Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 58 - ព្រះគម្ពីរខ្មែរសាកល


ការតមអាហារដ៏ពិត

1 “ចូរ​ស្រែក​អស់ពី​បំពង់ក កុំ​ទប់​ឡើយ​! ចូរ​បន្លឺ​សំឡេង​របស់អ្នក​ឡើង​ដូចជា​ស្នែង ចូរ​ប្រកាស​ដល់​ប្រជារាស្ត្រ​របស់យើង​នូវ​ការបំពាន​របស់ពួកគេ និង​ដល់​វង្សត្រកូល​យ៉ាកុប​នូវ​បាប​របស់ពួកគេ​។

2 យ៉ាងណាមិញ ពួកគេ​ស្វែងរក​យើង​ជា​រៀងរាល់ថ្ងៃ ហើយ​ពេញចិត្ត​នឹង​ចំណេះដឹង​នៃ​មាគ៌ា​របស់យើង ហាក់ដូចជា​ប្រជាជាតិ​មួយ​ដែល​ប្រព្រឹត្តតាម​សេចក្ដីសុចរិត ឥត​បោះបង់ចោល​សេចក្ដីវិនិច្ឆ័យ​នៃ​ព្រះ​របស់ខ្លួន​; ពួកគេ​សុំ​សេចក្ដីវិនិច្ឆ័យ​ដ៏សុចរិតយុត្តិធម៌​ពី​យើង ក៏​ពេញចិត្ត​នឹង​ការដែលចូលទៅជិត​ព្រះ​ផង​។

3 ពួកគេពោលថា​: ‘យើងខ្ញុំ​បាន​តមអាហារ​ហើយ ម្ដេចក៏​ព្រះអង្គ​មិន​ទត​ឃើញ​? យើងខ្ញុំ​បាន​ធ្វើទុក្ខ​ដល់​ចិត្ត​របស់ខ្លួន​ហើយ ម្ដេចក៏​ព្រះអង្គ​មិន​ចាប់អារម្មណ៍​ដូច្នេះ​?’។ មើល៍! នៅ​ថ្ងៃ​នៃ​ការតមអាហារ​របស់អ្នករាល់គ្នា អ្នករាល់គ្នា​រកបាន​ការសប្បាយ ហើយ​សង្កត់សង្កិន​កម្មករ​ទាំងអស់​របស់អ្នករាល់គ្នា​;

4 មើល៍! អ្នករាល់គ្នា​តមអាហារ​ដើម្បី​ការទាស់ទែង និង​ជម្លោះ ហើយ​ដើម្បី​វាយ​ដោយ​កណ្ដាប់ដៃ​ដ៏អាក្រក់​។ អ្នករាល់គ្នា​តមអាហារ​ដូច​សព្វថ្ងៃនេះ មិនមែន​ដើម្បីឲ្យ​សំឡេង​របស់អ្នករាល់គ្នា​បាន​ឮ​ដល់​ស្ថានដ៏ខ្ពស់​ឡើយ​!

5 តើ​ការតមអាហារ​ដែល​យើង​ជ្រើសរើស ជា​ថ្ងៃ​ដែល​មនុស្ស​ធ្វើទុក្ខ​ដល់​ចិត្ត​របស់ខ្លួន​ដូច្នេះ​ឬ​? តើ​ជា​ការ​ឱន​ក្បាល​ចុះ​ដូច​ដើមត្រែង ហើយ​ក្រាល​ក្រណាត់ធ្មៃ និង​ផេះ​ឬ​? តើ​អ្នក​ហៅ​ការទាំងនេះ​ថា​ជា​ការតមអាហារ ជា​ថ្ងៃ​ដ៏គាប់ព្រះហឫទ័យ​ដល់​ព្រះយេហូវ៉ា​ឬ​?

6 តើ​មិនមែន​ជា​ការតមអាហារ​យ៉ាងនេះ​ទេ​ឬ ដែល​យើង​ជ្រើសរើសយក​? គឺ​ដោះ​ច្រវាក់​នៃ​សេចក្ដីអាក្រក់ ស្រាយ​ចំណង​នឹម ហើយ​ដោះលែង​អ្នកដែល​ត្រូវបាន​សង្កត់សង្កិន​ឲ្យ​មានសេរីភាព ព្រមទាំង​បំបាក់​គ្រប់ទាំង​នឹម​ផង​។

7 តើ​មិនមែន​ជា​ការ​ចែក​អាហារ​របស់អ្នក​ឲ្យ​មនុស្ស​អត់ឃ្លាន ហើយ​នាំ​មនុស្ស​ទ័លក្រ​ដែល​សាត់អណ្ដែត​មក​ផ្ទះ​អ្នក​ទេ​ឬ​? តើ​មិនមែន​ជា​ការ​ដណ្ដប់​ឲ្យ​គេ កាលណា​អ្នក​ឃើញ​គេនៅ​ខ្លួនទទេ ហើយ​ឥត​លាក់​ខ្លួន​ពី​សាច់សាលោហិត​របស់អ្នក​ទេ​ឬ​?

8 បើធ្វើដូច្នេះ ពន្លឺ​របស់អ្នក​នឹង​ធ្លាយចេញមក​ដូចជា​ពន្លឺអរុណ ហើយ​ការជាសះស្បើយ​របស់អ្នក​នឹង​ដុះឡើង​យ៉ាងឆាប់ រីឯ​សេចក្ដីសុចរិត​របស់អ្នក​នឹង​ដើរ​នៅមុខ​អ្នក ហើយ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​នឹង​ការពារខាងក្រោយ​អ្នក​។

9 បើធ្វើដូច្នេះ ពេល​អ្នក​ស្រែកហៅ ព្រះយេហូវ៉ា​នឹង​ឆ្លើយតប ពេល​អ្នក​ស្រែករកជំនួយ ព្រះអង្គ​នឹង​មានបន្ទូលថា​: ‘មើល៍! យើង​នៅទីនេះ’។ ប្រសិនបើ​អ្នក​ដក​នឹម ការចង្អុលដាក់គេ និង​ការ​ពោល​ពាក្យទុច្ចរិត ចេញ​ពី​កណ្ដាលចំណោម​អ្នក

10 ប្រសិនបើ​អ្នក​ចំណាយ​ខ្លួនអ្នក​សម្រាប់​មនុស្ស​អត់ឃ្លាន ហើយ​ចម្អែត​ព្រលឹង​របស់​មនុស្ស​រងទុក្ខ នោះ​ពន្លឺ​របស់អ្នក​នឹង​រះឡើង​ក្នុង​ទីងងឹត ហើយ​ភាពងងឹតសូន្យ​របស់អ្នក​នឹងបាន​ដូចជា​ថ្ងៃត្រង់​;

11 ព្រះយេហូវ៉ា​នឹង​នាំផ្លូវ​អ្នក​ជានិច្ច ហើយ​ចម្អែត​ព្រលឹង​របស់អ្នក​នៅក្នុង​ទីហួតហែង ក៏​នឹង​ធ្វើឲ្យ​ឆ្អឹង​អ្នក​មាំមួន​; អ្នក​នឹង​បាន​ដូចជា​សួនច្បារ​ដែលត្រូវបាន​ស្រោចស្រព ក៏​បាន​ដូចជា​ប្រភពទឹក​ដែល​មាន​ទឹក​មិនដែល​ខាន​។

12 គេ​នឹង​សង់​ទីបាក់បែក​ពីបុរាណ​របស់អ្នក​ឡើងវិញ​; អ្នក​នឹង​តាំង​គ្រឹះ​នៃ​ជំនាន់ជាច្រើន​ឡើង​; អ្នក​នឹង​ត្រូវបាន​ហៅថា ‘អ្នក​ជួសជុល​ចន្លោះបាក់បែក’ ក៏​នឹង​ត្រូវបាន​ហៅថា ‘អ្នកដែល​ស្ដារ​ផ្លូវ​ឡើងវិញ​ដើម្បីឲ្យ​បាន​រស់នៅ’។

13 ប្រសិនបើ​ក្នុង​ថ្ងៃសប្ប័ទ អ្នក​បង្វែរ​ជើង​របស់ខ្លួន ក៏មិន​ធ្វើតាម​ការសប្បាយ​របស់ខ្លួន​ក្នុង​ថ្ងៃ​វិសុទ្ធ​របស់យើង ប្រសិនបើ​អ្នក​រាប់​ថ្ងៃសប្ប័ទ​ជា​ទីរីករាយ ហើយ​ឲ្យតម្លៃ​ថ្ងៃ​វិសុទ្ធ​របស់​ព្រះយេហូវ៉ា ប្រសិនបើ​អ្នក​លើកកិត្តិយស​ដល់​ថ្ងៃនោះ ហើយ​មិន​ធ្វើតាម​ផ្លូវ​របស់ខ្លួន ឬ​ស្វែងរក​ការសប្បាយ​របស់ខ្លួន ឬ​ពោល​ពាក្យ​តាមគំនិតខ្លួនឯង​នោះ​ទេ

14 នោះ​អ្នក​នឹង​រីករាយ​ក្នុង​ព្រះយេហូវ៉ា ហើយ​យើង​នឹង​ឲ្យ​អ្នក​ជិះ​លើ​កន្លែងខ្ពស់​នៃ​ផែនដី ព្រមទាំង​ចិញ្ចឹម​អ្នក​ដោយ​មរតក​របស់​យ៉ាកុប​ដូនតា​អ្នក”។ ដ្បិត​ព្រះឱស្ឋ​របស់​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ហើយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម