ទំនុកតម្កើង 75 - ព្រះគម្ពីរខ្មែរសាកលព្រះបន្ទាបមនុស្សទុច្ចរិត ហើយលើកមនុស្សសុចរិតឡើង ចម្រៀងមួយ ជាបទតម្កើងរបស់អេសាភ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេងកុំបំផ្លាញ។ 1 យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ឱព្រះអើយ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ! ព្រះនាមរបស់ព្រះអង្គនៅជិតបង្កើយ គេប្រកាសកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។ 2 “កាលណាដល់ពេលវេលាដែលយើងកំណត់ យើងនឹងជំនុំជម្រះដោយសេចក្ដីទៀងត្រង់។ 3 នៅពេលផែនដី និងអស់អ្នកដែលរស់នៅទីនោះរលាយបាត់ គឺយើងហើយ ដែលរក្សាសសរនៃផែនដីកុំឲ្យរង្គើ។ សេឡា 4 យើងនិយាយទៅអ្នកដែលអួតអាងថា: ‘កុំអួតអាងឡើយ!’ ក៏និយាយទៅមនុស្សអាក្រក់ថា: ‘កុំលើកស្នែងឡើង! 5 កុំលើកស្នែងរបស់អ្នករាល់គ្នាទាស់នឹងស្ថានដ៏ខ្ពស់ ឬនិយាយដោយភាពព្រហើនឡើយ!’”។ 6 ដ្បិតការតម្កើងឡើងមិនមែនមកពីទិសខាងកើត ឬទិសខាងលិចទេ ក៏មិនមែនមកពីទីរហោស្ថានដែរ 7 គឺព្រះវិញទេតើ ដែលជំនុំជម្រះ; ព្រះអង្គបន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង។ 8 ពោលគឺ នៅក្នុងព្រះហស្តរបស់ព្រះយេហូវ៉ាមានពែងមួយ មានស្រាដែលឡើងពពុះពេញដោយគ្រឿងលាយ; ព្រះអង្គទ្រង់ចាក់ចេញពីពែងនោះ ហើយអស់ទាំងមនុស្សអាក្រក់នៅលើផែនដីត្រូវផឹក គឺផឹកអស់រលីងរហូតដល់កករវា! 9 រីឯទូលបង្គំវិញ ទូលបង្គំនឹងប្រកាសកិច្ចការរបស់ព្រះជារៀងរហូត ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះនៃយ៉ាកុប។ 10 ព្រះមានបន្ទូលថា៖ “យើងនឹងកាត់អស់ទាំងស្នែងរបស់មនុស្សអាក្រក់ចោល រីឯស្នែងរបស់មនុស្សសុចរិតនឹងត្រូវបានលើកឡើង”៕ |