ទំនុកតម្កើង 25:5 - ព្រះគម្ពីរខ្មែរសាកល សូមនាំទូលបង្គំឲ្យដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ ហើយបង្រៀនទូលបង្គំផង ដ្បិតព្រះអង្គជាព្រះនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ; ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គវាល់ព្រឹកវាល់ល្ងាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមអប់រំទូលបង្គំឲ្យរស់នៅ ស្របតាមសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ ទូលបង្គំសង្ឃឹមលើព្រះអង្គជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ទ្រង់ផង ដ្បិតទ្រង់ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំ ទូលបង្គំសង្ឃឹមដល់ទ្រង់ដរាបរាល់ថ្ងៃ អាល់គីតាប សូមអប់រំខ្ញុំឲ្យរស់នៅ ស្របតាមសេចក្ដីពិតរបស់ទ្រង់ ដ្បិតទ្រង់ជាម្ចាស់សង្គ្រោះខ្ញុំ ខ្ញុំសង្ឃឹមលើទ្រង់ជារៀងរាល់ថ្ងៃ។ |
ព្រះអង្គទ្រង់នាំពួកគេឲ្យដើរក្នុងផ្លូវត្រឹមត្រូវ ដើម្បីឲ្យទៅដល់ទីក្រុងដែលជាទីស្នាក់អាស្រ័យ។
ទូលបង្គំបានរៀបរាប់ទូលអំពីផ្លូវរបស់ទូលបង្គំ ហើយព្រះអង្គក៏ឆ្លើយមកទូលបង្គំ; សូមបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង!
ព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវនៃបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង នោះទូលបង្គំនឹងរក្សាវារហូតដល់ទីបញ្ចប់!
សូមបង្រៀនសុភនិច្ឆ័យដ៏ល្អ និងចំណេះដឹងដល់ទូលបង្គំផង ដ្បិតទូលបង្គំបានជឿលើសេចក្ដីបង្គាប់របស់ព្រះអង្គ។
ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គណាស់ហ្ន៎! វាជាទីសញ្ជឹងគិតរបស់ទូលបង្គំវាល់ព្រឹកវាល់ល្ងាច។
ព្រះនៃទូលបង្គំអើយ ទូលបង្គំស្រែកហៅនៅពេលថ្ងៃ ប៉ុន្តែព្រះអង្គមិនឆ្លើយសោះ ហើយនៅពេលយប់ ក៏ទូលបង្គំគ្មានភាពធូរស្បើយដែរ!
អ្នកនោះនឹងទទួលបានព្រះពរពីព្រះយេហូវ៉ា ហើយទទួលបានសេចក្ដីសុចរិតពីព្រះនៃសេចក្ដីសង្គ្រោះរបស់ខ្លួន។
អស់ទាំងគន្លងរបស់ព្រះយេហូវ៉ា ជាសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងជាសេចក្ដីពិតត្រង់ ដល់អ្នកដែលរក្សាសម្ពន្ធមេត្រី និងសេចក្ដីបន្ទាល់របស់ព្រះអង្គ។
ព្រះយេហូវ៉ាទ្រង់ល្អ ហើយទៀងត្រង់ ហេតុនេះហើយបានជាព្រះអង្គណែនាំមនុស្សបាបក្នុងផ្លូវត្រឹមត្រូវ។
ព្រះរបស់យើងជាព្រះនៃសេចក្ដីសង្គ្រោះ ហើយការរួចពីស្លាប់ក៏ជារបស់ព្រះអម្ចាស់យេហូវ៉ាដែរ។
ព្រះនៃសេចក្ដីសង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយយើងខ្ញុំ ដោយយល់ដល់សិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គផង! សូមរំដោះយើងខ្ញុំ ហើយលុបលាងបាបរបស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ!
ព្រះអម្ចាស់នៃទូលបង្គំអើយ សូមមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំស្រែកហៅព្រះអង្គវាល់ព្រឹកវាល់ល្ងាច!
ព្រះយេហូវ៉ាដ៏ជាព្រះនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ ទូលបង្គំបានស្រែកឡើងនៅចំពោះព្រះអង្គ ទាំងយប់ទាំងថ្ងៃ!
កុំឲ្យចិត្តរបស់អ្នកច្រណែនមនុស្សបាបឡើយ ផ្ទុយទៅវិញ ចូរស្ថិតនៅក្នុងការកោតខ្លាចព្រះយេហូវ៉ាវាល់ព្រឹកវាល់ល្ងាច។
មានពរហើយ មនុស្សដែលស្ដាប់តាមខ្ញុំដោយចាំយាមនៅមាត់ទ្វាររបស់ខ្ញុំជារៀងរាល់ថ្ងៃ ទាំងរង់ចាំនៅសសរទ្វាររបស់ខ្ញុំ!
ទោះបីជាយ៉ាងនោះក៏ដោយ ក៏ព្រះយេហូវ៉ាទ្រង់រង់ចាំដើម្បីមេត្តាដល់អ្នករាល់គ្នា។ ដោយហេតុនេះ ព្រះអង្គទ្រង់ក្រោកឡើងដើម្បីអាណិតមេត្តាដល់អ្នករាល់គ្នា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃសេចក្ដីយុត្តិធម៌។ មានពរហើយ អស់អ្នកដែលរង់ចាំព្រះអង្គ!
នៅទីនោះនឹងមានផ្លូវធំមួយ ជាផ្លូវដែលគេហៅថា “ផ្លូវដ៏វិសុទ្ធ”។ ពួកមនុស្សសៅហ្មងនឹងមិនឆ្លងតាមផ្លូវនោះឡើយ គឺផ្លូវនោះសម្រាប់តែអ្នកដែលដើរតាមផ្លូវនោះប៉ុណ្ណោះ; ទោះបើពួកគេជាមនុស្សល្ងីល្ងើក៏ដោយ ក៏ពួកគេមិនវង្វេងដែរ។
យើងនឹងនាំមនុស្សខ្វាក់ភ្នែកតាមផ្លូវមួយដែលពួកគេមិនស្គាល់ យើងនឹងដឹកនាំពួកគេតាមគន្លងដែលពួកគេមិនស្គាល់។ យើងនឹងធ្វើឲ្យសេចក្ដីងងឹតទៅជាពន្លឺនៅចំពោះពួកគេ ហើយធ្វើឲ្យទីរដិបរដុបទៅជារាបស្មើវិញ។ គឺការទាំងនេះហើយ ដែលយើងនឹងធ្វើ យើងនឹងមិនបោះបង់ចោលពួកគេឡើយ។
ពួកគេនឹងមិនឃ្លាន ក៏មិនស្រេកដែរ រីឯកម្ដៅ និងព្រះអាទិត្យនឹងមិនធ្វើទុក្ខពួកគេឡើយ ដ្បិតព្រះដែលអាណិតមេត្តាពួកគេ នឹងដឹកនាំពួកគេ ព្រះអង្គនឹងនាំផ្លូវពួកគេដល់ប្រភពទឹក។
រីឯកូនទាំងអស់របស់អ្នកនឹងទទួលការបង្រៀនពីព្រះយេហូវ៉ា ហើយកូនៗរបស់អ្នកនឹងមានសេចក្ដីសុខសាន្តដ៏បរិបូរ។
តើព្រះមិនផ្ដល់យុត្តិធម៌ដល់អ្នកដែលត្រូវបានជ្រើសតាំងរបស់ព្រះអង្គ ដែលកំពុងស្រែករកព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គចេះតែពន្យារពេលជួយពួកគេឬ?
ប៉ុន្តែព្រះជំនួយ គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបិតានឹងចាត់ឲ្យមកក្នុងនាមរបស់ខ្ញុំ ព្រះអង្គនឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយនឹងរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងអស់ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា។
នៅពេលព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងនាំផ្លូវអ្នករាល់គ្នាទៅក្នុងគ្រប់ទាំងសេចក្ដីពិត ពីព្រោះព្រះអង្គនឹងមិនមានបន្ទូលចេញពីអង្គទ្រង់ទេ គឺព្រះអង្គនឹងមានបន្ទូលនូវអ្វីៗដែលព្រះអង្គទ្រង់ឮវិញ ហើយថ្លែងនូវអ្វីៗដែលនឹងមក ដល់អ្នករាល់គ្នា។
ក្នុងគម្ពីរព្យាការីមានសរសេរទុកមកថា:‘ពួកគេទាំងអស់គ្នានឹងទទួលការបង្រៀនពីព្រះ’។អស់អ្នកដែលបានឮ ហើយរៀនពីព្រះបិតា ក៏មករកខ្ញុំ។
រីឯអ្នករាល់គ្នាវិញ ការចាក់ប្រេងអភិសេកដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គ ស្ថិតនៅក្នុងអ្នករាល់គ្នា ដូច្នេះអ្នករាល់គ្នាមិនចាំបាច់ឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាទេ។ ផ្ទុយទៅវិញ ដូចដែលការចាក់ប្រេងអភិសេកពីព្រះអង្គ បង្រៀនអ្នករាល់គ្នាអំពីអ្វីៗទាំងអស់យ៉ាងណា——ហើយជាសេចក្ដីពិត គឺមិនមែនជាសេចក្ដីកុហកទេ——ចូរស្ថិតនៅក្នុងព្រះអង្គ តាមដែលព្រះអង្គបានបង្រៀនអ្នករាល់គ្នាយ៉ាងនោះដែរ។
ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្កនោះ នឹងឃ្វាលពួកគេ ហើយនាំពួកគេទៅកាន់ប្រភពទឹកនៃជីវិត។ ព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ”៕