២ កូរិនថូស 6 - ព្រះគម្ពីរខ្មែរសាកល1 យើងសូមអង្វរក្នុងនាមជាអ្នករួមការងារជាមួយព្រះថា កុំឲ្យអ្នករាល់គ្នាទទួលព្រះគុណរបស់ព្រះដោយឥតប្រយោជន៍ឡើយ។ 2 ដ្បិតព្រះអង្គមានបន្ទូលថា៖ “ក្នុងវេលានៃការសន្ដោស យើងបានស្ដាប់អ្នក; ក្នុងថ្ងៃនៃសេចក្ដីសង្គ្រោះ យើងបានជួយអ្នក”។ មើល៍! ឥឡូវនេះជាវេលានៃការសន្ដោស; មើល៍! ឥឡូវនេះជាថ្ងៃនៃសេចក្ដីសង្គ្រោះ។ លក្ខណៈនៃព័ន្ធកិច្ចរបស់ប៉ូល 3 យើងមិនផ្ដល់ឱកាសឲ្យអ្នកណាជំពប់ដួលក្នុងរឿងអ្វីមួយឡើយ ដើម្បីកុំឲ្យការងារបម្រើនេះត្រូវគេចាប់កំហុស 4 ផ្ទុយទៅវិញ យើងណែនាំខ្លួនឯងឲ្យគេទទួលយកថាជាអ្នកបម្រើរបស់ព្រះ ក្នុងគ្រប់ការទាំងអស់: គឺក្នុងការស៊ូទ្រាំយ៉ាងខ្លាំង ក្នុងទុក្ខវេទនា ការលំបាក និងការឈឺចាប់; 5 ក្នុងការវាយ ការឃុំឃាំង និងចលាចល; ក្នុងការនឿយហត់ ការអត់ងងុយ និងការអត់អាហារ; 6 ក្នុងភាពបរិសុទ្ធ ចំណេះដឹង ការអត់ធ្មត់ និងចិត្តសប្បុរស; ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងសេចក្ដីស្រឡាញ់ដែលឥតពុតត្បុត; 7 ក្នុងព្រះបន្ទូលនៃសេចក្ដីពិត និងព្រះចេស្ដារបស់ព្រះ តាមរយៈគ្រឿងសឹកនៃសេចក្ដីសុចរិត ដែលនៅដៃស្ដាំ និងដៃឆ្វេង; 8 តាមរយៈសិរីរុងរឿង និងការអាប់យស; តាមរយៈកេរ្តិ៍ឈ្មោះអាក្រក់ និងកេរ្តិ៍ឈ្មោះល្អ; យើងហាក់ដូចជាមនុស្សបោកប្រាស់ ប៉ុន្តែជាមនុស្សពិតត្រង់; 9 ហាក់ដូចជាគ្មានអ្នកណាស្គាល់ ប៉ុន្តែត្រូវគេស្គាល់ច្បាស់; ហាក់ដូចជាជិតស្លាប់ ប៉ុន្តែមើល៍! យើងនៅរស់; ហាក់ដូចជារងទណ្ឌកម្ម ប៉ុន្តែមិនត្រូវបានសម្លាប់; 10 ហាក់ដូចជាព្រួយចិត្ត ប៉ុន្តែអរសប្បាយជានិច្ច; ហាក់ដូចជាក្រីក្រ ប៉ុន្តែធ្វើឲ្យមនុស្សជាច្រើនមានបរិបូរ; ហាក់ដូចជាគ្មានអ្វីសោះ ប៉ុន្តែមានគ្រប់ទាំងអស់។ 11 អ្នកកូរិនថូសអើយ មាត់របស់យើងនិយាយត្រង់ចំពោះអ្នករាល់គ្នា ហើយចិត្តរបស់យើងក៏បើកទូលាយដែរ។ 12 មិនមែនយើងទេ ដែលចង្អៀតចង្អល់ចំពោះអ្នករាល់គ្នា គឺអ្នករាល់គ្នាវិញទេតើ ដែលចង្អៀតចង្អល់ក្នុងដួងចិត្តរបស់ខ្លួន។ 13 ជាការតបស្នង ចូរអ្នករាល់គ្នាបើកចិត្តឲ្យទូលាយដែរចុះ! ខ្ញុំសូមនិយាយដូច្នេះ ដូចជានិយាយនឹងកូន។ ការញែកខ្លួនជាវិសុទ្ធ 14 កុំទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ។ តើមានការរួមចំណែកអ្វីរវាងសេចក្ដីសុចរិត និងការឥតច្បាប់? ឬមានការប្រកបគ្នាអ្វីរវាងពន្លឺ និងសេចក្ដីងងឹត? 15 តើមានការស្របគ្នាអ្វីរវាងព្រះគ្រីស្ទ និងបេលាល? តើមានទំនាក់ទំនងអ្វីរវាងអ្នកជឿ និងអ្នកមិនជឿ? 16 តើមានការត្រូវគ្នាអ្វីរវាងព្រះវិហាររបស់ព្រះ និងរូបបដិមាករ? ដ្បិតយើងហើយ ជាព្រះវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចដែលព្រះបានមានបន្ទូលថា៖ “យើងនឹងស្ថិតនៅក្នុងចំណោមពួកគេ ហើយដើរចុះឡើងក្នុងចំណោមពួកគេ; យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង”។ 17 “ដូច្នេះ ព្រះអម្ចាស់មានបន្ទូលថា: ចូរចេញពីចំណោមពួកគេ ហើយញែកខ្លួនចេញ; កុំពាល់របស់សៅហ្មងឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា”។ 18 “យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់យើង។ ព្រះអម្ចាស់ដ៏មានព្រះចេស្ដាបានមានបន្ទូលដូច្នេះ” ៕ |