពពួកគេនៅក្នុងរូងផ្នូរឡើយ។ 10 មនុស្សដែលរស់នៅលើផែនដីក៏អរសប្បាយដោយសារតែអ្នកទាំងពីរ ហើយអបអរ និងជូនជំនូនគ្នាទៅវិញទៅមក ពីព្រោះព្យាការីទាំងពីរនាក់នោះបានធ្វើទុក្ខអ្នកដែលរស់នៅលើផែនដី។ សាក្សីទាំងពីររស់ឡើងវិញ 11 ប៉ុន្តែក្រោយពីបីថ្ងៃកន្លះ មានខ្យល់ដង្ហើមនៃជីវិតចេញពីព្រះ ហើយចូលទៅក្នុងពួកគេ ពួកគេក៏ក្រោកឈរឡើងដោយជើងរបស់ខ្លួន នោះសេចក្ដីភ័យខ្លាចយ៉ាងខ្លាំងបានកើតមានដល់ពួកអ្នកដែលឃើញពួកគេ។ 12 ពេលនោះ ពួកគេឮសំឡេងមួយយ៉ាងខ្លាំងចេញពីលើមេឃមកកាន់ពួកគេថា៖ “ចូរឡើងមកទីនេះ!”។ ពួកគេក៏ឡើងទៅលើមេឃក្នុងពពក ហើយសត្រូវរបស់ពួកគេ ក៏ឃើញពួកគេដែរ។ 13 នៅវេលានោះ មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង នោះមួយភាគដប់នៃទីក្រុងនោះបានរលំ ហើយមនុស្សប្រាំពីរពាន់នាក់បានស្លាប់ក្នុងរញ្ជួយផែនដីនោះ។ រីឯមនុស្សឯទៀតក៏ភ័យខ្លាច ហើយថ្វាយសិរីរុងរឿងដល់ព្រះនៃស្ថានសួគ៌។ 14 មហន្តរាយទីពីរបានកន្លងផុតទៅ។ មើល៍! មហន្តរាយទីបីនឹងមកដល់ភ្លាម។ ផ្លុំត្រែទីប្រាំពីរ 15 ទូតសួគ៌ទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “អាណាចក្ររបស់ពិភពលោក បានត្រឡប់ជារបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គហើយ។ ព្រះអង្គនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ!”។ 16 បន្ទាប់មក ពួកចាស់ទុំទាំងម្ភៃបួននាក់ដែលអង្គុយលើបល្ល័ង្ករបស់ខ្លួននៅចំពោះព្រះ ក៏ក្រាបមុខដល់ដី ហើយថ្វាយបង្គំព្រះ 17 ដោយពោលថា៖ “ព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដា ជាព្រះដែលគង់នៅសព្វថ្ងៃ និងគង់នៅតាំងពីដើមអើយ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ! ដ្បិតព្រះអង្គបានទទួលព្រះចេស្ដាដ៏ធំឧត្ដមរបស់ព្រះអង្គ ហើយបានសោយរាជ្យ។ 18 ប្រជាជាតិនានាបានខឹង ប៉ុន្តែព្រះពិរោធរបស់ព្រះអង្គបានមកដល់ហើយ គឺពេលកំណត់ដើម្បីជំនុំជម្រះមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់បាវបម្រើរបស់ព្រះអង្គ ជាបណ្ដាព្យាការី វិសុទ្ធជន និងអ្នកដែលកោតខ្លាចព្រះនាមរបស់ព្រះអង្គ គឺទាំងអ្នកតូច និងអ្នកធំ ហើយក៏ជាពេលកំណត់ដើម្បីបំផ្លាញពួកដែលបំផ្លាញផែនដីផង”។ 19 ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌បានបើកឡើង ហើយឃើញមានហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គនៅក្នុងព្រះវិហារ។ បន្ទាប់មក មានផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ រញ្ជួយផែនដី និងមានធ្លាក់ដុំទឹកកកធំ៕ |