ចូរសុំពីយើង នោះយើងនឹងឲ្យប្រជាជាតិនានាដល់អ្នកជាមរតក ហើយឲ្យចុងបំផុតនៃផែនដីដល់អ្នកជាកម្មសិទ្ធិ។
អេសាយ 49:8 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ក្នុងវេលានៃការសន្ដោស យើងបានឆ្លើយនឹងអ្នក; ក្នុងថ្ងៃនៃសេចក្ដីសង្គ្រោះ យើងបានជួយអ្នក។ យើងនឹងរក្សាអ្នក ហើយតាំងអ្នកឡើងទុកជាសម្ពន្ធមេត្រីដល់បណ្ដាជន ដើម្បីស្ដារទឹកដីនេះឡើងវិញ ដើម្បីកាន់កាប់មរតកដែលជាទីស្ងាត់ជ្រងំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដល់វេលាដែលគាប់ចិត្តយើង នោះយើងបានឆ្លើយដល់អ្នក ហើយនៅថ្ងៃសម្រាប់សង្គ្រោះ យើងបានជួយអ្នក យើងរក្សាអ្នក ហើយប្រទាននិមិត្តរូបមួយដល់អ្នក ទុកជាសេចក្ដីសញ្ញាសម្រាប់ប្រជាជន ដើម្បីតាំងស្រុកទេសឡើង ប្រយោជន៍នឹងចែកដីដែលចោលស្ងាត់ដល់គេ ទុកជាមត៌ក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា: នៅគ្រាដែលយើងគាប់ចិត្ត យើងបានឆ្លើយតបមកអ្នក ដល់ថ្ងៃកំណត់ដែលយើងសង្គ្រោះ យើងក៏បានជួយអ្នក។ យើងបានញែកអ្នកឲ្យនៅដាច់ឡែកពីគេ ដើម្បីធ្វើជាសម្ពន្ធមេត្រីសម្រាប់ប្រជាជន។ យើងនឹងស្ដារស្រុកទេសឡើងវិញ យើងចែកដីដែលគេបានបោះបង់ចោល ឲ្យប្រជាជន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដល់វេលាដែលគាប់ចិត្តអញ នោះអញបានឆ្លើយដល់ឯង ហើយនៅថ្ងៃសំរាប់សង្គ្រោះ នោះអញបានជួយឯង អញនឹងទំនុកបំរុងឯង ហើយតាំងឯងឡើងទុកជាសេចក្ដីសញ្ញាដល់បណ្តាជន ប្រយោជន៍នឹងរៀបចំផែនដីឡើង ឲ្យគេបានគ្រងទី ដែលចោលស្ងាត់ ទុកជាមរដក អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា: នៅគ្រាដែលយើងពេញចិត្ត យើងបានឆ្លើយតបមកអ្នក ដល់ថ្ងៃកំណត់ដែលយើងសង្គ្រោះ យើងក៏បានជួយអ្នក។ យើងបានញែកអ្នកឲ្យនៅដាច់ឡែកពីគេ ដើម្បីធ្វើជាសម្ពន្ធមេត្រីសម្រាប់ប្រជាជន។ យើងនឹងស្ដារស្រុកទេសឡើងវិញ យើងចែកដីដែលគេបានបោះបង់ចោល ឲ្យប្រជាជន |
ចូរសុំពីយើង នោះយើងនឹងឲ្យប្រជាជាតិនានាដល់អ្នកជាមរតក ហើយឲ្យចុងបំផុតនៃផែនដីដល់អ្នកជាកម្មសិទ្ធិ។
រីឯទូលបង្គំវិញ ព្រះយេហូវ៉ាអើយ សេចក្ដីអធិស្ឋានរបស់ទូលបង្គំនៅចំពោះព្រះអង្គហើយ! ឱព្រះអើយ ក្នុងវេលានៃការសន្ដោស សូមឆ្លើយនឹងទូលបង្គំក្នុងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏បរិបូររបស់ព្រះអង្គ និងក្នុងភាពពិតត្រង់នៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គផង!
នៅពេលផែនដី និងអស់អ្នកដែលរស់នៅទីនោះរលាយបាត់ គឺយើងហើយ ដែលរក្សាសសរនៃផែនដីកុំឲ្យរង្គើ។ សេឡា
ព្រះអង្គទ្រង់រក្សាអ្នកដែលមានបំណងខ្ជាប់ខ្ជួន ឲ្យមានសេចក្ដីសុខសាន្តពេញលេញ ពីព្រោះគេជឿទុកចិត្តព្រះអង្គ។
យើងជាយេហូវ៉ា ដែលថែរក្សានាង យើងនឹងស្រោចនាងគ្រប់ពេលវេលា ហើយថែរក្សានាងទាំងយប់ទាំងថ្ងៃ ក្រែងលោគេបង្ខូចនាង។
កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក; កុំស្រយុតចិត្តឡើយ ដ្បិតយើងជាព្រះរបស់អ្នក។ យើងនឹងធ្វើឲ្យអ្នកមាំមួនឡើងជាប្រាកដ យើងនឹងជួយអ្នកជាប្រាកដ យើងនឹងទ្រទ្រង់អ្នកដោយដៃស្ដាំដ៏សុចរិតរបស់យើង។
“មើល៍! អ្នកបម្រើរបស់យើងដែលយើងទ្រទ្រង់ អ្នកដែលត្រូវបានជ្រើសរើសរបស់យើង ដែលយើងពេញចិត្ត។ យើងបានដាក់វិញ្ញាណរបស់យើងលើគាត់ ហើយគាត់នឹងនាំមកនូវសេចក្ដីយុត្តិធម៌ដល់ប្រជាជាតិនានា។
“គឺយើងជាយេហូវ៉ា បានហៅអ្នកក្នុងសេចក្ដីសុចរិត យើងនឹងកាន់ដៃអ្នក ហើយរក្សាអ្នក។ យើងនឹងតាំងអ្នកឡើងទុកជាសម្ពន្ធមេត្រីដល់ប្រជាជន និងជាពន្លឺដល់ប្រជាជាតិនានា
យើងជាអ្នកដែលបញ្ជាក់ពាក្យរបស់អ្នកបម្រើយើង ហើយបំពេញឲ្យសម្រេចតាមផែនការរបស់អ្នកនាំសារយើង; យើងជាអ្នកដែលនិយាយអំពីយេរូសាឡិមថា: ‘នាងនឹងមានគេរស់នៅ’ ហើយនិយាយអំពីទីក្រុងនានានៃយូដាថា: ‘នាងនឹងត្រូវបានសង់ឡើងវិញ ហើយយើងនឹងស្ដារទីបាក់បែករបស់នាងឡើងវិញ’។
ដ្បិតទីបាក់បែក និងទីស្ងាត់ជ្រងំ ព្រមទាំងទឹកដីខូចបង់របស់អ្នក ឥឡូវនេះពិតជាចង្អៀតណាស់សម្រាប់រស់នៅ ហើយពួកអ្នកដែលលេបអ្នកនឹងនៅឆ្ងាយពីអ្នក។
យើងបានដាក់ពាក្យរបស់យើងនៅក្នុងមាត់របស់អ្នក ហើយបានគ្របបាំងអ្នកដោយម្លប់នៃដៃរបស់យើង ដើម្បីតាំងផ្ទៃមេឃឡើង ហើយចាក់គ្រឹះផែនដី ព្រមទាំងនិយាយនឹងស៊ីយ៉ូនថា: ‘អ្នកជាប្រជារាស្ត្ររបស់យើង’”។
ដ្បិតព្រះយេហូវ៉ាទ្រង់កម្សាន្តចិត្តស៊ីយ៉ូន ព្រះអង្គទ្រង់កម្សាន្តចិត្តអស់ទាំងទីបាក់បែករបស់នាង ព្រះអង្គទ្រង់ធ្វើឲ្យទីរហោស្ថានរបស់នាងបានដូចជាអេដែន ក៏ធ្វើឲ្យវាលខ្សាច់របស់នាងបានដូចជាសួនច្បាររបស់ព្រះយេហូវ៉ាដែរ។ សេចក្ដីរីករាយ និងអំណរនឹងត្រូវបានរកឃើញនៅក្នុងនាង ព្រមទាំងការអរព្រះគុណ និងសូរទំនុកភ្លេងផង។
ដ្បិតអ្នកនឹងរីកសាយទៅខាងស្ដាំ និងខាងឆ្វេង ហើយពូជពង្សរបស់អ្នកនឹងកាន់កាប់ប្រជាជាតិនានា ព្រមទាំងធ្វើឲ្យមានមនុស្សរស់នៅក្នុងទីក្រុងដែលស្ងាត់ជ្រងំផង។
ចូរស្វែងរកព្រះយេហូវ៉ាខណៈដែលអាចរកព្រះអង្គឃើញ ចូរស្រែកហៅព្រះអង្គខណៈដែលព្រះអង្គគង់នៅជិត!
កាលណាអ្នកស្រែកយំ ចូរឲ្យអ្វីដែលអ្នកបានប្រមូលទុក រំដោះអ្នកចុះ! ប៉ុន្តែខ្យល់នឹងផាត់ពួកវាទៅទាំងអស់ ខ្យល់ដង្ហើមនឹងយកពួកវាទៅ រីឯអ្នកដែលជ្រកកោនក្នុងយើងវិញ នឹងទទួលទឹកដីជាមរតក ហើយកាន់កាប់ភ្នំដ៏វិសុទ្ធរបស់យើង”។
គេនឹងសង់ទីបាក់បែកពីបុរាណរបស់អ្នកឡើងវិញ; អ្នកនឹងតាំងគ្រឹះនៃជំនាន់ជាច្រើនឡើង; អ្នកនឹងត្រូវបានហៅថា ‘អ្នកជួសជុលចន្លោះបាក់បែក’ ក៏នឹងត្រូវបានហៅថា ‘អ្នកដែលស្ដារផ្លូវឡើងវិញដើម្បីឲ្យបានរស់នៅ’។
តើការតមអាហារដែលយើងជ្រើសរើស ជាថ្ងៃដែលមនុស្សធ្វើទុក្ខដល់ចិត្តរបស់ខ្លួនដូច្នេះឬ? តើជាការឱនក្បាលចុះដូចដើមត្រែង ហើយក្រាលក្រណាត់ធ្មៃ និងផេះឬ? តើអ្នកហៅការទាំងនេះថាជាការតមអាហារ ជាថ្ងៃដ៏គាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ាឬ?
ដើម្បីប្រកាសឆ្នាំនៃសេចក្ដីសន្ដោសរបស់ព្រះយេហូវ៉ា និងថ្ងៃនៃការសងសឹករបស់ព្រះនៃពួកយើង ដើម្បីសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ
ពួកគេនឹងសង់ទីបាក់បែកពីបុរាណឡើងវិញ ហើយស្ដារទីស្ងាត់ជ្រងំពីមុនឡើងវិញ; ពួកគេនឹងជួសជុលទីក្រុងខូចបង់ ដែលជាទីស្ងាត់ជ្រងំពីជំនាន់មួយទៅជំនាន់មួយផង។
យើងនឹងឲ្យមានពូជពង្សមួយចេញពីយ៉ាកុប ក៏នឹងឲ្យមានអ្នកដែលទទួលភ្នំរបស់យើងជាមរតកចេញពីយូដា; ពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើងនឹងទទួលស្រុកនោះជាមរតក ហើយពួកអ្នកបម្រើរបស់យើងនឹងរស់នៅទីនោះ។
ដ្បិតនេះជាឈាមរបស់ខ្ញុំ ជាឈាមនៃសម្ពន្ធមេត្រីដែលបង្ហូរសម្រាប់មនុស្សជាច្រើន គឺសម្រាប់ការលើកលែងទោសបាប។
ដ្បិតព្រះអង្គមានបន្ទូលថា៖ “ក្នុងវេលានៃការសន្ដោស យើងបានស្ដាប់អ្នក; ក្នុងថ្ងៃនៃសេចក្ដីសង្គ្រោះ យើងបានជួយអ្នក”។ មើល៍! ឥឡូវនេះជាវេលានៃការសន្ដោស; មើល៍! ឥឡូវនេះជាថ្ងៃនៃសេចក្ដីសង្គ្រោះ។
និងសម្រាប់ការសរសើរតម្កើងដល់សិរីរុងរឿងនៃព្រះគុណរបស់ព្រះអង្គ ដែលព្រះអង្គបានប្រោសប្រទានមកយើងក្នុងព្រះបុត្រាដ៏ជាទីស្រឡាញ់។
បានមកដល់ព្រះយេស៊ូវដែលជាអ្នកកណ្ដាលនៃសម្ពន្ធមេត្រីថ្មី និងបានមកដល់ព្រះលោហិតនៃការប្រោះ ដែលប្រកាសសេចក្ដីដែលប្រសើរជាងឈាមរបស់អេបិល។
នៅគ្រាដែលព្រះគ្រីស្ទគង់នៅក្នុងរូបសាច់របស់ព្រះអង្គ ព្រះអង្គបានថ្វាយសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរដោយសម្រែកយ៉ាងខ្លាំង និងដោយទឹកភ្នែក ដល់ព្រះដែលអាចសង្គ្រោះព្រះអង្គពីសេចក្ដីស្លាប់បាន ហើយដោយព្រោះជំនឿស៊ប់ ពាក្យរបស់ព្រះអង្គក៏ត្រូវបានសណ្ដាប់។
ប៉ុន្តែឥឡូវនេះ ព្រះអង្គបានទទួលការងារបម្រើដ៏ថ្លៃថ្នូរជាង ដោយព្រោះព្រះអង្គជាអ្នកកណ្ដាលនៃសម្ពន្ធមេត្រីដ៏ប្រសើរជាងដែលបានតាំងឡើងនៅលើសេចក្ដីសន្យាដ៏ប្រសើរជាង។