អេសាយ 55 - ព្រះគម្ពីរខ្មែរសាកលចូរមករកព្រះយេហូវ៉ា 1 “ឱអស់អ្នកដែលស្រេកអើយ ចូរមករកទឹកចុះ! អ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយហូបចុះ! ចូរមកទិញស្រាទំពាំងបាយជូរ និងទឹកដោះ ដោយគ្មានប្រាក់ និងដោយឥតគិតថ្លៃចុះ។ 2 ម្ដេចក៏អ្នកចំណាយប្រាក់លើអ្វីដែលមិនមែនជាអាហារ ហើយចំណាយផលពីការនឿយហត់របស់អ្នករាល់គ្នាលើអ្វីដែលមិនអាចធ្វើឲ្យស្កប់ចិត្តដូច្នេះ? ចូរស្ដាប់យើងដោយយកចិត្តទុកដាក់ ហើយហូបអ្វីដែលល្អ ដើម្បីឲ្យព្រលឹងរបស់អ្នករាល់គ្នារីករាយដោយអាហារបរិបូរចុះ! 3 ចូរផ្ទៀងត្រចៀក ហើយមករកយើងចុះ ចូរស្ដាប់ នោះព្រលឹងរបស់អ្នករាល់គ្នានឹងមានជីវិតរស់។ យើងនឹងតាំងសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា ជាសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏ពិតត្រង់ចំពោះដាវីឌ។ 4 មើល៍! យើងបានធ្វើឲ្យដាវីឌបានជាសាក្សីដល់ជាតិសាសន៍នានា គឺជាអ្នកដឹកនាំ និងជាអ្នកបញ្ជាដល់ជាតិសាសន៍នានា។ 5 មើល៍! អ្នកនឹងកោះហៅប្រជាជាតិមួយដែលអ្នកមិនស្គាល់ ហើយប្រជាជាតិមួយដែលមិនស្គាល់អ្នក នឹងរត់មករកអ្នក ដោយសារតែព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក គឺអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ពីព្រោះព្រះអង្គបានលើកតម្កើងសិរីរុងរឿងដល់អ្នកហើយ”។ 6 ចូរស្វែងរកព្រះយេហូវ៉ាខណៈដែលអាចរកព្រះអង្គឃើញ ចូរស្រែកហៅព្រះអង្គខណៈដែលព្រះអង្គគង់នៅជិត! 7 ចូរឲ្យមនុស្សអាក្រក់បោះបង់ផ្លូវរបស់ខ្លួនចោល ចូរឲ្យមនុស្សទុច្ចរិតបោះបង់គំនិតរបស់ខ្លួនចោល ហើយឲ្យពួកគេត្រឡប់មករកព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាពួកគេ ក៏ឲ្យពួកគេត្រឡប់មករកព្រះរបស់ពួកយើងវិញ ដ្បិតព្រះអង្គនឹងលើកលែងទោសជាបរិបូរ។ 8 នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “គំនិតរបស់យើងមិនដូចគំនិតរបស់អ្នករាល់គ្នា ហើយផ្លូវរបស់អ្នករាល់គ្នាក៏មិនដូចផ្លូវរបស់យើងដែរ។ 9 ដ្បិតដូចដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា ផ្លូវរបស់យើងក៏ខ្ពស់ជាងផ្លូវរបស់អ្នករាល់គ្នា ហើយគំនិតរបស់យើងក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។ 10 ដូចដែលភ្លៀង និងព្រិលធ្លាក់មកពីលើមេឃ ហើយមិនត្រឡប់ទៅទីនោះ គឺស្រោចស្រពផែនដីវិញ ធ្វើឲ្យវាកកើតឡើង ហើយចេញពន្លក ក៏ផ្ដល់គ្រាប់ពូជដល់អ្នកសាបព្រោះ ហើយផ្ដល់អាហារដល់អ្នកហូបយ៉ាងណា 11 ពាក្យរបស់យើងដែលចេញពីមាត់យើងទៅក៏យ៉ាងនោះដែរ គឺមិនត្រឡប់មករកយើងវិញដោយទទេឡើយ ផ្ទុយទៅវិញ វានឹងបំពេញអ្វីដែលយើងប្រាថ្នា ហើយសម្រេចអ្វីដែលយើងចាត់វាឲ្យទៅនោះ។ 12 អ្នករាល់គ្នានឹងចេញទៅដោយអំណរ ហើយត្រូវបាននាំទៅដោយសុខសាន្ត; ភ្នំនានា និងទីទួលទាំងឡាយនឹងហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយនៅមុខអ្នក ហើយអស់ទាំងដើមឈើនៅទីវាលនឹងទះដៃផង។ 13 ដើមស្រល់នឹងដុះឡើងជំនួសគុម្ពបន្លា ដើមមឺថលនឹងដុះឡើងជំនួសអញ្ចាញ ការនេះនឹងបានសម្រាប់ជាកេរ្តិ៍ឈ្មោះដល់ព្រះយេហូវ៉ា និងសម្រាប់ជាសញ្ញាសម្គាល់ដ៏អស់កល្ប ដែលមិនត្រូវបានកាត់ចេញឡើយ”៕ |