Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 49 - អាល់គីតាប


អ្នក​បម្រើ​អុលឡោះ‌តាអាឡា​ជា​ពន្លឺ​របស់​ប្រជា‌ជាតិ​នានា

1 ម្នាល​អ្នក​កោះ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ខ្ញុំ! ម្នាល​ប្រជា‌ជន​នៅ​ស្រុក​ឆ្ងាយៗ​អើយ! ចូរ​ត្រង‌ត្រាប់​ស្ដាប់​ខ្ញុំ​និយាយ! អុលឡោះ‌តាអាឡា​ត្រាស់​ហៅ​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ទ្រង់​ក៏​ហៅ​ចំ​ឈ្មោះ​ខ្ញុំ តាំង​ពី​មុន​ពេល​ខ្ញុំ​កើត​មក​ម៉្លេះ។

2 ទ្រង់​បាន​ប្រទាន​ឲ្យ​មាត់​ខ្ញុំ​មុត​ដូច​ដាវ ទ្រង់​លាត​ដៃ​ការពារ​ខ្ញុំ។ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​ព្រួញ​មួយ​ស្រួច ហើយ​លាក់​ទុក​ក្នុង​បំពង់​ព្រួញ​របស់​ទ្រង់។

3 ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា: អ៊ីស្រ‌អែល​អើយ អ្នក​ជា​អ្នក​បម្រើ​របស់​យើង យើង​នឹង​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​យើង តាម​រយៈ​អ្នក។

4 រីឯ​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ តែ​បែរ​ជា​ឥត​ប្រយោជន៍ ខ្ញុំ​ខាត​កម្លាំង​ជា​អសារ‌បង់ ហើយ​គ្មាន​បាន​ការ​អ្វី​ឡើយ។ ប៉ុន្តែ តាម​ពិត អុលឡោះ‌តាអាឡា​នៅ​តែ​រក យុត្តិធម៌​ឲ្យ​ខ្ញុំ ម្ចាស់​របស់​ខ្ញុំ​នឹង​ប្រទាន​រង្វាន់​មក​ខ្ញុំ។

5 ឥឡូវ​នេះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ ទ្រង់​បាន​សូន​ខ្ញុំ​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ដើម្បី​ណែ‌នាំ​កូន​ចៅ​យ៉ាកកូប ឲ្យ​វិល​ត្រឡប់​មក​រក​ទ្រង់ និង​ប្រមូល ប្រជា‌ជន​អ៊ីស្រ‌អែល​មក​នៅ​ជុំ‌វិញ​ទ្រង់។ ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ចាត់​ទុក​ខ្ញុំ ថា​ជា​មនុស្ស​ថ្លៃ‌ថ្នូរ ហើយ​ម្ចាស់​នៃ​ខ្ញុំ​ពិត​ជា​កម្លាំង​របស់​ខ្ញុំ​មែន។

6 ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា: អ្នក​មិន​គ្រាន់​តែ​ជា​អ្នក​បម្រើ ដែល​ណែ‌នាំ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ របស់​យ៉ាកកូប​ឲ្យ​ងើប​ឡើង និង​នាំ​កូន​ចៅ​អ៊ីស្រ‌អែល​ដែល​នៅ​សេស‌សល់ ឲ្យ​វិល​មក​វិញ​ប៉ុណ្ណោះ​ទេ គឺ​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ បំភ្លឺ​ជាតិ​សាសន៍​នានា និង​ឲ្យ​នាំ​ការ​សង្គ្រោះ​រហូត​ទៅ​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។

7 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏‌វិសុទ្ធ និង​ជា​ម្ចាស់​ដែល​លោះ​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​មាន​បន្ទូល​មក​កាន់​អ្នក ដែល​គេ​មើល‌ងាយ និង​អ្នក​ដែល​មនុស្ស‌ម្នា​ស្អប់​ខ្ពើម ទ្រង់​មាន​បន្ទូល​មក​កាន់​អ្នក ដែល​ជា​ទាសករ​របស់​ពួក​កាន់​កាប់​អំណាច​ថា: ពេល​ស្ដេច​ទាំង‌ឡាយ​ឃើញ​អ្នក គេ​នឹង​នាំ​គ្នា​ក្រោក​ឈរ​ឡើង ដើម្បី​គោរព ពេល​ពួក​មេ​ដឹក​នាំ​ឃើញ​អ្នក គេ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ គេ​ធ្វើ​ដូច្នេះ ដោយ​យល់​ដល់អុលឡោះ‌តាអាឡា ដែល​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​បាន​ជ្រើស​រើស​អ្នក។

8 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: នៅ​គ្រា​ដែល​យើង​ពេញ​ចិត្ត យើង​បាន​ឆ្លើយ​តប​មក​អ្នក ដល់​ថ្ងៃ​កំណត់​ដែល​យើង​សង្គ្រោះ យើង​ក៏​បាន​ជួយ​អ្នក។ យើង​បាន​ញែក​អ្នក​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេ ដើម្បី​ធ្វើ​ជា​សម្ពន្ធ‌មេត្រី​សម្រាប់​ប្រជា‌ជន។ យើង​នឹង​ស្ដារ​ស្រុក​ទេស​ឡើង​វិញ យើង​ចែក​ដី​ដែល​គេ​បាន​បោះ​បង់​ចោល ឲ្យ​ប្រជា‌ជន

9 ហើយ​ប្រាប់​ពួក​ឈ្លើយ​សឹក​ថា “ចូរ​ចេញ​មក!” រួច​ប្រាប់​អស់​អ្នក​នៅ​ទី​ងងឹត​ថា “ចូរ​បង្ហាញ​ខ្លួន​មក!” ពួក​គេ​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​យ៉ាង​សុខ‌សាន្ត ដូច​ចៀម​ស៊ី​ស្មៅ​នៅ​តាម​ផ្លូវ និង​ស្វែង​រក​អាហារ តាម​វាល​ស្មៅ នៅ​លើ​កំពូល​ភ្នំ។

10 ពួក​គេ​លែង​ស្រេក​ឃ្លាន​ទៀត​ហើយ ខ្យល់​ក្ដៅ និង​ព្រះ‌អាទិត្យ មិន​ធ្វើ​ទុក្ខ​គេ​ទេ ដ្បិត​អុលឡោះ​ដែល​មាន​ចិត្ត មេត្តា‌ករុណា​ចំពោះ​គេ ទ្រង់​នាំ​ផ្លូវ​គេ ទ្រង់​ដឹក​នាំ​គេ​ឆ្ពោះ​ទៅ​កាន់​ប្រភព​ទឹក។

11 យើង​នឹង​ពង្រាប​ភ្នំ​ទាំង​អស់​ឲ្យ​ទៅ​ជា​ផ្លូវ ហើយ​លើក​ថ្នល់​ទាំង​ប៉ុន្មាន​ឲ្យ​ខ្ពស់​ឡើង សម្រាប់​ប្រជា‌ជន​របស់​យើង។

12 មើល​ហ្ន៎! ពួក​គេ​មក​ពី​ឆ្ងាយ​ណាស់ អ្នក​ខ្លះ​មក​ពី​ខាង​ជើង អ្នក​ខ្លះ​មក​ពី​ខាង​លិច អ្នក​ខ្លះ​ទៀត​មក​ពី​ស្រុក​ខាង​ត្បូង។

13 ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ! ផែនដី​អើយ ចូរ​ត្រេក​អរ​សប្បាយ! ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ! ដ្បិតអុលឡោះ‌តាអាឡា​សំរាល​ទុក្ខ ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​អាណិត​មេត្តា​កូន​ចៅ​របស់​ទ្រង់ ដែល​រង​ទុក្ខ​វេទនា។

14 ក្រុង​ស៊ីយ៉ូន​តែង​ពោល​ថា អុលឡោះ‌តាអាឡា​បាន​បោះ​បង់​ខ្ញុំ​ចោល អុលឡោះ‌តាអាឡា​ភ្លេច​ខ្ញុំ​ហើយ!។

15 តើ​ម្ដាយ​អាច​បំភ្លេច​កូន​របស់​ខ្លួន ដែល​នៅ​បៅ​បាន​ឬ? តើ​ម្ដាយ​លែង​អាណិត​មេត្តា​កូន​ដែល កើត​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន​បាន​ឬ? ឧបមា​ថា​ម្ដាយ​បំភ្លេច​កូន​បាន​ទៅ​ចុះ ចំណែក​ឯ​យើង​វិញ យើង​មិន​អាច​ភ្លេច​អ្នក​បាន​ឡើយ!

16 យើង​បាន​ចារ​ឈ្មោះ​អ្នក នៅ​លើ​បាត​ដៃ​របស់​យើង ហើយ​យើង​តែងតែ​នឹក​គិត​ដល់​កំពែង របស់​អ្នក​ជា‌និច្ច។

17 ប្រជា‌ជន​ដែល​នឹង​សង់​អ្នក​ឡើង​វិញ កំពុង​តែ​រូត‌រះ​ធ្វើ​ដំណើរ​មក រីឯ​សត្រូវ​ដែល​បាន​កំទេច និង​បំផ្លាញ​អ្នក នឹង​ចាក​ចេញ​ឆ្ងាយ​ពី​អ្នក។

18 ចូរ​ងើប​មុខ​ឡើង សម្លឹង​មើល​ជុំ‌វិញ​ខ្លួន​ទៅ កូន​ចៅ​របស់​អ្នក​មក​ជួប‌ជុំ​គ្នា​អស់​ហើយ គេ​នាំ​គ្នា​មក​រក​អ្នក។ យើង​សន្យា​ថា​ពិត​ជា​កើត​មាន​ដូច្នោះ​មែន! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា- អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​គ្រឿង​អលង្ការ សម្រាប់​លំអ​អ្នក ដូច​កូន​ក្រមុំ​តាក់​តែង​ខ្លួន នៅ​ពេល​រៀប​មង្គលការ។

19 ក្រុង​ដែល​គេ​បំផ្លាញ​ចោល​ឲ្យ​នៅ​ស្ងាត់​ជ្រងំ ហើយ​មាន​តែ​គំនរ​បាក់​បែក​នេះ មុខ​ជា​មាន​ប្រជា‌ជន​មក​រស់​នៅ​កក‌កុញ ឥត​សល់​កន្លែង​ទំនេរ​ឡើយ រីឯ​សត្រូវ​ដែល​បាន​លេប​ទឹក​ដី​អ្នក​កាល​ពី​មុន នឹង​ចាក​ចេញ​ឆ្ងាយ​ពី​ទី​នេះ។

20 អ្នក​នឹក​ស្មាន​ថា ខ្លួន​បាត់​បង់​កូន​អស់​ហើយ តែ​ឥឡូវ​នេះ​អ្នក​បែរ​ជា​ឮ​កូនៗ​និយាយ​ថា “ខ្ញុំ​ចង្អៀត​ណាស់ ខិត​បន្តិច​ទៅ ទុក​កន្លែង​ឲ្យ​ខ្ញុំ​នៅ​ផង!”។

21 ពេល​នោះ អ្នក​នឹង​រិះ‌គិត​ថា តើ​នរណា​បាន​បង្កើត​កូន​ចៅ​ឲ្យ​ខ្ញុំ ដ្បិត​ពី​មុន ខ្ញុំ​បាត់​បង់​កូន​អស់​ហើយ ខ្ញុំ​ពុំ​អាច​បង្កើត​កូន​បាន​ទៀត​ឡើយ។ ខ្ញុំ​ត្រូវ​គេ​ជន្លៀស​ឲ្យ​ទៅ​នៅ​ដាច់​ឡែក ដូច្នេះ តើ​នរណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ? ខ្ញុំ​នៅ​ឯកោ​តែ​ម្នាក់​ឯង ចុះ​អ្នក​ទាំង​នេះ​មក​ពី​ណា?

22 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: យើង​នឹង​លើក​ដៃ​ធ្វើ​សញ្ញា​ដល់​ប្រជា‌ជាតិ​នានា យើង​លើក​ទង់​របស់​យើង​ឡើង ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ​ឃើញ គេ​នឹង​បី​កូន​ប្រុសៗ​របស់​អ្នក ហើយ​កូន​ស្រីៗ​របស់​អ្នក​ជិះ​នៅ​លើ​ស្មា នាំ​ត្រឡប់​មក​វិញ។

23 គ្រូ​អប់រំ​កូន​ចៅ​របស់​អ្នក​សុទ្ធ​តែ​ជា​ស្ដេច ហើយ​មេ​ដោះ​របស់​គេ​សុទ្ធ​តែ​ជា​ម្ចាស់‌ក្សត្រី ស្ដេច​ទាំង​នោះ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ្នក អោន​មុខ​ដល់​ដី ក្រោម​ល្អង​ធូលី​ជើង​របស់​អ្នក។ ពេល​នោះ អ្នក​នឹង​ដឹង​ថា យើង​ជាអុលឡោះ‌តាអាឡា អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​យើង នឹង​មិន​ខក​ចិត្ត​ឡើយ។

24 អ្វីៗ​ដែល​អ្នក​ចំបាំង​ដ៏​ជំនាញ​រឹប​អូស​យក​ហើយ តើ​នរណា​អាច​ដណ្ដើម​យក​មក​វិញ​បាន? រីឯ​អ្នក​ដែល​ជន​កំណាច​ចាប់​យក​ទៅ​ហើយ តើ​នរណា​អាច​រំដោះ​បាន?

25 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ពិត​មែន​ហើយ អ្វីៗ​ដែល​អ្នក​ចំបាំង​ដ៏​ជំនាញ រឹប​អូស​យក​ទៅ មុខ​ជា​ត្រូវ​ដណ្ដើម​យក​មក​វិញ​បាន រីឯ​មនុស្ស​ដែល​ជន​កំណាច​ចាប់​យក​ទៅ ក៏​នឹង​ត្រូវ​រំដោះ​រួច​ចេញ​មក​វិញ​បាន​ដែរ។ យើង​នឹង​រក​រឿង​បច្ចា‌មិត្ត​ដែល​រក​រឿង​អ្នក ហើយ​យើង​នឹង​សង្គ្រោះ​កូន​ចៅ​របស់​អ្នក។

26 យើង​នឹង​ឲ្យ​ពួក​សង្កត់‌សង្កិន​អ្នក ស៊ី​សាច់​ខ្លួន​ឯង ហើយ​ឲ្យ​គេ​ស្រវឹង​នឹង​ហុត​ឈាម​របស់​ខ្លួន ដូច​ផឹក​ស្រា​ថ្មី។ ពេល​នោះ សត្វ​លោក​ទាំង​អស់​នឹង​ដឹង​ថា យើង​នេះ​ហើយ​ជាអុលឡោះ‌តាអាឡា ដែល​សង្គ្រោះ និង​លោះ​អ្នក យើង​ជាម្ចាស់​របស់​យ៉ាកកូប ជា​ម្ចាស់​ប្រកប​ដោយ​អំណាច។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម