Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ហេព្រើរ 5 - ព្រះគម្ពីរខ្មែរសាកល


មហាបូជាចារ្យម៉ិលគីស្សាដែក

1 អស់ទាំង​មហាបូជាចារ្យ​ដែល​ត្រូវបាន​ជ្រើសរើស​ពីចំណោម​មនុស្ស គឺ​ត្រូវបាន​តែងតាំង​ជំនួស​មនុស្ស​ឲ្យធ្វើ​អ្វីៗ​ខាងឯ​ព្រះ ដើម្បី​ថ្វាយ​តង្វាយ និង​យញ្ញបូជា​សម្រាប់​បាប​។

2 លោក​អាច​ប្រាស្រ័យទាក់ទង​នឹង​អ្នក​ដែល​លេលា និង​វង្វេង ពីព្រោះ​ខ្លួនលោក​ក៏​មាន​ភាពខ្សោយ​ដែរ

3 ហើយ​ដោយព្រោះហេតុនេះ លោក​ត្រូវតែ​ថ្វាយ​យញ្ញបូជា​សម្រាប់​បាប​ដើម្បី​ខ្លួនឯង ដូចដែល​លោក​ថ្វាយ​ដើម្បី​ប្រជាជន​យ៉ាងនោះ​ដែរ​។

4 គ្មានអ្នកណា​អាច​យក​ងារដ៏ប្រសើរ​នេះ​ឲ្យ​ខ្លួនឯង​បាន​ឡើយ គឺ​មានតែ​ត្រូវ​ព្រះ​ត្រាស់ហៅ​ដូច​អើរ៉ុន​ប៉ុណ្ណោះ​។

5 ដូចគ្នាដែរ ព្រះ​គ្រីស្ទ​ក៏​មិន​បាន​លើកតម្កើងសិរីរុងរឿង​ដល់​អង្គទ្រង់​ដោយ​ធ្វើជា​មហាបូជាចារ្យ​ឡើយ ផ្ទុយទៅវិញ គឺ​ព្រះ​ដែល​មានបន្ទូល​នឹង​ព្រះអង្គ​ថា​:“អ្នក​ជា​បុត្រ​របស់យើង ថ្ងៃនេះ​យើង​បាន​បង្កើត​អ្នក” ទេតើ ដែល​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ​។

6 ដូចដែល​ព្រះអង្គ​មានបន្ទូល​នៅ​កន្លែង​មួយទៀត​ថា​:“អ្នក​ជា​បូជាចារ្យ​ជារៀងរហូត ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក”។

7 នៅ​គ្រា​ដែល​ព្រះគ្រីស្ទ​គង់​នៅក្នុង​រូបសាច់​របស់​ព្រះអង្គ ព្រះអង្គ​បាន​ថ្វាយ​សេចក្ដីអធិស្ឋាន និង​សេចក្ដីទូលអង្វរ​ដោយ​សម្រែក​យ៉ាងខ្លាំង និង​ដោយ​ទឹកភ្នែក ដល់​ព្រះ​ដែល​អាច​សង្គ្រោះ​ព្រះអង្គ​ពី​សេចក្ដីស្លាប់​បាន ហើយ​ដោយព្រោះ​ជំនឿស៊ប់ ពាក្យ​របស់​ព្រះអង្គ​ក៏​ត្រូវបាន​សណ្ដាប់​។

8 ទោះបី​ព្រះអង្គ​ជា​ព្រះបុត្រា​ក៏ដោយ ក៏​ព្រះអង្គ​បាន​រៀនឲ្យចេះ​ស្ដាប់បង្គាប់​តាមរយៈ​អ្វីដែល​ព្រះអង្គ​បាន​រងទុក្ខ​។

9 នៅពេល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​ហើយ ព្រះអង្គ​បាន​ក្លាយជា​ប្រភព​នៃ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ

10 ព្រមទាំង​ត្រូវ​ព្រះ​ហៅថា​ជា​មហាបូជាចារ្យ “ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក”។


បញ្ហាខ្វះភាពចាស់ទុំ

11 ចំពោះ​ការនេះ យើង​មាន​ពាក្យ​ជាច្រើន​ដែល​ត្រូវ​និយាយ ប៉ុន្តែ​យើង​ពិបាកពន្យល់ ពីព្រោះ​អ្នករាល់គ្នា​បែរជា​ខ្ជិល​ស្ដាប់​។

12 តាមពិត អ្នករាល់គ្នា​គួរតែ​ធ្វើជា​គ្រូ​ត្រឹមពេលឥឡូវនេះ ប៉ុន្តែ​អ្នករាល់គ្នា​បែរជា​ត្រូវការ​ឲ្យ​គេ​បង្រៀន​គោលការណ៍បឋម​នៃ​ព្រះបន្ទូល​របស់​ព្រះ​ម្ដងទៀត​។ អ្នករាល់គ្នា​បែរជា​ត្រូវការ​ទឹកដោះ​ទៅវិញ គឺ​មិនមែន​អាហារ​រឹង​ទេ​។

13 ដ្បិត​អស់អ្នក​ដែល​ផឹក​ទឹកដោះ គឺ​មិនប្រសប់​ខាង​ព្រះបន្ទូល​នៃ​សេចក្ដីសុចរិត​ទេ ពីព្រោះ​អ្នកនោះ​ជា​កូនក្មេង

14 រីឯ​អាហារ​រឹង​គឺ​សម្រាប់​មនុស្ស​ពេញវ័យ ជា​ពួក​អ្នក​ដែល​សមត្ថភាពវែកញែក​ត្រូវបាន​បង្វឹក ដោយ​ឆ្លងកាត់​ការអនុវត្ត រហូតដល់​ចេះវែកញែក​រវាង​ការល្អ និង​ការ​អាក្រក់​ផង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម